នៅពេលសម្រាលកូនរួច សុខភាពស្ដ្រីច្រើនចុះខ្សោយ ដែលទាមទារឱ្យអ្នកជុំវិញយកចិត្ដទុកដាក់ និងថែទាំ។ ប្រសិនបើ មានការធ្វេសប្រហែសដោយប្រការណាមួយ ស្ដ្រីដែលទើបសម្រាលកូនរួចងាយរងវិបត្ដិ ជាពិសេសផ្នែកសតិអារម្មណ៍។ ការប៉ះពាល់ ផ្នែកសតិអារម្មណ៍នេះអាចបង្កបញ្ហាជាច្រើនដែលធ្វើឱ្យមានជម្ងឺផ្លូវចិត្ដបាន។
លោកស្រីវេជ្ជបណ្ឌិត ចក ធីតា អនុប្រធានកម្មវិធីជាតិសម្រាប់សុខភាពផ្លូវចិត្ដនៃក្រសួងសុខាភិបាល ចូលរួមបកស្រាយពី បញ្ហាវិបត្ដិស្ដ្រីក្រោយពេលសម្រាលកូន តាមរយៈទស្សនាវដ្ដី សុខភាពយើង។
សញ្ញាណនៃការប៉ះទង្គិចផ្លូវចិត្ដ
បញ្ហាផ្លូវចិត្ដអាចបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពស្ដ្រីដោយធ្វើឱ្យស្ដ្រីចុះស្គម ស្លេកស្លាំង ឈឺក្បាល ក្ដៅខ្លួន ក្អកស្ងួត គេងមិនលក់ជាដើម។ បើព្យាបាលមិនទាន់ពេលវេលា ជួនកាលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតបាន។ ទំនៀមទម្លាប់ខ្មែរយើង តែងយល់ថានេះជាការទាស់ ហើយអាចបណ្ដាលឱ្យមានសភាពធ្ងន់ធ្ងរ ប្រសិនបើស្ដ្រីមានការប៉ះទង្គិចផ្លូវចិត្ដខ្លាំងក្លា។ ហេតុដូចនេះ ហើយ ទើបស្ដ្រីក្រោយពេលសម្រាលតែងតែត្រូវបានយកចិត្ដទុកដាក់បំផុតពីសំណាក់ក្រុមគ្រួសារ។
មូលហេតុដែលធ្វើឱ្យស្ដ្រីមានវិបត្ដិក្រោយពេលសម្រាល
មូលហេតុដែលនាំឱ្យស្ដ្រីមានវិបត្ដិក្រោយពេលសម្រាលកូនមានច្រើនយ៉ាងទៅតាមការប៉ះទង្គិចក្នុងជីវភាពប្រចាំថ្ងៃ។
1 . បញ្ហាក្នុងគ្រួសារ ៖ គ្មានអ្នកណាម្នាក់ចង់មានបញ្ហានោះទេ ព្រោះកង្វល់អាចធ្វើឱ្យប៉ះពាល់ច្រើនដល់ការរស់នៅប្រចាំ ថ្ងៃ។ ពេលភរិយាកំពុងពពោះរហូតដល់់ពេលសម្រាល ស្វាមីមួយចំនួនដើរចោលផ្ទះមិនរវីរវល់ជាមួយភរិយាឡើយ។ ហេតុនេះហើយ ទើបធ្វើឱ្យស្ដ្រីពិបាកចិត្ដ ព្រោះគិតថាខ្លួនមិនស្អាត រូបរាងផ្លាស់ប្ដូរ និងមិនអាចរួមភេទបាន ទើបស្វាមីដើរចោលខ្លួនបែបនេះ។ ទន្ទឹមនឹង នោះក៏អាចបណ្ដាលមកពីរឿងរ៉ាវផ្សេងៗ ដែលកើតមានចំពោះឪពុកម្ដាយបងប្អូនផងដែរ។
2 . មានកូនមិនតាមប្រាថ្នា ៖ ការពពោះមិនទាន់រៀបការ ការចាប់រំលោភ ឬការមានកូនដែលមិនចង់បានជាដើម ទាំងនេះគឺជាកត្ដាជំរុញឱ្យស្ថានភាពផ្លូវចិត្ដរបស់ស្ដ្រីរងការប៉ះទង្គិចដែលអាចក្លាយជាវិបត្ដិបាន។
3 . បញ្ហាមកពីផ្លូវចិត្ដដែលមានស្រាប់ ៖ រឿងរ៉ាវដែលពីមុនបានជួបប្រទះដោយមិនអាចទទួលយកបាន ទើបស្ដ្រីក្រោយពេលសម្រាលមានកង្វល់អាចកើតជាទាស់។ ទាស់អាចធ្វើឱ្យស្ដ្រីមានជម្ងឺថប់អារម្មណ៍ ជម្ងឺធ្លាក់ទឹកចិត្ដ ឬវិកលចរិតជាដើម។ បញ្ហាទាំងនេះចាប់ផ្ដើមពីការគេងមិនលក់ ញ័រទ្រូង ត្រជាក់ដៃត្រជាក់ជើង បែកញើសខុសពីធម្មតា ទទួលទានបាយមិនបាន មិនសូវនិយាយស្ដី ឬនិយាយមិនចេញ ទទួលទានដំណេកមិនលក់ជាដើម។ ក្នុងករណីធ្ងន់ធ្ងរ អាចបណ្ដាលទៅជាជម្ងឺវិកលចរិតទៀតផង។
វិធីព្យាបាលស្ដ្រីមានវិបត្ដិក្រោយពេលសម្រាល
បញ្ហាផ្លូវចិត្ដទាមទារការព្យាបាលជាការចាំបាច់ ដើម្បីបង្ការកុំឱ្យឈានទៅរកភាពធ្ងន់ធ្ងរ។ ការព្យាបាលជម្ងឺផ្លូវចិត្ដមាន លក្ខណៈប្លែកពីការព្យាបាលជម្ងឺផ្សេងៗ ហើយទាមទារនូវអ្នកជំនាញច្បាស់លាស់។
1 . ការព្យាបាលដោយការផ្ដល់ប្រឹក្សា ៖ ក្នុងគោលបំណងចង់ឱ្យស្ដ្រីដែលមានបញ្ហាផ្លូវចិត្ដចេះស្វែងយល់បញ្ហាទាំងឡាយ ដែលកំពុងជួបប្រទះ និងជួយឱ្យស្ដ្រីដោះស្រាយបញ្ហាដោយខ្លួនឯង។ គ្រួសារមានតួនាទីសំខាន់ក្នុងការជួយគាំទ្រស្ដ្រីឱ្យធូរស្រាលបញ្ហាផ្លូវចិត្ដទាំងឡាយកំពុងកើតមាន។ ស្វាមីគ្រប់រូបមានតួនាទីថែទាំភរិយាទាំងផ្លូវកាយ និងផ្លូវចិត្ដ ជាពិសេសធ្វើឱ្យស្ដ្រីមានអារម្មណ៍ល្អ ប្រកបដោយសេចក្ដីសុខ និងសុវត្ថិភាព។
2 . ការព្យាបាលដោយថ្នាំ ៖ ទាមទារឱ្យអ្នកជម្ងឺទៅជួបគ្រូពេទ្យជំនាញដើម្បីពិភាក្សា និងការប្រើថ្នាំឱ្យបានត្រឹមត្រូវ។ ចំពោះ ការប្រើថ្នាំអាចធ្វើឱ្យស្ដ្រីក្រោយពេលសម្រាលមានសាច់ឈាមស្រស់ថ្លាដូចប្រក្រតីវិញបាន។
វិធីការពារមិនឱ្យស្ដ្រីមានវិបត្ដិក្រោយពេលសម្រាល
បន្ទាប់ពីសម្រាលកូនរួច ស្ដ្រីតែងមានសុខភាពចុះខ្សោយទាំងផ្លូវកាយ និងផ្លូវចិត្ដ។ នៅក្នុងដំណាក់កាលនេះ ស្ដ្រីត្រូវការ ចាំបាច់នូវការយកចិត្ដទុកដាក់ពីក្រុមគ្រួសារ ជាពិសេសស្វាមីរបស់ខ្លួន។ សូមអានអត្ថបទតួនាទីស្វាមី ពេលភរិយាមានផ្ទៃពោះ ដែល មានចេញផ្សាយក្នុងទំព័រទស្សនាវដ្ដី សុខភាពយើងលេខ០០៨ ប្រចាំខែកញ្ញា ឆ្នាំ២០០៦។ ដូច្នេះសមាជិកក្នុងផ្ទះគួរតែឧស្សាហ៍នាំ រឿងរ៉ាវសប្បាយៗនិយាយប្រាប់ ចៀសវាងទុកឱ្យស្ដ្រីដែលទើបសម្រាលកូនរួចនៅម្នាក់ឯង ជាហេតុនាំឱ្យគិតច្រើន។
ដំបូន្មានអ្នកប្រឹក្សា
ក្រុមគ្រួសារមានសុភមង្គលបានអាស្រ័យលើការយោគយល់គ្នាទៅវិញទៅមក។ ស្វាមីគប្បីយកចិត្ដទុដាក់ជាមួយភរិយានៅ ពេលសម្រាល ឬក្រោយពេលសម្រាល ព្រោះពេលនោះជាពេលដែលស្ដ្រីត្រូវការថ្នាក់ថ្នម ការយកចិត្ដទុដាក់ពីសំំណាក់ស្វាមី និងក្រុម គ្រួសារ។ ស្ដ្រីក៏គួរតែយកចិត្ដទុកដាក់ចំពោះខ្លួនឯងផងដែរ ទៅលើការថែរក្សាសុខភាព និងអនាម័យ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៥ ខែធ្នូ ឆ្នាំ២០០៨