របៀប​ជ្រើស​រើស​ពណ៌​លាប​ក្រចក និង​វិធី​ថែរក្សា​ក្រចក

ក្រៅពី​សម្រស់​ដ៏ស្រស់​ស្អាត​នៃផ្ទៃមុខ ម្រាមដៃ​ដ៏ស្រឡូន​និងមាន​រំលេច​ទៅដោយ​ពណ៌​ក្រចក​ដែល​មានភាព​ភ្លឺរ​លើប​រលោង ស្រួច​ដូចបន្លា​ក៏ជា​ចំណុច​បង្ហាញ​នូវភាព​ស្រស់​ស្អាត​សម្រាប់​ស្ដ្រីផង​ដែរ។ ប៉ុន្ដែ​ស្ដ្រីទាំង​ឡាយ​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ជ្រើស រើស​ពណ៌ថ្នាំ​លាប​ក្រចក ព្រោះបើ​ជ្រើស​រើស​មិនបាន​ត្រឹមត្រូវ នាំឱ្យ​ខូចសុខភាព​ក្រចក ព្រមទាំង​បាត់បង់​សម្រស់។ តើគួ​រថែរក្សា ក្រចក និង​ជ្រើស​រើស​ពណ៌ថ្នាំ​លាបក្រចក​បែប​ណា ទើប​សក្ដិសម?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូម​បង្ហាញ​ជូន​ប្រិយមិត្ដ​អ្នកអាន​ជាពិសេស​សុភាព​ស្ដ្រីឱ្យ​បានស្វែង​យល់​អំពីធី​ថែរក្សា​ក្រចក នៅក្នុង​ទំព័រ​តុបតែង​ខ្លួន សម្ផស្ស និង​សម្រស់ តាមរយៈ​ការ​សម្ភាសន៍​ជាមួយ​លោកស្រី​សាពណ៌​នាយិកា​សាលា​បង្រៀន​កែ​សម្ផស្ស។

ការ​ជ្រើសរើស​ថ្នាំលាប​ក្រចក

ការ​ជ្រើសរើស​ថ្នាំលាប​ក្រចក​ហាក់​មានការ​ពិបាក​ជាងការ​ជ្រើស​រើស​ពណ៌​សម្លៀក​បំពាក់​បន្ដិច​ដើម្បី​ឱ្យសម​ទៅតាម​សម្បុរ ស្បែក។ បច្ចុប្បន្ន​នេះថ្នាំ​លាប​ក្រចក​មាន​ច្រើន​ពណ៌ ច្រើន​ម៉ាក​ណាស់។

  • សម្រាប់​អ្នក​សម្បុរស ស្ដ្រី​សម្បុរស​មិនមាន​ការពិបាក​ជ្រើស​រើស​ឡើយ។ លោកស្រី​អ្នក​នាងកញ្ញា​អាច​ប្រើពណ៌​ធម្មជាតិ ដែល​គេនិយម​ប្រើ គឺពណ៌​ទឹកប្រាក់ ពណ៌​ផ្សែង​បារី ពណ៌​ផ្កាឈូក​ចាស់ ពណ៌ដី​ជាដើម។
  • សម្រាប់​អ្នក​សម្បុរ​ខ្មៅ​ស្រអែម ៖ ស្ដ្រី​សម្បុរ​ខ្មៅគួរ​ជ្រើស​រើស​ពណ៌​ថ្នាំលាប​ក្រចកឱ្យ​បានសម​រម្យ​ទើប​ជាទី​គយគន់។ លោកស្រី​អ្នកនាង​កញ្ញា​មិនគួរ​ប្រើពណ៌​ដិតខ្លាំង​ពេកទេ។ ពណ៌​ដែល​សក្ដិសម​គឺពណ៌​ដែល​មាន​លក្ខណៈ​ស្រាលៗ​បំផុត។

ការរចនា​ក្រចក

នារី​សម័យ​នេះ​មិនសូវ​និយម​ការលាប​ក្រចកទេ ភាគ​ច្រើន​និយម​រចនាម៉ូដ​ក្រចក​ដោយ​ឆ្លាក់ជា​ផ្កា​ឬក្បាច់​ផ្សេងៗ​នៅលើ ក្រចក ដើម្បី​លើក​សម្រស់​ដៃមួយ​កម្រិត​ទៀត។ ស្ដ្រីខ្លះ​ចូល​ចិត្ដ​តុបតែង​ក្រចក​នៅពេល​មានកម្ម​វិធី​អ្វីមួយ​ព្រោះ​ចង់ឱ្យ​ប្លែក និងឱ្យ សម​ស្រប​ជាមួយ​សម្លៀក​បំពាក់​ដ៏ស្រស់​ស្អាត​ផង។ ការ​រចនាម៉ូដ​ក្រចក​មិន​ប៉ះពាល់​ដល់​សុខភាព​ក្រចក​ទេ។ ផ្ទុយ​ទៅវិញ​ការកាត់ ក្រចក ឬការ​បិត​ក្រចក​សិប្បនិម្មិត​អាច​ធ្វើឱ្យ​ប៉ះពាល់​សុខភាព​ក្រចក​ព្រោះ​អាចធ្វើ​ឱ្យ​ក្រចក​ខូចនៅ​ពេល​បក​ចេញ។

វិធី​ថែរក្សា​ក្រចក

ស្ដ្រីភាគ​ច្រើន​ចង់បាន​ក្រចកដៃ​មាន​លក្ខណៈ​មិនរឹង​ខ្លាំង​ពេកទេ ព្រោះ​ក្រចក​ដែលរឹង​ខ្លំាង​អាច​ស្រួយ​ងាយ​បាក់​រីឯក្រចក ទន់ក៏​នាំឱ្យ​ឆាប់​បាក់​ដែរ។ ហេតុ​ដូច្នេះ​ហើយ សុភាពស្ដ្រី​ទាមទារ​ការ​ថែរក្សា​ក្រចកឱ្យ​នៅរឹង​ល្មម។ ដើម្បី​ថែ​ក្រចក​ឱ្យមាន​សភាពរឹង ដូច​ដែល​ចង់បាន សុភាព​ស្ដ្រី​អាច​ប្រតិបត្ដិ​នូវប្រការ​មួយ​ចំនួន។

  • លាប​ទឹកថ្នាំ​ម្យ៉ាង​ពីលើ​ក្រចកដៃ​ជារៀង​រាល់ថ្ងៃ ដើម្បី​ជំនួយ​មិនឱ្យ​ក្រចក​ទន់ ឬ​ស្រួយ។
  • មិនគួរ​កាត់​សាច់​ក្រចក​ជ្រៅ​ពេក​ទេ ព្រោះ​នាំឱ្យ​សាច់​ក្រចក​ដែល​នៅ​កៀន​ក្រចក​មាន​សភាព​ជ្រៅ និង​អាច​កើត​ជា​ត្រចៀក​ក្រាញ់​ដែល​បណ្ដាល​មកពី​ស្បែក​លូត​លាស់​មិនទាន់ ក្រចក​កាន់តែ​ដុះចាក់​ចូលជ្រៅ​ទៅក្នុង​សាច់់។ ជាការ​ប្រសើរ​គួរកាត់​ក្រចក រាល់​មួយ​ខែម្ដង។
  • មិនគួរ​លាប​ពណ៌​ក្រចក​ទុកយូរ​ថ្ងៃពេក​ទេ យ៉ាង​យូរ​មួយ​សប្ដាហ៍​ត្រូវលាង​ចេញ រួចសឹម​លាប​ជាថ្មីម្ដង​ទៀត។ មិន​គួរទុក រហូត​ដល់​របកថ្នាំ​អស់​នោះទេ ដែល​អាចធ្វើ​ឱ្យក្រចក​រឹងស្រួយ​ខូច ព្រោះថ្នាំ​លាប​ក្រចកខ្លះ​មិនមាន​គុណភាព​ល្អទេ។ ជា​ពិសេស​ថ្នាំលាប ក្រចក​ដែល​មានពណ៌​ដិតខ្លាំង មិនអាច​ទុកយូរ​បាន​ឡើយ។ មួយ​វិញ​ទៀត​ប្រសិនបើ​លោកស្រី​អ្នកនាង​កញ្ញា​ក្រលាង​ក្រចក​ចេញ អ្នកផង​អាចវាយ​តម្លៃថា​អ្នកជា​មនុស្ស​ដែល​មិនសូវ​យកចិត្ដ​ទុកដាក់​ចំពោះ​អនាម័យ​ខ្លួន​ប្រាណ។
  • ការ​និយម​ឈូស​សម្អាត​ក្រចកញឹក​ញាប់ ក៏ធ្វើ​ឱ្យក្រចក​ស្ដើងផង​ដែរ។

ដំបូន្មាន​អ្នកប្រឹក្សា

ដើម្បី​ចៀស​វាង​ក្រចក​ខូច សូម​សុភាពនារី​ទាំង​ឡាយ​ព្យាយាម​កុំកាត់ ឬ​តក្រចក​ញឹក​ញាប់​ពេកទេ​ព្រោះ​អាចនាំ​ឱ្យក្រចក ស្រួយ ឬដាច់។ នៅពេល​កាត់សាច់​កៀន​ក្រចក គួរ​កុំកាត់​ច្រើន​ពេក​ដែរ។ ទោះបី​ជា​លោកស្រី​អ្នក​នាង​កញ្ញា​ទៅកាត់​នៅ​ទីផ្សា​រក៏ដោយ ក៏គួរ​រកមើល​កន្លែង​ណា​ដែល​មាន​អនាម័យ ដើម្បី​ចៀស​វាង​ការឆ្លង​ជម្ងឺ​ផ្សេងៗ​ដូចជា​ជម្ងឺ​តេតា​ណូស ជម្ងឺ​អេដស៍៍ ជម្ងឺ​រលាក​ថ្លើម ដែល មិនអាច​ដឹងជា​មុនបាន។ ជាការ​ប្រសើរ​បំផុត សុភាពនារី​គួរមាន​កន្ដ្រៃ​ឬសម្ភារៈ​កាត់​ក្រចក​ផ្ទាល់​ខ្លួន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧

Categories:

Leave a Reply

Your email address will not be published. Required fields are marked *