ការ​គ្រប់គ្រង​សំណល់​រឹង(ភាគ០៥)

សម្រាម និង​កាកសំណល់​ត្រូវបាន​គេសន្និដ្ឋាន​ថា គឺជា​ប្រភព​នៃមេរោគ​ដែលអាច​បណ្ដាលឱ្យ​កើតមាន​នូវជម្ងឺ​ផ្សេងៗ​ជា ច្រើន ជាពិសេស​ជម្ងឺ​សើស្បែក។ ម្យ៉ាងវិញ​ទៀតវា​ក៏ជា​បុព្វហេតុ​ដែលធ្វើ​ឱ្យ​សោភ័ណភាព​ទីក្រុង ភាព​ស្រស់ស្អាត​នៃបរិស្ថាន​រស់នៅ ជុំវិញ​ធ្លាក់ចុះ​ផងដែរ។ អាស្រ័យ​ហេតុនេះ ដោយមើល​ឃើញពី​ផល​ប៉ះពាល់​ទាំងអស់​នេះហើយ សម្រាប់​ការ​ចេញផ្សាយ​លេខនេះ ទស្សនាវដ្ដី សុខភាពយើង សូម​លើកយក​ពីវិធី​សាស្ដ្រ​កាត់បន្ថយ​កាកសំណល់ ប្រមូល និងដឹក​ជញ្ជូន​មកជម្រាប​ជូនបន្ដ​ទៅទៀត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ខាងក្រោម​នេះគឺជា​ចំណេះដឹង​បន្ថែម​មួយចំនួន សម្រាប់​លោកអ្នក​ក្នុងការ​កាត់បន្ថយ​សម្រាម និង​ទុកដាក់​កាកសំណល់ ងាយស្រួល​នៅពេល​ធ្វើការ​ប្រមូល និង​ដឹកជញ្ជូន។

ការ​ប្រមូល និង​ដឹកជញ្ជូន

ការ​ប្រមូល និងការ​ដឹកជញ្ជូន​សំណល់​រឹងមាន​ភាព​ស្មុគស្មាញ និង​សាំញ៉ាំ​ដោយ​សារការ​បញ្ចេញ​សំណល់​មាននៅ​គ្រប់ទី​កន្លែង ទាំងអស់ រួមទាំង​លំនៅដ្ឋាន ទីផ្សារ រោងចក្រ សហគ្រាស ផ្លូវថ្នល់ និងទី​សាធារណៈ​ផ្សេងៗ​ទៀត។ ការ​ប្រមូល​សំណល់រឹង​គឺផ្សាភ្ជាប់ ទៅនឹង​ការដឹក​ជញ្ជូន​ផងដែរ។ ចំណែក​ឯមធ្យោបាយ និង​វិធីសាស្ដ្រ​ក្នុងការ​ប្រមូល​គឺមាន​ការ​ប្រែប្រួល​ទៅតាម​ទីតាំង និង​ស្ថានភាពនៃ កន្លែង​បង្កើត​សំណល់​នោះ។ បណ្ដា​ប្រទេស​មួយចំនួន​នៅអាស៊ី​បាន​អនុវត្ដ​វិធីសាស្ដ្រ​ផ្សេងៗ​គ្នាក្នុង​ការប្រមូល ដូចជាការ​ប្រមូល​នៅតាម លំនៅដ្ឋាន ការ​ប្រមូល​តាម​សហគមន៍ និងការ​ប្រមូល​តាម​ចិញ្ចើម​ថ្នល់។

  • ការ​ប្រមូល​តាម​លំនៅដ្ឋាន ៖ សេវាកម្ម​នៃការ​ប្រមូល​សំណល់ គឺ​ប្រមូល​នៅតាម​ផ្ទះនីមួយៗ​របស់​ប្រជាពលរដ្ឋ។
  • ការ​ប្រមូល​តាម​សហគមន៍ ៖ សេវាកម្ម​នៃការ​ប្រមូល​សំណល់​ចូលទៅ​ប្រមូល​នៅតាម​ទីតាំង​ស្ដុករួម​នៅតាម​សហគមន៍។
  • ការ​ប្រមូល​តាមដង​ផ្លូវ ៖ សេវាកម្ម​នៃការ​ប្រមូល​សំណល់​ចូលទៅ​ប្រមូល​នៅទីតាំង​ស្ដុកផ្សេងៗ​នៅតាម​ដងផ្លូវ។

លើសពី​នេះទៅ​ទៀត ដើម្បី​ឱ្យការ​ប្រមូល និង​ដឹកជញ្ជូន​សំណល់រឹង​ឱ្យបាន​ស្អាត​តាមកន្លែង​បង្កើត​សំណល់រឹង គឺត្រូវ​អនុវត្ដតាម លក្ខណៈ​មួយចំនួន​ដូចខាង​ក្រោម ៖

1 . តាម​លំនៅដ្ឋាន

  • ក្រុមហ៊ុន​ប្រមូល និង​ដឹកជញ្ជូន​សំណល់ ត្រូវធ្វើ​ការ​ប្រមូល​ឱ្យបាន​ទៀងទាត់​ពេលវេលា និងមាន​កម្មវិធី​ប្រមូល​ជាក់លាក់ ព្រមទាំង​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ដឹង​ជ្រួតជ្រាប។
  • ចំនួន​ជើងដែល​ត្រូវ​ធ្វើការ​ប្រមូល ត្រូវអនុវត្ដ​ឱ្យបាន​សមរម្យ​ដែលធានា​ពុំឱ្យ​មានការ​កកស្ទះ ឬ​សេសសល់​ឡើយ។
  • ក្រុមហ៊ុន​ប្រមូល​ត្រូវ​រៀបចំ​ជាសេចក្ដី​ជូនដំណឹង ឬ​គោលការណ៍​នានា​ទាក់ទង​ទៅនឹង​ការ​អនុវត្ដ​ការ​ប្រមូល​របស់ខ្លួន​ដោយ ផ្សព្វផ្សាយ​ដល់​ប្រជាជន និង​អាជ្ញាធរ​នៅ​គ្រប់តំបន់ ដែល​ក្រុមហ៊ុន​ទទួលខុស​ត្រូវ​ក្នុងការ​ប្រមូល។

2 . តាមទី​សាធារណៈ និង​ទីផ្សារ

  • ត្រូវធ្វើ​ការ​ប្រមូល និងបោស​សម្អាត​ជារៀង​រាល់ថ្ងៃ ដើម្បី​ចៀសវាង​ការ​កកស្ទះ​សំណល់​តាមដង​ផ្លូវទី​សាធារណៈ ឬតាមសួនច្បារ។ ក្នុង​ករណី​ទីលាន​ចាក់សំណល់​នៅឆ្ងាយ​ក៏ត្រូវ​ធ្វើការ​ប្រមូល​យកទៅ​ចាក់នៅ​កន្លែងស្ដុក​បណ្ដោះ​អាសន្ន ដែលមិន​ធ្វើឱ្យ​ប៉ះពាល់ដល់​សណ្ដាប់ធ្នាប់​សាធារណៈ និង​បរិស្ថាន។
  • ក្នុងករណី​សម្រាម​ពេញធុង​ដែលដាក់​តាមដង​ផ្លូវ ត្រូវ​ប្រមូល​ចេញដោយ​ប្ដូរធុង​ថ្មី ឬបង្វិល​ធុងចាស់​ដែល​ទទេ​មកដាក់​នៅ កន្លែង​ដដែល​វិញ។ ក្នុងនេះ​ផងដែរ ក៏ត្រូវ​បំផុស​ប្រជាពលរដ្ឋ​ឱ្យជួយ​ថែរក្សា​ធុង​សម្រាម​សាធារណៈ។
រូបភាពទស្សនាវដ្ដីសុខភាពយើង

3 . មធ្យោបាយ និង​ដឹកជញ្ជូន

  • ប្រើប្រាស់​រថយន្ដ​មាន​ទ្រុងជិត ហើយពេល​ដឹកជញ្ជូន​ត្រូវ​គ្របពី​លើ​ការពារ​ការធ្លាក់​រាយប៉ាយ​តាមផ្លូវ។
  • ផ្ទុក​ចំណុះ​សមស្រប ដោយ​មិនឱ្យ​លើសចំណុះ ការពារ​មាន​បញ្ហាផ្សេងៗ​កើតមាន​ក្នុងពេល​ធ្វើការ​ដឹកជញ្ចូន។
  • មាន​មធ្យោបាយ​គ្រប់គ្រាន់​ក្នុងការ​ដឹកជញ្ជូន ដោយគិត​ទៅដល់​ពេលមាន​បញ្ហាខូច​គ្រឿងចក្រ។
  • ត្រូវធ្វើ​ការដឹក​ជាសំណល់​ឱ្យ​អស់តាម​កម្មវិធី​ដែលបាន​កំណត់​ប្រចាំថ្ងៃ។
  • ក្នុងពេល​ដឹកជញ្ជូន ត្រូវ​រក្សាភាព​ស្ងប់ស្ងាត់​តាមដែល​អាចធ្វើ​ទៅបាន។

ការ​កែច្នៃ​សំណល់

ការ​កែច្នៃ​សំណល់​រឹង គឺ​សំដៅ​លើ​សកម្មភាព​ទាំងឡាយ​ដែល​ធ្វើឱ្យ​កាត់បន្ថយ​នូវ​បរិមាណ ឬ​គុណភាព​នៃ​សំណល់​រឹង ដើម្បី សម្រាល​ដល់ការ​ធ្វើ​ប្រព្រឹត្ដ​កម្ម​សម្អាត ឬការ​បោះចោល​សំណល់​រឹង​នៅទី​លាន។ ការ​កែច្នៃ​សំណល់​ចែកចេញ​ជា​ដំណាក់​កាល​ដូចតទៅ ៖

1 . ការ​កាត់បន្ថយ​បរិមាណ​សំណល់ ៖ ចំពោះ​ការ​កាត់បន្ថយ​បរិមាណ​សំណល់​ឱ្យនៅ​មានចំនួន​តិច គឺយើង​អាចធ្វើ​ទៅបាន គ្រប់គ្នា ទាំង​រដ្ឋាភិបាល ទាំង​សហគ្រាស​ពាណិជ្ជកម្ម ទាំង​ប្រជាពលរដ្ឋ។

ចំពោះ​ពលរដ្ឋ​គ្រប់រូប

  • យើង​ត្រូវយក​ថង់ ឬ​សម្ភារៈ​សម្រាប់​ច្រកឥវ៉ាន់​នៅពេល​យើងទៅ​ផ្សារ​ទិញសម្ភារៈ​ផ្សេងៗ
  • ចៀសវាង​ការ​ជ្រើសរើស​សម្ភារៈ ឬរបស់​ដែលត្រូវ​បោះចោល
  • ជ្រើសរើស​សម្ភារៈ ឬរបស់​របរ​មិនមាន​ការ​វេចខ្ចប់​ច្រើន
  • ជ្រើសរើស​សម្ភារៈ ឬរបស់​ដែលអាច​បញ្ជូន​ត្រឡប់​ទៅឱ្យ​ម្ចាស់ដើម ឬ​ងាយស្រួល​ក្នុងការ​កែច្នៃ​ឡើងវិញ
  • ជួសជុល​សម្ភារៈ​បាក់បែក ឬខូច​ឡើងវិញ​ក្នុងករណី​អាចធ្វើ​ទៅបាន
  • ចូលរួម​ក្នុងការ​អនុវត្ដន៍​សកម្មភាព​កែច្នៃ​សំណល់​ជាមួយ​ក្រុម ឬ​អាជ្ញាធរ​មូលដ្ឋាន​របស់ខ្លួន
  • ចូលរួម​ចំណែក​ជាមួយ​ការ​ប្រមូល​សំណល់​អាច​កែច្នៃ​បាន​ដែលបាន​អនុវត្ដ​ដោយ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​មូលដ្ឋាន។

ចំពោះ​សកម្មភាព​ពាណិជ្ជកម្ម

  • ប្រើប្រាស់​សម្ភារៈ​ងាយ​ស្រួល​ក្នុងការ​កែច្នៃ ឬ​ដំណើរ​ការ​ផលិត និង​បោះបង់​ចោល
  • កែ​សម្រួល​ចង្វាក់​ផលិតកម្ម ដើម្បី​កាត់បន្ថយ​ផលិតផល​ដែលនឹង​បង្កើត​សំណល់
  • ប្រើ​ផលិតផល​មាន​សញ្ញា​សម្គាល់ ដែលផ្ដល់​នូវ​ព័ត៌មាន​អំពី​សម្ភារៈ​ប្រើរួច អាច​កែច្នៃ​បាន
  • ណែនាំ​ឱ្យមាន​ការ​វេចខ្ចប់​ឱ្យ​សមស្រប និងការ​កែច្នៃ​សម្ភារៈ​វេចខ្ចប់ និងបង្កើត​ប្រអប់ ឬកន្លែង​ដែលមាន​សុវត្ថិភាព​សម្រាប់ ធ្វើការ​ញែក​សម្ភារៈ​អាច​កែច្នៃ​បាន​ចេញពី​សំណល់ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់ការ​ប្រមូល​ឱ្យមាន​ប្រសិទ្ធភាព​នៅ​ប្រភព​ដែលបាន​បែងចែក​សំណល់​ហើយ។

ចំពោះ​រដ្ឋាភិបាល

  • បង្កើន​ការផ្ដល់​ព័ត៌មាន​ជា​សាធារណៈ និង​កម្មវិធី​នៃ​សកម្មភាព​អប់រំ​ប្រជាពលរដ្ឋ និងអ្នក​ជំនួញ
  • អនុវត្ដការ​ប្រមូល​សំណល់​ដែលអាច​កែច្នៃ​បាន ដូចជា​ក្រដាស ដប កំប៉ុង​ជាដើម
  • រដ្ឋាភិបាល​ត្រូវ​លើកស្ទួយ​ដល់ការ​ប្រើប្រាស់​ផលិតផល​កែច្នៃ​នៅក្នុង​ការិយាល័យ​របស់​ស្ថាប័នរដ្ឋ។

បណ្ដាំ​ផ្ញើ

ទោះបីនា​ពេល​បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​ទទួល​បន្ទុក​លើការ​ដើរ​ប្រមូល និង​ដឹកជញ្ជូន​សម្រាម​យ៉ាងណា​ក៏ដោយ។ នៅពេល ដែលមាន​ការបង្កើត​នូវ​សម្រាម ឬសំណល់ ត្រូវចេះ​រៀបចំ​ទុកដាក់ និង​បែងចែក​នូវ​ប្រភេទ​សំណល់​ឱ្យបាន​ត្រឹមត្រូវ​ទើបជា​ការប្រសើរ ដើម្បី​ងាយស្រួល​ក្នុងការ​បំផ្លាញ​ចោល និង​កែច្នៃ​ឱ្យមាន​ប្រយោជន៍​ឡើងវិញ។
(សូមអាន​បន្ដនៅ​លេខក្រោយ)

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩

Categories: , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *