ជាទូទៅទ្វារមាសរបស់ស្ដ្រីតែងតែមានសំណើមជាប់ជាប្រចាំ ហាក់ដូចជាប្រព័ន្ធការពារដល់ប្រដាប់បន្ដពូជរបស់ស្ដ្រី។ ទ្វារ មាសមានសំណើមអាចជួយសម្រួលដល់ការរួមភេទ កាត់បន្ថយការឈឺចាប់ជាដើម។ ប៉ុន្ដែមានស្ដ្រីមួយចំនួនជួបប្រទះនឹងបញ្ហារំខាន ដូចជាក្នុងករណីទ្វារមាសស្ងួតជាដើម។ បញ្ហានេះបានធ្វើឱ្យស្ដ្រីមានការឈឺចាប់ ជួបវិបត្ដិគ្រួសារជាដើម។ តើមានអ្វីអាចជួយឱ្យស្ដ្រី ដែលមានបញ្ហាបែបនេះបាន?
សូមស្ដ្រីទាំងឡាយទទួលជ្រាបនូវវិធីកែលំអនូវបញ្ហានេះជាមួយទស្សនាវដ្ដី សុខភាពយើង តាមរយៈការបកស្រាយរបស់ លោកស្រីវេជ្ជបណ្ឌិត ជូ ពិន អ្នកជំនាញផ្នែកសម្ភព និងរោគស្ដ្រីនៅមន្ទីរពេទ្យកាល់ម៉ែត។
ទ្វារមាសស្ងួតជាអ្វី?
ទ្វារមាសស្ងួតគឺសំដៅដល់ការបាត់បង់ភាពសើមរបស់ទ្វារមាស ដោយសារគ្មានការគ្រប់គ្រងពីដៃស្បូន ហើយដៃស្បូនក៏គ្មាន ការគ្រប់គ្រងពីខួរក្បាល ពោលគឺដៃស្បូនលែងមានសកម្មភាព។ ជាធម្មតាទ្វារមាសរបស់ស្ដ្រីដែលមានរដូវតែងតែត្រូវបានផ្សើម ដោយសារទឹករំអិលដែលជាការបញ្ចេញដោយសាច់ដុំ។
មូលហេតុធ្វើឱ្យទ្វារមាសស្ងួត
មូលហេតុធំតែមួយគត់ដែលបណ្ដាលឱ្យស្ដ្រីមានបញ្ហាទ្វារមាសស្ងួតនោះ គឺការអស់រដូវ និងស្ដ្រីដែលមានរដូវតិច។ ជាទូទៅ ស្ដ្រីចាប់ផ្ដើមអស់រដូវនៅពេលអាយុពី៤៨ទៅ៥១ឆ្នាំ ប៉ុន្ដែរយៈពីរឬបីឆ្នាំមុនការអស់រដូវ ស្ដ្រីត្រូវប្រឈមមុខនឹងរដូវមិនទៀង ឬរដូវ តិចជាដើម ដែលជាហេតុបណ្ដាលឱ្យទ្វារមាសស្ដ្រីស្ងួត។ ចំពោះស្ដ្រីដែលស្ថិតនៅវ័យបន្ដពូជ ហើយបែរជាមានរដូវតិចនោះ អាច បណ្ដាលមកពីបញ្ហាមុខងារខួរក្បាល និងមុខងារដៃស្បូនដោយបញ្ហាផ្លូវចិត្ដរបស់ស្ដ្រីផ្ទាល់ ការពិបាកចិត្ដ និងគិតច្រើន សុទ្ធតែមានឥទ្ធិពលទៅដល់ការបញ្ជារបស់ខួរក្បាលមកលើដៃស្បូន។ ក្រៅពីនេះការប្រើប្រាស់ថ្នាំដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវក៏បណ្ដាលឱ្យរាំងរដូវផងដែរ។
គុណវិបត្ដិនៃការស្ងួតទ្វារមាស
បញ្ហាចម្បងរបស់ស្ដ្រីដែលមានទ្វារមាសស្ងួត គឺការប៉ះពាល់ដល់ការរួមភេទ។ ព្រោះទ្វារមាសស្ងួតធ្វើឱ្យស្ដ្រីមានការឈឺចាប់ នៅពេលរួមភេទ រហូតធ្វើឱ្យមានការខ្លាចរអាមិនចង់រួមភេទទៀតផង។ ការឈឺចាប់នៅពេលរួមភេទធ្វើឱ្យស្ដ្រីមួយចំនួនជួបវិបត្ដិ គ្រួសារ ដោយស្វាមីមិនយល់អំពីអ្វីដែលស្ដ្រីកំពុងជួបប្រទះ។
ការព្យាបាលទ្វារមាសស្ងួត
គេចែកការព្យាបាលបញ្ហាទ្វារមាសស្ងួតទៅតាមមូលហេតុដោយឡែករបស់វា។
- ទ្វារមាសស្ងួតដោយសាររដូវតិច ៖ បញ្ហានេះគ្រូពេទ្យត្រូវពិនិត្យមើលមុខងាររបស់ខួរក្បាល ប្រសិនបើការពិនិត្យឃើញមានការបាត់បង់សារធាតុចិញ្ចឹមណាមួយ នោះគ្រូពេទ្យនឹងចាក់បំពេញបន្ថែមនូវសារធាតុនោះ ដើម្បីឱ្យមុខងារខួរក្បាលត្រឡប់មក ធ្វើការវិញ ហើយរដូវក៏ចាប់ផ្ដើមធ្លាក់ផងដែរ។
- ទ្វារមាសស្ងួតដោយអស់រដូវ ៖ មិនត្រូវការប្រើប្រាស់ថ្នាំនោះទេ សំខាន់ទៅលើបញ្ហាផ្លូវចិត្ដ និងការយល់ចិត្ដគ្នារវាងគូស្វាមីភរិយា។ ទ្វារមាសស្ងួតធ្វើឱ្យស្ដ្រីឈឺចាប់ និងមិនចង់រួមភេទ។ ផ្ទុយទៅវិញបើបុរសជាប្ដីយល់នូវបញ្ហានេះ ហើយប្រើវិធីសាស្ដ្រក្នុងការថ្នាក់ថ្នមលួងលោមបបោសអង្អែល នោះក៏ធ្វើឱ្យទ្វារមាសស្ដ្រីមានសំណើមអាចរួមភេទបានដោយមិនមានការឈឺចាប់។
ដំបូន្នានអ្នកជំនាញ
សូមស្ដ្រីទាំងអស់ក្លាហានហ៊ានប្រាប់ដល់ស្វាមីនូវបញ្ហាទាំងឡាយដែលទាក់ទងនឹងបញ្ហាសុខភាពផ្លូវភេទ ដើម្បីចៀសផុតពី បញ្ហាវិបត្ដិគ្រួសារដោយសាររឿងនេះ ព្រោះថាការអស់រដូវជារឿងធម្មជាតិរបស់ស្ដ្រី។ ចំពោះការប្រើប្រាស់ថ្នាំ សូមបង្កើនស្មារតីប្រុងប្រយ័ត្ន ជាពិសេសកុំប្រើថ្នាំដែលគ្មានវេជ្ជបញ្ជា ព្រោះវាអាចបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពច្រើនប្រការណាស់។
Leave a Reply