បច្ចុប្បន្ន តំបន់ដែលមានជម្ងឺនេះផ្ទុះឡើងច្រើនជាងគេ គឺនៅតំបន់ជាយទីក្រុងភ្នំពេញ និងនៅខេត្តបន្ទាយមានជ័យ ដោយសារតែតំបន់ទាំងនោះនៅមានការប្រើប្រាស់ទឹកពាង ឬអាងទឹកច្រើន ហើយស្ថានភាពបរិស្ថានជុំវិញលំនៅឋានមិនទាន់មានភាពល្អប្រសើរនៅឡើយ។ នៅក្នុងឆ្នាំនេះ មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាលជាច្រើនរូបបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាបន្ទុះជម្ងឺគ្រុនឈាមនៅក្នុងប្រទេសកម្ពុជា។
បើយោងតាមប្រសាសន៍របស់មន្ត្រីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ និងជម្ងឺគ្រុនឈាម នៃក្រសួងសុខាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ជម្ងឺគ្រុនឈាមតាមរយៈការសម្អាតបរិស្ថានជុំវិញផ្ទះសម្បែង តាមដានអាការៈជម្ងឺរបស់កូនៗ និងត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ បើសង្ស័យថាកូនឈឺនោះ។ ការអំពាវនាវនេះធ្វើឡើង ដោយសារមន្ត្រីជំនាញខាងសុខភាពសង្កេតឃើញថា ស្ថានភាពជម្ងឺគ្រុនឈាមកំពុងគំរាមកំហែងលើកុមារយ៉ាងធ្ងន់ធ្ងរនៅដើមរដូវវស្សានាឆ្នាំ២០១២នេះ។ មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ និងកម្មវិធីជាតិប្រយុទ្ធជម្ងឺគ្រុនឈាមបានបញ្ជាក់ថា នៅក្នុងរយៈពេល២៤សប្ដាហ៍ដើមឆ្នាំ២០១២នេះ ជម្ងឺគ្រុនឈាមបានកើនឡើងជាងឆ្នាំ២០១១កន្លងទៅ។
លោកវេជ្ជបណ្ឌិត ច ម៉េងចួ នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ (ប៉ារ៉ាស៊ីតសាស្ត្រ បាណកសាស្ត្រ) បានមានប្រសាសន៍នៅថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១២នេះថា ក្នុងរយៈពេលប្រមាណ៦ខែដើមឆ្នាំ២០១២នេះ គេបានរកឃើញជម្ងឺគ្រុនឈាមដែលកើតមានទូទាំងប្រទេស មានចំនួនជិត៩ពាន់នាក់ និងមានអ្នកស្លាប់ដោយសារជម្ងឺនេះចំនួន៣៨នាក់។ លោកវេជ្ជបណ្ឌិត ច ម៉េងចួ បានបន្តថា៖ «៣ខែកន្លះដើមឆ្នាំ វាកើនជិតទៅ៤ដង ៣៩០% ឥឡូវហ្នឹង២៤សប្ដាហ៍នេះ វាកើន២៤៨% ហើយយើងបានពិនិត្យការវិវឌ្ឍន៍របស់វាប្រចាំសប្ដាហ៍ ពីសប្ដាហ៍ទី៨ដល់សប្ដាហ៍ទី១៦ វារត់តាមកន្លងឆ្នាំ២០០៧ ហើយយើងបារម្ភដែរខ្លាចវារត់ទៅទៀត»។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រអាស៊ីសេរី។
កាលពីឆ្នាំ២០១១ ជម្ងឺគ្រុនឈាមមានចំនួន ២ ៥៣២នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន១២នាក់។ ប៉ុន្តែ កាលពីឆ្នាំ២០០៧ មានករណីផ្ទុះនូវជម្ងឺគ្រុនឈាមខ្លាំងជាងគេ គឺមានចំនួនជាង១ម៉ឺននាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន១៦៨នាក់។ ស្ត្រីមេផ្ទះម្នាក់ ឈ្មោះ ស្រីនាង រស់នៅសង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានប្រសាសន៍ថា ជម្ងឺគ្រុនឈាមឆ្នាំនេះបានគម្រាមកំហែងធ្ងន់ធ្ងរជាងសព្វដង ដោយកូនគាត់២នាក់ ម្នាក់អាយុ៩ឆ្នាំ និងម្នាក់ទៀត៥ឆ្នាំ បានកើតជម្ងឺនេះផ្ទួនគ្នា ហើយគាត់កំពុងមានក្តីបារម្ភចំពោះបញ្ហានេះ។ តែទោះយ៉ាងណា គាត់បានបង្កើនការយកចិត្តទុកដាក់ការពារជម្ងឺនេះ ដោយឲ្យកូនគេងក្នុងម៉ុងជាប្រចាំ។ ស្ត្រីមេផ្ទះ ស្រីនាង បានបន្ថែមថា៖ «នឹងខំការពារចាប់ពីថ្ងៃនេះតទៅ រឹតតែប្រយ័ត្នខ្លាំងជាងមុនថែមទៀត ប្រយ័ត្នទីមួយសម្រាម ទឹកដក់អ៊ីចឹង កាប់ព្រៃ មានថ្នាំលាបការពារ អុចធូបមូសអ៊ីចឹង ពេលដែលគេងត្រូវដាក់មុង»។
លោកវេជ្ជបណ្ឌិត ច ម៉េងចួ បានពន្យល់ថា ការកើនឡើងនៃជម្ងឺគ្រុនឈាមនេះ ដោយសារកម្រិតទឹកភ្លៀងកើនឡើងខ្លាំងនៅឆ្នាំ២០១២ នេះ។ តំបន់ដែលមានជម្ងឺនេះផ្ទុះឡើងច្រើនជាងគេ គឺនៅតំបន់ជាយទីក្រុងភ្នំពេញ និងនៅខេត្តបន្ទាយមានជ័យ។ ដោយសារតំបន់ទាំងនោះនៅមានការប្រើប្រាស់ទឹកពាង ឬអាងទឹកច្រើន ហើយស្ថានភាពបរិស្ថានជុំវិញលំនៅឋានមិនទាន់មានភាពល្អប្រសើរនៅឡើយ។ លោកបន្តថា អ្នកដែលងាយទទួលរងគ្រោះដោយជម្ងឺនេះ ភាគច្រើនជាកុមារដែលមានអាយុក្រោមអាយុ១៥ឆ្នាំ។
អ្នកជំនាញបានបង្ហាញថា ប្រការដែលត្រូវយកចិត្តទុកដាក់បង្ការ និងទប់ស្កាត់នោះ គឺចាំបាច់ត្រូវសម្អាតបរិស្ថានជុំវិញផ្ទះ បំផ្លាញជម្រកមូសខ្លា ដែលជាប្រភពចម្លងជម្ងឺគ្រុនឈាម ប្រើថ្នាំអាប៊ែតដាក់ក្នុងពាង និងអាងទឹក ដើម្បីកម្ចាត់ដង្កូវទឹកដែលជាប្រភពនាំឲ្យកើតមូសខ្លា។ លោកវេជ្ជបណ្ឌិត ច ម៉េងចួ បន្តទៀតថា៖ «មូសខាំមួយសប្ដាហ៍ ចាប់ផ្ដើមក្តៅខ្លួន ហើយភ្លាមអត់ដឹងទេ វាអាចច្រឡំជាមួយជម្ងឺរលាកបំពង់កសព្វបែបយ៉ាងទាំងអស់ ផ្តាសាយក៏ច្រឡំដែរ គឺមានតែទៅពេទ្យទេ ទើបដឹងថាមានគ្រុនឈាមអត់ ព្រោះត្រូវមើលឈាម សំខាន់កុំចាំពេទ្យទៅ គឺត្រូវបញ្ជូនមកពេទ្យបានលឿនតែខំយឺតពេលហើយ»។
គួរបញ្ជាក់ថា ស្របពេលគ្នានេះក្រសួងសុខាភិបាល គ្រោងនឹងបើកយុទ្ធនាការចែកថ្នាំអាប៊ែតប្រមាណ១៤០តោនជាថ្មីទៀត នៅពាក់កណ្ដាលខែកក្កដា ខាងមុខនេះ ដើម្បីការពារកុំឲ្យកើតមូសខ្លា៕
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១២
Leave a Reply