ផ្លូវនៅរាជ​ធានី​ភ្នំពេញមួយ​ចំនួនត្រូវ​បិទ​នៅ​ថ្ងៃ​ទី​១៧ មិថុនា​ខាង​មុខ

កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១២ សាលា​រាជ​ធានី ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ជូន​ដំណឹង​ដល់​សម្តេច ទ្រង់​ឯក​ឧត្តម លោក​ឧកញ៉ា លោក​ជំទាវ លោក លោក​ស្រី និង​បង​ប្អូន​ប្រជាពល​រដ្ឋ​ខ្មែរ​ទាំង​អស់ ឲ្យ​បាន​ជ្រាប​អំពី​ព័ត៌​មាន​ទាក់​ទង​ទៅ​នឹង​ការ​បិទ​ផ្លវ​មួយ​ចំនួន​នៅ​ទី​ក្រុង​ភ្នំពេញ ដោយ​សារ​គណៈ​កម្មា​ធិការ​ជាតិ អូឡាំ​ពិក​កម្ពុជា នឹង​រៀប​ចំ​កម្ម​វិធី​រត់​ប្រណាំង ពាក់​កណ្តាល​ម៉ារ៉ា​តុង អន្តរ​ជាតិ​រាជ​ធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១២ ចាប់​ពី​ម៉ោង​៦:០០​ដើម្បី​អប​អរ​សាទរ​ថ្ងៃ​កំណើត​កីឡា​អូឡាំពិក​លើក​ទី១១៨ និង​ព្រះ​រាជ​ពិធី​បុណ្យ​ចំរើន ព្រះ​ជន្ម​វស្សា សម្តេច​ព្រះមហា​ក្សត្រី នរោត្តម មុនិ​នាថ សីហនុ ព្រះវរ​រាជ​មាតា​ជាតិ​ខ្មែរ។

រូបភាពគេហទំព៍រសុខភាពកម្ពុជា

សេចក្តី​ជូន​ដំណឹង របស់​សាលា​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​ពិធី​នេះ ប្រព្រឹត្ត​ទៅ​ទទួល​បាន​ជោគ​ជ័យ សុំ​ឲ្យ​ប្រជា​ពល​រដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ចូល​រួម​និង​យោគ​យល់​អធ្យា​ស្រ័យ ចំពោះ​ការ​ធ្វើ​ចរាចរ​តាម​ដង​មហា​វិថី​ព្រះ​សុធារស មហា​វិថី​ព្រះ​នរោ​ត្តម មហា​វិថី​ព្រះស៊ី​សុវត្ថិ ឆ្ពោះ​ទៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ និង​ត្រឡប់​មក​បញ្ចប់​នៅមុខ​ព្រះ​បរម​រាជ​វាំង ដោយ​មាន​ការ​បិទ​ផ្លូវ​រយៈ​ពេល​ខ្លី សម្រាប់​កីឡាករ​រត់​ប្រណាំង​ឆ្លង​កាត់។ សាលា​រាជ​ធានី​ភ្នំពេញ បាន​សម្តែង​សេចក្តី​សង្ឃឹម និង​ជឿ​ជាក់​ថា សម្តេច ទ្រង់​ឯកឧត្តម លោក​ឧកញ៉ា លោក​ជំទាវ លោក លោក​ស្រី និង​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ ចូល​រួម​គាំ​ទ្រ​ និង​យោគ​យល់​អធ្យា​ស្រ័យ​ជា​ពុំ​ខាន។

អត្ថបទដោយ ៖ សៀង វិរៈ

ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១២

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *