រហូតមកដល់ពេលបច្ចុប្បន្ននេះ ចំនួននៃអ្នកដែលស្លាប់ដោយសារជម្ងឺទាចទឹកនៅតែមានជាបន្ដ។ លោកអ្នកមួយចំនួន តែងតែយល់ថា ជម្ងឺទាចទឹកអាចកើតមានចំពោះតែអ្នកដែលចូលចិត្ដទទួលទានស្រាច្រើនលើសលប់តែប៉ុណ្ណោះ(ក្រិនថ្លើម)។ នេះគឺ ជាការយល់ដឹងមានកម្រិតមួយ។ ផ្ទុយទៅវិញជម្ងឺប្រភេទនេះអាចកើតមានចំពោះមនុស្សគ្រប់វ័យ និងអាចបង្កមកពីបណ្ដាជម្ងឺផ្សេងៗ មួយចំនួនទៀត។
លោកវេជ្ជបណ្ឌិត លាង ហ៊ត់ អ្នកជំនាញផ្នែកជម្ងឺថ្លើមក្រពះពោះវៀន នៅមន្ទីរពេទ្យព្រះកេតុមាលា បានចូលរួមធ្វើការ បកស្រាយយ៉ាងលម្អិត ជម្រាបជូនលោកអ្នកអំពីជម្ងឺទាចទឹកនេះបន្ថែមលើអ្វីដែលលោកអ្នកធ្លាប់បានយល់ដឹងកន្លងមក តាមរយៈ ទស្សនាវដ្ដី សុខភាពយើង។
ជម្ងឺទាចទឹក ជាអ្វី?
វត្ដមានទឹកដក់នៅក្នុងស្រោមពោះ ហើយមិនមានឈាម នោះគេឱ្យឈ្មោះថាទាចទឹក។ ជម្ងឺទាចទឹកគឺជាជម្ងឺមួយប្រភេទ ដែលមិនមែនជាជម្ងឺតំណពូជ ហើយវាអាចកើតមានលើមនុស្សគ្រប់វ័យ ដែលបណ្ដាលមកពីបណ្ដាជម្ងឺផ្សេងៗ។ ម្យ៉ាងវិញទៀត ជម្ងឺ មួយប្រភេទនេះ វាមិនមែនកើតមានក្នុងរយៈពេលត្រឹមមួយថ្ងៃ ឬមួយខែនោះទេ មេរោគអាចសម្ងំនៅក្នុងខ្លួនមនុស្សចាប់ពី៥-១០ឆ្នាំ ទើបស្ដែងចេញជារោគសញ្ញា។ វាអាចធ្វើឱ្យអ្នកជម្ងឺប៉ោងពោះធំ ដែលមើលទៅហាក់បីដូចជាអ្នកមានផ្ទៃពោះ ឬមនុស្សដែលមាន ក្បាលពោះធំដូច្នោះដែរ។
រោគសញ្ញាជម្ងឺទាចទឹក
ចំពោះរោគសញ្ញាជម្ងឺទាចទឹក គឺវាអាស្រ័យទៅលើមូលហេតុរបស់ជម្ងឺនីមួយៗដែលបង្កឡើង។ ប៉ុន្ដែគេអាចសន្និដ្ឋានថា មានកើតជម្ងឺទាចទឹកបានដោយសារគេសង្កេតទៅលើសភាពរបស់អ្នកជម្ងឺ និងរោគសញ្ញាមួយចំនួនដែលបង្ហាញឡើង។
- ដំណាក់កាលដំបូង ៖ ដំបូងឡើយអ្នកជម្ងឺអាចមានអាការដូចជាហើមដៃ ឬហើមជើង រាងកាយស្លេកស្លាំង លឿងភ្នែក (បណ្ដាលពីជម្ងឺថ្លើម) តឹងពោះ ឧស្សាហ៍ហត់ និងថប់ដង្ហើម។ ម្យ៉ាងទៀតគេអាចដឹងដោយសារធ្វើការពិនិត្យដោយឱ្យអ្នកជម្ងឺដេក ផ្អៀង រួចសង្កេតមើលទៅលើពោះ និងយកដៃស្ទាបបង្អូសលើពោះ ឬគោះស្ដាប់សម្លេងទឹកនៅក្នុងពោះ។ លើសពីនេះដើម្បីឱ្យបានដឹង ច្បាស់ គេអាចប្រើវិធីសាស្ដ្របែបទំនើប ដោយការឆ្លុះអេកូសាស្ដ្រ ធ្វើការថតវិទ្យុសាស្ដ្រ ឬស្កែន។
- ដំណាក់កាលធ្ងន់ធ្ងរ ៖ ឈានចូលដល់ដំណាក់កាលនេះ អ្នកជម្ងឺចាប់ធ្វើទុក្ខពិបាកនៅក្នុងខ្លួនជាខ្លាំង។ រោគសញ្ញាមួយចំនួន ត្រូវបានចេញយ៉ាងច្បាស់។ ពោះរបស់អ្នកជម្ងឺចាប់ផ្ដើមធំ តឹង និងមានសភាពភ្លឺរលោង។ ផ្ចិតប៉ោងឡើងធំខុសពីធម្មតា។
មូលហេតុបង្កជម្ងឺទាចទឹក
ជម្ងឺទាចទឹកមិនមែនកើតមានដោយឯកឯងនោះទេ។ វាកើតឡើងដោយសារជម្ងឺដទៃទៀតមួយចំនួន។
- បណ្ដាលមកពីជម្ងឺក្រិន និងរលាកថ្លើម
- បណ្ដាលមកពីជម្ងឺដុំនៅក្នុងថ្លើម(មហារីកថ្លើម)
- បណ្ដាលមកពីជម្ងឺនៅក្នុងដុំក្រពះ(មហារីកក្រពះ)
- បណ្ដាលមកពីជម្ងឺដុំនៅក្នុងពោះវៀនធំ(មហារីកពោះវៀន)
- បណ្ដាលមកពីជម្ងឺដុំនៅក្នុងស្រោមខ្លាញ់ពោះវៀន
- បណ្ដាលមកពីជម្ងឺដុំនៅក្នុងដៃស្បូន
- បណ្ដាលមកពីជម្ងឺដុំនៅក្នុងលំពែង
- និងបណ្ដាលមកពីជម្ងឺរបេងពោះវៀន។
ទោះបីជាជម្ងឺទាចទឹកជាជម្ងឺដែលកើតឡើងដោយសារការបង្កពីជម្ងឺដទៃទៀតយ៉ាងណាក៏ដោយ ប៉ុន្ដែភាគច្រើនគេសង្កេត ឃើញថា វាច្រើនឡើងចំពោះមនុស្សដែលចូលចិត្ដយកស្រាធ្វើជាមិត្ដ។ ការទទួលទានស្រាច្រើនលើសកម្រិត អាចបណ្ដាលឱ្យកើត ជម្ងឺក្រិនថ្លើមបាន។ ព្រោះការទទួលទានស្រាអាចបណ្ដាលឱ្យថ្លើមរលាករ៉ាំរ៉ៃ ធ្វើឱ្យការចរាចរឈាមទៅបម្រុងថ្លើមមិនស្រួល បណ្ដាល ឱ្យថ្លើមបាត់បង់នូវសមត្ថភាពធ្វើការ ដែលជាហេតុបង្កឱ្យកើតមានជម្ងឺក្រិនថ្លើម។ ដោយឡែកចំពោះស្ដ្រីមួយចំនួនក្នុងប្រទេសកម្ពុជា ជាពិសេសស្ដ្រីនៅតាមទីជនបទ បន្ទាប់ពីសម្រាលកូន ពួកគាត់ទទួលទានស្រារហូតដល់៣០ទៅ៤០លីត្រសម្រាប់កូនមួយនាក់។ គាត់ ទទួលទានស្រាច្រើនលើសចំណុះទៅហើយ ចុះទម្រាំគាត់សម្រាលកូនរហូតដល់ទៅ៥-៧នាក់ តើគាត់ត្រូវទទួលទានស្រាអស់ប៉ុន្មាន? នេះគឺជាការប្រឈមមុខទៅនឹងការកើតជម្ងឺក្រិនថ្លើម ដែលជាប្រភពនៃជម្ងឺទាចទឹក។
ការព្យាបាលជម្ងឺទាចទឹក
ក្រោយពីបានដឹងថាអ្នកជម្ងឺមានជម្ងឺទាចទឹក នោះគេអាចធ្វើការព្យាបាលទៅតាមប្រភេទជម្ងឺដែលបង្កឡើង។ ជាក់ស្ដែង ក្រោយពេលពិនិត្យទៅដឹងថា បណ្ដាលមកពីជម្ងឺរលាកថ្លើមរ៉ាំរ៉ៃ ឬក្រិនថ្លើមនោះអ្នកជំនាញនឹងធ្វើការពិនិត្យ និងព្យាបាលជម្ងឺថ្លើម រួចប្រើវិធីសាស្ដ្របូមទឹកដែលមានដក់នៅ ក្នុងស្រោមពោះដើម្បីធ្វើការសម្អាត។ ប៉ុន្ដែបើពិនិត្យទៅឃើញបណ្ដាលមកពីជម្ងឺដុំក្នុងពោះ វៀនធំ នោះអ្នកជំនាញនឹងធ្វើការវះកាត់យកដុំនោះចេញ ទើបធ្វើការបូមសម្អាតទឹកដែលមានដក់នៅក្នុងស្រោមពោះជាក្រោយ។ ផ្ទុយទៅវិញ ប្រសិនបើគេពិនិត្យទៅឃើញថាវាបណ្ដាលមកពីជម្ងឺរបេងពោះវៀន នោះអ្នកជំនាញនឹងធ្វើការព្យាបាលទៅលើជម្ងឺរបេង ពោះវៀន ទើបធ្វើការបូមលាងសម្អាតទឹកដក់នៅក្នុងស្រោមពោះជាក្រោយ។
បើតាមការសង្កេត និងយោងទៅលើបទពិសោធន៍កន្លងមកបានបង្ហាញថា ចំពោះជម្ងឺទាចទឹកនេះអាចព្យាបាលជាសះ ស្បើយ១០០% លើកលែងតែបណ្ដាលមកពីជម្ងឺក្រិនថ្លើម ដែលអត្រានៃការជាសះស្បើយមានអត្រាទាបបំផុត។
ផលវិបាកនៃជម្ងឺទាចទឹក
ក្រៅពីបណ្ដាលឱ្យអ្នកជម្ងឺថមថយនូវកម្លាំង រាងកាយស្គមស្គាំង ពិបាកនៅក្នុងការរស់នៅប្រចាំថ្ងៃ អ្នកជម្ងឺទាចទឹកត្រូវ ចំណាយថវិកាជាច្រើនក្នុងការព្យាបាល។ ជម្ងឺទាចទឹកអាចផ្ដាច់យកអាយុជីវិតរបស់លោកអ្នកបាន ក្នុងខណៈពេលដែលមិនបានទទួល យកការព្យាបាលឱ្យទាន់ពេលវេលានោះទេ។
វិធីការពារជម្ងឺទាចទឹក
លោកអ្នកបានជ្រាបច្បាស់រួចមកហើយថា ជម្ងឺទាចទឹកកើតមានឡើងគឺបង្កពីជម្ងឺដទៃទៀត ជាពិសេសជម្ងឺក្រិនថ្លើមដែល បណ្ដាលពីការទទួលទានស្រាលើសកម្រិត។ ដូច្នេះប្រការសំខាន់ លោកអ្នកតោងប្រយ័ត្នចេះការពារខ្លួនឱ្យប្រាសចាកពីបណ្ដាជម្ងឺមួយ ចំនួនដូចដែលបានរៀបរាប់ជូនខាងលើ។ ត្រូវឧស្សាហ៍ទៅមណ្ឌលសុខភាពនិងមន្ទីរពេទ្យ ដើម្បីជួបពិគ្រោះជាមួយគ្រូពេទ្យជាប្រចាំ។ អ្វីដែលសំខាន់ត្រូវព្យាយាមកាត់បន្ថយនូវការទទួលទានស្រាជាអចិន្ដ្រៃយ៍ច្រើនលើសកម្រិត ដែលជាហេតុបង្កឱ្យកើតមានជម្ងឺក្រិន ថ្លើមបាន។
ដំបូន្មានអ្នកជំនាញ
ជម្ងឺទាចទឹកគឺជាជម្ងឺមួយប្រភេទដែលអាចឆក់អាយុជីវិតរបស់លោកអ្នក ក្នុងករណីដែលមិនមានការព្យាបាលទាន់ពេល និង មិនប្រកបទៅដោយភាពត្រឹមត្រូវច្បាស់លាស់។ ចៀសវាងការព្យាបាលដោយឱសថបុរាណដែលគ្មានការទទួលស្គាល់ច្បាស់លាស់។ លោកអ្នកគួរការពារខ្លួនឱ្យចាកឆ្ងាយពីជម្ងឺទាំងឡាយ ជាពិសេសគឺជម្ងឺក្រិនថ្លើម ដែលជាជម្ងឺមួយពិបាកព្យាបាល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩
Leave a Reply