ខ្លាច​ជារោគ​សញ្ញា​ផ្លូវចិត្ដ

ការខ្លាច​កើតមាន​នៅលើ​មនុស្ស​គ្រប់វ័យ​គ្រប់ភេទ គ្មាន​នរណា​ម្នាក់អាច​ចៀសផុត​បានឡើយ។ មិនថាតែ​ជាតិសាសន៍​ណាទេ ទោះ​បីមាន​ភាព​ក្លាហាន​កម្រិតណា​ក៏ដោយ ក៏នៅតែ​មានការ​ខ្លាចដែរ។ គ្រាន់តែ​កម្រិត​នៃការ​ខ្លាចមាន​ទំហំ ឬសណ្ឋាន​ខុសៗគ្នា ទៅតាម​ប្រភេទ​នៃការ​ខ្លាចនីមួយៗ។ អ្នកខ្លះ​មានការ​ខ្លាចធម្មតា ដែលជា​លក្ខណៈ​ធម្មជាតិ​របស់​បុគ្គល​គ្រប់រូប។ អ្នកខ្លះ​ទៀត ខ្លាច​មិន​សមហេតុ​ផលតាម​កាលៈទេសៈ​ទាល់តែ​សោះ។ បុគ្គល​ដែលមាន​ការខ្លាច​ខុស​ប្រក្រតី រមែង​តែងតែ​បង្កឱ្យ​មាន​ផលវិបាក​នៅក្នុង​ជីវិត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ប្រធាន​បទ ខ្លាច ត្រូវបាន​លោកស្រី​វេជ្ជបណ្ឌិត ចក ធីតា ឯកទេស​វិកលវិទ្យា និងជា​អនុប្រធាន​កម្មវិធី​ជាតិ​សម្រាប់​សុខភាពផ្លូវចិត្ដ​នៃ​ក្រសួង​សុខាភិបាល ធ្វើការ​បកស្រាយ​បំភ្លឺ​ជូន​ប្រិយមិត្ដ​អ្នកអាន​ឱ្យបាន​ជ្រាប តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

អ្វីទៅ​ហៅថា ខ្លាច?

ខ្លាច គឺជា​រោគសញ្ញា​នៃ​ជម្ងឺផ្លូវ​ចិត្ដដែល​ទាក់ទង​ទៅនឹង​អារម្មណ៍ ហើយ​ខ្លាចនេះ​កើតឡើង​ដោយសារ​តែបុគ្គល​នោះមាន​បទពិសោធ ឬធ្លាប់​បានជួប​ប្រទះ​នូវ​ហេតុការណ៍​និង​រឿងរ៉ាវ​អាក្រក់​ណាមួយ​នៅក្នុង​ជីវិត។

ប្រភេទ​នៃការ​ខ្លាច

មនុស្ស​គ្រប់វ័យ​តែងតែ​ទទួល​អារម្មណ៍​ខ្លាច។ នេះជា​រឿង​ធម្មតា​ដែលកើត​មាន​សម្រាប់​បុគ្គល​ទូទៅ។ ប៉ុន្ដែអ្នក​ដែល​ទទួល អារម្មណ៍​ខ្លាចមាន​ប្រភេទ​ខុសៗគ្នា។ ដូចនេះ​គេអាច​បែងចែក​ការខ្លាច​ជា២​ប្រភេទគឺ ការខ្លាច​ធម្មតា និងការ​ខ្លាចមិន​ធម្មតា។

1 . ការខ្លាច​ធម្មតា ៖ គឺជា​ការខ្លាច​សមហេតុ​សមផល សមស្រប​ទៅតាម​កាលៈទេសៈ ហើយជា​លក្ខណៈ​ធម្មជាតិ​របស់ មនុស្ស​ទូទៅ។ ការខ្លាច​នេះកើត​ឡើងតែ​ក្នុង​រយៈពេល​ខ្លី រួចក៏​សាបរលាប​ទៅវិញ។ ការខ្លាច​នេះពុំ​វិវត្ដន៍​ទៅជា​ជម្ងឺអ្វី​ឡើយ។

2 . ការខ្លាច​មិនធម្មតា ៖ គឺជា​ការខ្លាច​មិន​សមហេតុ​ផល សមស្រប​ទៅតាម​កាលៈទេសៈ​ទេ។ មនុស្ស​តិចណាស់​ដែលកើតមាន​ការខ្លាច​ប្រភេទ​នេះ ហើយនៅ​ស្ថិតស្ថេរ​រយៈពេល​យូរ ថែមទាំង​វិវត្ដន៍​ទៅជា​ជម្ងឺផ្លុវចិត្ដ​មួយចំនួន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

មូលហេតុ​បង្ក​ការខ្លាច

មាន​មូលហេតុ​ផ្សេងៗ​គ្នា ទៅតាម​ប្រភេទ​នៃការ​ខ្លាច​នីមួយៗ។

1 . ការ​ខ្លាចធម្មតា ៖ បុគ្គល​ដែលមាន​ការខ្លាច​ធម្មតា ដោយ​សារតែ​បុគ្គលនោះ​មិនដែល​មាន​បទពិសោធ ឬធ្លាប់​ជួបប្រទះនូវ​ហេតុការណ៍​ដែល​គួរឱ្យ​តត់ស្លុត ភ័យរន្ធត់​ណាមួយ​ឡើយ។ បុគ្គល​រូបនេះ​គ្រាន់តែ​ជាមនុស្ស​ដែលមាន​អារម្មណ៍​ខ្លាចមុន​ព្រឹត្ដិការណ៍កើតឡើង ដូចជា​ខ្លាច​អ្នកមាន​បុណ្យសក្ដិ​ខ្ពស់ ខ្លាច​យន្ដហោះ​ធ្លាក់ ខ្លាច​រថយន្ដ​ក្រឡាប់ ខ្លាច​ឆ្លងថ្នល់ ឬខ្លាច​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗទៀត ដែល​បង្កឱ្យ​មាន​របួស​ស្នាម។ និយាយ​ជារួម​បុគ្គល​ដែលមាន​អារម្មណ៍​ខ្លាច​ប្រភេទ​នេះមាន​ការ​រុញរា បើធ្វើ​អ្វីមួយ​គឺ​ជ្រើសរើស យកតែ​កិច្ចការ​ណាដែល​មានភាព​ងាយស្រួល មិនហ៊ាន​ធ្វើ​កិច្ចការ​ណាដែល​ពិបាក ព្រោះខ្លាច​ត្រូវគេ​ស្ដីបន្ទោស។ សូម​បញ្ជាក់​ថា នេះជាការ​ពិតអំពី​ព្រឹត្ដិការណ៍​ដែលខ្លាច តែមាន​រយៈពេល​ខ្លី​រួចបាត់​ទៅវិញ។

២ . ការខ្លាច​មិន​ធម្មតា ៖ សម្រាប់​បុគ្គល​ដែលខ្លាច​មិនសម​ហេតុផល មិន​សមស្រប​តាម​កាលៈទេសៈ​ជាការ​ខ្លាចមិន​ធម្មតា ដោយសារ​តែបុគ្គល​រូបនោះ​ធ្លាប់មាន​បទពិសោធ ឬធ្លាប់​ជួប​ប្រទះ​នូវ​ព្រឹត្ដិការណ៍​ជាក់ស្ដែង​ណាមួយ​ផ្ទាល់ភ្នែក ដែលគួរ​ឱ្យភ័យ​រន្ធត់ តត់ស្លុត​ខ្លាំងពេក។ ជា​អាទិបុគ្គល​នេះធ្លាប់​ត្រូវបាន​គេចាប់​យកទៅ​ឃុំខ្លួន ដើម្បី​រំលោភ ឬវាយ​ដំធ្វើ​បាបលើ​រាងកាយ ដោយ​សារ មាន​គំនុំ។ ធ្លាប់ត្រូវ​បានគេ​ចាប់​ជម្រិត។ ធ្លាប់ត្រូវ​បាន​ចោរប្លន់​យក​ទ្រព្យសម្បត្ដិ​ក្នុងផ្ទះ ឬធ្លាប់​ជួប​ប្រទះនូវ​អំពើ​មនុស្ស​ឃាត​ឃាតកម្ម ឬ​ទទួល​នូវការ​គំរាម​កំហែង​ណាមួយ​ផ្សេងទៀត។ បុគ្គល​ដែលជួប​ប្រទះនូវ​សភាពការណ៍​ធ្ងន់ធ្ងរ តែងមាន​ការ​រាងចាល មិនចង់​ឃើញដឹង​ឮនូវ​រឿងរ៉ាវ​អាក្រក់​ដូចនេះ​ទៀត ហើយ​តែងតែ​មាន​អារម្មណ៍​ខ្លាច​ជួបប្រទះ​នូវ​ហេតុការណ៍​ទាំងនេះ​ទៀត។ ពេល​ទៅណាមកណា បុគ្គលនេះ​តែងតែ​ចង់មាន​គ្នាឱ្យ​មានភាព​កក់ក្ដៅ​នៅក្នុង​ខ្លួន ព្រោះខ្លាច​មានគេ​ធ្វើបាប។

រោគ​សញ្ញា​នៃការ​ខ្លាច

មាន​អាការ​មួយចំនួន​ដែល​លេចឡើង​ពី​ផ្លូវកាយ និង​ផ្លូវចិត្ដ អាចឱ្យ​គេធ្វើ​ការសម្គាល់​បានគឺ ៖

  • រោគសញ្ញា​ផ្លូវកាយ ៖ ត្រជាក់​ដៃជើង ឬញ័រ​ដៃញ័រជើង ញ័រ​ដើមទ្រូង បេះដូង​ដើរលឿន ដកដង្ហើម​ថប់ៗ វិលមុខ គេងមិន​លក់ ឈឺក្បាល ស្រវាំង​ភ្នែក អស់កម្លាំង​ល្ហិតល្ហៃ ទឹកមុខ​ស្លេកស្លាំង​មិន​ស្រស់បស់ នៅពេល​ដែលបាន​ឮគេនិយាយ​រឿង​តក់ស្លុត​អ្វីមួយ។ល។
  • រោគសញ្ញា​ផ្លូវចិត្ដ ៖ ឆាប់ខឹង ឆាប់​មួម៉ៅ ឆាប់​តប់ប្រមល់ ឆាប់​ភ័យព្រួយ ឆាប់រន្ធត់​តក់ស្លុត ឆាប់​រំជួលចិត្ដ អារម្មណ៍​ឆាប់ប្រែប្រួល​ពីសប្បាយ​ទៅជា​ទុក្ខ គិតច្រើន​តែរឿង​ដែលធ្លាប់​ជួបប្រទះ។

ផល​ប៉ះពាល់​នៃការ​ខ្លាច

លោកអ្នក​ដែល​ទទួល​អារម្មណ៍​ខ្លាច​សមហេតុ​ផល តាម​កាលៈទេសៈ គឺជាការ​ខ្លាច​ធម្មតា។ ហើយ​ការខ្លាច​ប្រភេទ​នេះមិន បានធ្វើ​ឱ្យមាន​ផលវិបាក​អ្វីឱ្យ​ធ្ងន់ធ្ងរ​ទេ។ គ្រាន់តែ​ពិបាក​ធ្វើការ​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ ហើយ​ធ្វើអ្វី​មិន​ស្វាហាប់ ហើយ​មានការរារែក​ក្នុងចិត្ដ និងធ្វើ​ឱ្យការ​រស់នៅ​មានការ​លំបាក​បន្ដិចបន្ដួច​តែ​ប៉ុណ្ណោះ។ សម្រាប់​បុគ្គល​ដែលមាន​អារម្មណ៍​ខ្លាចមិន​សមហេតុ​ផល មិនចេះ​បត់បែន​តាម​កាលៈទេសៈ គឺជា​ប្រភេទ​នៃការ​ខ្លាចមិន​ធម្មតា ហើយ​បង្កឱ្យ​មាន​ផលប៉ះពាល់​ច្រើននៅ​ក្នុងសង្គម និងក្រុម​គ្រួសារ។ មិនតែ​ប៉ុណ្ណោះ ការខ្លាច​ប្រភេទ​នេះវា​វិវត្ដន៍​ឱ្យទៅ​ជាជម្ងឺ​មួយចំនួន​ដែល​ទាក់ទង​ទៅនឹង​ផ្លូវចិត្ដ ដូចជា​ជម្ងឺ​បាក់ស្បាត ជម្ងឺ​វិកលចរិត ជម្ងឺធ្លាក់​ទឹកចិត្ដ ជម្ងឺថប់​អារម្មណ៍​ជាដើម។

ដំបូន្មាន​អ្នក​ឯកទេស

ប្រសិន​បើក្នុង​ក្រុមគ្រួសារ​មាន​សមាជិក​ម្នាក់​ទទួល​អារម្មណ៍​នូវការ​ខ្លាចខុស​ប្រក្រតី លោកអ្នក​មិនត្រូវ​បណ្ដោយឱ្យ​គេចេះ តែមាន​អារម្មណ៍​ភិតភ័យ​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​នេះតទៅ​ទៀតឡើយ។ ព្រោះវា​នាំឱ្យ​មានការ​វិវត្ដន៍​ទៅជា​ជម្ងឺផ្លូវចិត្ដ​មួយ​ចំនួន ហើយ​បង្កឱ្យ​មាន​ផលវិបាក​ទៅថ្ងៃ​អនាគត។ លោកអ្នក​ត្រូវនាំ​ឱ្យគេ​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ជួបអ្នក​ជំនាញ​ខាងសុខភាព​ផ្លូវចិត្ដ ធ្វើ ការ​ព្យាបាល ដើម្បី​បន្ថយភាព​ខ្លាច​នៅក្នុង​អារម្មណ៍​របស់​បុគ្គលនោះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *