សម័យកាលទំនើប ការលេងម៉ូតសក់ និងប្ដូរពណ៌សក់ជារឿងពេញនិយមរបស់អ្នកស៊ីវីល័យនាពេលបច្ចុប្បន្ន។ ការលាបថ្នាំសក់ ប្ដូរពណ៌សក់ឱ្យមានភាពស្រស់ស្អាតក៏ជាផ្នែកនៃការលើកសម្រស់ផ្ទៃមុខផងដែរ។ ដូចនេះការលាបថ្នាំសក់ក៏ជាបញ្ហាដែលគួរយក ចិត្ដទុកដាក់ជាចម្បង។ មានវិធីបែបសាមញ្ញដែលយើងតែងតែឃើញគេយកមកអនុវត្ដន៍ប្រើក្នុងការលាបថ្នាំសក់ ក្នុងនោះមានវិធីខ្លះ ក៏មានប្រសិទ្ធភាព ហើយខ្លះទៀតក៏គ្មានប្រសិទ្ធភាព និងផ្ដល់ផលប៉ះពាល់ដល់សក់។ ហេតុនេះហើយលោកអ្នកគួរតែស្វែងយល់នូវវិធី ដែលល្អសម្រាប់លោកអ្នក។
សូមស្វែងយល់ពីរបៀបលាបថ្នាំសក់ជាមួយទស្សនាវដ្ដី សុខភាពយើង តាមរយៈការផ្ដល់បទសម្ភាស៍ក៏ដូចជាអនុសាសន៍ ផ្សេងៗជាមួយលោក ងួន សុភៈ ជាអ្នកជំនាញខាងស្បែក និងម៉ូតសក់ នៅមជ្ឈមណ្ឌលប្រីតធីសាឡន។
របៀបលាបថ្នាំសក់
ការលាបថ្នាំសក់ជាការអនុវត្ដដែលមានភាពស្មុគស្មាញ និងត្រូវធ្វើតាមលំដាប់លំដោយ ទើបយើងអាចទទួលបាននូវ លទ្ធផលល្អ។ ជំហានដំបូងដែលអ្នកចាំបាច់ត្រូវធ្វើបំផុតគឺ ការជ្រើសរើសផលិតផលថ្នាំលាបឱ្យត្រូវទៅតាមស្ថានភាពសក់របស់លោក អ្នក ដើម្បីធានាបានចំពោះផលដែលអាចប៉ះពាល់ដល់សុខភាពរបស់សក់។
មុននឹងចាប់ផ្ដើមលាបថ្នាំសក់ លោកអ្នកគួរគប្បីសម្អាតសក់ឱ្យស្អាត និងទុកឱ្យវាស្ងួតជាមុនសិន។ បន្ទាប់មកសូមប្រើក្រែម ការពារសក់ លាបលើសក់ដែលបានលាងសម្អាតនោះ ដើម្បីជាជំនួយដល់សរសៃសក់ ហើយចាប់ផ្ដើមបែងចែកសក់របស់លោក អ្នកជាបួនផ្នែក ដើម្បីឱ្យមានភាព ងាយ ស្រួលក្នុងការលាបថ្នាំ។ សូមចាប់សក់ជាបំណែកតូចៗ ដោយលាបថ្នាំឱ្យសព្វទៅលើសរសៃសក់ រក្សាទុកសក់ដែលលាបរួចរាល់ហើយរយៈពេល៣០-៣៥នាទី ដើម្បីឱ្យជាតិថ្នាំអាចជ្រាបចូលសរសៃសក់បានល្អ។ ពេលដល់វេលា កំណត់រួចហើយ លោកអ្នកត្រូវដាក់ទឹកបន្ដិចលើសក់ ដើម្បីផ្សើមរួចឈ្លីឱ្យសព្វជាមួយថ្នាំលាបសក់ដែលមានស្រាប់នៅលើសក់។ រួចធ្វើ ការសម្អាតសក់ជាមួយទឹកធម្មតា រហូតយើងមើលឃើញទឹកដែលលាងសម្អាតនោះមានពណ៌សថ្លាសឹមឈប់។
ជាចុងក្រោយបង្អស់ សូមលោកអ្នកធ្វើការម៉ាស្សាស្បែកក្បាល ដោយក្រែមរក្សាសុខភាពសក់ឱ្យបានសព្វក្បាល និងសរសៃសក់រយៈពេលប្រហែលបីទៅបួននាទី ហើយលាងសម្អាតសក់ឱ្យបានស្អាតម្ដងទៀត និងសម្ងួតសក់ឱ្យស្ងួតជាការស្រេច។ ប្រសិនជា លោកអ្នកបានអនុវត្ដន៍តាមការណែនាំរបស់អ្នកជំនាញខាងលើ លោកអ្នកនឹងទទួលបានលទ្ធផលជាទីពេញចិត្ដ។ សម្រាប់សរសៃសក់ ដែលមានសុខភាពល្អ យើងអាចជ្រើសរើសថ្នាំ លាបគ្រប់ប្រភេទនៃពណ៌សក់។ សម្រាប់សរសៃសក់ដែលមានសុខភាពទន់ខ្សោយ គួរ ជ្រើសរើសប្រភេទថ្នាំលាបដែលគ្មានជាតិអាម៉ូនីញ៉ាក់។
ដំបូន្មានអ្នកជំនាញ
ម៉ូត និងពណ៌សក់ជាចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សម្រស់។ ដូចនេះ សុភាពបុរស និងសុភាពនារីទាំងឡាយគួរ
យកចិត្ដទុកដាក់ឱ្យមែនទែនទៅលើសុខភាពសក់ ចូរកុំបណ្ដោយឱ្យសរសៃសក់របស់លោកអ្នកខូចដោយសារតែកង្វះខាតនូវតំហែទាំឱ្យ សោះ។ លោកអ្នកត្រូវស្វែងយល់ និងចេះជ្រើសរើសវិធីល្អៗ ដើម្បីថែរក្សាសក់ឱ្យបានល្អ និងស្រស់ស្អាត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៩ ខែមេសា ឆ្នាំ២០០៩
Leave a Reply