នៅក្នុងឆ្នាំ២០១១ កម្ពុជាមានអ្នកកើតរោគគ្រុនចាញ់ ៦២ ៦៩០ករណី និងបានសម្លាប់ពលរដ្ឋកម្ពុជាអស់ចំនួន៩៨នាក់។ កាលពីចុងខែ
មិថុនាឆ្នាំ២០១២ថ្មីៗនេះ ព័ត៌មានបានចេញផ្សាយថា កម្ពុជាមានអ្នកស្លាប់ដោយសាររោគគ្រុនចាញ់ចំនួន២៧នាក់ និងមាន ២៩ ៥១០ករណី។
មជ្ឈមណ្ឌលបរាសិតសាស្ដ្រ និងត្រួតពិនិត្យជម្ងឺគ្រុនចាញ់ជាតិ បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា របាយការណ៍អ្នកស្លាប់ដោយសារ
រោគគ្រុនចាញ់ មានចំនួន២៧នាក់ និងមាន២៩ ៥១០ករណី បើគិតចាប់ពី៥ខែដើមឆ្នាំកន្លងមកនេះ។ របាយការណ៍បានបង្ហាញឱ្យដឹងបន្តថា ចំនួនអ្នកកើតរោគគ្រុនចាញ់នៅកម្ពុជា មានការធ្លាក់ចុះ១១ភាគរយ បើធៀបទៅនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះដែរ អ្នករងគ្រោះដោយសាររោគមួយនេះនៅរក្សាចំនួនដដែល។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ិនហួរ។
លោក ចរ ម៉េងឈួ នាយកមជ្ឈមណ្ឌលបរាសិត និងត្រួតពិនិត្យជម្ងឺគ្រុនចាញ់ជាតិ បានមានប្រសាសន៍ឲ្យអ្នកសារព័ត៌មានក្នុងស្រុកដឹងថា
ដោយមានយុទ្ធនាការល្អប្រសើរដែលធ្វើឱ្យ តួលេខនៃអ្នកកើតរោគនេះបានថយចុះ ហើយមន្ដ្រីសុខាភិបាលក៏បានបែងចែកមុងសុវត្ថិភាព ការពារសត្វមូសខាំ ទៅកាន់ក្រុមប្រឈមមុខនឹងរោគនេះ ឲ្យដំណើរការល្អប្រសើរផងដែរ ។ បើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់បានឲ្យដឹងថា អ្នកដែលមានជម្ងឺគ្រុនចាញ់ភាគច្រើន គឺកើតឡើងចំពោះមនុស្សនៅចន្លោះអាយុចាប់ពី១៥ឆ្នាំទៅ៤៩ឆ្នាំ ហើយខេត្តដែលមានអាត្រាអ្នកកើតជម្ងឺគ្រុនចាញ់ខ្ពស់ គឺខេត្តក្រចេះ ឧត្តរមានជ័យ សៀមរាប និងខេត្តរតនគីរី។
ភាគច្រើនជម្ងឺគ្រុនចាញ់ កើតឡើងនៅរដូវភ្លៀង ពោលគឺចន្លោះពីខែឧសភាដល់ខែឆ្នូ។ ក្រុមគ្រូពេទ្យជំនាញបានណែនាំថា ប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់ប្រឈមនឹងជម្ងឺនេះ គួរតែស្ថិតនៅក្នុងមុងនៅចន្លោះម៉ោង៦ល្ងាចដល់ម៉ោង៦ព្រឹក ពីព្រោះជម្ងឺនេះ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយសារមូសដែកគោលញីខាំ ហើយមូសនេះភាគច្រើនខាំនៅចន្លោះពីម៉ោង៦ល្ងាចទៅដល់ម៉ោង៦ព្រឹក។ ចំណុចសំខាន់នៃការបង្ការ
ជម្ងឺគ្រុនចាញ់ គឺក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ត្រូវអប់រំផ្សព្វផ្សាយឲ្យប្រជាជនកម្ពុជា យល់ដឹងអំពីមូលហេតុនៃជម្ងឺគ្រុនចាញ់។ ហើយចំពោះការព្យាបាលជម្ងឺគ្រុនចាញ់នេះ គឺការណែនាំគាត់ឲ្យទៅរកកន្លែងព្យាបាលដែលត្រឹមត្រូវ ដូចជានៅតាមមណ្ឌលសុខភាព និងពិគ្រោះជាមួយអ្នកស្ម័គ្រចិត្តភូមិជាដើម។ មួយវិញទៀត ការប្រើប្រាស់ប្រព័ន្ធអប់រំសុខភាពផ្សព្វផ្សាយតាមរយៈវិទ្យុ ទូរទស្សន៍ និងនៅសហគមន៍តាមមន្រ្តី ភូមិ ឃុំ-សង្កាត់ ក៏ជាប្រសិទ្ធភាពដ៏ល្អប្រសើរផងដែរដើម្បីចូលរួមផ្សព្វផ្សាយ និងបញ្ជៀបចំណេះដឹងដល់ប្រជាពលរដ្ឋទាក់ទិនទៅនឹងជម្ងឺគ្រុនចាញ់។
កម្ពុជា បានដាក់គោលដៅមួយ ដោយកម្ចាត់រោគគ្រុនចាញ់ឲ្យបាននៅឆ្នាំ២០២៥ ហើយក៏សូមធ្វើការអំពាវនាវស្វែងរកថវិកា សម្រាប់ទ្រទ្រង់គម្រោងការលុបបំបាត់ជម្ងឺគ្រុនចាញ់នេះ ដែលក្នុងមួយឆ្នាំត្រូវការទឹកប្រាក់ប្រមាណ២០លានដុល្លារ។ បើតាមប្រសាសន៍របស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីសន្និសីទសារព័ត៌មាននាឆ្នាំ២០១១កន្លងទៅ បានឲ្យដឹងផងដែរថា ប្រទេសកម្ពុជានឹងអាចលុបបំបាត់ជម្ងឺគ្រុនចាញ់បានទាំងស្រុងនៅឆ្នាំ២០២៥។
ជម្ងឺគ្រុនចាញ់គឺជាជម្ងឺដ៏ប្រល័យមួយនៅទូទាំងពិភពលោក ជាពិសេសនៅទ្វីបអាហ្វ្រិក។ នៅឆ្នាំ២០០៩ ក្នុងពិភពលោកមានអ្នកស្លាប់ដោយសារជម្ងឺនេះចំនួនជាង៧៨ម៉ឺននាក់។ គួរបញ្ជាក់ថា បើយោងតាមតួលេខរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់បានឲ្យដឹងថា កាលពីឆ្នាំ២០០០ ប្រទេសកម្ពុជាមានអ្នកជម្ងឺគ្រុនចាញ់ចំនួន១២៩ ១៦៧នាក់ ហើយអាត្រានេះ បានធ្លាក់ជាបន្តបន្ទាប់រហូតដល់ចំនួន៥៦ ២១៧នាក់ នាឆ្នាំ២០១០។ រីឯនៅឆ្នាំ២០១១កន្លងទៅនេះ មានជម្ងឺគ្រុនចាញ់ចំនួន៦២ ៦៩០ករណី និងបានសម្លាប់ពលរដ្ឋកម្ពុជាអស់ចំនួន៩៨នាក់ ហើយនៅដើមឆ្នាំ២០១២នេះ ជម្ងឺគ្រុនចាញ់បានសម្លាប់ពលរដ្ឋកម្ពុជា២៧នាក់ មាន២៩ ៥១០ករណី។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២
Leave a Reply