មនុស្សយើងម្នាក់ៗមិនមាននរណាអាចធានាថាខ្លួនឯងមានសុខភាពល្អគ្រប់ពេលនោះដែរ។ នៅពេលណាមួយនោះ លោកអ្នកអាចមានបញ្ហាអ្វីមួយដែលមិនអាចដឹងមុនបាន។ លោកអ្នកប្រហែលជាធ្លាប់បានដឹងអំពីអាការរបស់លោកអ្នកមួយចំនួនដែល បាត់បង់ស្មារតីនៅពេលណាមួយ ជួនកាលនៅពេលដេកលក់ក៏មានដែរ។ អាការនេះអាចបង្កគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតទៀតផង ប្រសិនបើសង្គ្រោះមិនទាន់ពេលវេលា។
អ្វីទៅជាការបាត់បង់ស្មារតី?
មនុស្សម្នាក់សន្លប់បាត់បង់ស្មារតី គឺជាមនុស្សដែលហាក់ដូចជាដេកលក់ ប៉ុន្ដែមិនឆ្លើយតបនៅពេលគេសួរជាសំណួរ និងនៅ ពេលគេសុំឱ្យធ្វើកាយវិការងាយៗ។ មនុស្សម្នាក់សន្លប់បាត់ស្មារតីបណ្ដាលឱ្យថប់ដង្ហើម ដោយសារការធ្លាក់អណ្ដាតរបស់គាត់ទៅបិទ បំពង់ខ្យល់ ឬក៏ដោយសារកំអួត។
វិធីជួយសង្គ្រោះមនុស្សបាត់បង់ស្មារតី
ការជួយសង្គ្រោះមនុស្សដែលបាត់បង់ស្មារតីមិនមែនគ្រប់គ្នាចេះតែធ្វើបាននោះទេ ព្រោះបើមិនមានការយល់ដឹងអំពីវិធី សង្គ្រោះទេ អាចធ្វើឱ្យជនរងគ្រោះមានគ្រោះថ្នាក់បាន។ ខាងក្រោមនេះជាវិធីនៃការជួយសង្គ្រោះអ្នកដែលបាត់បង់ស្មារតី ៖
1 . បន្ធូរសម្លៀកបំពាក់(កអាវ ចង្កេះខោ) ដើម្បីជួយសម្រួលចលនាដង្ហើមរបស់គាត់
2 . ភ្ងើយក្បាលទៅក្រោយ ដោយប្រុងប្រយ័ត្នដើម្បីកុំឱ្យអណ្ដាតបិទផ្លូវដង្ហើម
3 . ពិនិត្យចលនាដង្ហើមរយៈពេល១០វិនាទី សម្លឹងមើលទ្រូងផឺតផតចុះឡើង ឱ្យដឹងថាមានខ្យល់ចេញពីមាត់របស់គាត់
4 . បើចាំបាច់ ត្រូវសម្អាតខាងក្នុងមាត់
5 . ដាក់ឱ្យដេកផ្អៀងដោយប្រុងប្រយ័ត្ន និងកល់ជង្គង់ឱ្យបានល្អ
6 . សូមពិនិត្យរកមើលសារធាតុរាវដែលអាចហូរចេញ (ក្បាលត្រូវតែភ្ងើយទៅក្រោយ មាត់តម្រង់ទៅដី)
7 . បញ្ជូនជនរងគ្រោះទៅមណ្ឌលសុខភាពឱ្យបានឆាប់បំផុត ដោយដាក់ជនរងគ្រោះក្នុងស្ថានភាពដូចខាងលើ និងពិនិត្យដង្ហើមឱ្យទៀងទាត់។
ប្រការគួរប្រតិបត្ដិនៅបាត់បង់ស្មារតីប្រកាច់
ប្រសិនបើគេសង្ស័យថា មនុស្សនោះបាត់បង់ស្មារតី ហើយមានរបួសខ្នង ត្រូវដាក់មនុស្សនោះផ្អៀងដោយប្រុងប្រយ័ត្នបំផុត មានតែអ្នកសង្គ្រោះដែលមានវិជ្ជាជីវៈទេដែលអាចយល់ច្បាស់ពីស្ថានភាពនេះ។ ក្នុងករណីពិសេស ប្រសិនបើមនុស្សម្នាក់ប្រកាច់ ត្រូវតែទុកជនរងគ្រោះឱ្យប្រកាច់ចុះហើយ ៖
- ត្រូវយកចេញឱ្យឆ្ងាយ នូវវត្ថុដែលបង្កឱ្យមានគ្រោះថ្នាក់
- កុំព្យាយាមទប់ជនរងគ្រោះនៅពេលកំពុងប្រកាច់
- កុំដាក់របស់អ្វីទៅក្នុងមាត់របស់ជនរងគ្រោះ។
- កាលណាជនរងគ្រោះបាត់ប្រកាច់ហើយ សូមដាក់ជនរងគ្រោះឱ្យដេកផ្អៀង ហើយតាមដានរហូតទាល់តែដឹងខ្លួន។
បណ្ដាំផ្ញើ
ការជួយសង្គ្រោះនរណាម្នាក់ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាក្នុងនាមមនុស្សធម៌។ ជាពិសេសលោកអ្នកគ្រប់គ្នាគួរតែ យល់ដឹងឱ្យបានច្បាស់លាស់អំពីវិធីនៃការជួយសង្គ្រោះ ដើម្បីទុកជាប្រយោជន៍សម្រាប់ភាពសប្បុរសរបស់លោកអ្នក។ ក្រៅពីនេះ លោកអ្នកដែលមានអាការដែលអាចឈានទៅរកការបាត់បង់ស្មារតី គប្បីត្រូវយល់អំពីវិធីទាំងនេះដែរ ដើម្បីជួយខ្លួនឯង។
Leave a Reply