Valentine’s Day ហៅថាថ្ងៃបុណ្យសង្សារ ឬថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ឬទិវានៃសេចក្ដីស្រឡាញ់។ យុវជន និងយុវតីយើងសម័យនេះបានចាត់ទុកថ្ងៃនេះគឺជាថ្ងៃរម្លឹក ឬក៏បង្ហាញការស្រឡាញ់ និងសេចក្ដីស្នេហាចំពោះនរណាម្នាក់។ ជារៀង រាល់ឆ្នាំនៅថ្ងៃទី១៤ ខែកុម្ភៈ យុវជននាំគ្នាទិញផ្កា ឬរៀបចំវត្ថុអនុស្សាវរីយ៍ និងមានលិខិតជូនពរជូនដល់នារីជាទីស្រឡាញ់។ នៅក្នុងថ្ងៃនោះក៏មានយុវតីមិនតិចដែរ ដែលបូជាខ្លួនប្រាណដើម្បីជាសក្ខីភាពតបស្នងនោះ។ យុវតីគួរពិចារណាថា តើការទទួលអំណោយ របស់អ្នកទាមទារនូវសំណងដែរឬទេ? ហើយតើការទូទាត់នោះអាចឈានដល់កម្រិតណា? អំណោយទាំងនោះវាអាចនឹងមានតម្លៃទេ ប្រសិនបើគេប្រើវាដើម្បីល្បួងលួងលោមយកខ្លួនប្រាណអ្នក?
ប្រវត្ដិថ្ងៃវ៉ាឡិនថាន ឬថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់
ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់នេះគឺមានរឿងរ៉ាវជាច្រើន ដែលបាននិទានទាក់ទងនឹងថ្ងៃរម្លឹកខួបវ៉ាឡិនថាននេះ។ ប៉ុន្ដែយើងសូមលើកយករឿងរ៉ាវមួយដែលកើតឡើងនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី។ តាំងពីយូរយារមកហើយ នៅក្នុងរជ្ជកាលគ្រប់គ្រង ដោយស្ដេចក្លូឌីយឹស(Claudius) ប្រទេសពោរពេញដោយការបង្ហូរឈាម។ ស្ដេចក្លូឌីយឹសចង់បង្កើនកម្លាំងទ័ពដើម្បីធ្វើចម្បាំង ហើយក៏បានធ្វើការអំពាវនាវឱ្យយុវជនស្ម្រ័គចិត្ដធ្វើជាកងទ័ព។ ប៉ុន្ដែការអំពាវនាវនេះមិនទទួលបានជោគជ័យទេ។ ក្លូឌីយឹសខ្ញាល់យ៉ាងខ្លាំង ហើយក៏ចេញបម្រាមមិនឱ្យមានការរៀបអាពាហ៍ពិពាហ៍ឡើយ។ ព្រោះព្រះអង្គយល់ថា ដោយសារមូលហេតុស្នេហា ទើបធ្វើឱ្យ យុវជនទាំងនោះពុំព្រមចាកចេញពីប្រពន្ធ និងក្រុមគ្រួសាររបស់គេ។ គ្រានោះបុព្វជិតវ៉ាឡិនថានបានរៀបចំពិធីមង្គលការឱ្យដល់ យុវជន និងយុវនារីដោយស្ងាត់កំបាំងអស់ជាច្រើនគូ។ ដំណឹងនេះបានលេចឮដល់ក្លូឌីយឹស។ ក្លូឌឺយឹសក៏បញ្ជាឱ្យចាប់ខ្លួនបុព្វជិត វ៉ាឡិនថានយកទៅកាត់ទោសប្រហារជីវិតដោយកាត់ក្បាល។ បុព្វជិតវ៉ាឡិនថានត្រូវបានកាត់ទោសប្រហារជីវិតនៅថ្ងៃទី១៤ ខែកុម្ភៈ គ្រិស្ដសករាជ២៦៩។ ក្នុងឆ្នាំ៤៩៦ សម្ដេចសង្ឃជីទ្បេសឺស(Pope Gelasius) បានរៀបចំឱ្យមានពិធីបុណ្យរម្លឹកថ្ងៃស្លាប់នេះ ដើម្បីផ្ដល់កិត្ដិយសដល់បុព្វជិតវ៉ាឡិនថាន។ ចាប់តាំងពីពេលនោះមកថ្ងៃរម្លឹកនេះបានក្លាយជាថ្ងៃដ៏មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅប៉ែក បស្ចិមប្រទេស។ កំណាព្យពាក្យពេចន៍ស្នេហា បាច់ផ្កា និងអំណោយផ្សេងៗត្រូវបានគូស្នេហ៍នីមួយៗរៀបចំឱ្យគ្នាទៅវិញទៅមកដើម្បី បញ្ជាក់ពីភក្ដីភាពចំពោះស្នេហា។
ចំណាប់អារម្មណ៍របស់យុវជន និងយុវតីខ្មែរ
បច្ចុប្បន្ននេះភាពគគ្រឹកគគ្រេងនៃថ្ងៃបុណ្យសង្សារ ឬថ្ងៃវ៉ាឡិនថានដែលជាវប្បធម៌បែបអឺរ៉ុបនេះ ពិតជាទីពេញនិយមរបស់ យុវវ័យនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងចំណោមសិស្សសាលា និងនិស្សិត។ នៅថ្ងៃនោះយុវវ័យភាគច្រើនសុទ្ធតែរីករាយ តែក៏ មានអ្នកខ្លះស្រក់ទឹកភ្នែកដែរ ដោយសារតែភាពភ្លើតភ្លើនបានបន្សល់ទុកនូវភាពស្ដាយក្រោយ ជាពិសេសយុវតីដែលបានបាត់បង់ ព្រហ្មចារី មានផ្ទៃពោះ និងជម្ងឺឆ្លងផ្សេងៗជាដើម។ ខាងក្រោមនេះគឺជាចំណាប់អារម្មណ៍របស់យុវវ័យខ្មែរដែលមានដូចតទៅ ៖
– កញ្ញា ថុន លក្ខណា ជានិសិត្សនៅវិទ្យាស្ថានវ៉ាន់ដា ៖ ចំពោះនាងខ្ញុំយល់ឃើញថា ថ្ងៃបុណ្យសង្សារ ឬថ្ងៃវ៉ាឡិនថាន គឺជាបុណ្យបែបអឺរ៉ុប ដែលបានហូរចូលមកប្រទេសកម្ពុជាប៉ុន្មានឆ្នាំក្រោយមកនេះ។ ខ្ញុំមិនដឹងថាវាមានអត្ថន័យយ៉ាងណានោះទេ ដោយក្នុងថ្ងៃនោះខ្ញុំឃើញយុវវ័យជាច្រើនបាននាំគ្នាទិញផ្កាកុលាប និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ រួមមានទាំងលិខិតស្នេហាផងដែរ ជូនដល់នារីដែល
ពួកគេស្រឡាញ់តែម្នាក់គត់។ ប៉ុន្ដែចំពោះខ្ញុំគិតថា ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់មិនមែនមានន័យត្រឹមតែការស្រឡាញ់ ចំពោះគូសង្សារនោះទេ ប៉ុន្ដែវាមានន័យជាសេចក្ដីស្រឡាញ់ចំពោះឪពុកម្ដាយ បងប្អូន និងមិត្ដភក្ដិជាដើម។ សម្រាប់នាងខ្ញុំ នៅថ្ងៃនោះ ខ្ញុំនឹងជូនលិខិតនៃសេចក្ដីស្រឡាញ់ដល់អ្នកដែលខ្ញុំស្រឡាញ់គ្រប់គ្នាផងដែរ។
– យុវជន ពៀង សុភ្រ័ក ជានិសិត្សនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ៖ ចំពោះថ្ងៃវ៉ាឡិនថានគឺជាថ្ងៃទិវានៃសេចក្ដី ស្រឡាញ់ដែលមានចំពោះគូសង្សារ ឪពុកម្ដាយ បងប្អូន និងមិត្ដភក្ដិជាដើម។ ជាពិសេសថ្ងៃនេះគឺជាថ្ងៃដែលបុរសតែងតែទិញផ្កាឬក៏វត្ថុ អនុស្សាវរីយ៍ជូនដល់នារីដែលខ្លួនស្រឡាញ់ ហើយក៏ជាថ្ងៃដែលតែងតែសារភាពនៃសេចក្ដីស្នេហាចំពោះអ្នកដែលខ្លួនស្រឡាញ់ផងដែរ។ សម្រាប់យុវជនយើងមិនត្រូវមានគំនិតអាត្មានិយមគិតថា នៅពេលដែលឱ្យវត្ថុអនុស្សាវរីយ៍ដល់នារីដែលខ្លួនស្រឡាញ់ ត្រូវតែឱ្យ នារីម្នាក់នោះមានវត្ថុដោះដូរដូចជាបូជាខ្លួនប្រាណជូនវិញនោះទេ យើងជាបុរសត្រូវតែចេះឱ្យតម្លៃនារីឱ្យច្រើន។ សម្រាប់រូបខ្ញុំថ្ងៃនោះ ខ្ញុំនឹងត្រៀមកាដូជូនដល់ឪពុកម្ដាយ បងប្អូន និងមិត្ដភក្ដិជាទីស្រឡាញ់របស់ខ្ញុំ។ ចំពោះសង្សារខ្ញុំមិនមានទេ។
– យុវជន ភូ ផេង ជាអ្នកលក់បាយនៅផ្សារកណ្ដាល ៖ ខ្ញុំមានអារម្មណ៍សប្បាយចិត្ដខ្លាំងណាស់ចំពោះថ្ងៃវ៉ាឡិនថាន ព្រោះខ្ញុំ អាចនឹងបញ្ជាក់នូវសេចក្ដីស្នេហាដែលខ្ញុំមានជូនដល់នារីដែលខ្ញុំស្រឡាញ់ទុកជាអនាគត មិនត្រឹមតែនារីដែលខ្ញុំស្រឡាញ់នោះ តែក៏មានមិត្ដភក្ដិខ្ញុំផងដែរ។ សម្រាប់ខ្ញុំនៅក្នុងថ្ងៃនោះយុវជនទាំងអស់មិនត្រូវទន់ជ្រាយចំពោះស្នេហានោះទេ ត្រូវតែហ៊ានសារភាព សេចក្ដីស្នេហាដែលយើងមានហើយបានលាក់ទុកជាយូរ ជូនដល់មនុស្សជាទីស្រឡាញ់របស់យើង។ យុវវ័យទាំងអស់មិនត្រូវប្រឡូកនៅ ក្នុងការរួមភេទនោះទេ តែប្រសិនបើអ្នកពុំអាចទប់ទល់នឹងចំណង់ផ្លូវភេទបាន មិនត្រូវភ្លេចស្រោមអនាម័យទេ ព្រោះវាជួយការពារអាយុជីវិតអ្នកបាន។
បណ្ដាំផ្ញើរបស់កញ្ញា ម៉ៅ ពុទ្ធារ័ត្ន អ្នកសម្របសម្រួលក្រុមប្រឹក្សាយុវជនកម្ពុជា
តាមពិតថ្ងៃវ៉ាឡិនថានឬទិវានៃសេចក្ដីស្រឡាញ់នេះ វាក៏មិនប្រាកដជាថ្ងៃនៃសេចក្ដីស្រឡាញ់ដែលមានចំពោះគូសង្សារនោះ ទេ តែវាជាបុណ្យនៃសេចក្ដីស្រឡាញ់នៅទូទាំងពិភពលោក ដែលមានឪពុកម្ដាយ លោកគ្រូអ្នកគ្រូ បងប្អូន មិត្ដភក្ដិគ្រប់គ្នា។ ដូច្នេះសូម ឱ្យយុវជនទាំងអស់កុំយល់ច្រឡំជាបុណ្យនៃសេចក្ដីស្រឡាញ់ចំពោះតែគូសង្សារ។ យើងបានសង្កេតឃើញថាជារៀងរាល់ឆ្នាំនៅថ្ងៃ១៤ កុម្ភៈ យុវជនយើងមានការពពាក់ពពូនគ្នាជាច្រើននៅតាមកន្លែងលក់ផ្កា វត្ថុអនុស្សាវរីយ៍ជាដើម។ ដូចនេះសម្រាប់យុវជនកុំឱ្យយល់ខុសទៅលើទិវានៃសេចក្ដីស្រឡាញ់នេះ។ ប៉ុន្ដែអ្វីដែលយើងគួរធ្វើគឺយើងត្រូវបង្ហាញនូវសេចក្ដីស្រឡាញ់ចំពោះឪពុកម្ដាយ បងប្អូន មិត្ដភក្ដិ ឬកុមារកំព្រា ជនពិការ ជនអនាថា ដើម្បីផ្ដល់ក្ដីសង្ឃឹមដល់ពួកគេ ឱ្យពួកគេមានកម្លាំងចិត្ដតស៊ូតទៅទៀត នេះគឺជាការយល់ត្រូវ ដើម្បីជួយដល់សង្គមជាតិទាំងមូលឱ្យរីកចម្រើនផងដែរ។ ជាពិសេសយុវវ័យទាំងអស់ត្រូវតែរក្សានូវទំនៀមទម្លាប់ខ្មែររបស់យើង និងសេចក្ដីថ្លៃថ្នូរសម្រាប់ខ្លួនយើងឱ្យបានជានិរន្ដរ៍ ដោយមិនត្រូវប្រើប្រាស់ទិវានេះនៅក្នុងផ្លូវខុសនោះទេ ព្រោះវាអាចនាំមកនូវ ផលវិបាកដល់យើងវិញ ជាពិសេសសម្រាប់យុវតី និងសង្គមតែម្ដង។
Leave a Reply