ការផ្តល់ឈាម គឺពិតជាមានអត្ថន័យបំផុតសម្រាប់ជនរងគ្រោះដែលបានរងគ្រោះដោយសារគ្រោះថ្នាក់ដោយប្រការផ្សេងៗ ហើយបណ្តាលឲ្យមានការបាត់បង់ឈាមច្រើន។ អំពើសប្បុរសនៃការផ្តល់ឈាម គឺជាក្តីសង្ឃឹមរបស់ជនរងគ្រោះ និងជាកុសលផលបុណ្យមួយដែលមិនអាចកាត់ថ្លៃបាន។រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១២ បានរៀបចំពិធីទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ“អ្នកស្មគ្រ័ចិត្ដផ្ដល់ឈាម គឺជាវីរជន” ។ ឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា យុទ្ធនាការនៃការបរិច្ចាគឈាម ដែលមានការចូលរួមផ្ដល់ឈាមជាច្រើនហូរហែកន្លងមកនេះ បានកើតឡើងបន្ទាប់ពីមាន ការផ្ដល់អនុសាសន៍ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១១។ ឯកឧត្តម ម៉ម ប៊ុនហេង ក៏បានជម្រុញឱ្យមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បន្ដខិតខំថែមទៀត ដើម្បីឆ្លើយតបឱ្យបាននូវការផ្គត់ផ្គង់ឈាម និងផលិតផលឈាមគ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព ទាន់ពេលវេលាទៅតាមការចាំបាច់របស់អ្នកជម្ងឺ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រដើមអំពិល។នៅក្នុងឱកាសនោះដែរ លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្ដិ ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់និងជាតំណាង របស់លោកស្រី អគ្គនាយិកាហ៊ុន ម៉ាណា បានមានប្រសាសន៍ថា ទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ “អ្នកស្មគ្រ័ចិត្ដផ្ដល់ឈាម គឺជាវីរជន” គឺជាប្រធានបទប្រកបដោយអត្ថន័យជ្រាលជ្រៅ និងបានឆ្លុះបញ្ចាំយ៉ាងច្បាស់ពីគុណតម្លៃ មិនអាចកាត់ថ្លៃបាន នៃទឹកចិត្ដសប្បុរសរបស់អ្នកស្មគ្រ័ចិត្ដផ្ដល់ឈាម ដែលហ៊ានលះបង់នូវឈាមស្រស់របស់ខ្លួនដើម្បីជួយសង្គ្រោះជីវិតរបស់អ្នកជម្ងឺ និងជនរងគ្រោះ ដោយសារឧបទ្ទវហេតុនានា ដែលត្រូវការឈាមជាចាំបាច់ ស្របតាមពាក្យស្លោក «ជួយ គ្នាក្នុងគ្រាមានអាសន្ន។» លោកស្រី ជឹង សុគន្ធាវី បានបន្ដថា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីតម្រូវការឈាមនៃសុវត្ថិភាពនៃការផ្ដល់ឈាម ឱ្យកាន់តែទូលំទូលាយ ក្រុមហ៊ុនទឹកបរិសុទ្ធ វីតាល់ បានអំពាវនាវដល់ថ្នាក់ដឹកនាំនិងបុគ្គលិករបស់ខ្លួនឱ្យផ្ដល់ឈាម ដោយស្មគ្រ័ចិត្ដបន្ថែមទៀត នៅក្នុងឱកាសទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ហើយក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម រៀបចំកម្មវិធីផ្ដល់ឈាមនៅតាមស្ថាប័នរដ្ឋ ឯកជន និងគ្រឹៈស្ថានអប់រំ នានា សរុបចំនួន២៨លើករួចមកហើយនាពេលកន្លងទៅ តាមការអំពាវនាវរបស់សម្ដេច នាយករដ្ឋមន្ដ្រីហ៊ុន សែន ហើយបានការបរិច្ចាគឈាមពីវីរជន រហូតដល់ទៅប្រមាណ ៣០០០នាក់ ។ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានមានប្រសាសន៍ថា នៅក្នុងទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមឆ្នាំនេះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម នឹងផ្ដោតការយកចិត្ដទុកដាក់ដូចខាងក្រោម៖
ទី១- ថ្លែងអំណរគុណ និងសម្ដែងសេចក្ដីកោតសរសើរ ចំពោះអ្នកបរិច្ចាគឈាម ដើម្បីឱ្យគាត់បន្ដបរិច្ចាគបានទៀងទាត់។
ទី២- បំផុសគំនិតដល់អ្នកមិនដែលបានបរិច្ចាគឈាម ប៉ុន្ដែមានសុខភាពល្អ ឱ្យចាប់ផ្ដើមបរិច្ចាគឈាម។
ទី៣- លើកទឹកចិត្ដមន្ដ្រីរាជការ បុគ្គលិកបម្រើការក្នុងសេវាកម្មផ្ដល់ឈាម ឱ្យទទួលស្គាល់សប្បុរសជនបរិច្ចាគឈាមទាំងអស់ ចំពោះកាយវិការប្រកបដោយវីរភាពរបស់គាត់ រាល់ពេលដែលគាត់បានបរិច្ចាគឈាម។
ទី៤- រកការគាំទ្របន្ថែមពីសំណាក់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ឱ្យសម្ដែងនូវសេចក្ដីកោតសរសើរ ចំពោះសប្បុរសជនបរិច្ចាគឈាម ព្រមទាំងផ្ដល់នូវធនធានគ្រប់គ្រាន់ ដល់សេវាកម្មផ្ដល់ឈាមដើម្បីឈានទៅ ទទួលបាននូវការបរិច្ចាគឈាមដោយស្មគ្រ័ចិត្ដមិនយកកម្រៃ ១០០ភាគរយ។
លោកហុក គឹមចេង បានមានប្រសាសន៍បន្តទៀតថា កាលពីឆ្នាំ២០១១ឈាមចំនួន ៤០១៤០បោ្លក ក្នុងនោះ នៅរាជធានីភ្នំពេញចំនួន២២.៨២១បោ្លក និងនៅតាមបណ្ដាខេត្ដ ចំនួន១៧៣១៩បោ្លក បានប្រើប្រាស់ ក្នុងបុព្វហេតុនៃការព្យាបាល និងសង្គ្រោះបន្ទាន់ ។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១២
Leave a Reply