វាសឹងក្លាយជារឿងធម្មតាទៅហើយ ដែលនៅពេលមានពិធីបុណ្យទានម្ដងៗគ្រោះថ្នាក់ចរាចរណ៍មានចំនួនកើនឡើងនោះ។ ប៉ុន្ដែពិធីចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះខុសពីឆ្នាំមុន ព្រោះអត្រានៃគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនានាបានថយចុះគួរឱ្យចាប់អារម្មណ៍។ នៅកម្ពុជាបញ្ហានៃគ្រោះថ្នាក់ចរាចរណ៍បានបង្កនូវការខាតបង់យ៉ាងធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាល រហូតមានរបាយការណ៍ បញ្ជាក់អត្រាស្លាប់របស់ប្រជាពលរដ្ឋដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួនច្រើនជាងការស្លាប់ដោយសារជម្ងឺអេដស៍ទៅទៀត។
២០០៩ថយចុះជាង២០០៨
កាលពីឆ្នាំ២០០៨កន្លងទៅ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនៅទូទាំងប្រទេសកម្ពុជាមានគ្រោះថ្នាក់ចរាចរកើតឡើងរហូត ដល់៣១៧លើក ដែលបណ្ដាលឱ្យមនុស្សស្លាប់ចំនួន៥៩នាក់ របួសធ្ងន់ចំនួន២៩១នាក់ និងរបួសស្រាលមានចំនួនរហូត៤១១នាក់ ដោយគិតចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ខែមេសា។ បើគិតជាភាគរយឃើញថាក្នុងមួយថ្ងៃមានគ្រោះថ្នាក់ចរាចរចំនួន៦៣.៤ករណី ដែល បានកើតឡើង បណ្ដាលឱ្យមនុស្សស្លាប់ចំនួន១១.៨នាក់។
ដោយឡែកសម្រាប់ឆ្នាំ២០០៩នេះ បើយោងតាមរបាយការណ៍របស់នាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃបានឱ្យដឹងថា នៅពេលចូលឆ្នាំប្រពៃណីខ្មែរគិតចាប់ពីថ្ងៃទី១៣ដល់១៧មេសានេះ នៅទូទាំប្រទេសគ្រោះថ្នាក់ ចរាចរណ៍បានកើតឡើង២៤០ករណី បានបណ្ដាលឱ្យមនុស្សស្លាប់បាត់បង់ជីវិត៥២នាក់ មាន២៣៣នាក់របួសធ្ងន់ និង២២៤នាក់ របួសស្រាល។ អត្រាតួលេខនៃឆ្នាំទាំងពីរនេះ បើប្រៀបធៀបគ្នាឃើញចំនួននៃគ្រោះថ្នាក់ចរាចរណ៍មានចំនួនថយគួរឱ្យកត់សម្គាល់។
បញ្ហាគ្រោះថ្នាក់ចរាចរគឺជាប្រធានបទមួយយ៉ាងសំខាន់ និងជាវិញ្ញាសាមួយដែលរាជរដ្ឋាភិបាលកំពុងផ្ដោតអារម្មណ៍ និង យកចិត្ដទុកដាក់ជាចម្បង។ បើយោងទៅតាមការសង្កេតរបស់មន្ដ្រីជំនាញកន្លងមកបានឱ្យដឹងថា “គ្រោះថ្នាក់ចរាចរដែលកើតមាន ភាគច្រើនកើតឡើងចំពេលមានពិធីបុណ្យទានផ្សេងៗ ជាពិសេសពិធីបុណ្យចូលឆ្នាំខ្មែរ”។ មូលហេតុដែលបង្កឱ្យកើតមានគ្រោះថ្នាក់ ចរាចរ មានដូចជាបើកបរក្នុងល្បឿនលឿនហួសកម្រិត បញ្ជាយានយន្ដក្នុងភាពស្រវឹង មិនគោរពច្បាប់ចរាចរណ៍ ភ្លើងសញ្ញា ស្លាកសញ្ញាចរាចរណ៍ ការផ្ទុកលើសចំណុះ និងការដែលមិនគោរពសិទ្ធិអាទិភាពជាដើម។
បណ្ដាគ្រោះថ្នាក់ដែលកើតមាននៅលើដងផ្លូវសាធារណៈ ភាគច្រើនបង្កឡើងដោយកត្ដាមនុស្សដែលមានអត្រាខ្ពស់រហូត ដល់ទៅ៩៤%។ បញ្ហាទាំងអស់សុទ្ធសឹងតែកើតចេញពីការបើកបរដោយមិនបានយល់ច្បាស់អំពីច្បាប់ចរាចរណ៍ មិនគោរពច្បាប់ ចរាចរណ៍ និងបើកបរក្នុងល្បឿនលឿន ដោយក្នុងនោះភាគច្រើនបង្កឡើងដោយក្រុមមនុស្សដែលមានអាយុចាប់ពី១៥-២៤ឆ្នាំ។ លើសពីនេះទៅទៀតមួយចំនួនតូចគឺបង្កឡើងដោយសារភាពស្រវឹងក្នុងពេលបើកបរ។ បញ្ហាគ្រោះថ្នាក់ចរាចរដែលកើតមាននៅក្នុង ឆ្នាំ២០០៩ ថ្វីត្បិតតែមានការថយចុះក៏នៅតែជាអត្រាមួយដែលស្ថិតនៅកម្រិតខ្ពស់ដដែលសម្រាប់ប្រទេសកម្ពុជា។
រួមគ្នាកាត់បន្ថយគ្រោះថ្នាក់
ប៉ុន្មានឆ្នាំមុននេះអត្រាគ្រោះថ្នាក់ចរាចរណ៍បានឡើងខ្លាំង តែពេលនេះបានចាប់ផ្ដើមចុះជាបណ្ដើរហើយ ហេតុនេះយើង ទាំងអស់គ្នាគួរបន្ដរួមគ្នាធ្វើឱ្យចំនួននេះកាន់តែថយចុះជាងនេះទៅទៀត។ ដើម្បីចៀសវាងពីការកើតមានគ្រោះថ្នាក់ចរាចរ លោកអ្នក ត្រូវតែគោរព និងអនុលោមឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ចរាចរដែលបានចែង ដូចជាត្រូវពាក់មួកសុវត្ថិភាពនៅពេលបើកបរ សម្រាប់អ្នក បញ្ជាយានយន្ដកង់ពីរ ហើយចំពោះអ្នកបញ្ជារថយន្ដចាំបាច់ត្រូវបំពាក់ខ្សែក្រវាត់សុវត្ថិភាព។ ជាមួយគ្នានេះផងដែរ ត្រូវមានការ ប្រុងប្រយ័ត្ននៅពេលបើកបរ ដូចជាមិនត្រូវទទួលទានគ្រឿងស្រវឹង ត្រូវបើកបរក្នុងល្បឿនដែលច្បាប់បានកំណត់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩
Leave a Reply