មេរោគជាខ្មាំងសត្រូវដ៏ចម្បងដែលចាំតែសម្រុកចូលរុករាន ដើម្បីបំផ្លាញសុខភាព។ លោកអ្នកគប្បីការពារខ្លួន ឱ្យបានត្រឹមត្រូវ ដើម្បីចៀសផុតនូវបញ្ហាធ្ងន់ធ្ងរទាំងឡាយដែលបណ្ដាលមកពីមេរោគទាំងឡាយមកលើខ្លួន។ បញ្ហាតិចតួចដែលបង្កឡើង ដោយមេរោគអាចវិវឌ្ឍន៍ទៅជាបញ្ហាធ្ងន់ធ្ងរ នេះជាការធ្វេសប្រហែសរបស់យើងក្នុងការបង្ការជាមុន។ ភាពកាចសាហាវរបស់ មេរោគដែលចូលទៅតាមផ្លូវដង្ហើមបំផ្លាញសួតឱ្យមានការរលាករលួយ និងមានខ្ទុះដែលបង្កឱ្យក្លាយជាបូសក្នុងសួត។
ដើម្បីធ្វើការបកស្រាយពីជម្ងឺនេះជូនប្រិយមិត្ដអ្នកអានឱ្យបានស្វែងយល់ ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយនឹង សាស្ដ្រាចារ្យមហាបរិញ្ញា កាំង ស៊ ឯកទេសផ្នែកជម្ងឺសួតនៃមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត។
ជម្ងឺបូសសួតជាអ្វី?
ជម្ងឺបូសសួតជាជម្ងឺដែលបង្កឡើងដោយសារមេរោគមួយប្រភេទដែលធ្វើឱ្យកោសិកាសួតវិវឌ្ឍន៍ពីការរលាករហូតដល់រលួយសាច់សួត ហើយបណ្ដាលឱ្យមានការកកើតជាខ្ទុះនៅក្នុងសាច់សួត។
រោគសញ្ញាជម្ងឺបូសក្នុងសួត
ជម្ងឺបូសក្នុងសួតមានរោគសញ្ញាចែកចេញជាពីរដំណាក់កាល។ នៅដំណាក់កាលដំបូង មេរោគនេះធ្វើឱ្យរលាកសាច់សួត ដែលបង្ហាញជាក្ដៅខ្លួន ក្អក ហើយឈឺទ្រូង។ ប្រភេទមេរោគដែលបណ្ដាលឱ្យមានបូសនេះនឹងធ្វើឱ្យសាច់សួតរលួយ។ នៅដំណាក់កាល បន្ទាប់មកកម្ដៅអាចនឹងថយចុះបន្ដិច តែអ្នកជម្ងឺមានអាការក្អកញឹកញាប់ដូចនៅដំណាក់កាលដំបូងដែរ ហើយនៅពេលដែលក្អកមក មានស្លេស្មច្រើននិងប្រែជាខ្ទុះតែម្ដង។ ក្នុងដំណាក់កាលទីពីរនេះ នៅពេលដែលថតឆ្លុះមើលយើងនឹងឃើញសួតមានប្រហោងធ្លុះធ្លាយ សាច់សួត។
ការធ្វើរោគវិនិច្ឆ័យជម្ងឺបូសក្នុងសួត
ជម្ងឺបូសសួតអាចធ្វើរោគវិនិច្ឆ័យបានដោយការយកឈាមទៅធ្វើការពិនិត្យដោយឃើញមានគោលិកាឈាមសឡើងខ្ពស់។ មួយវិញទៀតគេអាចថតមើលថា សួតវាជាកាវែន(ធ្លុះធ្លាយសាច់សួត)មានទឹកដក់ ដែលជាលក្ខណៈពិសេសបង្ហាញពីជម្ងឺបូសក្នុង សួត។ រីឯការធ្វើរោគវិនិច្ឆ័យមួយទៀតនោះ គឺការយកកំហាកខ្ទុះនោះទៅពិនិត្យនៅមន្ទីរពិសោធន៍។ ជាលទ្ធផលអាចដឹងបានថា មេរោគនេះមានប្រភេទបែបណា។
មូលហេតុបង្កឱ្យមានជម្ងឺបូសសួត
មូលហេតុបង្កឱ្យក្លាយទៅជាជម្ងឺបូសក្នុងសួត គឺបណ្ដាលមកពីការធ្វេសប្រហែសដោយមិនយកចិត្ដទុកដាក់នៅពេលដែល មានជម្ងឺតូចតាច ដូចជាឈឺធ្មេញ ឈឺបំពង់ក ឈឺត្រចៀក បូសស្បែកជាដើម ដែលបង្កដោយមេរោគនៅកន្លែងទាំងអស់នោះ ហើយបានចូលតាមផ្លូវដង្ហើមវាអាចបណ្ដាលឱ្យរលាកសាច់សួត។ បើមិនយកចិត្ដទុកដាក់ វានឹងបណ្ដាលឱ្យមេរោគនោះ វិវឌ្ឍន៍កាន់តែ ធ្ងន់ធ្ងរ។ ជាពិសេសចំពោះអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ដូចជាអ្នកជម្ងឺទឹកនោមផ្អែម អ្នកពិសាបារី ស្រា ឬអ្នកមានជម្ងឺរ៉ាំរ៉ៃ ហើយមានការធ្វេសប្រហែស មេរោគនឹងងាយបណ្ដាលឱ្យរលាកសាច់សួត ហើយអាចរលួយមានខ្ទុះរហូតក្លាយជាបូស ក្នុងសួតបាន។
ផលលំបាកនៃជម្ងឺបូសសួត
ជម្ងឺបូសក្នុងសួតនេះគឺបង្កឡើងមេរោគម្យ៉ាង ដែលនៅក្នុងសួតបណ្ដាលឱ្យមានខ្ទុះ ហើយអាចផ្ដល់ការរាតត្បាតទៅដល់ ឈាម ធ្វើឱ្យក្លាយទៅជាមានជម្ងឺមួយដែលរត់នៅក្នុងឈាម បណ្ដាលឱ្យមានសភាពធ្ងន់ធ្ងរអាចមានគ្រោះថ្នាក់ដល់អាយុជីវិតបាន។ មួយវិញទៀតមេរោគនៅក្នុងសួតនោះអាចរាតត្បាតទៅដល់សរីរាង្គផ្សេងៗទៀត ដូចជាតម្រងនោម ឬថ្លើមជាដើម។ នៅពេលដែល មានជម្ងឺបូសសួត ហើយមិនបានព្យាបាលឱ្យបានដិតដល់ អាចបណ្ដាលឱ្យខូចសួត សាច់សួតមានប្រហោង និងចន្លោះ ធ្វើឱ្យមានការ បាត់បង់នូវតួនាទីរបស់សួតដោយសារការរលួយរបស់សាច់សួត។ ជួនកាលអាចមានធ្លាក់ឈាម ព្រោះការក្អកមានខ្ទុះអាចបណ្ដាល ឱ្យដាច់សរសៃឈាមធ្វើឱ្យហូរឈាមកាន់តែខ្លាំង ពិបាកក្នុងការព្យាបាល ជួនកាលត្រូវធ្វើការវះកាត់ចងសរសៃឈាម បើមិនដូច្នោះទេ នឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។
ការព្យាបាលជម្ងឺបូសសួត
ក្រោយពីធ្វើរោគវិនិច្ឆ័យបូសសួត គ្រូពេទ្យនឹងអាចធ្វើការព្យាបាលបានទាន់ពេលវេលា ដើម្បីកុំឱ្យមេរោគនោះធ្វើឱ្យសាច់ សួតរលាកឈានទៅដល់ដំណាក់កាលក្លាយជាបូសសួតបាន។ ការព្យាបាលជម្ងឺនេះគឺត្រូវការព្យាបាលដោយថ្នាំអង់ទីប៊ីយូទិក ឬហៅថា ថ្នាំផ្សះ ដែលត្រូវនឹងមេរោគធ្វើឱ្យសាច់សួតនោះរលួយ។ ដូចនេះចាំបាច់ត្រូវការមានវេជ្ជបញ្ជាប្រើប្រាស់ថ្នាំឱ្យបានត្រឹមត្រូវពីគ្រូពេទ្យ ជំនាញ។ ការព្យាបាលត្រូវប្រើរយៈពេលយូរ ទីមួយត្រូវព្យាបាលឱ្យអស់មេរោគ និងទីពីរត្រូវព្យាបាលឱ្យសាច់សួតជិតមកវិញ និងឱ្យ អស់ខ្ទុះត្រូវចំណាយពេលព្យាបាលយ៉ាងតិចបួនសប្ដាហ៍។ រយៈពេលដែលកំពុងព្យាបាលក៏ត្រូវធ្វើការតាមដានថតនិងពិនិត្យមើលរោគ សញ្ញាផងដែរ។ បើសិនជាស្ថិតក្នុងដំណាក់កាលដំបូងត្រឹមតែរលាកសួតមិនទាន់ជារលួយ និងមិនមានខ្ទុះនោះទេ គឺគ្រូពេទ្យព្យាបាល ប្រើរយៈពេលព្យាបាលពីរទៅបីសប្ដាហ៍អាចជាសះស្បើយបាន។
វិធីការពារជម្ងឺបូសក្នុងសួត
ការពារគឺទាក់ទងទៅនឹងអនាម័យរស់នៅប្រចាំថ្ងៃ។ លោកអ្នកត្រូវប្រញាប់រូតរះទៅព្យាបាលឱ្យទាន់ពេលវេលានៅពេល ដែលមានមេរោគតូចតាច ដែលអាចបង្កជាជម្ងឺធ្មេញ ភ្នែក ឬមានដំបៅ ដើម្បីកុំឱ្យមេរោគរាតត្បាតទៅដល់ឈាមបាន និងចូលតាមផ្លូវ ដង្ហើម។ ដើម្បីធ្វើអនាម័យនៅលើស្បែក យើងអាចប្រើសាប៊ូកម្ចាត់មេរោគជារៀងរាល់ថ្ងៃ ប៉ុន្ដែបើស្បែកមានខ្ទុះយើងត្រូវប្រើថ្នាំ សម្លាប់វាភ្លាម។ ដូចនេះលោកអ្នកគប្បីកម្ចាត់នូវមេរោគទាំងអស់នោះកុំឱ្យវាមកបំផ្លាញសុខភាពបាន។
ដំបូន្មានអ្នកជំនាញ
លោកអ្នកត្រូវការពារសុខភាពរបស់ខ្លួនឱ្យបានល្អបំផុត ជាពិសេសរាល់បញ្ហាតូចតាចរបស់មេរោគលើសារពាង្គកាយ ព្រោះ មេរោគទាំងឡាយងាយនឹងមកបំផ្លាញសុខភាពរបស់លោកអ្នកគ្រប់ពេលវេលា នៅពេលដែលធ្វេសប្រហែស។ នៅពេលដឹងថាមាន ជម្ងឺបូសក្នុងសួតនេះ គប្បីត្រូវប្រញាប់មកមន្ទីរពេទ្យដើម្បីព្យាបាលឱ្យទាន់ពេលវេលា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩
Leave a Reply