បច្ចុប្បន្ន គេសង្កេតឃើញថា ការនាំចូលទំនិញខូចគុណភាព និងខុសច្បាប់ កំពុងតែមានសកម្មភាពយ៉ាងមមាញឹកតាមទីផ្សារងងឹតស្ទើរសព្វមុខទំនិញ និងគ្រប់ទីកន្លែងនៅទូទាំងប្រទេស មិនថាឱសថ ម្ហូបអាហារ គ្រឿងសម្អាង និងសារធាតុគីមីខុសច្បាប់ជាដើម។ ទំនិញខុសច្បាប់ និងខូចគុណភាពទាំងនោះ បានបង្កក្តីបារម្ភ និងផ្តល់ផលប៉ះពាល់ដល់សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ។
កាលពីព្រឹកថ្ងៃទី២៥ មិថុនា ឆ្នាំ២០១២កន្លងទៅថ្មីៗនេះ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានយកទំនិញខុសច្បាប់ និងខូចគុណភាពទៅធ្វើពិធីដុត និងកម្ទេចចោលដោយគ្រឿងចក្រ។ ទំនិញខុសច្បាប់ទាំងនោះ មានចំនួន៣មុខ ដែលមានទម្ងន់រាប់តោន។ ពិធីដុត និងកម្ទេចចោលនេះ ធ្វើឡើង នៅភូមិចំលង ឃុំចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ស្ថិតនៅក្បែរស្ពានកំពង់អំពិល ស្រុកពារាំង ព្រំប្រទល់ខេត្តព្រៃវែង និងខេត្តកណ្តាល ដោយមានការចូលរួមពីសំណាក់ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ តំណាងមកពីក្រសួងសុខាភិបាល តំណាងមកពីអគ្គនាយកដ្ឋានកាំកុងត្រូល តំណាងមកពីក្រសួងកសិកម្ម ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ កោះសន្តិភាព។
នៅចំពោះមុខអ្នកយកព័ត៌មានជាតិ លោកឧត្តមសេនីយ៍ទោ ជា សុមេធិ៍ បានថ្លែងថា ថ្ងៃនេះយើងមានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងនាមឱ្យលោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលមានតំណាងអយ្យការចូលរួម លោកនាយឧត្តមសេនីយ៍ឱ្យមានការសហការជាមួយស្ថាប័នពាក់ព័ន្ធខាងលើនាំយកទំនិញខូចគុណភាពរាប់តោនទៅដុត និងកម្ទេចចោល ដែលយើងបានចាប់ពីឈ្មួញរកស៊ីទុច្ចរិតកន្លងមក ។ លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានបានបន្តថា កន្លងមកយើងធ្លាប់បានធ្វើការដុតបំផ្លាញទំនិញខូចគុណភាពរបៀបនេះចំនួន៩លើកហើយ ដូចជាសាច់បក្សីខូចគុណភាពចំនួន៤លើក មានទម្ងន់៣៧តោន៥០០គីឡូក្រាម ឱសថបុរាណចិនខូចគុណភាព១លើកមានទម្ងន់១៩តោន២៨០គីឡូក្រាម ប្រេងម្រេះព្រៅ១លើកមានចំនួន៤៧ធុងស្មើ១.៥៩៨លីត្រ និងCD-VCDក្លែងក្លាយ១លើក មានចំនួន៧៩.៨១២ បន្ទះសាប៊ូ ទឹកដោះគោជូរ គ្រឿងសំអាង ស្រាក្លែងក្លាយ សារធាតុគីមី BORAK ១លើក ទម្ងន់១៣តោន៩០គីឡូក្រាម ។ លោកថ្លែងទៀតថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១១ យើងបានធ្វើពិធីដុតកម្ទេចបំផ្លាញចោលនូវឱសថបុរាណចិនទម្ងន់២០តោន១១៥គីឡូក្រាម សម្បកវេចខ្ចប់១.០០០គីឡូក្រាម និងមេស្រាចំនួន១១០កាន ស្មើ៣.៣០០លីត្រ ។
លោកឧត្តមសេនីយ៍ទោ ជា សុមេធិ៍ បន្តថា ថ្ងៃនេះជាលើកទី១០ហើយដែលនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចធ្វើពិធីដុតបំផ្លាញនូវមុខទំនិញពាក់ព័ន្ធខុសច្បាប់ដូចបានរៀបរាប់ខាងលើ ដោយអនុវត្តតាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ៦៣ន ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១១ លេខ១២៧ឃ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១០ លេខ៦២ឈ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០១១ របស់សាលាដំបូងរាជធានីភ្នំពេញ និងចំណារឯកភាពពីលោកនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ដែលនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចបានធ្វើការបង្ក្រាបជាបន្តបន្ទាប់គិតចាប់តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១០ និងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១០ និងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១១ កន្លងមក ។ លោកថ្លែងថា៖ «ជាក់ស្តែងថ្ងៃនេះ យើងបាននាំមកនូវទំនិញខូចគុណភាពចំនួន៣មុខទៀតយកមកដុត និងកម្ទេចចោលដូចជា ស្រាបៀរAUSTRALIAN ហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន២.៦៤១កេស ឱសថព្យាបាលចំនួន១៨មុខស្មើ៥១៦កេស គ្រឿងសំអាងចំនួន១២មុខ ស្មើ១៣តោន២១៨គីឡូក្រាម»។
លោកវរសេនីយ៍ឯក ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានអំពាវនាវដល់ឈ្មួញទាំងឡាយកុំរកស៊ីនាំទំនិញដោយខុសច្បាប់ និងទំនិញដែលខូចគុណភាព ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សុខភាពជនរួមជាតិយកទៅប្រើប្រាស់។ លោកវរសេនីយ៍ឯក ឡុង ស្រេង បានសំណូមពរទៀតថា សុំឱ្យបងប្អូនរួមសហការជាមួយសមត្ថកិច្ច បើឃើញមានបទល្មើសដែលឈ្មួញរកស៊ីទុច្ចរឹតនៅកន្លែងណាមួយ។ បើបងប្អូនធ្វើបានបែបនេះ គឺយើងទាំងអស់គ្នាពិតជាបានរួមចំណែកជាមួយសង្គមជាតិទាំងមូល។
ជាចុងបញ្ចប់នៃពិធី លោក ជា សុមេធិ៍ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមជួយសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសសេដ្ឋកិច្ចឱ្យបានទាន់ពេលវេលាដូចជាបទល្មើសជលផល ទំនិញក្លែងក្លាយ សារធាតុគីមីហាមឃាត់ ឱសថក្លែងក្លាយ ឈើដឹកជញ្ជូនដោយខុសច្បាប់ផងដែរ។ ជាពិសេសសូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំប្រើប្រាស់ផលិតផលក្លែងក្លាយ ទំនិញខូចគុណភាពគ្រប់ប្រភេទ និងកុំបរិភោគសាច់បក្សីខូចគុណភាពឱ្យសោះ ។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២
Leave a Reply