យោងតាមរបាយការណ៍ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា វីរុសគ្រុនផ្ដាសាយបក្សីអាចឆ្លងទៅមនុស្ស ដោយមិនបង្កជារោគសញ្ញាគួរឱ្យកត់សម្គាល់ទេ ប៉ុន្ដែជាករណីកម្រមានណាស់។ ការស្ទង់មតិលើប្រជាពលរដ្ឋជាង៦០០នាក់នៅតាម បណ្ដាភូមិជាច្រើននៅកម្ពុជា ទីដែលមានក្មេងពីរនាក់បានស្លាប់ដោយសារវីរុសនេះបានបង្ហាញថា មានមនុស្ស៧នាក់ទៀតទំនងជាបាន ឆ្លងវីរុសនេះ ប៉ុន្ដែមិនបានដឹងខ្លួនទេ។ ការសិក្សាដែលបានចុះផ្សាយនៅក្នុង“ទិនានុប្បវត្ដិជម្ងឺឆ្លង”ក៏បានលើកឡើងផងដែរថា អ្នកទាំង នោះប្រហែលជាបានឆ្លង ដោយសារការហែលទឹកនៅក្នុងស្រះទីដែលបក្សីដែលឆ្លងវីរុសបានលេងទឹក។
ការសិក្សាពីជម្ងឺគ្រុនផ្ដាសាយបក្សីនៅកម្ពុជា
វេជ្ជបណ្ឌិត ស៊ីលវី ប្រាយអ៊ីន និងវេជ្ជបណ្ឌិត គេជី ហ្វូគូដា មកពីអង្គការសុខភាពពិភពលោកបានសរសេរនៅក្នុងបទអត្ថាធិប្បាយថា បើទោះណាលទ្ធផលទាំងនេះមិនអាចចាត់ថាជាតំណាង ដោយគ្មានការអះអាងបញ្ជាក់ទូលំទូលាយក៏ដោយក៏នៅកន្លែង ខ្លះលទ្ធផលទាំងនេះបង្ហាញថា ការតាមដានប្រហែលជាមើលរំលងខ្លាំងទៅលើការឆ្លងវីរុសជម្ងឺគ្រុនផ្ដាសាយបក្សី។
វីរុសនេះកម្រឆ្លងទៅមនុស្សណាស់ ប៉ុន្ដែជាញឹកញាប់វាបណ្ដាលឱ្យស្លាប់នៅពេលដែលវាឆ្លងទៅមនុស្ស។ អង្គការសុខភាព ពិភពលោកបាននិយាយថា វីរុសនេះបានសម្លាប់មនុស្ស២៦១នាក់នៅក្នុងចំណោមអ្នកដែលបានឆ្លង៤២៤នាក់ចាប់តាំងពីឆ្នាំ២០០៣ មក។
ការព្រួយបារម្ភដ៏ធំ គឺថាតើវីរុសនេះអាចវិវឌ្ឍន៍ទៅជាទម្រង់មួយដែលមនុស្សអាចចម្លងយ៉ាងងាយស្រួលទៅមនុស្សម្នាក់ ទៀត ដោយបង្កឱ្យមានការរីករាលដាល។ ការព្រួយបារម្ភទាំងនេះត្រូវបានលុបលើយ៉ាងហោចណាស់ក៏បន្ដិចបន្ដួចដែរ ដោយសារការ កាន់តែខិតជិតទៅរកការរីករាលដាលនៃជម្ងឺគ្រុនផ្ដាសាយជ្រូក ដែលបានផ្ទុះឡើងកាលពីខែមីនា។
លោក ស៊ីរិនដា វង់ មកពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងសហសេវិកបានតាមដានទៅលើការស្លាប់របស់កុមារពីរនាក់ ដោយសារវីរុសផ្ដាសាយបក្សីកាលពីឆ្នាំ២០០៦។ ពួកគេបានធ្វើសម្ភាសក្រុមអ្នកភូមិ និងយកសំណាកឈាម។ ពួកគេបានសរសេរ ថាមនុស្ស៧នាក់(មួយភាគរយ)នៅក្នុងចំណោមអ្នកភូមិ៦៧៤នាក់បានធ្វើតេស្ដរកឃើញមានអង្គបដិប្រាណប្រឆាំងនឹងវីរុសគ្រុនផ្ដាសាយបក្សី ហើយមិនបានរាយការណ៍អំពីជម្ងឺធ្ងន់ធ្ងរទេ ពួកគេពេលខ្លះបានទប់ទល់នឹងការឆ្លងវីរុសគ្រុនផ្ដាសាយបក្សី។
ក្រុមអ្នកវិទ្យាសាស្ដ្របានឱ្យដឹងទៀតថា បក្សីអាចចម្លងវីរុសគ្រុនផ្ដាសាយតាមលាមករបស់វា ហើយជាពិសេសសត្វទាអាច ធ្វើឱ្យទឹកស្រះកខ្វក់ដោយសារលាមកដែលមានវីរុសនោះ។ វីរុសនេះអាចរស់នៅក្នុងលាមក ឬក៏ក្នុងទឹកបានរហូតដល់៦ថ្ងៃ។
ក្រុមអ្នកស្រាវជ្រាវបានសរសេរថា អំឡុងរយៈពេលនៃការសិក្សា អ្នកចូលរួមជាច្រើនបានរាយការណ៍ថា បានប៉ះពាល់បក្សី ដោយផ្ទាល់ជាញឹកញាប់ និងជិតស្និទ្ធ រួមមានការឱ្យចំណី ឬប៉ះពាល់បសុបក្សី(៧៣,៣ភាគរយ) ការប្រមូលលាមកបសុបក្សីសម្រាប់ ធ្វើជី(៥០,៩ភាគរយ) ការបោចរោមបសុបក្សីដែលមានជម្ងឺ(៣១,១ភាគរយ) ឬប្រមូលបសុបក្សីដែលងាប់ ឬឈឺដោយដៃទទេ (៣៦,៨ភាគរយ)។ ពួកគេបានបន្ថែមថា ប៉ុន្ដែការរកឃើញនេះលើកឡើងថាការឆ្លងពីបក្សីដែលមានជម្ងឺទៅមនុស្សនៅក្នុងប្រទេស កម្ពុជាគឺកម្រមានណាស់ក្នុងឆ្នាំ២០០៦។
ការហែលទឹក ឬការងូតទឹកនៅក្នុងស្រះរបស់គ្រួសារអាចជាកត្ដាដែលបណ្ដាលឱ្យឆ្លងវីរុសគ្រុនផ្ដាសាយបក្សីផងដែរ។ ពួកគេបានបន្ថែមថា ជាទូទៅសត្វទាអាចចូលទៅក្នុងស្រះទាំងនេះ ហើយអាចជម្រុះលាមកដ៏ច្រើនទៅក្នុងស្រះដែលក្មេងៗនិយមងូត និងលេងនោះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩
Leave a Reply