បច្ចុប្បន្ន ឱសថក្លែងក្លាយ និងឱសថខូចគុណភាពជាច្រើន កំពុងចោទជាបញ្ហាយ៉ាងស្មុគស្មាញដល់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសប្រទេសកម្ពុជា។ ជារៀងរាល់ឆ្នាំ ថវិកានិងជីវិតមនុស្សជាច្រើន ត្រូវបានបាត់បង់ដោយសារឱសថក្លែងក្លាយ អន់គុណភាព និងសេវាសុខាភិបាលខុសច្បាប់។
កាលពីពេលន្លងទៅថ្មីៗនេះ លោកស្រី ទូច សារ៉ុម អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយថ្នាក់រាជធានីនៅសាលារាជធានីភ្នំពេញថា ក្នុងការពង្រឹងការគ្រប់គ្រងឱសថក្លែងក្លាយ សេវាឯកជន និងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ឲ្យមានតម្លាភាពនិងប្រសិទ្ធិភាព ទាមទារឲ្យបុគ្គលទាំងនោះ មានមនសិកាស្វែងយល់ពីច្បាប់ និងតួនាទីរបស់ខ្លួនជាមុនសិន។ ហើយការអនុវត្តនិតីវិធីច្បាប់គ្រប់គ្រង ការពិន័យ និងការដាក់បន្ថែមទម្ងន់ទោស ដល់ជនប្រព្រឹត្តបទល្មើស ប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈ ក៏ជាគន្លឹះនៃការលុបបំបាត់ភាពអសកម្មនានាផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រសារព័ត៌មានសាលារាជធានីភ្នំពេញ។
លោកស្រី ទូច សារ៉ុម ក៏បានស្នើឱ្យមន្ត្រីមន្ទីរជំនាញ សហការជាមួយអាជ្ញាធរ អង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ និងខិតបន្ថែមទៀតតាមតួនាទី និងការទទួលខុសត្រូវ លើភារកិច្ចដែលបានបែងចែក ដើម្បីធានាឱ្យបានការលុបបំបាត់ទាំងស្រុង នូវការចរាចរឱសថក្លែងក្លាយខូចគុណភាព ក៏ដូចជាផលិតផលគ្រឿងសំអាងក្លែងក្លាយដែលកំពុង ប៉ះ ពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋយើង។ លោកស្រីបានលើកឡើងថា៖ “វិស័យសុខាភិបាល បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមជាតិដោយ ផ្សារភ្ជាប់ នឹងជីវិតរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយពុំអាចខ្វះបានដូច្នេះគ្រូពេទ្យមិនត្រូវគិតតែពីចំណូល នឹងផលចំណេញពេកនោះទេ គឺត្រូវគិតពីភារកិច្ចរបស់ខ្លួនជាអ្នកសង្គ្រោះផង ហើយរាល់ព័ត៌មានរិះគន់ វាជាសញ្ញាណមួយដែលត្រូវយកចិត្តទុកដាក់ដើម្បីឱ្យស្របនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ក្រសួង និងប្រមុខដឹកនាំផ្តល់ភារកិច្ចជូន”។
លោក ចាន់ អាន អនុប្រធានមន្ទីរសុខាភិបាលរាជធានី បានឲ្យដឹងដែរថា បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានឱសថស្ថាន ចំនួន៤៥៦កន្លែង ឱសថស្ថានរង “ក” ៥៨កន្លែង ឱសថស្ថានរង “ខ” ១០០កន្លែង សរុបទាំងអស់៦១៤ កន្លែង ហើយពុំមានឱសថស្ថានណាមួយ ដែលគ្មានច្បាប់ អនុញ្ញតឡើយ។ នៅក្នុងនោះមន្ទីរបានអនុវត្តការងារចុះណែនាំ និងលុបបំបាត់ឱសថស្ថាន គ្មានច្បាប់អនុញ្ញាត និងមានការបញ្ឍប់ទីតាំងមួយចំនួនមកហើយ។
គួរបញ្ជាក់ថា បញ្ហាឱសថក្លែងក្លាយនៅតែជាបញ្ហាប្រឈមសម្រាប់ រាជរដ្ឋាភិបាលនិងស្ថាប័នដែលជាប់ពាក់ព័ន្ធមួយចំនួន ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់លុបបំបាត់បន្ថែម ទៅតាមវិធានការជាច្រើនក្នុងការទប់ស្កាត់នូវការនាំចូលឱសថក្លែងក្លាយ និងខូចគុណភាពទាំងអស់ដែលមាននៅក្នុងប្រទេសកម្ពុជា៕
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២
Leave a Reply