មនុស្សគ្រប់រូបអាចមានសុខភាពល្អទៅបាន គឺអាស្រ័យទៅលើការទទួលបាននូវចំណីអាហារ និងការសម្រាកគ្រប់គ្រាន់។ យ៉ាងណាម៉ិញ នៅពេលដែលមានការប្រែប្រួលនូវកំណើនសេដ្ឋកិច្ច ក៏អាចបណ្ដាលឱ្យមានផលប៉ះពាល់ទៅដល់សុខុមាលភាពរបស់មនុស្សផងដែរ តាមរយៈការឡើងថ្លៃនៃទំនិញសព្វសារពើ ដែលជាហេតុធ្វើឱ្យពុំមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការចំណាយទៅលើតម្លៃនៃមុខទំនិញនីមួយៗ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាច្រើននាក់។
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយប្រជាពលរដ្ឋមួយចំនួនដែលមានការត្អូញត្អែរអំពីសុខភាព ក៏ដូចជាជីវភាពរស់នៅ ប្រចាំថ្ងៃមានការលំបាកច្រើន ចាប់តាំងតែពីទំនិញនានានៅលើទីផ្សារមានការឡើងថ្លៃឥតឈប់ឈរនាពេលកន្លងមក។
មូលហេតុដែលធ្វើឱ្យទំនិញឡើងថ្លៃ
មានមូលហេតុមួយចំនួនដែលធ្វើឱ្យទំនិញនៅលើទីផ្សារមានការឡើងថ្លៃ។ ប៉ុន្ដែកត្ដាដែលនាំឱ្យមានការជះឥទ្ធិពលខ្លាំងទៅ លើការឡើងថ្លៃទំនិញនេះ គឺបណ្ដាលមកពីឥទ្ធិពលនៃការឡើងតម្លៃឥតឈប់ឈរនៃប្រេងឥន្ធនៈ។ មូលហេតុដែលបណ្ដាលឱ្យប្រេង សាំងឡើងថ្លៃនាពេលបច្ចុប្បន្ននេះ បញ្ហាសំខាន់គឺមកពីតម្រូវការនៅក្នុងពិភពលោកមានការកើនឡើង ដូចជាប្រទេសចិន និងឥណ្ឌាជា ដើម ដែលកំពុងតែមានកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា តម្រូវឱ្យមានការប្រើប្រាស់នូវថាមពលចំហេះប្រេងឥន្ធនៈ។ ដូច្នេះបើតម្លៃ ប្រេងឥន្ធនៈឡើងថ្លៃ នោះតម្លៃនៃទំនិញសព្វសារពើទាំងអស់នៅលើទីផ្សារក៏កើនឡើងដែរ។ យើងគ្រប់គ្នាសុទ្ធតែដឹងយ៉ាងច្បាស់ ហើយថា រាល់ទំនិញទាំងអស់ភាគច្រើនគឺត្រូវធ្វើការដឹកជញ្ជូនដោយប្រើយានយន្ដ ឬទោចក្រយានយន្ដ ទើបអាចនាំយកទំនិញទាំងអស់នោះទៅដាក់លក់នៅលើទីផ្សារបាន។ រាល់ចំណូលដែលទទួលបានមកពីការលក់ទំនិញ មួយភាគធំត្រូវបែងចែកទៅលើការចំណាយនៃថ្លៃដឹកជញ្ជូន។ ដូច្នេះចាំបាច់បំផុត គឺតម្រូវឱ្យមានការតម្លើងថ្លៃទំនិញ។
នៅមានចំណុចមួយទៀតក៏ជាមូលហេតុដែលបណ្ដាលឱ្យមុខទំនិញឡើងថ្លៃផងដែរនោះ គឺបណ្ដាលមកពីការឡើង ឬចុះនៃ តម្លៃរូបិយប័ណ្ណ និងតម្លៃរូបិយវត្ថុនៅក្នុងស្រុកនៅលើទីផ្សារ។ ដោយសារហេតុថា រាល់ការនាំចូលផលិតផល និងគ្រប់មុខទំនិញទាំង អស់ ភាគច្រើនត្រូវធ្វើការទូទាត់គិតជារូបិយប័ណ្ណ(ប្រាក់ដុល្លារ)។ ដូច្នេះបើមានអត្រាប្រែប្រួលរវាងប្រាក់ក្នុងស្រុក និងក្រៅស្រុក ក៏ ជាបញ្ហាមួយដែលបណ្ដាលឱ្យមុខទំនិញឡើងថ្លៃផងដែរ។
ផលប៉ះពាល់ពេលដែលទំនិញនានាឡើងថ្លៃ
នៅពេលដែលមុខទំនិញមានការឡើងថ្លៃ វាអាចបង្កឱ្យមានផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើនទៅដល់ សង្គមជាតិទាំងមូល។ ចំពោះអ្នកដែលទទួលរងគ្រោះដោយផ្ទាល់នោះ គឺជាប្រជាពលរដ្ឋដែលបម្រើការងារនៅតាមបណ្ដាអង្គការ ក្រុមហ៊ុន ស្ថាប័ននានា និងកម្មករ កម្មការិនីរោងចក្រជាដើម ដែលពួកគាត់ទទួលបាននូវប្រាក់បៀវត្សរ៍ទាប។ រាល់ប្រាក់បៀវត្សរ៍របស់ ពួកគាត់ ភាគច្រើនទទួលបានជាប្រាក់ក្រៅស្រុក(ប្រាក់ដុល្លារ) ប៉ុន្ដែនៅពេលដែលចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃ ត្រូវគិតជាប្រាក់ក្នុងស្រុកវិញ(ប្រាក់រៀល)វិញ។ ទាំងនេះហើយ ជាមូលហេតុដែលធ្វើឱ្យពួលគាត់មានជួបការលំបាក។ ប្រជាពលរដ្ឋ មន្ដ្រីរាជការ និងអ្នកប្រកបមុខរបរទទួលទានមួយចំនួន បានរអ៊ូរទាំដោយសារតែការឡើងថ្លៃនៃទំនិញ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ជីវភាព រស់នៅប្រចាំថ្ងៃ និងចំពោះសុខភាពគ្រួសាររបស់ពួកគាត់។ ដោយសារតែតម្លៃប្រេងឡើងថ្លៃ បានធ្វើឱ្យទំនិញគ្រប់ប្រភេទនៅលើ ទីផ្សារក៏មានការឡើងថ្លៃស្ទើរតែទាំងស្រុង។
ទំនិញកាន់តែឡើងថ្លៃធ្វើឱ្យមនុស្សភាគច្រើនមានការរិះថាំ មិនសូវចំណាយប្រាក់ទិញរបស់របរប្រើប្រាស់ដូចកាលពីមុនឡើយ(ពេលទំនិញមិនទាន់ឡើងថ្លៃដូចសព្វថ្ងៃ)។ ពួកគេចាប់ផ្ដើមមានការចំណាយតិច ចាយរឹតត្បិត របស់អ្វីដែលធ្លាប់បរិភោគ កាលពីមុនបានបែរជាត្រូវផ្អាក ព្រោះវាមានតម្លៃទ្វេមួយជាពីរឬជាបីឯណោះ ដូច្នេះពួកគាត់ត្រូវព្យាយាមទិញវត្ថុជំនួសគ្នាវិញ ដើម្បីកាត់បន្ថយការចាយវាយប្រចាំថ្ងៃ។ ការរិះថាំ ការចាយត្បិតត្បៀត ទាំងនេះគឺជាមូលហេតុដែលធ្វើឱ្យមានការប៉ះពាល់យ៉ាងខ្លាំងទៅលើសុខភាព ដោយការបរិភោគប្រចាំថ្ងៃត្រូវបានកាត់បន្ថយមួយចំនួន មិនគ្រប់តម្រូវការរបស់សារពាង្គកាយ។
1 . ចំពោះអ្នកដែលមានប្រាក់ចំណូលតិចតួច
ប្រើប្រៀបធៀបពីតម្លៃទំនិញកាលពីមុន និងពេលបច្ចុប្បន្ននេះ ឃើញថាមានការខុសគ្នាទ្វេរដង។ ទំនិញនៅតែបន្ដការឡើងថ្លៃ ប៉ុន្ដែប្រាក់ចំណូលដែលទទួលបានប្រចាំថ្ងៃពុំមានការកើនឡើង។ នេះហើយគឺជាបញ្ហាចម្បងដែលបណ្ដាលឱ្យមានការប៉ះពាល់ដល់សុខភាពជាខ្លាំង។
ជួបជាមួយកម្មការិនីម្នាក់ដែលបម្រើការងារនៅក្នុងរោងចក្រកាត់ដេរមួយកន្លែង ស្ថិតនៅម្ដុំស្ទឹងមានជ័យបានឱ្យដឹងថា ៖ ចាប់តាំងពីទំនិញឡើងថ្លៃមក គាត់មិនដែលបានបរិភោគចំណីអាហារណាដែលឆ្ងាញ់ ហើយចូលចិត្ដដូចពេលមុននោះទេ គឺញ៉ាំតែអាហារដែលមានតម្លៃថោកតែប៉ុណ្ណោះ។ ដោយសារតែប្រាក់ចំណូលដែលរកបាននោះ វាមិនសមមូលទៅនឹងតម្លៃនៃទំនិញដែលមាន លក់នៅលើទីផ្សារ។ ស្ដ្រីម្នាក់នោះបានបន្ដឱ្យដឹងទៀតថា មានពេលខ្លះសូម្បីតែមានជម្ងឺក៏នាងត្រូវតែទៅធ្វើការងារដែរ ដោយខ្លាចរោងចក្រកាត់ប្រាក់ខែ ធ្វើឱ្យនាងមានចំណូលកាន់តែតិចទៅទៀត។ រាល់ថ្ងៃនេះសូម្បីតែផ្ទះជួលក៏ឡើងថ្លៃដែរ ជាហេតុធ្វើឱ្យនាងត្រូវជំរុញចិត្ដដើររកការងារធ្វើបន្ថែមនៅពេលយប់ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងបែងចែកមួយចំណែកត្រូវផ្ញើទៅឯស្រុកកំណើត មួយចំណែកទៀតថ្លៃចាយវាយប្រចាំថ្ងៃ។ និយាយរួមមកបើសិនជាមិនធ្វើដូចនេះ ប្រាកដជាដាច់ពោះស្លាប់ជាក់ជាមិនខានឡើយ។
2 . ចំពោះអ្នកដែលមានប្រាក់ចំណូលច្រើន
អ្នកដែលមានប្រាក់ចំណូលច្រើន មិនសូវជាមានផលប៉ះពាល់ប៉ុន្មានទេចំពោះបញ្ហាទំនិញឡើងថ្លៃនេះ។ ដោយសារតែ កម្រិតនៃចំណូលរបស់អ្នកទាំងនោះ អាចទូទាត់ជាមួយការចំណាយប្រចាំថ្ងៃបាន។ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកទាំងអស់នោះ នៅតែមានការប្រឈមមុខទៅនឹងការបាត់បង់នូវកំណើនថវិកាក្នុងគ្រួសារមួយភាគធំដែរ។
ដូច្នេះប្រសិនបើគ្រប់មុខទំនិញនៅតែបន្ដការឡើងថ្លៃ នោះផលប៉ះពាល់នៅក្នុងសង្គម ជាពិសេសចំពោះអ្នកមានចំណូលតិច នឹងកាន់តែជួបការលំបាកកាន់តែខ្លាំង។
បណ្ដាំផ្ញើ
បើទំនិញនិងប្រេងសាំងនៅតែបន្ដឡើងថ្លៃតទៅទៀតនោះ នឹងកាន់តែធ្វើឱ្យទំនិញឡើងថ្លៃឥតគណនា។ ប្រជាពលរដ្ឋពិតជាពិបាកក្នុងការរស់នៅនិងការរកស៊ីប្រចាំថ្ងៃរបស់ពួកគេជាក់ជាមិនខានឡើយ។ ជាចុងក្រោយសូមឱ្យស្ថាប័នមានសមត្ថកិច្ចជួយធ្វើយ៉ាងណាដើម្បីកុំឱ្យទំនិញនានានៅលើទីផ្សារឡើងថ្លៃតទៅទៀត ប្រយោជន៍ជួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងវិញ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៥ ខែធ្នូ ឆ្នាំ២០០៨
Leave a Reply