សុខភាពជាកត្ដាសំខាន់ដែលមនុស្សគ្រប់ៗគ្នាតែងតែយកចិត្ដទុកដាក់។ ការថែរក្សាសុខភាពមានវិធីជាច្រើន ដូចជាការហាត់ប្រាណ ការរាំ រត់ ហែលទឹក និងការលេងកីឡាផ្សេងៗទៀត ដូចជាបាល់ទាត់ បាល់បោះ តេន្នីស និងប៉េងប៉ុងផងដែរ និងមានការហាត់ក្បាច់គុនផ្សេងទៀត ដូចជាល្បុក្កតោ ក្បាច់គុន ប្រដាល់បុរាណខ្មែរ យូដូ ហាប់គីដូ តៃក្វាន់ដូ និងការ៉ាត់តេដូជាដើម។ ការ៉ាត់តេដូជាកីឡាមួយក្នុងចំណោមកីឡាជាច្រើនទៀតដែលមានមនុស្សភាគច្រើនចាប់អារម្មណ៍ក្នុងការហាត់។
ប្រវត្ដិសង្ខេបការ៉ាត់តេដូ
ទាក់ទងនឹងការ៉ាត់តេដូនេះ លោក ខែម វីរៈ គ្រូបង្ហាត់កីឡានៅសាកលវិទ្យាល័យបញ្ញាសាស្ដ្រ បានចូលរួមរៀបរាប់ តាមរយៈទស្សនាវដ្ដី សុខភាពយើង ដូចតទៅ។ ការ៉ាត់តេដូត្រូវបានរកឃើញដោយលោក ប៊ូឌីដាម៉ា ដារ៉ូម៉ា ដែលស្នាក់នៅ ពុទ្ធមណ្ឌលហ្សៀន នៅក្នុងប្រទេសឥណ្ឌាភាគខាងលិច។ លោក ដារ៉ូម៉ា បាននាំក្បាច់ការ៉ាត់តេដូទៅកាន់ប្រទេសចិននៅក្នុង វត្ដសាវលីញនាពស.៥០០ ដើម្បីធ្វើការបង្រៀនពីវិធីហាត់ ទាំងផ្លូវកាយ និងផ្លូវចិត្ដ ដើម្បីឱ្យមានសុខភាពល្អ និងកម្លាំងមាំមួន។ ក្រោយមកនៅឆ្នាំ១៩១៦ លោក ស៊ីជីន ហ្វូណាកុស៊ី បាននាំយកក្បាច់ការ៉ាត់តេពីប្រទេសចិនទៅប្រទេសជប៉ុន។ មានមនុស្សមួយ ចំនួនក៏បានចាប់ផ្ដើមហាត់ក្បាច់ការ៉ាត់តេ ហើយមិនយូរប៉ុន្មានក្បាច់ការ៉ាត់តេក៏មានភាពពេញនិយមនៅក្នុងប្រទេសជប៉ុន។ បន្ទាប់មកទៀតក្បាច់ការ៉ាត់តេក៏មានភាពល្បីល្បាញនៅទូទាំងពិភពលោកទៀតផង ហើយពិភពលោកក៏បានទទួលស្គាល់លោក ស៊ីជុីន ហ្វូណាកុស៊ី ជាអ្នកបង្កើតក្បាច់ការ៉ាត់តេដូ។ ដោយឡែកកីឡាការ៉ាត់តេដូបានហូរចូលមកប្រទេសកម្ពុជាតាំងពីសម័យជប៉ុនធ្វើ អាណានិគមមកលើកម្ពុជាមកម្ល៉េះ ហើយការ៉ាត់តេដូបានរីកចម្រើននៅក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៤៨ មកដល់នាពេលបច្ចុប្បន្ននេះ។
ប្រភេទកីឡាការ៉ាត់តេដូ
កីឡាការ៉ាត់តេដូមានចំនួន៤ប្រភេទ គឺសូតូកាន់ការ៉ាត់តេ វ៉ាដូរីយ៉ូការ៉ាត់តេ ស៊ីតូរីយ៉ូការ៉ាត់តេ និងចុងក្រោយគឺ ហ្គូហ្ស៊ូរីយ៉ូ ការ៉ាត់តេ។
តើគួរហាត់ការ៉ាត់តេនៅវ័យណា?
ការហាត់កីឡាការ៉ាត់តេដូមានភាពពេញនិយមទាំងកុមារ និងមនុស្សពេញវ័យទាំងបុរស និងនារី។ មនុស្សភាគច្រើន ធ្វើការហាត់កីឡានេះគឺដើម្បីសុខភាព និងការពារខ្លួន។ តែមានមនុស្សចំនួនតិចតួចដែលមកហាត់ដើម្បីទៅធ្វើការប្រកួតជម្រើសជាតិ។ ការហាត់កីឡានេះ គឺមិនទាមទារឱ្យយើងហាត់ហួសប្រមាណនោះទេ គឺហាត់ទៅតាមលទ្ធភាពដែលអាចធ្វើទៅរួច។ កីឡា ការ៉ាត់តេដូ យើងអាចចូលហាត់បានគឺចាប់ពីអាយុ៦ឆ្នាំឡើងទៅ។
សូមបន្ដអានលម្អិតអំពីមូលដ្ឋានគ្រឹះនៃកីឡាការ៉ាត់តេដូនេះនៅលេខក្រោយទៀត តាមរយៈទស្សនាវដ្ដី សុខភាពយើង។
Leave a Reply