មនុស្សយើងមិនមែនចេះតែមានអ្នកយល់ចិត្ដយកចិត្ដទុកដាក់រហូតនោះទេ ពេលខ្លះក៏គ្មានអ្នកណាដឹងពីជម្រៅចិត្ដរបស់ យើងដែរ នេះជាការពិតមួយដែលមនុស្សតែងតែជួបប្រទះ។ អ្នករាល់គ្នាចង់ឱ្យអ្នកដទៃដឹងពីទុក្ខធុរៈរបស់ខ្លួន ភាពឈឺចាប់ទុក្ខសោក បញ្ហាផ្សេងៗដែលមាននៅក្នុងរាងកាយ ឬក្នុងអារម្មណ៍ចង់បញ្ចេញមកខាងក្រៅ ដើម្បីឱ្យអ្នកដទៃជួយដោះស្រាយទៅតាមរូបភាព ផ្សេងៗគ្នាតាមបែបផែននៃនិស្ស័យរបស់មនុស្សម្នាក់ៗ។
លោកវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសជម្ងឺផ្លូវចិត្ដ នៃមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀតមកស្រាយបំភ្លឺជូនមិត្ដអ្នកអានឱ្យ បានជ្រាប តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ការមិនយល់ចិត្ដគ្នា ជាអ្វី?
ការមិនយល់ចិត្ដជាភាសានៃអារម្មណ៍អវិជ្ជមានមួយ ហើយអារម្មណ៍នោះកើតឡើងពីការបញ្ជូនពីបុគ្គលមួយទៅឱ្យបុគ្គល ផ្សេងមួយទៀត ឬបុគ្គលជាច្រើនដែលនៅជុំវិញខ្លួន។ ហើយបុគ្គលផ្សេងមួយនោះនឹងធ្វើការបញ្ជូនសារនោះត្រឡប់ទៅកាន់បុគ្គលទីមួយវិញតាមរយៈពាក្យសម្ដី កាយវិការ និងអារម្មណ៍។ ការមិនយល់ចិត្ដពុំមែនមានន័យថាយើងឈានទៅរកភាពមានបញ្ហាផ្លូវចិត្ដ ឬជម្ងឺផ្លូវចិត្ដនោះទេ តែវាអាស្រ័យដោយមនុស្សពីរនាក់ដែលធ្វើការផ្ទេរអារម្មណ៍រវាងគ្នា និងគ្នាតែប៉ុណ្ណោះ។
កត្ដាអ្វីខ្លះដែលធ្វើឱ្យមានការមិនយល់ចិត្ដគ្នា?
ជាការពិតបើខ្លួនយើងមិនមានអ្នកដែលយល់ចិត្ដ មិនមានអ្នកដែលដឹងពីជម្រៅចិត្ដ ពីទុក្ខលំបាកនានា អ្វីដែលយើងកំពុងគិត ឬកំពុងមាននោះ ពិតជាកត្ដាមួយដែលធ្វើឱ្យអារម្មណ៍យើងមានការលំបាកខ្លាំងណាស់។ វាធ្វើឱ្យយើងគិតថាយើងមានតែម្នាក់ឯងឯកោ គ្មានអ្នកគិតដល់យើងសូម្បីតែម្នាក់។ គ្រួសារ បងប្អូន ឬអ្នកណាម្នាក់មិនបានដឹងពីទុក្ខរបស់យើងនោះទេ បើយើងមិនបានបញ្ចេញប្រាប់ ពួកគេដោយទង្វើ ឬពាក្យសម្ដីអ្វីមួយទេនោះ។ ករណីដែលនាំឱ្យមានការមិនយល់ចិត្ដវាអាស្រ័យទៅលើកត្ដាជាច្រើនដូចជា ៖
- កត្ដានៃការយល់ដឹងរបស់បុគ្គលម្នាក់នោះ(ចំណេះដឹងរបស់មនុស្សម្នាក់ៗ)
- កត្ដាសង្គមវប្បធម៌របស់បុគ្គលនោះ
- កត្ដាភាសា(មានទាំងសម្ដី និងកាយវិការជាដើម)
- កត្ដាជនជាតិជាដើម
កាលណាបុគ្គលម្នាក់មិនមានកត្ដាទាំងអស់នោះ ធ្វើឱ្យការបញ្ជូនសារព័ត៌មានរបស់គេនោះទៅមិនដល់បុគ្គលមួយទៀត ដែលយើងចង់ផ្ទេរសារទៅឱ្យគេឡើយ ជាលទ្ធផលធ្វើឱ្យពួកគេពុំយល់ចិត្ដយើងឡើយ។ ជាការពិតបុគ្គលដែលគ្មានអ្នកយល់ចិត្ដគឺមាន ចិត្ដចង់ឱ្យអ្នកដទៃដឹងពីទុក្ខលំបាករបស់ខ្លួន ចង់ឱ្យគេជួយរំលែកទុក្ខរបស់ខ្លួន។ តែដោយសារតែភាសា ដោយសារតែចំណេះដឹង សង្គម និងវប្បធម៌ ធ្វើឱ្យគេនិយាយចេញមកអ្នកទីពីរទទួលយកមិនបាន ទទួលដឹងពីអ្វីដែលអ្នកទីមួយចង់ប្រាប់ចង់បញ្ចេញមកមិនបាន នេះ ហើយជាបញ្ហាដែលអ្នកទីពីរមិនយល់ចិត្ដអ្នកទីមួយនោះ។ តាមការពិតវាជារឿងធម្មតារបស់មនុស្សទេ មិនមែនអាចរាប់បញ្ចូលជា ជម្ងឺផ្លូវចិត្ដឡើយ។
ករណីមួយទៀតគឺគាត់មានការយល់ដឹងអាចដឹងអ្វីៗបាន វប្បធម៌គាត់មាន ភាសាគាត់តែមួយ និយាយស្ដាប់គ្នាបានជាធម្មតា ប៉ុន្ដែអ្នកទទួលគាត់មិនព្រមទទួលដោយសារតែគាត់មានបញ្ហាក្នុងអារម្មណ៍របស់គាត់រួចទៅហើយ។ ជាឧទាហរណ៍មនុស្សពីរ នាក់ អ្នកទីមួយគាត់មានបញ្ហាផ្លូវចិត្ដ ហើយអ្នកទីពីរក៏មានបញ្ហាផ្លូវចិត្ដដូចគ្នាដែរ ពេលអ្នកទី១ធ្វើការបញ្ជូនព័ត៌មានទៅឱ្យអ្នកទីពីរ នោះអ្នកទីពីរមិនអាចទទួលយកបានទេ ដោយសារតែអ្នកទីពីរក៏មានបញ្ហាដូចជាអ្នកទីមួយដែរ។ អារម្មណ៍របស់គេពោរពេញទៅដោយបញ្ហា ពេញដោយរឿងរ៉ាវផ្សេងៗជាច្រើនទៅហើយ ដូចនេះគាត់មិនរវីរវល់អ្វីៗទាំងអស់ ដែលនៅជុំវិញខ្លួនរបស់គាត់ទៀតឡើយ។
ពេលខ្លះប្ដីប្រពន្ធពីរនាក់ ប្ដីអញ្ជើញទៅធ្វើការងារខាងក្រៅផ្ទះ ការងារច្រើននៅកន្លែងធ្វើការ គាត់មានភាពតានតឹងចិត្ដ ពិបាកក្នុងការដោះស្រាយ។ ចំណែកឯភរិយាវិញនៅឯផ្ទះ ក៏មានបញ្ហាច្រើននឹងត្រូវធ្វើ ដូចជាការមើលថែទាំកូនៗ ការងារផ្ទះជាដើម ធ្វើឱ្យគាត់ក៏មានភាពតានតឹងចិត្ដដែរ។ ពេលប្ដីត្រឡប់មកដល់ផ្ទះវិញ គាត់ចង់ផ្ដល់ព័ត៌មាន ឬភាពស្មុគស្មាញរបស់គាត់ទៅឱ្យប្រពន្ធខ្លះ ប៉ុន្ដែខាងប្រពន្ធវិញនោះទទួលយកមិនបានឡើយ។ យ៉ាងណាមិញបើភរិយាយចង់បញ្ជូនសារនោះទៅឱ្យប្ដីនោះប្ដីក៏ទទួលយកមិនបាន ដូចគ្នា។ ព្រោះអ្នកទាំងពីរមានអារម្មណ៍តានតឹងចិត្ដ និងភាពស្មុគស្មាញដូចគ្នា។ វាជាកត្ដាធ្វើឱ្យអ្នកទាំងពីរនាក់នោះមិនយល់ចិត្ដគ្នា ហើយអាចនឹងឈានដល់បញ្ហាគ្រួសារ និងអាចឈានទៅដល់ការលះលែងគ្នាក៏សឹងមាន។
ករណីមួយទៀតមានមនុស្សពីរនាក់មិនយល់ចិត្ដគ្នាក៏ដោយសារតែអ្នកទី១មិនមានបញ្ហាអ្វីកើតឡើងក្នុងអារម្មណ៍នោះទេ ហើយចង់ឱ្យអ្នកទី២យល់ចិត្ដរបស់ខ្លួន។ ប៉ុន្ដែអ្នកទី២គាត់មានបញ្ហាជាប់នៅនឹងខ្លួនស្រាប់ទៅហើយ។ ដូចនេះអ្នកទី២ក៏មិនអាចធ្វើការ យល់ចិត្ដអ្នកទី១បានទេ ទោះបីបុគ្គលនោះមានភាសាដូចគ្នា ពូជសាសន៍ដូចគ្នាក៏ដោយ។ ករណីដូចបានបង្ហាញខាងលើនេះហើយ ដែល ធ្វើឱ្យអ្នកទាំងពីរមិនយល់ចិត្ដគ្នា និងខ្វែងគំនិតគ្នា។
ផលពិបាកនៃភាពមិនយល់ចិត្ដគ្នា
កាលណាបុគ្គលមួយមិនយល់ចិត្ដជាមួយបុគ្គលមួយផ្សេងទៀត យូរអង្វែងទៅធ្វើឱ្យមានបញ្ហា ដូចជានៅក្នុងគ្រួសារអាច ឈានទៅរកភាពបែកបាក់គ្នា លះលែងគ្នា ឬអាចបណ្ដាលឱ្យមានអំពើហិង្សាក្នុងគ្រួសារទៀតផង ដោយសារតែភាពមិនយល់ចិត្ដគ្នា។ បើជាមិត្ដភក្ដិអាចប្រែក្លាយជាប្រេះស្រាំសាមគ្គីគ្នា ឃ្លាតពីគ្នា លែងទុកចិត្ដគ្នា មិនជឿជាក់លើគ្នា មិនអាចមើលមុខគ្នាចំជារៀងរហូត។ ចំពោះកត្ដាមួយទៀតវិញគឺ អាចឱ្យអ្នកដែលគ្មានអ្នកយល់ចិត្ដនោះកើតជាជម្ងឺផ្លូវចិត្ដបានយ៉ាងងាយបំផុត។
ក្នុងរបបប៉ុលពត ពួកគេបានបណ្ដុះស្មារតីឱ្យប្រជាពលរដ្ឋឱ្យមានការមិនយល់ចិត្ដគ្នាទៅវិញទៅមក មានការសង្ស័យចំពោះ គ្នានិងគ្នា ចង់ធ្វើអ្វីមួយត្រូវតែចាំមើលគ្រប់ជ្រុងជ្រោយដោយសារតែភាពមិនយល់ចិត្ដគ្នារបស់អ្នកទាំងនោះ ព្រមទាំងផ្ដល់កាកសំណល់ រហូតមកដល់សព្វថ្ងៃនេះ។
វិធីដោះស្រាយបញ្ហាការមិនយល់ចិត្ដគ្នា
ដើម្បីដោះស្រាយបញ្ហានេះបានទាល់តែយើងមានសង្គមវប្បធម៌ដូចគ្នា មានភាសានិយាយដូចគ្នា។ បើលោកអ្នកចង់យល់ចិត្ដអ្នកណាម្នាក់ លោកអ្នកត្រូវតែចេះភាសាគេ ហើយគេក៏ចាំបាច់ត្រូវតែចេះភាសារបស់លោកអ្នកវិញដែរ។
បើលោកអ្នកមានបញ្ហាផ្លូវចិត្ដ ត្រូវរកមនុស្សដើម្បីពិភាក្សា ពិគ្រោះយោបល់ និងដោះស្រាយរាល់រឿងរ៉ាវឱ្យអស់ ដើម្បីធ្វើឱ្យអារម្មណ៍ជ្រះថ្លាឡើងវិញ អាចទទួលយកសំណូមពរ អារម្មណ៍ពីអ្នកដទៃ និងចេះយល់ចិត្ដអ្នកដទៃ ពេលនោះលោកអ្នកនឹងយល់ពី ចិត្ដអ្នកដទៃបាន។
ទន្ទឹមនឹងនោះដែរ អ្នកដែលចង់ឱ្យគេយល់ចិត្ដរបស់ខ្លួនទាល់តែខ្លួនសម្ដែងចេញនូវទង្វើរបស់ខ្លួន តាមរយៈពាក្យសម្ដី កាយ វិការ ភាសា នោះទើបអ្នកដទៃអាចដឹងពីទុក្ខរបស់យើង និងអាចធ្វើការយល់ចិត្ដគ្នាបាន។ ពេលដែលមានការពិបាកចិត្ដ ត្រូវប្រាប់ដល់ អ្នកដទៃឱ្យគេបានដឹង ដូចជាមិត្ដភក្ដិដែលយើងអាចទុកចិត្ដបាន ឪពុកម្ដាយ បងប្អូនជាដើម។ កុំគិតតែរក្សារឿងនោះជារឿងសម្ងាត់ឱ្យសោះ ព្រោះពេលណាមួយបញ្ហាមានកាន់តែច្រើនទៅ លោកអ្នកគិតមិនចេញក៏សម្រេចចិត្ដធ្វើអំពើផ្ដេសផ្ដាស ធ្វើអត្ដឃាត ឬសម្លាប់ខ្លួនជាដើម នេះជាហេតុផលមួយដែលអាចឱ្យយើងមានការឈឺចាប់ និងសោកស្ដាយអស់មួយជីវិត។
ដំបូន្មានអ្នកជំនាញ
ជាចុងក្រោយបុគ្គលដែលមានបញ្ហាផ្លូវចិត្ដក្ដី ឬមានជម្ងឺផ្លូវចិត្ដក្ដី កាលណាមានអារម្មណ៍អាក់អន់ក្នុងចិត្ដ និងមានអារម្មណ៍ ថា គ្មានអ្នកទី២យល់ចិត្ដខ្លួន ឬក្រុមគ្រួសារទាំងអស់មិនយល់ចិត្ដ គួរតែស្វែងយល់ថា តើខ្លួនបានសម្ដែងអារម្មណ៍ឱ្យគេយល់ចិត្ដខ្លួន ហើយឬនៅ ឬក៏យ៉ាងណា។ បើមានបុគ្គលពីរនាក់ដែលមិនយល់ចិត្ដគ្នា ដើម្បីឱ្យអស់ការសង្ស័យថាខ្លួនមានបញ្ហាផ្លូវចិត្ដ ឬជម្ងឺផ្លូវចិត្ដ សូមទៅពិគ្រោះ និងស្ដាប់យោបល់ជាមួយអ្នកជំនាញផ្នែកជម្ងឺផ្លូវចិត្ត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨
Leave a Reply