ការរាំរែកជាកីឡាមួយបែបដែលមនុស្សភាគច្រើននិយមចូលចិត្ដនៅពេលបច្ចុប្បន្ននេះ។ មិនថាតែក្មេងនោះទេសូម្បីតែ ចាស់ៗក៏មានដែរ ដោយសារតែពួកគេយល់ថាកីឡានេះអាចជួយឱ្យគេមានអារម្មណ៍ស្រស់ថ្លា សុខភាពល្អនិងអាចបំបាត់ជម្ងឺមួយចំនួន បានទៀតផង។ កីឡាប្រភេទរាំនេះ ក៏អាចឱ្យយើងមានអាយុវែងផងដែរក្រៅពីនេះទៀតការរាំជាកីឡាមួយប្រភេទដែលមានការ ងាយស្រួលបំផុតសម្រាប់អ្នកដែលមានបំណងចង់ហាត់រៀននោះ។
លោក ហ៊ី ឌីណារិន្ទ ប្រធានក្លឹមគីងកុងមានវត្ដមានបកស្រាយបំភ្លឺអំពីការរាំកម្សាន្ដដើម្បីឱ្យមានសុខភាពល្អជូនប្រិយមិត្ដ អ្នកអានឱ្យបានជ្រាបតាមរយៈទស្សនាវដ្ដី សុខភាពយើង ដែលមានខ្លឹមសារដូចខាងក្រោម។
រាំយ៉ាងណា ដើម្បីឱ្យមានសុខភាពល្អ?
រាំកម្សាន្ដជាកីឡាមួយប្រភេទដែលធ្វើឱ្យមានចលនាជាប់ៗគ្នា មិនឈប់ឈរក្នុងរយៈពេលខ្លីមួយ។ កីឡាប្រភេទនេះគេឱ្យ ឈ្មោះថាជាកីឡាអេរ៉ូឌីត គេហាត់រាំនេះចាប់ពី៣០ទៅ៤៥នាទី វាធ្វើឱ្យចលនាបេះដូងយើងដំណើរការល្អឱ្យសាច់ដុំមានចលនាទៅ តាមចង្វាក់នៃបទភ្លេងដែលយើងរាំ។ អ្នកដែលចូលចិត្ដហាត់កីឡាបែបនេះអាចចៀសផុតពីជម្ងឺមួយចំនួនដូចជាជម្ងឺទឹកនោមផ្អែម ជម្ងឺលើសឈាម ឈាមរត់មិនប្រក្រតីជាដើម។ ចំពោះអ្នកលើសឈាមមួយចំនួនច្រើនតែវ័យចំណាស់ កីឡានេះអាចធ្វើឱ្យជាតិខ្លាញ់ ក្នុងខ្លួនមានការថយចុះទាបបានមួយកម្រិតប្រសិនបើហាត់ប្រាណបានទៀងទាត់នោះ។
ការរាំនេះជាកីឡាសមស្របជាមួយមនុស្សចាស់ ព្រោះវាអាចជួយសម្រួលសរសៃឈាមបានល្អនិងធ្វើឱ្យចង្វាក់បេះដូង ដំណើរការល្អជាប្រក្រតីទៀតផង។ ចំពោះលោកអ្នកដែលកើតជម្ងឺទឹកនោមផ្អែមក៏អាចបន្ថយអាការជម្ងឺបានមួយកម្រិតផងដែរ។ ព្រោះថាពេលលោកអ្នកហាត់ប្រាណទៅធ្វើឱ្យសាច់ដុំលោកអ្នកមានចលនា មានការកម្រើកហើយវាក៏បឺតយកជាតិស្ករក្នុងខ្លួនលោក អ្នកបានមួយចំនួនទៀតផង។
ពេលវេលាល្អក្នុងការរាំកម្សាន្ដ
ជាទូទៅគេច្រើនជ្រើសរើសយកពេលព្រឹកព្រលឹមជាពេលវេលាល្អបំផុត សម្រាប់ការធ្វើលំហាត់ប្រាណ។ ព្រោះពេលព្រឹក ព្រលឹមជាពេលមួយដែលអារម្មណ៍ស្រស់ថ្លាបំផុតថែមទាំងរាងកាយលោកអ្នកមិនទាន់បានទទួលនូវជាតិអាហារនៅឡើយ។ ពេល ហាត់ទៅវានឹងជួយបន្ថយជាតិកាឡូរីនិងជាតិពុលក្នុងខ្លួនលោកអ្នកបានប្រសើរជាងការជ្រើសរើសយកពេលថ្ងៃឬពេលល្ងាចក្នុងការ ហាត់ប្រាណនោះ ដោយសារតែក្នុងរាងកាយលោកអ្នកមានផ្ទុកអាហារមួយចំនួនទៅហើយនោះ។ ដូច្នេះការថយចុះនូវជាតិកាឡូរី និងជាតិពុលក្នុងខ្លួននោះមានកម្រិតទាបជាងកាលដែលលោកអ្នកមិនទាន់បានបរិភោគ។
ប្រការគួរយល់ដឹងពីការហាត់រាំ
ប្រការដែលលោកអ្នកត្រូវធ្វើពេលហាត់ប្រាណដំបូងមានជាដំណាក់កាលដូចការហាត់ប្រាណដទៃទៀតដែរ។
- ត្រូវកម្ដៅសាច់ដុំជាមុនសិនមុននឹងហាត់ រយៈពេលពី១០ទៅ១៥នាទី
- ទើបធ្វើការហាត់ប្រាណ(ដោយការរាំកម្សាន្ដ ឬក៏កីឡាផ្សេងៗ) ចាប់ពី២៥ទៅ៣៥នាទី
- ពេលដែលលោកអ្នកចង់ឈប់នោះ លោកអ្នកត្រូវតែបន្ថយកម្លាំងបន្ដិចម្ដងៗ ធ្វើការសម្រួលសាច់ដុំសិនចាប់ពី១០ទៅ ១៥នាទី។
ផលពិបាកនៃការហាត់ហួសកម្លាំង
ការរាំនេះមិនត្រូវធ្វើឡើងដោយតក់ក្រហល់ពេកនោះទេ គឺត្រូវហាត់ទៅតាមកម្លាំងដែលខ្លួនមាន ត្រូវចេះស្មានកម្លាំងរបស់ខ្លួន។ លោកអ្នកចាប់ហាត់ដំបូង ត្រូវហាត់តិចៗ មិនត្រូវបង្ខំពេកនោះទេ។ ចៀសវាងឃើញអ្នកដទៃហាត់បានច្រើនហាត់តាមគេ នោះទេ វាអាចឱ្យលោកអ្នកមានបញ្ហាផ្សេងៗលើរូបរាងកាយ ដូចជាជម្ងឺមួយចំនួនដោយមិនដឹងខ្លួន។ លោកអ្នកដែលប្រើប្រាស់កម្លាំង ហួសហេតុពេកនោះទៅជាមានអាការវិលមុខ ឈឺក្បាល ងងឹតមុខចង់ដួលជួនកាលអាចសន្លប់ក៏មានដែរ។
ដំបូន្មានអ្នកជំនាញ
លោកអ្នកគួរតែឆ្លៀតពេលវេលាដើម្បីធ្វើការហាត់ប្រាណព្រោះការហាត់ប្រាណអាចធ្វើឱ្យអារម្មណ៍របស់លោកអ្នកបាន ប្រសើរឡើង និងមានភាពរីករាយក្រោយពីលោកអ្នកបំពេញការងារយ៉ាងនឿយហត់រួចមកនោះ។ លោកអ្នកនឹងមានសុខភាពល្អ និង ចៀសផុតពីជម្ងឺផ្សេងៗបានដោយមិនចាំបាច់ចំណាយអស់ថវិកា និងពេលវេលាច្រើននោះទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨
Leave a Reply