បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលនៃបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់ទំាង២០ លើពិភពលោក (G20) នៅទីក្រុងឡូសកាបូស ប្រទេសម៉ិកស៊ិកនោះរួចមក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញកាលពីវេលាម៉ោង១០យប់ថ្ងៃទី២១ មិថុនា ២០១២នេះ ហើយនៅប៉ុន្មាននាទីក្រោយមក ក៏មានការធ្វើសន្និសីទកាសែតស្តីពីលទ្ធផលជុំវិញការចូលរួមកិច្ចប្រជុំG20នេះផងដែរ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ខណៈមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ស្វាគមន៍ដល់មន្ត្រីរដ្ឋាភិបាល និងអ្នកកាសែតតិចតួចប៉ុណ្ណោះ ហើយក៏បានចាកចេញទៅកាន់ភូមិគ្រឹះដោយបន្សល់ទុកលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ជំនួសមុខសម្តេចធ្វើសន្និសីទកាសែតបង្ហាញលទ្ធផលកិច្ចប្រជុំកំពូលG20ដល់អ្នកកាសែត ។ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំ ហុង បានមានប្រសាសន៍ប្រាប់ដល់អ្នកកាសែតថា សម្តេចតេជោ ហ៊ុន សែន ក៏បានជំរាបជូនលោកប្រធានាធិបតីម៉ិកស៊ិក ហ្វី លីព កាល់ដឺរ៉ុន ពីបំណងប្រាថ្នារបស់កម្ពុជា គឺជម្រុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការខាងនយោបាយ និងសេដ្ឋកិច្ចឲ្យកាន់តែរីកធំធាត់ឡើង ហើយកម្ពុជានឹងតែងតាំងឯកអគ្គរាជទូតកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកឲ្យទទួលបន្ទុកបន្ថែមនៅម៉ិកស៊ីក និងបានស្នើឲ្យភាគីម៉ិកស៊ិក បើកទូលាយទីថែមទៀតសម្រាប់ទំនិញ និងផលិតផលរបស់កម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រកោះសន្តិភាព។
គួរកត់សម្គាល់ថា កាលពីឆ្នាំ១៩៩២ កម្ពុជា និងម៉ិកស៊ីកបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសទាំងពីរពុំទាន់មានការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ចអ្វីជាធំដុំនៅឡើយទេ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានជំនឿយ៉ាងមុតមាំថា ទៅអនាគតដោយអាចនឹងជម្រុញឲ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ចពាណិជ្ជកម្មច្រើនឡើងសំរាប់ប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានបញ្ជាក់ថា រាល់ប្រទេសដែលមានវត្តមានក្នុងកិច្ចប្រជុំកំពូលG20 បានគាំទ្រសុន្ទរកថាសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានដែលបានលើកឡើងពីកញ្ចប់សន្តិសុខស្បៀង និងសន្តិសុខថាមពលរវាងតម្លៃប្រេង ដែលចេះតែឡើងថ្លៃឥតឈប់ឈរ និងកាន់តែខ្សត់ខ្សោយជាមួយតម្លៃស្បៀងអាហារ ការប៉ះពាល់ដល់វិស័យកសិកម្ម និងការផលិតស្បៀងដែលបណ្តាលមកពីការឡើងថ្លៃប្រេងនោះជាដើម។
ម្យ៉ាងទៀតរាល់បណ្តាប្រទេស G20 បានសង្កេតឃើញជាក់ស្តែងរួចហើយថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាសេដ្ឋកិច្ចនៅសភាពអឺរ៉ុប-អាមេរិកហាក់ស្រុតចុះស្រឺតៗ ប៉ុន្តែអាស៊ានបានខំប្រឹងប្រែងរហូតមានកំណើនទៅវិញ គឺកើន៥,២% ហើយ កម្ពុជាកើន ៧,១% ។ គួរបញ្ជាក់ថា តាមការអញ្ជើញរបស់ លោក ហ្វីលីព កាល់ដឺរ៉ុន ប្រធានាធិបតី ប្រទេសម៉ិកស៊ិកសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានចាកចេញពីប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី១៦ មិថុនា ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ម៉ិកស៊ិក ដែលបានប្រារព្ធធ្វើពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ មិថុនា ២០១២ កន្លងទៅនេះ ។
នៅក្នុងឱកាសអញ្ជើញទៅចូលរួមកិច្ចប្រជុំG20 នេះផងដែរ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបធ្វើសវនាការនិងពិភាក្សាការងារទ្វេភាគីជាមួយលោកប្រធានាធិបតីម៉ិកស៊ិក ហ្វីលីព កាល់ដឺរ៉ុន ដែលក្នុងជំនួបគ្នាកាលពីថ្ងៃទី១៧ មិថុនានោះ ភាគីទំាងពីរក៏បានប្រកាសពីការបង្កើនទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ ។ ជាមួយគ្នានោះដែរនៅចំពោះមុខសម្តេចតេជោ លោកប្រធានាធិបតីម៉ិកស៊ិក បានសន្យាគំាទ្របេក្ខភាពកម្ពុជា ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិឆ្នាំ២០១៣-១០១៤នាពេលខាងមុខ ៕
អត្ថបទដោយ ៖ សេង វីរះ
ចេញផ្សាយ ៖ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១២
Leave a Reply