តំហែ​ទាំ​សុខភាព​ផ្លូវចិត្ដ​របស់​កុមារ

នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ មាតាបិតា​គ្រប់រូប​តែងតែ​មាន​បំណង​ប្រាថ្នា​ឱ្យ​កូនចៅ​ខ្លួនមាន​សុខភាព​ល្អប្រសើរ គ្មាន​ជម្ងឺ ឈឺ​ថ្កាត់​ផ្សេងៗ និងមាន​សាច់ឈាម​ស្រស់ថ្លា។ ការ​ថែទាំ​សុខភាព​កុមារ​ជា​ប្រការ​សំខាន់​ដែល​អាណា​ព្យាបាល​គ្រប់រូប​មិនអាច​រំលង បាន។ រីឯ​ការ​អប់រំ ការ​ថែរក្សា​ទាំងផ្នែក​រូបរាង​កាយ និងចិត្ដ​គំនិត​កុមារ​ឱ្យបាន​ល្អ គឺជា​មោទនភាព​មួយ​ដែល​មាតាបិតា​គ្រប់រូប ត្រូវការ​យល់ពី​របៀប​ថែទាំ​សុខភាព​ទាំងអស់​នោះ ជា​ប្រយោជន៍​ក្រុមគ្រួសារ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

សុខភាព​ផ្លូវចិត្ដ​កុមារ​ជាអ្វី?

កុមារ​ជាវ័យ​មួយ​ដែល​គេចាត់​ទុកចូល​ទៅក្នុង​ប្រភេទ​មនុស្ស​ទន់ខ្សោយ ដែលមាន​ការការ​គិតយឺត និង​ទទួល​រងនូវ​ការប៉ះ ពាល់​ពី​មជ្ឈដ្ឋាន​ផ្សេងៗ​ទៅលើ​ការគិត​របស់​កុមារ។ សុខភាព​ផ្លូវចិត្ដ​ជារួម​មាន​ន័យថា ការ​លូតលាស់​ជាមួយ​ភាពស៊ាំ​ដែលមាន​ជុំវិញ កុមារ។

មូល​ហេតុ​ដែល​តម្រូវ​ឱ្យ​ថែរក្សា​សុខភាព​ផ្លូវចិត្ដ​របស់​កុមារ

រាល់​សកម្មភាព និង​បរិយាកាស​ដែលមាន​ជុំវិញ​ខ្លួនកុមារ សុទ្ធសឹង​តែមាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ចំពោះចិត្ដ​គំនិត​របស់កុមារ។ កុមារភាព​ជាវ័យ​ដែល​កំពុង​ពោរពេញ​ទៅដោយ​ការរៀន​សូត្រ ការ​សង្កេត និង​ចម្ងល់។ លោកអ្នក​ត្រូវយល់​ថា កុមារ​គ្មានការ​គិត ពិចារ​ណាបាន​ស៊ីជម្រៅ​នោះទេ ប៉ុន្ដែ​កុមារ​មាន​សមត្ថភាព​ខ្ពស់ក្នុង​ការ​ចងចាំ។ សព្វថ្ងៃ​ក្រុមអ្នក​វិកល​វិទ្យា​បាន​ប្រៀប​ធៀប​កុមារ ដែល​ស្ថិតក្នុង​វ័យ​លូតលាស់​នេះទៅ​នឹងផ្ទាំង​ក្រណាត់​សមួយ ដែលងាយ​ទទួល​រងនូវ​ការ​ប្រឡាក់​ពីការ​បំពុល​ពីពិភព​ខាងក្រៅ។ បើសិន ជា​កុមារ​ស្ថិតនៅ​ក្នុង​រង្វង់​បរិយាកាស​ល្អនោះ វាមិន​ជាមាន​ការចោទ​ជាបញ្ហា​នោះទេ សម្រាប់​កុមារ​ដែល​រស់នៅ​ក្នុង​សង្គម​គ្រួសារ ដែល​គ្មានការ​ណែនាំ​ល្អ ប្រកប​ដោយការ​ប្រើហិង្សា​មកលើ​ពួកគេ​នោះ វានឹង​បង្កជា​សញ្ញា​គ្រោះថ្នាក់​ដល់​សង្គម។ កុមារ​ដែល​ទទួល​រង នូវ​អំពើ​ទាំងអស់​នេះ នៅក្នុង​ខ្លួនគេ​ពោរពេញ​ទៅដោយ​ភ្លើង​អាឃាត​ដែល​ឆេះមិន​ចេះរលត់​បាន ព្រោះ​ពួកគេ​សម្លឹង​មើលទៅ​លើ មនុស្ស​ជុំវិញ​ខ្លួនដោយ​ការ​សងសឹក និងគិត​ថាមនុស្ស​ទាំងអស់​សុទ្ធតែ​ចង់ធ្វើ​បាប​ពួកគេ។ ឧទាហរណ៍​ជាក់ស្ដែង​ដូចជា​អ្នក​​ដឹក​នាំ​​ផ្ដាច់ការ និង​អំពើ​ប្រល័យ​ពូជសាសន៍​ហ៊ីសត្លែ គឺមាន​ប្រភព​កើតចេញ​មកពី​ការគុំ​កួនដែល​មានភាព​ជម្រៅ​ជ្រៅ​បំផុត។ ដូចនេះ​ការ​ថែរក្សា សុខភាព​ផ្លូវចិត្ដ​របស់​កុមារ គឺជា​ប្រការ​មួយ​ដែល​លោកអ្នក​គួរតែ​យកចិត្ដ​ទុកដាក់​ឱ្យ​មែនទែន។

សារៈ​សំខាន់​ក្នុងការ​ថែរក្សា​សុខភាព​ផ្លូវ​ចិត្ដកុមារ

នៅក្នុង​ជីវិត​រស់នៅ​របស់​កុមារ​ក៏​ដូចជា​មនុស្ស​ពេញ​វ័ញដែរ ការ​ថែទាំ​សុខភាព​ផ្លូវកាយ និង​សុខភាព​ផ្លូវចិត្ដ​មានសារៈ សំខាន់​យ៉ាងខ្លាំង ហើយ​វាមាន​ចំណង​ពាក់ព័ន្ធ​រវាងគ្នា​ទៅវិញ​ទៅមក​មិនអាច​កាត់ផ្ដាច់​បាន។ បច្ចុប្បន្ន​មាតាបិតា​​គ្រប់រូប​បាន​យកចិត្ដ ទុកដាក់​បង្គួរ​ស្ដីពី​របៀប​ថែទាំ​សុខភាព​របស់កុមារ ប្រការ​នេះវា​ជារឿង​ចាស់មួយ។ ក៏ប៉ុន្ដែ​ការ​ថែរក្សា​សុខភាព​ផ្លូវចិត្ដ​សម្រាប់​កុមារ វាហាក់​ដូចជា​រឿងថ្មី​មួយទៀត​ដែល​ឪពុកម្ដាយ និង​ប្រជាជន​គ្រប់រូប​ក្នុង​សហគមន៍​ពុំទាន់​បានការ​ទទួល​ការយល់​ដឹង​ឱ្យបាន​ទូលំ ទូលាយ​នោះទេ។ បញ្ហា​ទាំងអស់​នេះហើយ​ដែល​តែងតែ​បង្កនូវ​ផលវិបាក​ផ្សេងៗ​ដល់​កុមារ។ ការ​ថែរក្សា​សុខភាព​កុមារ​មានសារៈ សំខាន់​ណាស់ លោកអ្នក​ត្រូវយល់​ដឹងថា​កុមារ​អាច​ទទួល​បាននូវ​ជម្ងឺ​ផ្លូវចិត្ដ​យ៉ាង​ស្រួល​បំផុត ប៉ុន្ដែ​ក៏មាន​កុមារ​ខ្លះដែល​កើត​ជម្ងឺ​ផ្លូវចិត្ដ ហើយ​អាចជា​សះស្បើយ​ឡើងវិញ​ដោយ​ខ្លួនឯង​ផងដែរ។ ការ​យល់ដឹង​ពី​សុខភាព​ផ្លូវចិត្ដ​កូនចៅ​របស់​លោកអ្នក​នោះមាន​ន័យថា បានផ្ដល់​ឱកាស​សម្រាប់​ពួកគេ​អាច​លូតលាស់​ដោយមាន​សុខភាព​រឹងមាំ មានការ​លូតលាស់​គំនិត​ស្មារតី​បានល្អ នឹង​ក្លាយជា​បុគ្គលវៃ ឆ្លាតមួយ​រូបដែល​សង្គម​ទទួល​ស្គាល់។ ការ​លូតលាស់​ដែលមាន​លក្ខណៈ​ពេញលេញ​ខួរក្បាល​របស់​មនុស្ស គឺ​ស្ថិតក្នុង​វ័យ​កុមារភាព ដែល​ជាវ័យ​ត្រូវការ​ការ​ថែរក្សា​ឱ្យបាន​ល្អ។

លក្ខណៈ​ទូទៅ​នៃការ​ថែទាំ​សុខភាព​ផ្លូវចិត្ដ​របស់​កុមារ

ការ​ថែរក្សា​សុខភាព​ផ្លូវចិត្ដ​របស់​កុមារ​ត្រូវបាន​គេមើល​រំលង​ចោល ដោយយក​ចិត្ដទុក​ដាក់​ជាពិសេស​តែលើ​ស្ថានភាព រាងកាយ​តែ​ប៉ុណ្ណោះ​ទេ។ ដូចនេះ​គ្រួសារ​ភាគច្រើន​ចាត់​វិធានការ​យ៉ាង​តឹងរ៉ឹង​ចំពោះ​កុមារ​រាល់គ្រប់​សកម្មភាព​នៃការ​យល់ដឹង​របស់ ពួកគេ ដោយពុំ​បានយល់​ចំពោះ​ការយក​ចិត្ដទុក​ដាក់លើ​ការ​ស្វែងយល់​ពី​សកម្មភាព​របស់​កុមារ​ឱ្យបាន​ត្រឹមត្រូវ។ លោកអ្នក​ត្រូវ​ចងចាំ ថាការ​ថែរក្សា​សុខភាព​ផ្លូវចិត្ដ​កុមារ​ឱ្យបាន​ល្អនោះ អាស្រ័យ​ទៅលើ​ការយល់​ដឹងបាន​ត្រឹមត្រូវ​លើការ​លេង​កម្សាន្ដ ការ​រពឹស ការសិក្សា រៀនសូត្រ សុខភាព​បឋម​ផ្នែក​រាងកាយ និង​ផ្លូវចិត្ដ​កុមារ​ជាដើម ទើបអាច​ទទួល​បាន​នូវ​លទ្ធផល​ល្អ​សម្រាប់​កុមារ។ ជាក់ស្ដែង​ដូច ជាការ​លេង​កម្សាន្ដ​គឺជា​សិទ្ធិ​មួយ​របស់​កុមារ​ដែលមាន​ចែងក្នុង​មាត្រា​នៃច្បាប់ ហើយវា​ក៏ជា​សកម្មភាព​មួយ​ឆ្លើយតប​ទៅនឹង​តម្រូវ​ការ ចាំបាច់​របស់​កុមារ​ក្នុងការ​ស្វែងយល់​អំពី​ពិភពលោក ដែលជា​វត្ថុថ្មី​មួយ​សម្រាប់​ពួកគេ​ក្នុង​រយៈពេល​ដែល​កុមារ​មានវ័យ​កំពុង​តែរីក ចម្រើន​លូតលាស់ ទាំងផ្នែក​រាងកាយ បញ្ញា និង​ស្មារតី។ ការ​លេងកម្សាន្ដ​របស់​កុមារ​គឺជា​ឱសថ​យ៉ាង​ពិសេសមួយ ដែលអាច​ជួយ បន្ថយ​នូវភាព​តានតឹង​របស់​ពួកគេ ពី​បរិយាកាស​អាប់អួ​នៅក្នុង​សង្គម។ កុមារ​មាន​លក្ខណៈ​ពិសេស​ពីធម្មជាតិ​មួយក្នុង​សរីរាង្គ កាយ​របស់​ពួកគេ ក្នុងការ​ព្យាបាល​បញ្ហា​ផ្លូវចិត្ដ​ដែល​យើងឱ្យ​ឈ្មោះ​ថាការ​ជាសះ​ដោយ​ខ្លួនឯង។ ការ​ជាសះ​របស់​ពួកគេ​អាច​ប្រព្រឹត្ដ ទៅបាន​យ៉ាងល្អ គឺ​អាស្រ័យ​ទៅលើ​ការលេង​កម្សាន្ដ​បាន​ត្រឹមត្រូវ​សមស្រប​តាម​ពេលវេលា មិនបង្ក​គ្រោះថ្នាក់​ដល់​សុខភាព​រាងកាយ បាន​ត្រឹមត្រូវ ជា​លក្ខណៈ​ឱ្យកុមារ​កាត់បន្ថយ​នូវភាព​តានតឹង​ផ្នែក​ផ្លូវចិត្ដ​របស់​ពួកគេ។ ការ​សិក្សា​រៀនសូត្រ និងការ​លេងកម្សាន្ដ របស់​កុមារ​សុទ្ធសឹង​មានភាព​ចាំបាច់​ដូចគ្នា។ ការ​លេងកម្សាន្ដ​របស់​កុមារ​គឺជា​ការរៀន​សូត្រពី​សាលា​នៃ​ជីវិត ដែល​ដកស្រង់​បទ ពិសោធន៍​ក្នុងការ​រស់នៅ។ សូម​លោក​ព្យាយាម​បែងចែក​ពេលវេលា​ឱ្យបាន​ល្អ​សម្រាប់​កុមារ ក្នុងការ​រៀនសូត្រ​នៅក្នុង​សាលា​ផង និង​ការកម្សាន្ដ​ផង។

បណ្ដាំ​ផ្ញើ

សកម្មភាព​រស់នៅ​កុមារ​ថ្វីត្បិត​តែមើល​ទៅមាន​លក្ខណៈ​ខុស​ប្លែក និង​ពុំសូវ​មាន​លក្ខណៈ​រញ៉េ​រញ៉ៃ​ច្រើន​បន្ដិចមែន ប៉ុន្ដែវា បាន​ផ្ដល់នូវ​សារៈ​ប្រយោជន៍​យ៉ាងខ្លាំង​ក្នុងការ​រស់នៅ​របស់​ពួកគេ។ វាអាច​ធ្វើឱ្យ​កុមារ​មាន​ភាពរីក​ចម្រើន និងជា​វិធីសាស្ដ្រ​ដើម្បី​បន្ធូរ បន្ថយ​ភាព​តានតឹង​ដល់កុមារ។ ការ​យល់ដឹង​ពីអារម្មណ៍ និង​របៀប​ថែទាំ​សុខភាព​ផ្លូវចិត្ដ​កុមារ នោះមាន​ន័យថា មាតាបិតា​គ្រប់រូប យល់ដឹង​អំពី​របៀប​ដ៏ល្អ​ក្នុងការ​ថែរក្សា​កូនចៅ។
(សូម​បន្ដអាន​នៅលេខ​ក្រោយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *