លោកអ្នកមួយចំនួនពិតជាមានការព្រួយបារម្ភខ្លាំងណាស់នៅពេលដែលមុខកើតមុន។ នៅពេលខ្លះអាចមានស្នាមជាំខ្មៅ ឬធ្វើឱ្យផ្ទៃមុខខូងៗ ខ្មូតស៊ីជាដើម ដែលមើលទៅមិនគួរជាទីគយគន់ពីសំណាក់អ្នកដែលនៅជុំវិញខ្លួន។ ប៉ុន្ដែពេលនេះលោកអ្នកពិតជាអាចធ្វើឱ្យផ្ទៃមុខដែលមិនស្រស់ស្អាតនោះ ប្រែក្លាយទៅជាស្រស់ផូរផង់ទៅបានដោយគ្រាន់តែអនុវត្ដនូវវិធីខ្លះៗរបស់អ្នកជំនាញ របស់យើងតែប៉ុណ្ណោះ។ សម្រស់ជាផ្នែកមួយនៃជីវិតរបស់មនុស្សដែលមានមនុស្សជាច្រើនតែងតែចង់បានវាមកដាក់លើខ្លួន ដើម្បីឱ្យខ្លួនទៅកាន់ភាពស្រស់ស្អាតមួយនៃជីវិតសម្រស់។
ទស្សនាវដ្ដី សុខភាពយើង បានសម្ភាសជាមួយលោកស្រី សិទ្ធិ ច័ន្ទហេង អ្នកជំនាញនៅសាលាបង្រៀនកែសម្ផស្បថបស្ដៃយ៍ អំពីបញ្ហានេះ។
មូលហេតុមុខកើតមុន
មូលហេតុដែលធ្វើឱ្យកើតមុននោះមានច្រើនករណី។ ពេលខ្លះដោយសារតែចំណីអាហារនិងមានពេលខ្លះទៀតដោយសារ តែភាពខ្វះអនាម័យ។ មិនថាតែស្ដ្រីប៉ុណ្ណោះទេ សូម្បីតែបុរសក៏មានបញ្ហាមុខមុននេះដែរ។ ពេលខ្លះដោយសារការប្រើប្រាស់ផលិតផល អ្វីមួយដែលមិនត្រូវនឹងស្បែកមុខជាដើម។ ម្យ៉ាងវិញទៀតរោគមុនអាចបណ្ដាលមកពីអ័រម៉ូនរបស់មនុស្សម្នាក់ៗមានការប្រែប្រួល ឬ អាចមកពីឈាមឡើងក្ដៅក៏អាចធ្វើឱ្យចេញមុនបានដែរ។
មុខខ្មូតដោយសារមុន
មុខដែលខ្មូតស៊ីបានភាគច្រើន ដោយសារតែពេលកើតមុន មិនបានញេចឱ្យបានត្រឹមត្រូវនិងមិនបានប្រើប្រាស់ផលិតផលអ្វី ដើម្បីជំនួយស្បែកមុខ និងមិនដឹងពីប្រភេទមុនដែលកើតជាដើម។ កាលណាចេះតែញេចយូរៗទៅក៏ធ្វើឱ្យផ្ទៃមុខឡើងក្រហូងៗ និងមានស្នាមមុខនោះទៀតផង។
វិធីព្យាបាលមុខខ្មូតដោយសារមុន
ការបំបាត់មុខខ្មូតដោយសារមុននេះ មានវិធី៣យ៉ាងដែលអាចធ្វើឱ្យផ្ទៃមុខស្រស់ស្អាតឡើងវិញបាន។
1 . វិធីទី១ ៖ វិធីទីមួយនោះគឺធ្វើម៉ាស្សាក្នុងមួយសប្ដាហ៍ឱ្យបានពីរដងបើគ្មានពេលវេលាគ្រប់គ្រាន់អាចម្ដងក្នុងមួយសប្ដាហ៍។ បន្ទាប់មកទៀតត្រូវប្រើជាឡូសិនជំនួយស្បែកមុខ ជួយភ្ជិតស្នាមមុន និងដើម្បីបណ្ដុះកោសិកាថ្មីឡើងវិញ។
2 . វិធីទី២ ៖ វិធីទីពីរវិញនោះ គឺដោយប្រើថ្នាំព្យាបាលមុខខ្មូត លាបតែពីរដងក្នុងមួយសប្ដាហ៍ប៉ុណ្ណោះក៏អាចធ្វើឱ្យផ្ទៃមុខ ដែលមានស្នាមខ្មូតនោះរលាយបាត់ផងដែរ។ ក្រៅអំពីការប្រើប្រាស់ថ្នាំនៅសល់ពេល៥ថ្ងៃទៀតគឺត្រូវប្រើប្រាស់ឡេការពារស្បែកមុខ និងជំនួយផ្ទៃមុខបន្ថែមទៀត ទើបអាចទទួលលទ្ធផលបាន។
3 . វិធីទី៣ ៖ ចំណែកវិធីទី៣វិញនោះ គឺការម៉ាស្សាផាត់គ្រើមមុខ ជាធម្មតាកាលណាមុខកើតមុនធ្វើឱ្យស្រទាប់ផ្ទៃមុខ មានការបាត់បង់សភាពដើម និងមានសភាពគ្រើមមិនរាបស្មើជាដើម។ ដូច្នេះការម៉ាស្សាផាត់គ្រើមមុខនេះអាចធ្វើឱ្យផ្ទៃមុខរាបស្មើ និងគ្មានស្នាមប្រឡោះប្រហោង ស្នាមខ្មូតទៀតឡើយ។
ការព្យាបាលទាំងបីវិធីខាងលើនេះ វិធីដែលមានប្រសិទ្ធភាពជាងគេមានពីរវិធី គឺវិធីទី២ និងវិធីទី៣ដែលអាចធ្វើឱ្យផ្ទៃមុខប្លែក បើបានអនុវត្ដតាមវិធីនេះ ហើយក្នុងរយៈពេលខ្លីមានប្រសិទ្ធភាពខ្ពស់គួរកត់សម្គាល់។
ដំបូន្មានអ្នកជំនាញ
បើលោកអ្នកនាងកញ្ញាទាំងអស់មានបញ្ហាអំពីផ្ទៃមុខ ត្រូវទៅពិគ្រោះនិងធ្វើការព្យាបាលទៅតាមទីកន្លែងណាដែលមានសុវត្ថិភាពបំផុត។ ម្យ៉ាងទៀត សូមតមចំណីអាហារមួយចំនួនដែលអាចធ្វើឱ្យផ្ទៃមុខអ្នកអាចឡើងមុនបានត្រូវបរិភោគអាហារណាដែលស្រស់ៗ ដូចជាបន្លែ ផ្លែឈើជាដើម។
អ្វីដែលបានរៀបរាប់ជូនខាងលើនេះ គ្រាន់តែជាចំណេះដឹងសម្រាប់លោកអ្នកពិចារណាតែប៉ុណ្ណោះ។ សូមលោកអ្នកជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨
Leave a Reply