នៅក្នុងសំណង់អគារឬផ្ទះ ចរន្ដខ្យល់មាននាទីសំខាន់ក្នុងការញំនាំខ្យល់អាកាសចូលទៅក្នុងផ្ទះឬអគារ ដើម្បីឱ្យមានខ្យល់ពីធម្មជាតិ។ នៅពេលដែលក្នុងផ្ទះគ្មានខ្យល់អាកាសពីធម្មជាតិគ្រប់គ្រាន់នោះលោកអ្នកពិតជាត្រូវការដំណោះស្រាយដ៏ល្អចំពោះបញ្ហានេះ។ ការកែច្នៃជួសជុលសំណង់ក្នុងផ្ទះតែបន្ដិចគឺជាដំណោះស្រាយមួយដ៏ល្អក្នុងការបង្កើតឱ្យមានចរន្ដខ្យល់នៅក្នុងផ្ទះរបស់លោកអ្នក។
ទស្សនាវដ្ដី សុខភាពយើង បានទទួលបទសម្ភាសន៍ជាមួយលោក ជា សារិន នាយកក្រុមហ៊ុនគ្រីនហ្គោល ដើម្បីធ្វើការបកស្រាយពីបញ្ហាចរន្ដខ្យល់នៅក្នុងផ្ទះរបស់លោកអ្នក។
ចរន្ដខ្យល់ក្នុងផ្ទះជាបញ្ហាសំខាន់
ការមានចរន្ដខ្យល់នៅក្នុងផ្ទះ ឬអគារ ក្រៅពីបង្កើតឱ្យមានផលប្រយោជន៍ហើយនោះ វាក៏ជាកត្ដាមិនល្អមួយដ៏តូចផងដែរ។ ការដែលសំណង់ផ្ទះមានចរន្ដខ្យល់រត់ល្អបានផ្ដល់ផលប្រយោជន៍ ដូចជាជួយកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីច្រើន និងទទួលបានខ្យល់ធម្មជាតិគ្រប់គ្រាន់។ រីឯកត្ដាដែលមិនល្អនោះគឺគ្រាន់តែខ្យល់ញំនាំធូលីដីដែលបក់មកជាមួយខ្យល់ បណ្ដាលឱ្យមានសភាព កខ្វក់នៅក្នុងផ្ទះប៉ុណ្ណោះ។ សម្រាប់ផ្ទះដែលនៅជាន់ក្រោម និងជាន់ទីមួយ គឺចៀសមិនផុតពីការមានធូលីដីនោះទេ តែសម្រាប់នៅជាន់ទីពីរ និងទីបីគឺមិនចោទជាបញ្ហាចំពោះធូលីដីនោះទេ ដោយសារតែក្នុងបរិយាកាសកាន់តែខ្ពស់ធូលីដីកាត់បន្ថយកាន់តែតិចទៅៗ។ ដូចនេះការប្រើប្រាស់ចរន្ដខ្យល់ក្នុងផ្ទះឬអគារជាការប្រសើរដែលអាចធ្វើទៅបាន ទោះបីជាបង្កឱ្យមានផលប៉ះពាល់សម្រាប់ជាន់ក្រោម និងទីមួយរបស់ផ្ទះលោកអ្នកក៏ដោយ។ ប៉ុន្ដែក៏មានដំណោះស្រាយមួយចំពោះលោកអ្នកដែលមិនសូវមានពេលវេលាទំនេរគ្រប់គ្រាន់ ក្នុងការសម្អាតនោះគឺការដាក់កញ្ចក់ជិតបំពាក់ម៉ាស៊ីនត្រជាក់ ឬកង្ហារជាការស្រេច។
ការគ្រប់គ្រងល្បឿនខ្យល់
សំណង់ផ្ទះអាចសាងសង់ដោយការគ្រប់គ្រងទៅលើល្បឿនខ្យល់ បើសិនជាកម្លាំងខ្យល់នៅខាងក្រៅអគារខ្លាំង ហើយចង់ឱ្យកម្លាំងខ្យល់កាត់បន្ថយតិចចូលទៅក្នុងផ្ទះបានន័យថាល្បឿនខ្យល់នៅខាងក្រៅខ្លាំងចូលទៅដល់ក្នុងផ្ទះមានល្បឿនយឺត គឺត្រូវសាងសង់ឱ្យមានបង្អួចឬទ្វារដែលនៅចំទិសខ្យល់ចូលឱ្យមានក្រឡាផ្ទៃធំជាងច្រកដែលនៅទិសតម្រូវឱ្យខ្យល់ចេញ។ ដូចនេះខ្យល់នឹងមានល្បឿនសមល្មមនៅក្នុងគេហដ្ឋានរបស់លោកអ្នក នេះដោយសារតែមូលហេតុកម្លាំងខ្យល់ចាល់។ បើសិនជាកម្លាំងខ្យល់ខាងក្រៅមានល្បឿនតិចហើយចង់ឱ្យនៅក្នុងផ្ទះមានខ្យល់ខ្លាំង គឺត្រូវផ្លាស់ប្ដូរច្រកខ្យល់គឺឱ្យទំហំច្រកខ្យល់ចូលតូច ហើយច្រកដែលខ្យល់តម្រូវចេញ គឺត្រូវឱ្យធំ។ ដូចនេះនៅពេលដែលច្រកខ្យល់ត្រូវចេញមានទំហំធំគឺធ្វើឱ្យមានកម្លាំងទាញយកខ្យល់ពីខាងក្រៅឱ្យចូលមកក្នុងផ្ទះមានកម្លាំងខ្លាំងតែម្ដង។ បើសិនជាលោកអ្នកចង់ឱ្យល្បឿនខ្យល់ខាងក្រៅ និងក្នុងផ្ទះមានកម្លាំងស្មើគ្នា គឺត្រូវធ្វើច្រកខ្យល់ចេញចូលឱ្យមានក្រឡាផ្ទៃស្មើ។
ដំណោះស្រាយនៅពេលដែលគ្មានខ្យល់
បើសិនជានៅក្នុងតំបន់ដែលគ្មានខ្យល់ហើយលោកអ្នកចង់ឱ្យមានខ្យល់នៅក្នុងគេហដ្ឋានរបស់លោកអ្នកនោះ គឺត្រូវធ្វើតាមបច្ចេកទេសមួយរបស់ស្ថាបត្យករ។ វិធីនេះត្រូវធ្វើសម្រាប់ផ្នែកខាងលើអគារ ឬផ្ទះ នៅផ្នែកខាងលើត្រូវមានកម្ពស់យ៉ាងតិច៤ទៅ៦ម៉ែត្រពីកន្លែងដែលយើងរស់នៅ យើងបង្កើតឱ្យមានបរិយាកាសមួយដែលមានខ្យល់ក្ដៅនៅផ្នែកខាងលើនោះ។ នៅពេលណាដែលមានខ្យល់ក្ដៅ ខ្យល់នោះវានឹងរីកមាឌធ្វើឱ្យខ្យល់ហើរឡើងទៅផ្នែកខាងលើ ហើយនៅតំបន់នោះវាបង្កើតបរិយាកាសគ្មានខ្យល់ ពេលនោះវានឹងទាញខ្យល់ពីខាងក្រោមធ្វើឱ្យមានចរន្ដខ្យល់រត់បាន។ ពេលនោះនៅផ្នែកខាងក្រោមនឹងត្រជាក់ ដោយសារតែខ្យល់រត់ឆ្លងកាត់ហើរទៅផ្នែកខាងលើ។
ដំបូន្មានអ្នកជំនាញ
ការមានចរន្ដខ្យល់នៅក្នុងផ្ទះមិនត្រឹមតែផ្ដល់ផលប្រយោជន៍មានខ្យល់ធម្មជាតិបង្កភាពងាយស្រួលក្នុងការរស់នៅប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយការចំណាយទៅលើសេវាកម្មប្រើប្រាស់ថាមពលអគ្គិសនីបានទៀតផង។ នេះក៏ជាផ្នែកមួយដែលជួយក្នុងការសន្សំសំចៃថវិកាក្នុងក្រុមគ្រួសាររបស់លោកអ្នកបានមួយចំណែកផងដែរ។
Leave a Reply