បើផ្ទៃមុខមានបញ្ហា គេអាចមានល្បិចលាក់បន្លំ ឬបិទបាំងតាមវិធីផាត់ម្សៅតុបតែងមុខមាត់ ប៉ុន្ដែយើងក៏មិនត្រូវគិតគូរពី ការផាត់ម្សៅមុខឱ្យស្រស់ផូរផង់តែម្យ៉ាងនោះទេ គឺត្រូវចេះជ្រើសរើសយកសម្លៀកបំពាក់ឱ្យសក្ដិសមទៅតាមមាឌរបស់យើងផងដែរ ។ ការជ្រើសរើសសម្លៀកបំពាក់មិនមែនចេះតែធ្វើឱ្យរួចពីដៃនោះទេ គឺចាំបាច់ត្រូវផ្ចិតផ្ចង់ឱ្យបានសមរម្យ ទើបអាចមានសោភ័ណភាព ក៏ដូចជាទំនុកចិត្ដ។ខាងក្រោមនេះជាមធ្យោបាយជួយប៉ះប៉ូវភាពមិនគ្រប់លក្ខណៈរបស់ស្ដ្រីភេទទាំងឡាយ ដែលទស្សនាវដ្ដី សុខភាពយើង លើកមកជម្រាបជូនលោកអ្នក ជាពិសេសសុភាពនារីស្វែងយល់។
រូបរាងកាយរបស់មនុស្សយើងម្នាក់ៗមិនដូចគ្នាទេ ហេតុនេះលោកអ្នកជាពិសេសសុភាពនារីត្រូវស្វែងយល់ពីចំណុចខ្សោយ នៅលើរាងកាយរបស់ខ្លួនដើម្បីកែច្នៃយ៉ាងណាឱ្យបានសមរម្យ។ ជាងនេះទៅទៀតដើម្បីឱ្យមានរាងកាយសមសួន ទោះបីជាលោកអ្នក មានចំណុចខ្វះខាតយ៉ាងណាក៏ដោយឱ្យតែលោកអ្នកយល់ពីល្បិចក្នុងការបិតបាំងនោះ អ្នកដទៃមិនអាចដឹងពីចំណុចទាំងនោះឡើយ។ មានវិធី៤យ៉ាងដើម្បីជួយកែសម្រួលនូវអ្វីដែលលោកអ្នកមិនចង់បាន។
1. មាឌខ្ពស់ចង្គ្រោង និងស្គម
លោកអ្នកមានសំណាងហើយដែលអាចបរិភោគតាមចំណង់ដោយមិនបារម្ភពីការឡើងទម្ងន់ ហើយអាចស្លៀកពាក់បានស្ទើរ តែគ្រប់ម៉ូតទាំងអស់។ បើសិនជើងមានអំណោយផលល្អ លោកអ្នកមិនត្រូវញញើតស្លៀកសំពត់ខ្លីត្រឹមលើជង្គង់ដែរ។ សំពត់រ៉ូប និងសំពត់ហ្ស៊ីបទូលាយវែងរហូតដល់ភ្នែកគោលក៏សមត្រូវនឹងមាឌរបស់លោកអ្នកដែរ។ លោកអ្នកអាចពាក់ខ្សែក្រវ៉ាត់ឱ្យលេចរាង និងជួយឱ្យឃើញភាពផ្ទុយគ្នានៃពណ៌រវាងផ្នែកខាងលើ និងផ្នែកខាងក្រោមរបស់ដងខ្លួន។ ដើម្បីកុំឱ្យមើលឃើញរាងត្រង់ស្ដូកដូច “ដើមឈើ” លោកអ្នកត្រូវកាត់សក់ម៉ូត“ស្ពៃក្ដោប” និងពាក់ស្បែកជើងកែងស្រួច។
2. មាឌតូចល្អិត
ដើម្បីកុំឱ្យគេមើលឃើញមាឌ“ល្អិតតូច”ពេកនោះ លោកអ្នកត្រូវប្រើឧបាយកលក្នុងការស្លៀកពាក់។ លោកអ្នកត្រូវជ្រើស រើសសម្លៀកបំពាក់ណាដែលពាក់ទៅអាចឃើញធាត់ ដូចជាពាក់តែអាវជាក្រណាត់ក្រឡាឆ្នូតផ្ដេក ឬជាក្រណាត់ក្រឡាសំណាញ់ញឹក។ បើប្រើសម្លៀកបំពាក់ពណ៌ដូចគ្នាតាំងពីលើដល់ក្រោម ធ្វើឱ្យអ្នកមើលទៅឃើញមាឌធំ។ ប៉ុន្ដែចៀសវាងកុំពាក់អាវយឺតស្ដើង និងរឹប រាងពេក ដែលធ្វើឱ្យដងខ្លួនកាន់តែឃើញទាប កុំពាក់អាវវាល ដែលធ្វើឱ្យឃើញស្មាខូងជ្រៅ។
3. មាឌធំខ្ពស់ហើយមាំ
លោកអ្នកជាស្ដ្រីដែលគេចាត់ចូលជាប្រភេទ“កល្យាណស្ដ្រី”។ ដូចនេះលោកអ្នកត្រូវស្លៀកពាក់ឱ្យលេចធ្លោគ្រប់បែបយ៉ាង ដែលហ៊ានពាក់អាវវាលកបញ្ចេញសាច់ដើមទ្រូង និងសំពត់ខ្លីបញ្ចេញសាច់ដើមភ្លៅ។ ចំពោះអាវខ្នាតវែង ឬអាវធំវែងបើពាក់ទៅមិន ទាន់ឃើញថាសមពេញលេញ នោះលោកអ្នកត្រូវពាក់ជាអាវវាលកពីខាងក្នុង និងស្បែកជើងមានពណ៌ដូចគ្នានឹងពណ៌អាវធ្វើពីរោម ចៀមក្រាស់ ឬអាវរឹបជាប់ខ្លួន។
4. មាឌតូច និងធាត់កណ្ដៀន
សូមកុំភ្លេចប្រើសម្លៀកបំពាក់ដែលមានពណ៌តែមួយ ព្រោះវាអាចជួយឱ្យរាងលូតវែង។ ផ្ទុយទៅវិញ លោកអ្នកត្រូវប្រើ ក្រែមពណ៌ឆើតឬខ្ចីតាមត្រូវការ។ សម្រាប់អាវយឺត និងអាវធំ លោកអ្នកត្រូវឱ្យជាងកាត់ដេរជារាងត្រង់ និងមានសម្រុង ត្រឹមត្រគាក។ ចំពោះសាច់ក្រណាត់វិញ លោកអ្នកគួរជ្រើសរើសយកក្រឡាឆ្នូតផ្ដេកតូចៗ ក្រឡាពងជីងចក់ល្អិតៗ ឬក្រឡាចត្រង្គ។
បណ្ដាំផ្ញើ
លោកអ្នកគប្បីមានភាពម៉ត់ចត់បន្ដិចក្នុងការជ្រើសរើសសម្លៀកបំពាក់ ដើមី្បកុំឱ្យបាត់បង់សម្រស់ដោយសារវា។ ប្រសិនបើ លោកអ្នកមិនមានទំនុកចិត្ដក្នុងការជ្រើសរើស សូមរកអ្នកជំនាញដើម្បីជាជំនួយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩
Leave a Reply