ប្រមាត់គឺជាសរីរៈមួយដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងការបញ្ចេញរសទឹកប្រមាត់ដើម្បីជួយសម្រួលដល់ដំណើរការ នៃការរំលាយអាហាររបស់ប្រព័ន្ធរំលាយអាហារ។ ប៉ុន្ដែនៅពេលដែលសារធាតុមួយចំនួនដែលមាននៅក្នុងទឹកប្រមាត់មានបញ្ហា ឬបង្ក ឱ្យកើតមាននូវដុំក្រួសនៅក្នុងថង់ប្រមាត់នោះ វានឹងអាចចោទជាបញ្ហាមកលើសុខភាពនិងធ្វើឱ្យមានផលលំបាកជាក់ជាមិនខាន។
នៅក្នុងប្រធានបទនេះ លោកវេជ្ជបណ្ឌិត លាង ហ៊ត់អ្នកឯកទេសខាងវះកាត់ពោះវៀននៅមន្ទីរពេទ្យព្រះកេតុមាលាបាន ចូលរួមធ្វើការបកស្រាយយ៉ាងលម្អិត ដើម្បីចែកជូនដល់ប្រិយមិត្ដអ្នកអាននិងបងប្អូនប្រជាពលរដ្ឋទាំងអស់ទុកគ្រាន់ជាការបង្កើននូវ ការយល់ដឹងបន្ថែម។
ក្រួសក្នុងប្រមាត់ ជាអ្វី?
ក្រួសក្នុងប្រមាត់គឺជាវត្ដមានរបស់គ្រាប់ក្រួសមួយឬច្រើន ដែលមាននៅក្នុងថង់នៃទឹកប្រមាត់។ គ្រាប់ក្រួសទាំងនេះមិន មែនជាគ្រាប់ក្រួសរឹង(ថ្មក្រួស)មិនអាចចុចបំបែកបាននោះទេវាគ្រាន់តែជាក្រួសដែលកើតឡើងពីកំណកនៃសារធាតុផ្សេងៗដែល មាននៅក្នុងថង់នៃទឹកប្រមាត់តែប៉ុណ្ណោះ។ ជាទូទៅគេតែងតែសង្កេតឃើញថាជម្ងឺប្រភេទនេះច្រើនកើតមានទៅលើមនុស្សស្រីច្រើន ជាងបុរស។
រោគសញ្ញាជម្ងឺក្រួសក្នុងប្រមាត់
គេអាចធ្វើការសន្និដ្ឋានថា អ្នកជម្ងឺមានកើតជម្ងឺក្រួសក្នុងប្រមាត់ទៅបាននោះគឺអាស្រ័យទៅលើរោគសញ្ញាជាក់លាក់មួយ ចំនួន។
- អ្នកជម្ងឺមានអារម្មណ៍ថា ហូបបាយមិនបាន សម្រាន្ដមិនលក់ និងមានក្អួតចង្អោរ
- មានអាការឈឺចុកចាប់នៅផ្នែកខាងស្ដាំក្រោមឆ្អឹងជំនីរ(ចំណុចត្រង់ថ្លើម)។ បន្ទាប់មកអ្នកជម្ងឺចាប់ផ្ដើមឈឺរាលដាល ចាប់ពីផ្នែកខាងក្រោមនៃឆ្អឹងជំនីរស្ដាំរហូតមកដល់ស្មាខាងស្ដាំ។
- អ្នកជម្ងឺមានចេញលឿងនៅលើរាងកាយ ដូចជាប្រែពណ៌ស្បែក គ្រាប់ភ្នែកនិងទឹកនោមទៅជាពណ៌លឿងចាស់។ លើសពីនេះទៅទៀត អ្នកជម្ងឺអាចមានការឈឺចុកចាប់ខ្លាំង ដែលជាសញ្ញាបញ្ជាក់ប្រាប់ពីភាពធ្ងន់ធ្ងរនៃការរីករាលដាលនៃជម្ងឺដែល តម្រូវឱ្យបញ្ជូនអ្នកជម្ងឺទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីបញ្ចៀសនូវរាល់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។
ចំណុចសំខាន់ដែលអាចដឹងថា អ្នកជម្ងឺមានគ្រាប់ក្រួសក្នុងថង់ប្រមាត់បានឬអត់នោះគឺអ្នកជម្ងឺត្រូវទៅថតឆ្លុះមើលដោយ ម៉ាស៊ីនអេកូសាស្ដ្រ ដើម្បីឱ្យដឹងច្បាស់ថាមានកើតដុំក្រួសឬអត់ តើដុំក្រួសនោះតូចឬធំ មានរូបរាងយ៉ាងដូចម្ដេច។
មូលហេតុដែលបង្កឱ្យមានក្រួសក្នុងប្រមាត់
បើតាមការសិក្សាស្រាវជ្រាវ និងការកត់ចំណាំគេអាចសន្មតបានថាជម្ងឺក្រួសក្នុងប្រមាត់នេះអាចកកើតឡើងបានបណ្ដាល មកពីមូលហេតុចំនួន៣ធំៗ។
- មូលហេតុទី១ បណ្ដាលមកពីការកើនឡើងនៃសារធាតុជាតិខ្លាញ់(កូលេសស្ដេរ៉ូល)ហើយកកនៅក្នុងថង់ទឹកប្រមាត់។ ការកកនៃជាតិខ្លាញ់នេះ អាចបង្កឱ្យកើតមានក្រួសនៅក្នុងប្រមាត់។
- មូលហេតុទី២ បណ្ដាលមកពីសារធាតុម្យ៉ាងដែលមាននៅក្នុងទឹកប្រមាត់ស្រាប់ដែលគេឱ្យឈ្មោះថា“ពេចម៉ង់ទែរ”។ នៅក្នុងពេចម៉ង់ទែរ មានសារធាតុមួយចំនួនដូចជាសារធាតុកាលស្យូម សូដ្យូម គ្រីសស្ដូរជាដើម។ នៅពេលដែលសារធាតុទាំងអស់ នោះ(ពេចម៉ង់ទែរ)កក វានឹងក្លាយទៅជាគ្រាប់ក្រួសនៅក្នុងប្រមាត់។
- មូលហេតុទី៣ អាចបណ្ដាលមកពីពពួកមេរោគ និងសត្វល្អិតមួយចំនួន ដូចជាពពួកព្រូនជាដើម។ គ្រាប់ក្រួសក្នុងប្រមាត់ អាចកើតដោយសារកម្ទេចកម្ទី ឬកាកសំណល់នៃពពួកសត្វល្អិតដែលស្លាប់ដោយសារការបញ្ចេញនៃទឹកប្រមាត់។
វិធីសាស្ដ្រក្នុងការព្យាបាល
សម្រាប់វិធីសាស្ដ្រនៃការព្យាបាល អ្នកជំនាញអាចមានជម្រើសផ្សេងៗទៅតាមសភាពជាក់ស្ដែងនៃអ្នកជម្ងឺ។ ចំពោះការ ព្យាបាលជម្ងឺប្រភេទនេះមាន២វិធីសាស្ដ្រ។
វិធីសាស្ដ្រទី១ ៖ នៅពេលពិនិត្យមើលទៅ ឃើញថាមានគ្រាប់ក្រួសនៅក្នុងថង់ប្រមាត់ហើយប៉ុន្ដែមិនបណ្ដាលឱ្យមានការ រលាកថង់ប្រមាត់ ឬមិនបានផ្ដល់ផលលំបាកទៅដល់អ្នកជម្ងឺទេ នោះគេមិនចាំបាច់ធ្វើការវះកាត់ឡើយ។ គេគ្រាន់តែធ្វើការព្យាបាល ដោយប្រើថ្នាំបំបាត់ការឈឺចាប់ ឬពពួកថ្នាំផ្សះ(ពពួកថ្នាំអង់ទីប៊ីយូទិច)ជាការស្រេច។ នៅក្នុងករណីដែលអ្នកជម្ងឺចេះតែក្អួតចង្អោរ គេអាចប្រើទុយោស៊កបញ្ចូលតាមច្រមុះទៅក្នុងក្រពះ(សុង)ដើម្បីបង្ហូរទឹកប្រមាត់ដែលស្ទះចេញមកក្រៅ។
វិធីសាស្ដ្រទី២ ៖ នៅពេលដែលគេសង្កេតឃើញថា ក្រោយពីបានធ្វើការព្យាបាលដោយប្រើថ្នាំពុំមានប្រសិទ្ធភាពហើយចេះ តែផ្ដល់ផលលំបាកដល់អ្នកជម្ងឺម្ដងហើយម្ដងទៀតនោះគឺមានតែវិធីសាស្ដ្រវះកាត់មួយគត់ដើម្បីជួយសង្គ្រោះអ្នកជម្ងឺ។
ក្នុងពេលបច្ចុប្បន្នភាពនេះ នៅតាមបណ្ដាប្រទេសជឿនលឿនមួយចំនួនលើពិភពលោកដែលមានបច្ចេកទេសខ្ពស់ទំនើប នោះគេអាចធ្វើការវះកាត់ដោយម៉ាស៊ីនស្វ័យប្រវត្ដិ(វះកាត់ដោយម៉ាស៊ីនសឺរីយូស្កូបពី)ជំនួសវិធីសាស្ដ្រវះកាត់ដោយដៃផ្ទាល់ ដែលវិធី សាស្ដ្របែបនេះមិនបណ្ដាលឱ្យអ្នកជម្ងឺមានការឈឺចាប់ឡើយ។
ផលប៉ះពាល់ក្រោយពេលកើតក្រួសក្នុងប្រមាត់
នៅពេលដែលកើតមានជម្ងឺក្រួសក្នុងប្រមាត់អាចបណ្ដាលឱ្យមានផលលំបាកនិងការប៉ះពាល់មួយចំនួនទៅលើប្រព័ន្ធសរីរៈ ផ្នែកខាងក្នុង។ វាអាចបណ្ដាលឱ្យរលាកប្រមាត់ រលាកផ្លូវដែលទឹកប្រមាត់ហូរឆ្លងកាត់លើសពីនេះទៅទៀតវាអាចបណ្ដាលឱ្យអ្នក ជម្ងឺកើតនូវជម្ងឺបូសប្រមាត់មួយបន្ថែមពីលើមួយទៀត ដែលនាំឱ្យមានការលំបាកនៅក្នុងការព្យាបាល។
វិធីបង្ការជម្ងឺក្រួសក្នុងប្រមាត់
ឆ្លងកាត់តាមការបកស្រាយយ៉ាងលម្អិត អំពីបញ្ហាដែលបង្កឱ្យកើតមានក្រួសក្នុងប្រមាត់យើងអាចប្រើប្រាស់វិធីបញ្ចៀស ការឆ្លងមួយចំនួន។ ប្រការដែលត្រូវប្រតិបត្ដិគឺត្រូវចៀសវាង ឬកាត់បន្ថយនូវការបរិភោគអាហារទាំងឡាយណាដែលសម្បូរទៅ ដោយជាតិខ្លាញ់ច្រើន។ ម្យ៉ាងវិញទៀតយើងដឹងហើយថា ពពួកមេរោគពពួកសត្វល្អិតមួយចំនួនអាចធ្វើឱ្យមានការរលាកប្រមាត់ និង បង្កឱ្យកើតនូវគ្រាប់ក្រួស ដូច្នេះត្រូវយក ចិត្ដទុកដាក់ទៅលើការជម្រុះចោលនូវពពួកមេរោគចង្រៃទាំងនោះទៅតាមវេជ្ជបញ្ជាឱ្យបាន ត្រឹមត្រូវ ហើយត្រូវមានអនាម័យទាំងការរស់នៅ ទាំងការបរិភោគចំណីអាហារប្រចាំថ្ងៃទើបជាប្រការមួយដែលប្រសើរបំផុត។
ដំបូន្មានអ្នកជំនាញ
ប្រសិនបើលោកអ្នកសង្កេតឃើញថា មានអាការដូចដែលបានជម្រាបជូននៅខាងលើនេះចាំបាច់ត្រូវទៅទទួលការពិនិត្យពី មណ្ឌលសុខភាពណាមួយ ឬទៅជួបពិគ្រោះយោបល់ជាមួយអ្នកជំនាញ ដើម្បីរកដំណោះស្រាយទើបជាការប្រសើរ។ ចៀសវាងការប្រើ ប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ ដែលជាប្រការមួយដែលអាចធ្វើឱ្យជម្ងឺរឹតតែមានលក្ខណៈធ្ងន់ធ្ងរនាំឱ្យមានផលអាក្រក់ដល់ សុខភាពរបស់លោកអ្នកបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៣ ខែតុលា ឆ្នាំ២០០៨
Leave a Reply