ចំនួន​ចោរ​លួច ចោរ​ប្លន់​នៅ​កម្ពុជា​​កើន​ឡើង​ដោយ​សារ​ចំនួន​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​កើន​ឡើង​

មតិ​ជា​សកល​ខ្លះ​បាន​លើក​ឡើង​ថា បើ​ប្រទេស​ជាតិ​ណា​មួយ​សម្បូ​រអ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ហើយ​នោះ​ ប្រទេស​ជាតិ​នោះក៏​នឹង​សម្បូរ​ចោរ​លួច​ ចោរ​ប្លន់​ផង​ដែរ​ ជា​ពិសេស​ភាព​អសន្តិ​សុខ​ក៏​កើត​មាន​ច្រើន​ឡើងៗ​ផង​ដែរ​នៅ​ក្នុង​សង្គម​ជាតិ​នោះ។ តើ​ការ​លើក​ឡើង​នេះ ពិត​ជា​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ?​ តើ​នៅ​ក្នុង​សង្គម​កម្ពុជា​នា​ពេល​បច្ចប្បន្ន​សម្បូរ​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដែរ​ឬ​ទេ ទើប​បាន​ជា​រៀង​រាល់​ថ្ងៃ​អំពើ​ចោ​លួច​ ចោរ​ប្លន់​មាន​សឹង​គ្រប់​ទំព័រ​កា​សែត​ និង​សារ​ព័ត៌​មាន​ផ្សេងៗ​ជា​រៀង​រាល់​ថ្ងៃ​មិន​ចេះ​អស់​មិន​ចេះហើ​យ?​

រូបភាពគេហទំព័រសុខភាពយើង

បើ​តាម​ការ​ឲ្យ​ដឹង​ពី​សារ​ព័ត៌​មាន​ក្នុង​ស្រុក នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុ​ប្បន្ន​ ប្រជា​ជន​កម្ពុជា​បាន​និង​កំពុង​ប្រើ​កញ្ឆា បន្ថែម​ពី​លើ​ម្ហូប​អាហារ​ខ្មែរ ជា​ពិសេស​ម្ហូប​ស៊ុប​ជា​ដើម ដែល​ល្បី​ល្បាញ​ក្នុង​ការ​ប្រើ​កញ្ឆា​ ដែល​អាច​ទិញ​បាន​នៅ​លើ​ទីផ្សារ​ បារ​ ក្លឹប​ និង​តាម​ផ្លូវ​កាច់​ជ្រុង ដែល​មិន​ទាន់​ត្រូវ​បាន​លុប​បំបាត់​ចោល​ទាំង​ស្រុង​នៅ​ឡើយ។​ ប៉ុន្តែ​បញ្ហា​សំខាន់​មិន​មែន​ស្ថិត​នៅ​លើ​កញ្ឆា​នោះ​ទេ គឺ​បញ្ហា​គ្រឿង​ញៀន​ទៅ​វិ​ញ​ទេ ដែល​បាន​នាំ​ចូល​ជា​ច្រើន​ប្រភេទ​ ដូច​ជា​មេតាំ​ហ្វេ​តា​មីន​(Meth Amphetamines) ឬ​ថ្នាំ​ដែល​មាន​លាយ​សារធាតុ​ចម្រុះ​ រាប់​បញ្ចូល​ទាំង​ Amhetamine ឬ​យ៉ា​ម៉ា ដែល​កំពុង​គំរាម​កំហែង​យុវ​ជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​ថ្ងៃ​អនាគត។​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន គេ​សម្គាល់​ឃើញ​ថា បាន​មាន​ការ​កើន​ឡើង​ជា​ច្រើន​ផង​ដែរ​នៅ​ក្នុង​សង្គម​កម្ពុជា​ តាម​រយៈ​រូប​ភាព​នៃ​ការ​ចុះបង្ក្រាប​កន្លែង​ផលិត​គ្រឿង​ញៀន​ និង​ការ​ចាប់​បាន​ក្រុម​ចែក​ចាយ​គ្រឿង​ញៀន​មួយ​ចំនួន​ធំ​ជា​បន្ត​បន្ទាប់​ដោយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ជា​ដើម។​ ការ​ចុះប​ង្រាប​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​សាទរ​ជា​ខ្លាំង​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់។​ ប៉ុន្តែ​ការណ៍​នេះ​ក៏​បង្កើន​ក្តី​កង្វល់​ជាច្រើ​ន​ផង​ដែរ​ដល់​ប្រជាជន​កម្ពុជា​មួយ​ចំនួន​នៅ​ពេល​បាន​ដឹង​ថា​កម្ពុជា​មាន​ចំនួន​ប្រើ​ប្រាស់​ ចែក​ចាយ និង​ផលិត​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស។​

ការ​កើន​ឡើង​នូវ​ចំនួន​ចោរ​លួច ចោរ​ប្លន់ កាន់​តែ​ច្រើន​ក៏​មាន​ជាប់​ទាក់​ទិន​ទៅ​នឹង​ការ​ប្រើ​ថ្នាំញៀន​ផង​ដែរ។ ការ​លួច​ឆក់​ប្លន់​ជា​ច្រើន​ បាន​ធ្វើ​ឡើង​ដើម្បី​យក​ប្រាក់​ទៅ​ជក់​ថ្នាំ​ញៀន​ទាំង​នោះ។ នេះ​ជា​បញ្ហា ដែល​ត្រូវ​ហាម​ឃាត់​ ដោយ​សារ​គ្មានន​រណា​ម្នាក់​អាច​និយាយ​រឿង​នេះ​បាន។ ប៉ុន្តែ​នាពេល​ច្ចុប្បន្ន បញ្ហា​នេះ​កំពុង​តែ​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​សង្គម​អាស៊ី​ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​ប្រើ​ថ្នាំ Meth Amphetamine ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​សារ​ធាតុ​នៅ​ក្នុង​ខួរ​ក្បាល​ បំផ្លាញ​ជាលិកា​នៅ​ក្នុង​សំណុំ​ខួរ​ក្បាល​ដែល​បង្ក​ភាព​សប្បាយ​រីករាយ​ដល់​មនុស្ស ហើយ​ជា​លទ្ធ​ផល​អ្នក​ប្រើ​ប្រាស់​ មិន​អាច​ជួប​រឿង​សប្បាយ​ទាំង​អស់​នោះ​រហូត​ទេ ហើយ​ការ​ប្រើ​ប្រាស់​ថ្នាំនេះ អាច​នាំ​ឲ្យ​មាន​បញ្ហា​ផ្លូវ​អារម្មណ៍ ដូច​ជា​ខួរ​ក្បាល​ខុស​ប្រក្រតី​ គេង​មិន​លក់ ធុញ​ថប់​បារម្ភ ការ​ប្រើ​អំពើ​ហិង្សា​ស្រមើ​ស្រមៃ រវើ​រវាយ និង​អាច​ឈាន​ដល់​ឆ្គួត និង​ស្លាប់​បាន​ថែម​ទៀត​ផង​ក៏​មាន។​

បើ​យោង​តាម​របាយ​ការណ៍​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​មិថុនា កន្លង​ទៅ​នា​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា ​ចំនួន​នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​មេ​តាំ​ហ្វេ​តា​មីន​កំពុង​មាន​ការ​កើន​ឡើង នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​ ការិ​យាល័យ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​កិច្ចការ​គ្រឿង​ញៀន​ និង​ឧក្រិដ្ឋ​កម្ម​បាន​បង្ហាញ​ឲ្យ​ដឹង​នូវ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​អំពី​ស្ថាន​ភាព​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ក្នុង​ពិភព​លោក​ថា ​មាន​ចំនួន​ប្រជាពល​រដ្ឋ​នៅ​លើ​ពិភព​លោក​ទាំង​មូល​ប្រមាណ​៥% បាន​និង​កំពុង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​ ហើយ​២៧​លាន​នាក់​ត្រូវ​គេ​ពិពណ៌​នា​ថា ជា​អ្នក​មាន​បញ្ហា​ជា​មួយ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន។​ ប្រទេស​ចំនួន​៦​ដែល​ស្ថិត​នៅ​ក្នុង​មហា​តំបន់​ទន្លេ​មេគង្គ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​កាន់​តែ​ច្រើន​ឡើងៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​

ការ​បណ្តុះ​បណ្តាល ​និង​កែ​ប្រែ​ជន​រង​គ្រោះ​ដោយ​សារ​គ្រឿង​ញៀន​ ក៏ជា​កិច្ចការ​ចាំ​បាច់​មួយ​ផង​ដែរ​សម្រាប់​សង្គម​កម្ពុជា​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង និង​អប់​រំ​អ្នក​ញៀន​ថ្នាំ​ទាំង​នោះឲ្យ​ដើរ​មក​រក​ផ្លូវ​ល្អ​ ជា​ជាង​ការ​ដែល​បញ្ជូន​អ្នក​ញៀន​ថ្នាំ​ទាំង​នោះ​ទៅ​ពន្ធ​ធនា​គារ។ បើ​តាម​ការិយា​ល័យ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​គ្រឿង​ញៀន​ និង​ឧក្រិដ្ឋ​កម្ម (UNODC) ដែល​សព្វ​ថ្ងៃ​កំពុង​តែ​សហការ​ជាមួយរាជ​​រដ្ឋា​ភិបាល និង​អង្គការ​​ផ្សេងៗ​ទៀត​ ដើម្បីអ​នុវត្ត​កម្ម​វិធី​ព្យាបាល​ការ​ញៀន​ថ្នាំ​តាម​សហគ​មន៍(CBTs) បាន​ឲ្យ​ដឹង​ថា ការ​បណ្តុះ​បណ្តាល​ដល់​បុគ្គលិក​សុខា​ភិបាល​ ក្នុង​ការ​កំណត់​បញ្ហា​របស់​អ្នក​ជម្ងឺ​ទាក់​ទង​ទៅ​នឹង​ថ្នាំ​ញៀន ចំណេះ​ដឹង​ក្នុង​ការ​ផ្តល់​ប្រឹក្សា​ជា​មូល​ដ្ឋាន និង​ជម្រើស​ព្យាបាល​ការ​ញៀន​ថ្នាំ​ ក៏​ដូច​ជា​ការ​គាំ​ទ្រ​បុគ្គលិក​ផ្សព្វ​ផ្សាយ​តាម​សហគមន៍​ក្នុង​គោល​បំណង​ដើម្បី​អប់​រំ​ប្រជាជន​ ដែល​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ គឺ​ជា​បញ្ហាសំ​ខាន់​ផង​ដែរ​សម្រាប់​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។​

ការ​ផ្តោត​គោល​ដៅ​ជា​សំខាន់​ទៅ​លើ​កម្ម​វិធី​ថ្នាំ​ញៀន ពាក់​ព័ន្ធ​ទៅ​នឹង​កុមារ ព្រម​ទាំង​យុវជន​ ក៏​មាន​សារៈ​សំខាន់​ខ្លាំង​ផង​ដែរ ក្នុង​ការ​ចូល​រួម​ទប់​ស្កាត់ បង្ការ​ កាត់​បន្ថយ​គ្រោះ​ថ្នាក់ និង​ការ​បន្សាប​ថ្នាំ​ញៀន​ជា​ដើម។ មួយ​វិញ​ទៀត​ ការ​កំណត់​គោល​ដៅ​ទៅ​លើ​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ដោយ​ចាក់​បញ្ចូល​ និ​ងអ្នក​ប្រើ​ថ្នាំ​យ៉ាមា​ ដែល​ប្រថុយ​ប្រថាន​នឹ​ងការ​ឆ្លង​មេរោគ​អេដស៍​ខ្ពស់ និង​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​នោះ​ ក៏​ជា​វិធាន​ការ​ណ៍​ដ៏​​ចាំ​បាច់​មួយ​ផង​ដែរ​សម្រាប់​កម្ពុជា​ក្នុង​ការ​ដោះស្រា​យ។ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ និង​ឥរិយាបថ​រួម​ភេទដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​នៅម​ជ្ឈ​មណ្ឌល ឬ​គ្លី​និក​ និង​សហគមន៍​ទូទៅ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។​

កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ នៅ​ក្នុង​សារ​សម្រាប់​ទិវា​អន្តរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​​កត់​សម្គាល់​ឃើញ​ថា នៅ​មុន​ទស​វត្សរ៍​៩០ ទាំង​ការ​ផលិត ការ​ឆ្លង​កាត់ និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន គ្មាន​នៅ​លើ​ទឹក​ដី​កម្ពុជា​ទេ។​ ប៉ុន្តែ​ ក្រោយ​ការ​បើក​ចំហ​ទីផ្សារ​ គ្រឿង​ញៀន​បាន​ហូរ​ចូល​មក​កម្ពុជា និង​បាន​ក្លាយ​ជា​បញ្ហា​គួរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់។​ ប្រមុខ​រាជ​រដ្ឋា​ភិបាល​ក៏​បាន​កោត​សរសើរ​ដល់​សមត្ថ​កិច្ច​រដ្ឋា​ភិបាល​ដែល​បាន​បំពេញ​ការងារ​យ៉ាង​សកម្ម​ក្នុង​បេស​កកម្ម​ប្រយុទ្ធ​ប្រឆាំង​គ្រឿ​ងញៀន​ដ៏​គ្រោះ​ថ្នាក់នេះ​ផង​ដែរ ជា​ពិសេស​សម្រាប់​យុវជ​នកម្ពុជា​។ ប៉ុន្តែ លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​កត់​សម្គាល់​ឃើញ​ផង​ដែរ​ថា​ គ្រឿង​ញៀន​បាន​បង្ក​វិនាស​កម្ម​ធ្ងន់​ធ្ងរ និង​ការ​ខាត​បង់​ដ៏​ធំ​ធេង​សម្រាប់​បុគ្គល​ផ្ទាល់​ខ្លួន ក្រុម​គ្រួសារ សង្គម​ និង​សេដ្ឋ​កិច្ច​ជាតិ​ទាំង​មូល៕​

អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១២

Categories: , , , , ,

Leave a Reply

Your email address will not be published. Required fields are marked *