ឈាម​កក​ក្នុង​បេះដូង​អាច​បង្ការ​បាន

បេះដូង​ជាផ្នែក​មួយដ៏​សំខាន់​នៃ​សព៌ាង្គ​កាយ​របស់​មនុស្ស​សត្វ។ វាឋិត​នៅផ្នែកខាងក្នុង​នៃ​រាងកាយ មាន​តួនាទី​ច្របាច់​ផ្លាស់ប្ដូរ​ចរន្ដ​ឈាម និងបញ្ជូន​ឈាម​ទៅក្នុង​ខួរក្បាល ក៏ដូចជា​គ្រប់ទី​កន្លែង​សព្វ​សព៌ាង្គកាយ។ ដូចនេះ​ប្រសិន​បើ​បេះដូង​របស់​យើងមាន បញ្ហា នោះ​ជីវិត​របស់​យើង​ហាក់​កំពុង​ឈានទៅ​រកភាព​សូន្យសុង​យ៉ាង​ដូច្នេះ​ដែរ ដោយ​ទន្ទឹម​នឹងការ​ព្យាបាល​មាន​តម្លៃខ្ពស់ ប្រសិទ្ធ ភាព​នៃការ​ព្យាបាល​ក៏មិន​ប្រាកដ​ថាផ្ដល់​នូវ​ផលវិជ្ជ​មាន​សម្រាប់​អ្នក​ជម្ងឺ​ទូទៅ​នោះទេ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅក្នុង​លេខនេះ ទស្សនាវដ្ដី សុខភាពយើង សូម​លើក​យក​បញ្ហា​ឈាមកក​ក្នុងបេះដូង​មក​បង្ហាញ​ជូន​មិត្ដអ្នក​អាន​ដើម្បី​ជា ការ​ស្វែងយល់ ដោយ​មាន​លោក​វេជ្ជបណ្ឌិត ឈី ប្រកប ឯកទេស​ជម្ងឺ​ទូទៅ និង​បេះដូង នៅមន្ទី​​​រ​ពេទ្យ​ព្រះកុសុមៈ​ជាអ្នក​ប្រឹក្សា។

ឈាមកក​ក្នុង​បេះដូង ជាអ្វី?

ឈាមកក​ក្នុង​បេះដូង​ជាការ​កើតមាន​ឡើង​នូវដុំ​កំណក​ឈាមតូច ឬ​ធំនៅក្នុង​ថង់​បេះដូង ទៅតាម​ប្រភេទនៃ​ជម្ងឺ​បេះដូង ផ្សេងៗ​(ជម្ងឺ​ប្រើស​បេះដូង ស្ទះសរសៃ​ឈាម​បេះដូង ខ្សោយ​បេះដូង​ជាដើម) ដែលងាយ​បង្កឱ្យ​មាន​គ្រោះថ្នាក់​នៃការ​ស្ទះសរសៃ​ឈាម ណាមួយ ជាពិសេស​សរសៃ​ឈាម​ខួរក្បាល ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅលើ​អាយុ​ជីវិត​អ្នកជម្ងឺ។

មូលហេតុ​បង្ក​ឈាមកក​ក្នុង​បេះដូង

បុគ្គលមាន​ជម្ងឺ​បេះដូង​មួយចំនួន​អាច​ប្រឈមមុខ​នឹងការ​កកឈាម​នៅក្នុង​បេះដូង។ ជម្ងឺ​បេះដូង​ទាំងនោះ​មាន​ដូចជា​ជម្ងឺ ខូចប្រើស​បេះដូង​ពីកំណើត ជម្ងឺ​ខ្សោយ​បេះដូង វិបត្ដិ​ចង្វាក់​បេះដូង ជម្ងឺ​ស្ទះសរសៃ​ឈាម​បេះដូង​ជាដើម។

ដំណើរ​ការកក​ឈាមនេះ​ត្រូវបាន​ប្រៀប​ប្រដូច​ទៅនឹង​ការទុក​ទឹកក្នុង​កែវ​រយៈពេល​យូរ​ដូច្នេះដែរ។ ចំពោះ​ទឹកនៅ​ក្នុងកែវ នៅពេល​ទុក​រយៈពេល​យូរ យើងនឹង​ឃើញ​មានការ​រងនូវ​កករ​នៅបាត​កែវ។ ដូចគ្នា​នេះដែរ​បេះដូង​របស់យើង​នៅពេល​ដែលឈាម ចាល់​ឡើងនៅ​ក្នុងថង់​បេះដូង​នោះ វាក៏​បង្កឱ្យ​មានការ​រងឈាម​ដែលយូរ​ទៅវិវត្ដ​ទៅជា​ដុំ​កំណក​ឈាមតូច ឬធំ។ ហើយ​កំណក​ឈាម នេះហូរ​ទៅតាម​ចរន្ដឈាម បណ្ដាល​ឱ្យ​មាន​ការ​កកស្ទះ​នៅ​សរសៃ​ឈាម​ណាមួយ ជាពិសេស​សរសៃ​ឈាម​ខួរក្បាល​ដែលអាច​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​យើង។

រោគសញ្ញា​ជម្ងឺ​ឈាមកក​ក្នុង​បេះដូង

រោគសញ្ញា​ដែល​បង្ហាញ​ផ្ទាល់ពី​ការកក​ឈាម​នៅក្នុង​បេះដូង​ពុំមាន​នោះទេ លុះត្រា​តែមាន​ការ​ប៉ះពាល់​ទៅលើ​សរសៃ​ឈាម ណាមួយ ជាពិសេស​ការស្ទះ​សរសៃ​ឈាមដែល​បណ្ដាល​មកពី​កំណក​ឈាម​នៅក្នុង​ថង់​បេះដូង ទើបវា​ស្ដែងចេញ​រោគ​សញ្ញា​ទៅតាម សរីរាង្គ​ដែល​ប៉ះពាល់​នោះ។ ជា​ឧទាហរណ៍ នៅពេល​ដែលមាន​ដុំ​កំណក​ឈាមក្នុង​ថង់​បេះដូង វា​បង្កឱ្យ​មានការ​ស្ទះសរសៃ​ឈាមខួរ ក្បាល ហើយ​ស្ដែងចេញ​រោគ​សញ្ញា​មួយចំនួន ដូចជា​ងងឹត​ភ្នែក វៀចមាត់ ពិការ​អវយវៈ​ជាដើម។

ផល​វិបាក​ដែលបង្ក​ឡើង​ដោយ​ឈាមកក​ក្នុងបេះដូង

នៅពេល​ដែលមនុស្ស​ម្នាក់មាន​ការកក​ឈាម​នៅក្នុង​បេះដូង បុគ្គល​នោះមាន​ការ​ប្រឈម​ខ្ពស់ទៅ​នឹងការ​ស្ទះសរសៃ​ឈាម នៅកន្លែង​ណាមួយ​ផ្សេងទៀត ដែលបង្ក​ជា​ផលវិបាក​ធ្ងន់ធ្ងរ​ចំពោះ​អ្នកជម្ងឺ ដូចជា​ធ្វើឱ្យ​ពិការ ស្ពឹកដៃ​ស្ពឹកជើង ស្លាប់មួយ​ចំហៀង​ខ្លួនជាដើម។ កត្ដានេះ​ហើយ​ដែលយើង​គួរតែ​ត្រូវយក​ចិត្ដទុក​ដាក់ធ្វើ​ការ​ព្យាបាល​នៅពេល​ដែលខ្លួន​កំពុងមាន​បញ្ហា​បេះដូង​កើតឡើង ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដែល​កើតឡើង​ពីវិបត្ដិ​កកឈាម​ក្នុងបេះដូង។

វិធី​ព្យាបាល​ឈាមកក​ក្នុងបេះដូង

គ្រប់​ប្រភេទ​នៃជម្ងឺ​បេះដូង​ទាំងអស់​សុទ្ធតែ​អាច​បណ្ដាលឱ្យ​មានការ​កកឈាម​នៅក្នុង​បេះដូង។ ដូចនេះ​ដើម្បី​ព្យាបាល​ជម្ងឺ ឈាមកក​នៅក្នុង​បេះដូង គឺត្រូវ​រក​មូលហេតុ​ពិតប្រាកដ​ដែល​បណ្ដាល​ឱ្យមាន​ការកក​ឈាមនោះ។ មាន​ជម្ងឺ​ដែល​ជួបប្រទះ​ច្រើនជាងគេគឺជម្ងឺ​វិបត្ដិ​ចង្វាក់​បេះដូង ជម្ងឺស្ទះ ឬខូច​ប្រើស​បេះដូង ជម្ងឺ​រលាក​បេះដូង ជម្ងឺស្ទះ​សរសៃ​ឈាម​បេះដូង​ជាដើម។ ចំពោះ​ការប្រើប្រាស់​ថ្នាំ គឺអ្នក​ជម្ងឺអាច​ប្រើប្រាស់​ថ្នាំ​អាស្ពេរីន​ក្នុង​កម្រិត​ពី៧៥​មីលីក្រាម​ទៅ៣០០​មីលីក្រាម។ ថ្នាំនេះ​សាមញ្ញ​បំផុត មាន​ប្រសិទ្ធភាព​ខ្ពស់ក្នុង ការ​ការពារ​ជម្ងឺ​កកឈាម​នៅក្នុង​បេះដូង។ ក៏ប៉ុន្ដែ​រាល់ការ​ប្រើប្រាស់​ត្រូវតែ​ធ្វើឡើង​ដោយមាន​ការពិនិត្យ និង​ណែនាំ​ពីលោក​វេជ្ជបណ្ឌិត ជំនាញ។ ថ្នាំមួយ​ប្រភេទ​ទៀតក៏​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ធ្វើការ​ព្យាបាល​ជម្ងឺ​ឈាមកក​ក្នុង​បេះដូង​ប្រភេទ​ខ្លះផង​ដែរ គឺការ​ប្រើប្រាស់​ថ្នាំ ពង្រាវ​ឈាម។ ថ្នាំនេះ​មាន​ប្រសិទ្ធភាព​ខ្ពស់ជាង​ថ្នាំ​អាស្ពេរីន ក៏ប៉ុន្ដែ​ថ្នាំនេះ​ក៏ផ្ដល់​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផងដែរ ចំពោះ​ការ​ប្រើប្រាស់​ដោយ គ្មាន​ការពិគ្រោះ​ត្រឹមត្រូវ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ។

វិធី​បង្ការ​ឈាមកក​ក្នុង​បេះដូង

វិធី​បង្ការ​នេះត្រូវ​ធ្វើឡើង​ដោយ​ផ្ទាល់ចេញ​ពី​ខ្លួនឯង។ យើងដឹង​ហើយថា​ជម្ងឺឈាម​កកក្នុង​បេះដូង​នេះពុំ​មាន​រោគសញ្ញា​អ្វី ពិតប្រាកដ​នោះទេ អាច​និយាយ​បានថា​ពុំមាន​រោគ​សញ្ញា​នោះទេ។ ហេតុនេះ​ដើម្បី​បង្ការ​កុំឱ្យ​មានបញ្ហា​នេះកើត​ឡើង គឺយើងម្នាក់ៗ​ត្រូវធ្វើ​ការតាម​ដានខ្លួន​ឯងជា​មុនសិន ថាតើ​ខ្លួនឯង​ផ្ទាល់មាន​បញ្ហា​បេះដូង​ដែរឬទេ។ ដូចនេះ​ដើម្បី​ឱ្យមាន​ទំនុក​ចិត្ដ​ពិតប្រាកដ​គឺត្រូវ​មកធ្វើ​ការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ប្រយោជន៍​បាន​ដឹងថា​ជម្ងឺនោះ​អាច​បណ្ដាលឱ្យ​មានការ​កកឈាម​នៅក្នុង​បេះដូង​ដែរ​ឬអត់។ ប្រសិន​បើជម្ងឺ​នោះអាច​ធ្វើឱ្យ​ឈាមនៅ​ក្នុង​បេះដូង​កក គ្រូពេទ្យ​នឹងធ្វើ​ការ​ការពារ​ទប់ស្កាត់​ដោយ​ប្រើប្រាស់​ថ្នាំ​វេជ្ជសាស្ដ្រ។

ដំបូន្មាន​អ្នក​ប្រឹក្សា

ការពារ​ប្រសើរ​ជាង​ព្យាបាល ហើយក៏​មាន​ប្រសិទ្ធភាព​ខ្ពស់ជាង​ការព្យាបាល​ផងដែរ។ រាល់ការ​ព្យាបាល​ជម្ងឺ​ផ្សេងៗ មិនតែចំពោះ​ជម្ងឺកក​ឈាម​បេះដូង​តែមួយ​នោះទេ អ្នកជម្ងឺ​គួរ​ពិភាក្សា​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាមុនសិន ចៀសវាង​ការ ប្រើប្រាស់​ថ្នាំតាម​ទម្លាប់​តៗគ្នា ដោយ​គ្រាន់តែ​ទិញពី​ផ្សារមក​គ្មាន​វេជ្ជបញ្ជា ឬគ្មាន​ការ​ប្រឹក្សា​នោះទេ។ ទង្វើ​បែបនេះ អាចបង្ក​ឱ្យមានផលវិបាក​ដល់​សុខភាព​យើង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *