រោមគឺជាកោសិកាដែលដុះលើរាងកាយរបស់មនុស្សគ្រប់រូប។ រោមមានតួនាទីជួយការពារស្បែក និងជួយបង្កើននូវសោភ័ណភាពនៃស្បែក។ ប៉ុន្ដែប្រសិនបើនៅលើខ្លួនពោរពេញទៅដោយរោមដែលច្រើនលើសពីសេចក្ដីត្រូវការនោះ វាក៏ជាកង្វល់មួយ ចំពោះសម្រស់នៃរាងកាយផងដែរ។ តើមានវិធីសាស្ដ្រណា ដែលអាចជួយដោះស្រាយនូវកង្វល់ទាំងនេះបានដែរឬទេ?
នៅពេលនេះ ទស្សនាវដ្ដី សុខភាពយើង សូមលើកវិធីសាស្ដ្រចំនួនពីរក្នុងការបំបាត់រោមនៅលើដងខ្លួន ដោយមានការចូល រួមបកស្រាយរបស់លោកស្រី សិទ្ធិ ច័ន្ទហេង អ្នកជំនាញនៅសាលាបង្រៀនកែសម្ផស្បថបស្ដៃយ៍។
វិធីសាស្ដ្រនៃការបំបាត់
កាលពីមុនតែងតែនិយមកោរ ឬដករោមនោះចេញ នៅទីកន្លែងណាដែលមិនពេញចិត្ដ។ ប៉ុន្ដែការធ្វើបែបនេះនាំឱ្យឈឺចាប់ ហើយធ្វើឱ្យរោមដែលដុះមកលើកក្រោយច្រើនក្រាស់ជាងមុន និងធ្វើឱ្យគល់រោមឡើងធំនាំឱ្យបាត់បង់សោភ័ណភាព។ នៅពេលបច្ចុប្បន្ននេះ មានវិធីទំនើបជាច្រើនដែលអាចកម្ចាត់រោមនៅលើងដងខ្លួនបានដោយងាយ និងគ្មានការឈឺចាប់ថែមទៀតផង។ វិធីជម្រុះរោមនៅលើដងខ្លួនមាន២ គឺវិធីបំបាត់រោមដោយផលិតផលឡេលាប និងជ័រកាវ។
1 . វិធីទី១ ឬវិធីបំបាត់រោមដោយឡេលាប ៖ គេអាចបំបាត់រោមបាន ដោយគ្រាន់តែប្រើនូវផលិតផលម្យ៉ាងដែលមាន សណ្ឋានស្រដៀងទៅនឹងឡេលាបស្បែក។ ដំបូងគឺចាប់ផ្ដើមដោយការលាបនៅលើស្បែកនៅកន្លែងណាដែលយើងចង់ជម្រុះរោមចោល នោះប្រមាណជា៥ទៅ១០នាទីតែប៉ុណ្ណោះ។ បន្ទាប់មកលោកអ្នកនឹងឃើញយ៉ាងច្បាស់ថា រោមដែលលោកអ្នកមិនពេញចិត្ដទាំងនោះ នឹងជ្រុះអស់ដូចបំណង និងមិនមានការឈឺចាប់ឡើយ។ ប៉ុន្ដែបន្ទាប់ពីបានជម្រុះរួចរាល់ហើយ ចាំបាច់ត្រូវធ្វើការម៉ាស្សាទៅលើកន្លែងណាដែលបានជម្រុះរោមនោះ ដើម្បីធ្វើឱ្យស្បែក-ស និងទន់រលោង។ ព្រោះតាមធម្មតាស្បែកត្រូវបានការពារពីកម្ដៅថ្ងៃដោយ រោម កាលណាជម្រុះរោមចេញអស់វាអាចធ្វើឱ្យស្បែកស្ងួតបាន។ ដូច្នេះពេលដែលជម្រុះរោមរួចរាល់ហើយ ចាំបាច់ត្រូវប្រើផលិតផលជំនួយស្បែក ឬផលិតផលការពារកម្ដៅថ្ងៃ ដើម្បីជួយឱ្យស្បែកមានសំណើម។
2 . វិធីទី២ ឬវិធីបំបាត់រោមដោយជ័រកាវ ៖ ចំពោះវិធីសាស្ដ្រទីពីរនេះ គឺគេអាចប្រីនូវផលិតផលម្យ៉ាងទៀតបានដែលមានសភាពដូចជាជ័រកាវ។ ដំបូងអ្នកជំនាញត្រូវធ្វើការសម្អាតស្បែកជាមួយសាប៊ូដែលស្របទៅតាមប្រភេទនៃស្បែកជាមុនសិន។ បន្ទាប់មកទើបយកកាវលាបនៅកន្លែងដែលចង់បំបាត់រោមនោះ។ ក្រោយមកទៀតទើបធ្វើការកម្ដៅកាវដែលលាបនៅលើស្បែក ដើម្បីឱ្យ មានប្រតិកម្មរវាងជ័រកាវជាមួយកម្ដៅ។ បន្ទាប់មកទៀតគេយកក្រដាសមកបិទពីលើ រួចទុកប្រមាណជា១៥នាទី ទើបបកក្រដាស នោះចេញវិញ។ ពេលនោះលោកអ្នកនឹងឃើញរោមរបស់លោកអ្នកជាប់ជាមួយក្រដាសទាំងនោះជាក់ជាមិនខានឡើយ។ ក្រោយពីការ បករោមចេញហើយ គេនឹងធ្វើការម៉ាស្សាស្បែកដោយប្រើផលិតផលការពារស្បែកដូចគ្នាទៅនឹងវិធីទី១ដែរ។
ដំបូន្មានអ្នកឯកទេស
ដោយសារវិទ្យាសាស្ដ្រមានភាពជឿនលឿន លោកអ្នកមិនចាំបាច់ដក ឬកោររោមនាំតែមានការឈឺចាប់ទេ លោកអ្នក គ្រាន់តែប្រើប្រាស់ផលិតផលមួយចំនួនដែលមានប្រសិទ្ធភាពក្នុងការជម្រុះរោម ដោយគ្មានការឈឺចាប់អ្វីទាំងអស់។ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺត្រូវជ្រើសរើសទីកន្លែងណាដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ត្រឹមត្រូវក្នុងការព្យាបាល ទើបជាការប្រសើរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៥ ខែធ្នូ ឆ្នាំ២០០៨
Leave a Reply