កីឡាវាយ​ប៉េងប៉ុង

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរ​ចាប់ផ្ដើម​មានការ​ចាប់​អារម្មណ៍ និងយល់ដឹង​ច្រើន​ពីការ​ថែរក្សា​សុខភាព តាមរយៈ​ការលេង​កីឡា។ កីឡា​មានច្រើន​ប្រភេទ តែរាល់​កីឡា​ទាំងអស់​សុទ្ធតែ​មាន​ប្រយោជន៍​ចំពោះ​រាងកាយ គ្រាន់តែ​វិធីហាត់ និងប្រសិទ្ធ ភាព​ផ្សេងគ្នា​បន្ដិច​ប៉ុណ្ណោះ។ នៅក្នុង​លេខនេះ ទស្សនាវដ្ដី សុខភាពយើង សូមណែនាំ​ជូនមិត្ដ​អ្នកអាន​នូវ​កីឡា វាយប៉េងប៉ុង ដែលត្រូវ​បានគណៈ​កម្មាធិការ​កីឡា​អូឡាំពិច​អន្ដរជាតិ​ទទួល​ស្គាល់ថា​ជាកីឡា​ដែលមាន​ការលំបាក ហើយ​ស្មុគស្មាញ​ជាងគេ​លំដាប់ទីបី បន្ទាប់ពី​កីឡាលោត​កម្ពស់ដោល​ថ្នោល និងកីឡា​ជិះស្គី​ចុះពី​លើ​ទឹកកក។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក ស៊ុន សុទ្ធារិទ្ធ ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយកូន​ឃ្លីលើ​តុ​កម្ពុជា បាន​រៀបរាប់​ថាកីឡា​ប្រភេទ​នេះ​ត្រូវការ សន្សំ​កម្លាំង​អំណត់ និងភាព​ស្វាហាប់​ច្រើនដើម្បី​ទទួលបាន​នូវ​ជោគជ័យ​ក្នុងការ​ប្រកួត។

កីឡាវាយ​ប៉េងប៉ុង ជាអ្វី?

កីឡាវាយប៉េងប៉ុង​ដែលយើង​តែងតែ​និយាយ​នេះ គឺពាក្យ​ជា​ភាសាចិន តែខ្មែរ​យើងហៅ​កីឡានេះ​ជាផ្លូវការ​ថាកីឡា វាយកូនឃ្លីលើតុ។ កីឡា​វាយកូនឃ្លីលើតុ​ហៅជា​ភាសា​បារាំង ឬ​ភាសា​អង់គ្លេស​ថា​តែន្ននីស​លើតុ។ កីឡានេះ​ត្រូវបាន​បង្កើតឡើង នៅក្នុង​ឆ្នាំ១៩៣៥​ដោយជនជាតិ​អង់គ្លេស និងបាននាំ​នូវកីឡា​វាយកូនឃ្លីលើតុ​ចូលមក​កម្ពុជា​នៅក្នុង​ឆ្នាំ១៩៥៨ បន្ទាប់ពី​កម្ពុជា បានទទួល​ឯករាជ្យ។ នៅមុនឆ្នាំ​១៩៦០ កីឡានេះ​ត្រូវបាន​គេចាត់​ទុកថា​ជាកីឡា​ប្រភេទ​ស្រាលមួយ។ ដោយការ​វិវឌ្ឍន៍​នៃសម័យ កាល និងការ​អភិវឌ្ឍន៍​រីកចម្រើន​នូវឧបករណ៍​ប្រើប្រាស់ មានដូចជា​រឺកែត​មិនមាន​ទ្រាប់ជ័រ និងតុមិន​មានក្រាល​កៅស៊ូ ក្លាយជា មាន​ទ្រាប់ជ័រ ហើយក្រាល​កៅស៊ូលើតុ ដែលអាច​ជាជំនួយ​ដល់គ្រាប់​កូនបាល់​ឱ្យមាន​សន្ទុះលឿន​ជាងមុន។ កីឡា​ប្រភេទ​នេះដើមឡើយ​អាចលេង​រហូតដល់​ទៅ៣ម៉ោង ពិន្ទុ២១​ទើបចប់​មួយក្ដារ តែក្នុងឆ្នាំ​១៩៩៨ គេសម្រេច​ឱ្យលេង​ត្រឹម១១ពិន្ទុទេ។ នៅក្នុង ឆ្នាំ១៩៨៨ គណៈកម្មាធិការ​កីឡាអូឡាំពិច​បានរាប់​បញ្ចូលកីឡា​វាយ​កូនឃ្លីលើតុ​នេះជា​កីឡា​អូឡាំពិច ហើយវា​ក៏ត្រូវបាន​គេទទួល ស្គាល់ថា​ជាកីឡា​ប្រភេទធ្ងន់ មិនមែន​ស្រាលទៀត​ទេ។ ឧបករណ៍​សម្រាប់លេង​កីឡាប្រភេទ​នេះមានតុ​(ទទឹង១.៥២៥ម៉ែត្រ បណ្ដោយ២.៧៤ម៉ែត្រ និងកម្ពស់០.៧៦ម៉ែត្រ) សំណាញ់​កម្ពស់១.៥២៥សង់ទីម៉ែត្រ ក្ដារវាយ​(រឺកែត) និងកូនបាល់ជ័រ​(គ្រាប់ ប៉េងប៉ុង ទម្ងន់៣ក្រាម)។

អត្ថប្រយោជន៍​នៃកីឡាវាយ​កូនឃ្លី​លើតុ

ចំពោះមនុស្សវ័យចំណាស់​ដែលត្រូវ​ការហាត់​ដើម្បី​រក្សា​សុខភាព ការលេង​កីឡាវាយ​កូនឃ្លី​លើតុមាន​ផល​ប្រយោជន៍ ច្រើន និងងាយស្រួល​សម្រាប់​ពួកគាត់​ក្នុងការ​អនុវត្ដ និងរក្សានូវ​ភាព​រហ័សរហួន។ វាមិន​បង្កឱ្យ​មានគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទេជាមួយ នឹងលក្ខណៈ​ពិសេស​នៃឧបករណ៍​វាយកូន​ឃ្លីលើតុ។ កីឡានេះ​ត្រូវប្រើ​ការគិត​ច្រើន ហើយការ​លេងកីឡា​នេះទាមទារ​ឱ្យមានភាព រហ័សរហួន ឈ្លាសវៃ និងគួរឱ្យ​ជក់ចិត្ដ។ ពេលបានលេង ចង់លេង ព្រោះវា​ជាការហ្វឹកភ្នែក​ឱ្យរហ័ស និងបញ្ញាស្មារតី​ប្រុងប្រយ័ត្ន ។ ម្យ៉ាងទៀត វាអាចជួយ​បង្ការជម្ងឺ​លើសឈាម ខ្សោយបេះដូង មហារីកជាដើម និងជួយឱ្យ​មានកម្លាំង​កាយ​មាំមួន។ កីឡាវាយ កូនឃ្លីលើតុ​មិនមាន​ការប៉ះពាល់​ដល់ការ​លូតលាស់​របស់កុមារ​ទេ និងមាន​សុវត្ថិភាព​ជាងកីឡា​ផ្សេងទៀត។

តើត្រូវចាប់ផ្ដើម​ហាត់យ៉ាង​ដូចម្ដេច?

កីឡាប្រភេទនេះ​អាចចាប់​ផ្ដើមហាត់​នៅអាយុ៨​ឆ្នាំបាន។ ព្រោះអាយុ​ប៉ុននេះ ពួកគេ​អាចរក្សា​សុវត្ថិភាព​បានដោយខ្លួន ឯង និងជាវ័យ​ដែលកំពុង​មានការ​វិវឌ្ឈន៍។ ជាក់ស្ដែង ជើងឯក​កីឡានេះ​នៅលើ​ពិភពលោក​មានអាយុ​ត្រឹមតែ​២៥ឆ្នាំប៉ុណ្ណោះ ព្រោះគេ​ចាប់ផ្ដើម​ហាត់តាំង​ពីតូច​មកម្ល៉េះ។ ប្រសិនបើ​ហាត់ដើម្បី​សុខភាព គួរហាត់​នៅពេល​ព្រឹកបន្ទាប់​ពីភ្ញាក់ពី​ដំណេក យ៉ាងតិច ឱ្យបាន​៣០នាទី។ ព្រោះនៅ​មានកម្លាំង​មាំមួន ហើយនិង​មានឱកាស​បានទទួលទាន​អាហារ​បង្គ្រប់វិញ បន្ទាប់ពី​សម្រាកហាត់។ បើ ហាត់នៅ​ពេលល្ងាច ក្រោយពេល​បំពេញ​ការងារ​អស់រយៈពេល​ស្ទើរពេញ​មួយថ្ងៃ ខ្លួនប្រាណ​ឆាប់អស់​កម្លាំង។ ការទទួល​ទានអាហារ​គ្រប់គ្រាន់​ទើបជា​ប្រការល្អ។ គួរមានអ្វី​ទ្រាប់ពោះ​ខ្លះមុនពេល​ហាត់នា​ពេលល្ងាច តែបើ​ទទួលទាន​អាហារ​មិនងាយ​រលាយ គួរ មានការ​សម្រាកយ៉ាង​តិច២ម៉ោង​សឹម​ចូលលេង។ កីឡាវាយ​កូនឃ្លីលើតុ​ត្រូវការ​កាយសម្បទា​មាំមួន​ក្នុងការលេង ដោយមានការ ប្រើរួមគ្នា​ទាំងកម្លាំង​ល្បឿន កម្លាំងរហស័ កម្លាំងអំណត់ និងកម្លាំង​រំញោច​ទើបធ្វើឱ្យ​ជ័យជំនះ​នៅជិត​បំផុត។ ភាពរំញោច​ដែល លេចធ្លោ​ជាងគេ​ចំពោះការ​លេងកីឡា​នេះមាន​ប្រាំ គឺកដៃ កែងដៃ ស្មា ចង្កេះ និងកជើង។ ការប្រើ​កម្លាំងកដៃ​អាចជួយ​ឱ្យកូន បាល់មាន​កម្លាំងខ្លាំង ទោះបី​វាយឆ្វេង ឬស្ដាំដៃ​ក៏ត្រូវ​ការប្រើ​វាដែរ ទើបគ្រាប់បាល់​មានកម្លាំង និងល្បឿនល្អ។ សម្រាប់​អ្នកហាត់ ដំបូង គួររៀន​ចាប់ពី​ត្រឹះកូន​បាល់ដើម្បី​ឱ្យស្គាល់​ចលនាខ្យល់​ជាមុនសិន។ បើត្រឹះ​ដល់១,០០០គ្រាប់​មិនធ្លាក់ ទើបគួរ​ចូលលេង​លើ តារាង ព្រោះវា​ជាមូលដ្ឋានគ្រឹះ​ដ៏ល្អមួយ។ សម្រាប់អ្នក​ដែលចង់ចាប់​ជាអាជីព​កីឡានេះ ទាមទារ​ឱ្យមាន​ការហាត់​យ៉ាងតិច​ណាស់ ក៏រយៈពេល​៥ឆ្នាំដែរ។ ព្រោះមាន​ល្បិចលេង​ច្រើន រួមមាន​ដូចជា​វាយស្ដាំ-ឆ្វេងដៃ អូសស្ដាំ-ឆ្វេងដៃ ចាក់ស្ដាំ-ឆ្វេងដៃ បើកសឺវីស ស្ដាំ-ឆ្វេងដៃ ផ្លាស្ដាំ-ឆ្វេងដៃ គប់ស្ដាំ-ឆ្វេងដៃ​ជាដើម ពិសេសត្រូវ​ប្រើដៃ​ទាំងសង​ខាង ទាំងស្ដាំ​ទាំងឆ្វេង។ កីឡានេះ​ត្រូវមាន ភ្នែករហ័ស​ដើម្បី​ធ្វើការ​ប៉ាន់ស្មាន និងវាយតម្លៃ​ថាកូនបាល់​ត្រូវរត់​ទៅទិសណា។ កីឡាវាយ​កូនឃ្លីលើតុ​ទាមទារ​ការយក​ចិត្ដទុក ដាក់ច្រើន​សម្រាប់អ្នក​ដែលចង់ចាប់​ជាអាជីព ជាពិសេស​ទាមទារ​ឱ្យមានការ​ហាត់សម​រាល់ថ្ងៃ យ៉ាងហោច​ណាស់រយៈ​ពេល២ ម៉ោងដែរ។ ចៀសវាង​ការចំណាយ​ថាមពល​ច្រើនដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ផ្លូវភេទ​នៅមុនពេល​ប្រកួត ព្រោះវា​មានឥទ្ធិពល​ប៉ះពាល់ ដល់កម្លាំង​កាយសម្បទា។ ការលេង​ដោយមិនមាន​ការគិតគូរ​ដល់សុខភាព​រាងកាយ​ងាយនឹងធ្វើ​ឱ្យរាងកាយ​ឆាប់អស់​កម្លាំង។ ការទទួល​ទានសុរា ឬគ្រឿងញៀន ទោះបី​ជាបារីក៏​អាចប៉ះពាល់​ដល់ការលេង​កីឡានេះ​ដែរ។

ដំបូន្មាន​អ្នកជំនាញ

សូមចូលរួម​ធ្វើការហាត់​ប្រាណជារៀង​រាល់ថ្ងៃដើម្បី​ឱ្យរាងកាយ​មាំមួន និងរក្សាភាព​រហ័សរហួន។ ការលេង​កីឡាទាម ទារឱ្យ​មានការ​អំណត់ច្រើន និងគួរមាន​ការគិតគូរ​ពីកម្លាំងខ្លួន​ឯងផង។ ការលេង​កីឡាប្រើ​កម្លាំងហួស​កម្រិតអាច​នាំឱ្យ​ប៉ះពាល់ ដល់សុខភាព។ គួរមាន​ចំណេះដឹង​ខ្លះទាក់ទង​ទៅនឹងកីឡា​ដែលលោកអ្នក​ចង់ហាត់ ហើយគួរ​ប្រតិបត្ដិតាម​គោលការណ៍​សំខាន់ៗ នៃកីឡា​ទាំងនោះ ទើបមាន​ប្រយោជន៍ និងអាចជួយ​ឱ្យលោកអ្នក​ហាត់ឆាប់​ខិតដល់​គោលដៅ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *