មួន មារ៉ា សម្រស់ និង​សុខភាព​ជាផ្នែក​មួយ​នៃភាព​ជោគជ័យ

ជាមួយ​នឹង​រូបរាង​សង្ហា និង​ប្រកប​ដោយ​ទឹកមុខ​រីករាយ លោក មួន មារ៉ា ជា​តារា​មួយដួង​ដែលនៅ​តែស្ថិត​ក្នុង​បេះដូង របស់​យុវវ័យ​គ្រប់​ស្រទាប់ ដោយសារ​តែទឹក​ដម​សំនៀង​ដ៏ពីរោះ ទើបធ្វើ​ឱ្យលោក​នៅតែ​អាច​រក្សា​កេរ្ដិ៍ឈ្មោះ​នេះ​រហូត​ដល់​សព្វថ្ងៃ និងមាន​ទស្សនិកជន​គាំទ្រ​រូបលោក​យ៉ាងច្រើន។ ទោះបី​ជាមាន​ការ​មមាញឹក​យ៉ាងណា​ក៏ដោយ រូប​លោក​នៅតែ​មានភាព​ស្រស់ស្អាត និងមាន​ស្ទីល​ស្លៀកពាក់​ទាក់ទាញ​ជាច្រើន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ប្រវត្ដិ​មុនពេល​ចូលសិល្បៈ

លោក មួន មារ៉ា ជាតារា​ចម្រៀង​ដែល​ទទួល​បានការ​ជោគជ័យ​ក្នុង​អាជីព ពិសេស​ទទួល​ការ​ពេញ​និយម​ពីប្រិយ​មិត្ដ​ក្នុង អាជីព​របស់​លោក​ជិតមួយ​ទសវត្សរ៍​មកហើយ។ ដោយសារ​តែ​ទឹកដម​ចម្រៀង​ដ៏ក្រអួន​ក្រអៅ​របស់​លោក ទើបធ្វើ​ឱ្យតារា​មួយ​ដួង នេះមាន​សមត្ថភាព​ចូល​ច្រៀង​សម្រាប់​ផលិតកម្ម​គះ និងបាន​សាងនូវ​ស្នាដៃ​ជាច្រើន​ជាមួយ​នឹងបទ​ភ្លេង​របស់​លោក។ ដោយសារ​តែ ការ​ស្រឡាញ់​នូវវិស័យ​សិល្បៈ និងការ​គាំទ្រ​របស់​ទស្សនិកជន​ជាខ្លាំង បាន​បណ្ដាល​ឱ្យតារា​រូបនេះ​ក្លាយជា​ម្ចាស់​ផលិតកម្ម​ផ្កាយដ៏​វ័យ ក្មេង​ម្នាក់។

ការ​ថែរក្សា​សម្រស់

សព្វថ្ងៃ​នេះ​ទោះបី​ជា​មមាញឹក​ក្នុង​កិច្ចការ​សិល្បៈ​យ៉ាងណា​ក៏ដោយ ក៏លោក មួន មារ៉ា មិនធ្វេស​ប្រហែស​ពីការ​ថែរក្សា សម្រស់ និង​សុខភាព​ម្ដងណា​នោះទេ។ លោក មួន មារ៉ា ជា​តារា​សាមញ្ញ​មួយរូប ប៉ុន្ដែ​ប្រកប​ដោយ​ភាព​ទាក់ទាញ​បំផុត ដោយសារតែ​រាងកាយ​ដ៏ស្រស់​សង្ហា និង​អាថ៌​កំបាំង​ថែរក្សា​ខ្លួន​ប្រាណ​របស់​លោក។

ការ​ថែរក្សា​មុខ ៖ ក្នុង​អាជីព​ជាអ្នក​សម្ដែង​ផង និងជា​អ្នក​ចម្រៀង​ផង លោក មួន មារ៉ា ត្រូវ​ប្រឈម​មុខ​ជាមួយ​កម្ដៅ ស្ទើរ​រៀងរាល់​ថ្ងៃ។ ទោះបី​ជាមាន​ភាព​មមាញឹក​ក្នុងការ​សម្ដែង​នូវ​បទ​ចម្រៀង​ថ្មីៗ​របស់​លោក​យ៉ាងណា​ក្ដី លោក មួន មារ៉ា នៅតែ​យកចិត្ដ​ទុកដាក់​ចំពោះ​បញ្ហា​ផ្ទៃមុខ​ជានិច្ច ដោយ​គ្រាន់តែ​ជ្រើសយក​វិធី​សាស្ដ្រ​ធម្មតា​មក​ប្រើប្រាស់​សម្រាប់​ការពារ​ផ្ទៃមុខ។ ពេល​ត្រូវសម្ដែង និងពេល​ត្រូវ​កម្ដៅ​ថ្ងៃ លោក​ជ្រើសរើស​ក្រែម​ការពារ​កម្ដៅ​មកលាប​មុន​ពេល​ចេញទៅ​សម្ដែង ព្រោះ​ពេលខ្លះលោក​ត្រូវ​ទ្រាំទ្រ នឹង​កម្ដៅថ្ងៃ​ពេញមួយ​ថ្ងៃ។ សម្រាប់​ពេល​យប់វិញ លោក​ប្រើ​ក្រែម ឬឡេ​ចិញ្ចឹម​កោសិកា​មុខ លាបនៅ​លើមុខ​ជាប្រចាំ។ ជាពិសេស ជាងនោះទៀត លោកតែង​តែធ្វើ​ការ​លាង​សម្អាតមុខ​មិនដែល​ខាន​ជាមួយ​នឹង​សាប៊ូក​ម្ចាត់​មេរោគ ក្រោយពី​ចប់ពី​ការងារ។

ការថែរក្សា​ស្បែក​ខ្លួន ៖ សម្រាប់​ការថែរក្សា​អនាម័យ និង​ភាព​ស្រស់ស្អាត​របស់​រាងកាយ លោក មួន មារ៉ា ពុំសូវ​មាន អ្វីពិសេស​ប៉ុន្មាន​ទេ ដោយ​គ្រាន់តែ​ពេលខ្លះ​លោក​ប្រើក្រែម ឬឡូសិន​សម្រាប់​ថែរក្សា​នៅពេល​ត្រូវចេញ​ទៅក្រៅ។ ក្រៅពី​នេះលោក ងូតទឹក​ឱ្យបាន​ច្រើនដង​ក្នុងមួយ​ថ្ងៃ ដោយ​ប្រើប្រាស់​ជាមួយ​សាប៊ូដុំ​ធម្មតា​ដែលមាន​សារធាតុ​ជំនួយ និងមិន​ប្រតិកម្ម​ជាមួយ​ស្បែក ខ្លួនឱ្យ​បានស្អាត។

ការ​ថែរក្សា​សក់ ៖ តាម​ធម្មតា លោក មួន មារ៉ា ចូលចិត្ដ​ប្រើ​សាប៊ូកក់​សក់ណា​ដែលត្រូវ​ជាមួយ​សរសៃ​សក់របស់លោក ជា​ពិសេស​សាប៊ូ​ដែលជួយ​ផ្ដល់ក្លិន​ក្រអូប និងអាច​កម្ចាត់​ចោលនូវ​ភាពកខ្វក់​របស់​ស្បែកក្បាល​បាន។ ហេតុនេះ​ទើបធ្វើ​ឱ្យសក់មានភាព រលោង និងងាយ​ស្រួល​ក្នុងការ​ធ្វើម៉ូត​សក់​ផ្សេងៗ តាម​ទម្រង់​មុខ​របស់​លោក។

ការ​ថែរក្សា​ភ្នែក ៖ នៅពេល​សម្ដែង និង​ចេញ​មកក្រៅ ដោយសារ​តែកម្ដៅ និងពន្លឺ​ខ្លាំង​ដែលចាំង​ចូល​ភ្នែក ពេល​ថត លោក​តែងតែ​ប្រើ​វ៉ែនតា​ជំនួយ​ជានិច្ច។ ពិសេស​លោក​តែង​សម្អាត​ភ្នែក​ជាមួយ​ទឹកស្អាត និងប្រើ​បន្ដក់​ថ្នាំ​ជំនួយ​ដល់​ភ្នែក ម្យ៉ាងទៀត លោក​តែងតែ​ឆ្លៀត​ពេលវេលា​ខ្លះ​សម្រាប់​ការ​សម្រាក​របស់​ភ្នែក ដោយ​ប្រើ​ក្រណាត់​ស្អាត​ជ្រលក់​ជាមួយ​ទឹកមក​ស្អំលើ​ភ្នែកឱ្យបាន​បួន ទៅប្រាំ​នាទី នៅពេល​ដែលមាន​អារម្មណ៍​ថាផ្សា ឬក៏​រួយភ្នែក។

ការ​ថែរក្សា​សុខភាព​មាត់ធ្មេញ ៖ ភាព​ប្រហើរ​នៃក្លិន​មាត់​ជារឿង​ដែល​ចាំបាច់​ក្នុងការ​យកចិត្ដ​ទុកដាក់​បំផុត ព្រោះថា ភាព​ក្រអូប​ដែល​ចេញពី​ការ​និយាយ​ស្ដី​របស់​យើង​អាច​ទាក់ទាញ​អ្នក​នៅជុំវិញ​ខ្លួនយើង​បាន។ លោក មារ៉ា មិនដែល​ធ្វេស​ប្រហែស ចំពោះ​រឿង​សុខភាព​មាត់ធ្មេញ​ម្ដងណា​ឡើយ។ លោកបាន​បង្ហើប​ប្រាប់​ថា ទោះបី​ជារ​វល់​យ៉ាងណា​ក៏ដោយ​ក៏លោក​ឆ្លៀតពេល​សម្អាត ធ្មេញ​យ៉ាងតិច​ឱ្យបាន​ពីរទៅ​បីដង​ក្នុងមួយ​ថ្ងៃ ជាពិសេស​ក្រៅពី​ការដុស​សម្អាត​ហើយ ក្នុងនោះ​លោក​ក៏បាន​ប្រើទឹក​ខ្ពុរមាត់ជា​ប្រចាំ ផងដែរ។ រៀងរាល់​៣ ឬ៦​ខែម្ដង លោក​តែងតែ​សម្អាត និង​ពិនិត្យ​មើល​សុខភាព​ធ្មេញ​ជា​ទៀងទាត់។

ការ​ថែរក្សា​សុខភាព​រាងកាយ

ការ​ហាត់​ប្រាណ ៖ ដើម្បី​សុខភាព​ល្អ និងមាន​រាងកាយ​មាំមួន​សក្ដិសម​ជាបុរស​ខ្មែរ​ពេញ​លក្ខណៈ លោក មារ៉ា តែង តែ​ហាត់ប្រាណ​ជា​ប្រចាំ ដោយ​លោក​ចំណាយ​ពេល​ត្រឹមតែ​១៥ទៅ​២០នាទី​ប៉ុណ្ណោះ។ ក្រៅពី​នោះបើ​មានពេល​ទំនេរ លោក​តែងតែ ទៅហាត់​កីឡា​លើកដុំ​ដែក និង​កីឡា​ផ្សេងៗ​គ្រប់​ចលនា ដែលអាច​ធ្វើឱ្យ​លោក​អាចបង្កើន​នូវ​សាច់ដុំ កម្ពស់ ក៏ដូច​ជារាងរៅ​ស្រស់ ស្អាត​ផងដែរ។

ការ​ទទួល​ទាន​អាហារ ៖ មាន​អាហារ​ជាច្រើន​ដែល​មើលទៅ​មាន​រសជាតិ​ឆ្ងាញ់ និង​គួរឱ្យ​ចង់​ទទួលទាន ប៉ុន្ដែ​សម្រាប់រូប លោក​ផ្ទាល់​បាន​បង្កើត​ទម្លាប់​ក្នុងការ​បរិភោគ​សម្រាប់​ខ្លួនឯង ដោយ​ជ្រើស​រើស​តែ​អាហារ​ណាដែល​ផ្ដល់​សារៈប្រយោជន៍​ដល់រាង​កាយ និងមិន​ប៉ះពាល់​ដល់​សុខភាព ដូចជា​ការ​ទទួលទាន​បន្លែ​ឱ្យបាន​ច្រើនជាង​សាច់ និង​ចៀសវាង​ឱ្យបាន​ច្រើនក្នុង​ការ​ទទួល​គ្រឿង​ស្រវឹង។ លោក​ចូលចិត្ដ​បរិភោគ​អាហារ​នៅផ្ទះ​ឱ្យបាន​ច្រើន ព្រោះ​វាមាន​អនាម័យ និង​សុវត្ថិភាព។

ការ​ទទួល​ទាន​ដំណេក ៖ ទោះជា​មានការ​ជាប់​រវល់​យ៉ាងណា​ក៏ដោយ ក៏ការ​គេងបាន​គ្រប់គ្រាន់​នៅតែ​ជារឿង​សំខាន់ សម្រាប់​លោក ដើម្បី​ឱ្យរូប​លោកមាន​កម្លាំង​កំហែង​ក្នុងការ​បំពេញ​ភារកិច្ច​ផ្សេងៗ។ ពិសេស​ដំណេក​ធ្វើឱ្យ​មាន​សុខភាព​ល្អ និងចៀស ផុតពី​ជម្ងឺ​ផ្សេងៗ ហើយ​ស្បែកក៏​ស្រស់ស្អាត​ផងដែរ។ ពេលខ្លះ​ក៏មាន​ការ​សម្ដែង​រវល់​ខ្លាំងពេក ក៏ធ្វើ​ឱ្យ​លោក​បាត់បង់​ដំណេក​ខ្លះដែរ តែ លោកក៏​បានគេង​ដើម្បី​សង​បង្គ្រប់​ទៅតាម​តម្រូវ​ការ​របស់​រាងកាយ​ផងដែរ។

បណ្ដាំ​ផ្ញើលោក មួន មារ៉ា

លោក មួន មារ៉ា សូម​ជម្រាប​ដល់​សុភាព​បុរស​ទាំងឡាយ គួរតែ​យកចិត្ដ​ទុកដាក់​ឱ្យបាន​ច្រើន​បន្ដិច​ចំពោះ​បញ្ហា​សុខភាព និង​សម្រស់​រូប​រាងកាយ ដោយ​គ្រាន់តែ​អនុវត្ដន៍​នូវ​ទម្លាប់​ងាយៗ​ក្នុងការ​រស់នៅ ដូចជា​ការ​ហូបចុក អនាម័យ​ខ្លួនប្រាណ និងការ​ហាត់ ប្រាណ​ជាប្រចាំ នោះនឹង​ធ្វើឱ្យ​យើងមាន​រាងកាយ និង​សុខភាព​មាំមួន​ជា​មិនខាន។ សម្រស់ និង​សុខភាព​ក៏ជា​ផ្នែក​មួយ​ដែលធ្វើ​ឱ្យ ការងារ​ទទួល​បាន​ជោគជ័យ​ផងដែរ។

ប្រវត្ដិ​រូបសង្ខេប

  • ឈ្មោះ ៖ មួន មារ៉ា
  • អាយុ ៖ ៣២ឆ្នាំ
  • កម្ពស់ ៖ ១,៧៥ម៉ែត្រ
  • ទម្ងន់ ៖ ៦៤គីឡូក្រាម
  • ស្ថានភាព​គ្រួសារ ៖ រស់នៅ​ជាមួយ​ឪពុក​ម្ដាយ
  • ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩

    Categories: ,

    Leave a Reply

    Your email address will not be published. Required fields are marked *