មានប្រជាពលរដ្ឋមិនតិចទេ ដែលសម្ដែងនូវការមិនពេញចិត្ដចំពោះការអនុវត្ដន៍ច្បាប់ចរាចរណ៍ថ្មី ជាពិសេសទង្វើរបស់ បណ្ដាមន្ដ្រីប៉ូលិសចរាចរណ៍មួយចំនួន ដែលធ្វើប្រតិបត្ដិការណ៍ចុះផាកពិន័យជាប្រាក់ចំពោះបណ្ដាយានយន្ដទាំងឡាយណាដែលអនុវត្ដ ខុសពីការចែងនៅក្នុងច្បាប់ថ្មីនេះ។
បន្ទាប់ពីបានចេញសេចក្ដីប្រកាសឱ្យប្រើប្រាស់ និងអនុវត្ដនូវច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលអនុម័តដោយអង្គប្រជុំគណៈរដ្ឋ មន្ដ្រី កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០០៥ រដ្ឋសភាអនុម័តនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០០៦ ព្រឹទ្ធសភាយល់ព្រមស្របតាមទម្រង់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៧ និងព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០០៧ រួចមក គេសង្កេតឃើញថាអត្រានៃ ការរងរបួស និងការបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍បានថយចុះមួយកម្រិត។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានភារកិច្ចសម្របសម្រួល ប្រមូលកម្លាំង និងបង្កើនសហការ រវាងក្រសួងសាធារណៈការ និងដឹកជញ្ជូន អង្គការក្រៅរដ្ឋាភិបាល និងអង្គការឯកជនផ្សេងទៀត ដើម្បីចាត់វិធានការកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ក្នុងទិសដៅការពារអាយុជីវិតប្រជាជន ការពារការខូចខាតទ្រព្យសម្បត្ដិរដ្ឋ-ឯកជន និងធានាឱ្យបានរឹងមាំនូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅតាមផ្លូវថ្នល់ ដូចជាតម្រូវឱ្យយានយន្ដ(ម៉ូតូ)ដាក់កញ្ចក់ ហើយអ្នកបញ្ជាយានយន្ដ ត្រូវបំពាក់ខ្សែក្រវាត់ និងមួកសុវត្ថិភាព។
ទោះបីជាយ៉ាងណាក្ដី ការអនុវត្ដន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះនៅមានកម្រិតនៅឡើយ។ វិធានការដែលធ្វើការបណ្ដឹង ទៅលើការអនុវត្ដន៍ និងគោរពច្បាប់ថ្មីនេះឱ្យមានតម្លាភាព គេសង្កេតឃើញថាអង្គភាពបានបណ្ដាក់កម្លាំងប៉ូលិសចរាចរណ៍នៅតាម គោលដៅមួយចំនួន ដូចជាម្ដុំកាច់ជ្រុងភ្លើងស្ដុបជាដើម ដើម្បីត្រួតពិនិត្យ និងធ្វើការផាកពិន័យទៅលើយានយន្ដទាំងឡាយណាដែល មិនបានគោរព និងអនុវត្ដទៅតាមគោលការណ៍ដូចដែលមានចែងនៅក្នុងនិតិបញ្ញត្ដិច្បាប់ថ្មីនេះ។
ស្របពេលជាមួយគ្នាដែលមានកម្លាំងប៉ូលិសឈរចាំត្រួតពិនិត្យ និងស្ទាក់ចាប់យានយន្ដដែលមិនបានគោរពទៅតាមច្បាប់ថ្មី នេះ មានមតិប្រជាពលរដ្ឋមួយចំនួនដែលបានធ្វើការរិះគន់ទៅលើសកម្មភាពខុសក្រមសីលធម៌របស់មន្ដ្រីប៉ូលិសមួយចំនួន ដែលធ្វើការ ទាមទារផាកពិន័យខុសពីលក្ខខណ្ឌច្បាប់ដែលបានចែង។ យោងតាមលិខិតមួយច្បាប់ដែលបានផ្ញើមកកាន់អង្គភាពទស្សនាវដ្ដី សុខភាព យើង បានឱ្យដឹងថា លោក ឌី សុខណា ជាសាស្ដ្រាចារ្យនៅសាកលវិទ្យាល័យឯកជនមួយដែលមានទីតាំងនៅក្នុងខណ្ឌទួលគោក រាជ ធានីភ្នំពេញបានសរសេរថា ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំងដែលអស់លោកមន្ដ្រីប៉ូលិសមួយចំនួន ដែលបានឆ្លៀតយកឱកាសបំពេញ បេសកកម្មធ្វើជាការរកប្រាក់ចំណូលចូលហោប៉ៅផ្ទាល់ខ្លួនទៅវិញ។ នៅក្នុងលិខិតនោះបានសរសេរទៀតថា ខ្ញុំបាទមានការងឿងឆ្ងល់ ណាស់ថា តើចំនួនទឹកប្រាក់នៅក្នុងការផាកពិន័យមួយករណីស្មើប៉ុន្មាន បើគ្រាន់តែម៉ូតូខ្ញុំមិនមានដាក់កញ្ចក់ រួមទាំងខ្ញុំមិនបានពាក់មួក សុវត្ថិភាព អស់លោកមន្ដ្រីប៉ូលិសផាកពិន័យខ្ញុំរហូតដល់ទៅមួយម៉ឺនរៀល។ ខ្ញុំមិនយល់ទាល់តែសោះ បើសិនជាផាកខ្ញុំចំនួនពីរករណី តើមួយករណីប៉ុន្មាន? ជាពិសេសនៅពេលផាកពិន័យខ្ញុំ ខ្ញុំសុំឱ្យមន្ដ្រីរូបនោះចេញនូវប័ណ្ណផាកពិន័យឱ្យខ្ញុំមួយសន្លឹក(រ៉ឺស៊ុយ) តែបែរជាមន្ដ្រីប៉ូលិសរូបនោះឆ្លើយយ៉ាងព្រហើនផ្ទុយពីក្រមសីលធម៌ថា “ចាំទៅយកនៅនាយកដ្ឋាន”ទៅវិញ។ ជាសំណូមពររូបខ្ញុំសូមឱ្យគ្រប់ មន្ដ្រីប៉ូលិសទាំងអស់កុំយកឱកាសការងារមកធ្វើ្វជាអាជីវកម្មរកប្រាក់ចំណូលចូលហៅប៉ៅ ហើយបើធ្វើការផាកពិន័យម្ចាស់យានយន្ដក៏ សូមមេត្ដាជួយចេញប័ណ្ណផាកពិន័យឱ្យប្រជាពលរដ្ឋដែលជាអ្នកល្ងិតល្ងង់ផងចុះ។
ចំណែកឯលោក សាមឿន ជាអាជីវករលក់សាច់ជ្រូកនៅផ្សារអូរឫស្សីបាននិយាយទាំងទឹកមុខងឿងឆ្ងល់ថា “ខ្ញុំឆ្ងល់ណាស់ ថាហេតុអ្វីបានជាអស់លោកប៉ូលិសដែលឈរប្រចាំការស្ទាក់ហៅម៉ូតូនៅតាមដងផ្លូវ បញ្ចេញសកម្មភាពមើលទៅដូចជាគ្មានសុជីវធម៌ ទាល់តែសោះ”។ លោកបានបន្ដទៀតថា “ខ្ញុំបានឃើញផ្ទាល់ភ្នែក នៅពេលដែលលោកប៉ូលិសហៅអ្នកបញ្ជាយានយន្ដឱ្យឈប់ តែអ្នក បញ្ជាយានយន្ដនោះមិនឈប់ ស្រាប់តែលោកប៉ូលិសរូបនោះបានយកដំបងវាយទៅលើបុគ្គលនោះ”។ ម្យ៉ាងវិញទៀត នៅពេលដែល ស្ទាក់ចាប់បានម៉ូតូដែលគ្មានកញ្ចក់ បែរជាឃើញម្ចាស់ម៉ូតូជាមួយមន្ដ្រីប៉ូលិសធ្វើការតថ្លៃគ្នាទៅលើចំនួនលុយដែលធ្វើការផាកពិន័យ ទាំងនោះ ហាក់បីដូចជាតម្លៃទំនិញក្នុងផ្សារទៅវិញ។
ដោយឡែកអ្នកស្រី ស៊ីណា ជាអាជីវករលក់សម្លៀកបំពាក់នៅក្នុងផ្សារអូឡាំពិក មានប្រសាសន៍ឱ្យដឹងផងដែរថា អ្នកស្រីរីករាយណាស់ដែលបានប្រើប្រាស់នូវច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ហើយសូមសរសើរផងដែរចំពោះអស់លោកមន្ដ្រីប៉ូលិសដែល ប្រចាំការចាំស្ទាក់ចាប់ម៉ូតូដែលមិនបានអនុវត្ដទៅតាមអ្វីដែលច្បាប់បានចែង ទោះបីមេឃក្ដៅយ៉ាងណាក៏ដោយនោះ។ ប៉ុន្ដែអ្វីដែល អ្នកស្រីមិនពេញចិត្ដគឺការផាកពិន័យដ៏លើសលប់ ហើយនៅពេលដែលអ្នកស្រីប្រកែកមិនព្រមឱ្យ ស្រាប់តែប៉ូលិសនោះសួររកប័ណ្ណ សម្គាល់ម៉ូតូ។ ប៉ុន្ដែអ្នកស្រីប្រាប់ថា មិនបានយកជាប់មកជាមួយនោះទេ ភ្លាមនោះមានមន្ដ្រីប៉ូលិសម្នាក់បានដកហូតសោរម៉ូតូ ហើយប្រាប់ថា “បើចង់បានម៉ូតូត្រូវបង់ថ្លៃផាកពិន័យ ហើយយកប័ណ្ណសម្គាល់យានយន្ដមកបង្ហាញទើបព្រមប្រគល់ម៉ូតូជូនវិញ។ អ្នកស្រីបន្ដទៀតថា នៅពេលដែលយល់ព្រមបង់ថ្លៃផាកពិន័យទៅតាមចំនួនដែលអស់លោកប៉ូលិសទាមទាររួចហើយ អ្នកស្រីសុំឱ្យចេញប័ណ្ណផាកពិន័យ ស្រាប់តែមានប៉ូលិសម្នាក់និយាយថា “អាញ៉េអាញ៉ៃមែន មិនបាច់និយាយច្រើនទេ ចាំឱ្យទៅយកម៉ូតូនៅកន្លែងទៅ(នាយកដ្ឋាន ចរាចរណ៍ផ្លូវគោក)”។
ទាក់ទងទៅនឹងបញ្ហាទាំងអស់នេះ លោក ទិន ប្រសើរ ប្រធានប៉ូលិសចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញបានមានប្រសាសន៍ថា ការអនុវត្ដន៍ និងគោរពទៅតាមច្បាប់ចរាចរណ៍ផ្លូវគោកដែលបានអនុម័តថ្មីនេះ គឺក្នុងគោលបំណងរក្សាសុវត្ថិភាព និងការពារទ្រព្យ សាធារណៈ និងឯកជន។ លោកបានមានប្រសាសន៍បន្ដទៀតថា “ការដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យ និងឃាត់យានយន្ដដែលបានប្រព្រឹត្ដខុសពីច្បាប់ថ្មីនេះ គឺដើម្បីរឹតបន្ដឹងឱ្យប្រជាពលរដ្ឋដែលជាអ្នកបញ្ជាយានយន្ដគ្រប់ប្រភេទគោរពតាមច្បាប់ និងធ្វើឱ្យច្បាប់មាន តម្លាភាព។ ទាក់ទងទៅនឹងការផាកពិន័យទៅលើយានយន្ដខុសច្បាប់ គឺមានការកំណត់ចំនួនយ៉ាងច្បាស់លាស់ ជាក់ស្ដែងការផាកទៅ លើការមិនដាក់កញ្ចក់ មិនពាក់មួកសុវត្ថិភាព ក្នុងមួយករណីចំនួន៤០០០រៀល(បួនពាន់រៀល) ហើយមន្ដ្រីប៉ូលិសចរាចរណ៍ត្រូវមាន ចេញប័ណ្ណផាកពិន័យជូនដល់ម្ចាស់យានយន្ដដែលប្រព្រឹត្ដខុស។ ក្នុងករណីដែលមន្ដ្រីប៉ូលិសមិនបានចេញប័ណ្ណផាកពិន័យជូនម្ចាស់យាន យន្ដដែលត្រូវបានធ្វើការផាកពិន័យនោះ វាគឺជាទង្វើមួយដែលខុសច្បាប់”។ លោកបានបន្ដទៀតថា“រាល់ថ្ងៃនេះ ថ្នាក់លើបានធ្វើការ រឹតបន្ដឹងជានិច្ចទៅលើមន្ដ្រីប៉ូលិសណាដែលបានប្រព្រឹត្ដខុសពីច្បាប់”។ លោកបានកោតសរសើរដល់ពលរដ្ឋទាំងអស់ដែលបានគោរពទៅ តាមច្បាប់ចរាចរណ៍ផ្លូវគោកនេះ ហើយសូមសរសើរដល់គ្រប់មន្ដ្រីប៉ូលិសចរាចរណ៍ទាំងអស់ ដែលបានបំពេញការងារយ៉ាងសកម្ម មិន គិតពីការនឿយហត់ ទាំងការត្រួតពិនិត្យយានយន្ដ ទាំងការជួយសម្រួលចរាចរណ៍។
លោក ទិន ប្រសើរ ប្រធានប៉ូលិសចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញបានធ្វើការសំណូមពរដល់ម្ចាស់យានយន្ដទាំងអស់ ត្រូវ គោរព និងអនុវត្ដទៅតាមច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដើម្បីក្នុងគោលបំណងរក្សាសុខសុវត្ថិភាព ទ្រព្យសម្បត្ដិខ្លួនឯង និង សាធារណៈ។ ហើយសូមឱ្យប្រជាពលរដ្ឋទាំងអស់សហការជួយរាយការណ៍ ផ្ដល់ព័ត៌មានទៅអង្គភាពប៉ូលិសចរាចរណ៍ផ្លូវគោកក្រុង ចំពោះសកម្មភាពរបស់មន្ដ្រីប៉ូលិសចរាចរណ៍រូបណាដែលប្រព្រឹត្ដខុសពីក្រមសីលធម៌ ខុសពីច្បាប់ដែលបានចែង ដើម្បីចាត់វិធានការ និងដាក់ទោសទៅតាមផ្លូវច្បាប់ដូចដែលបានចែងនៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅក្នុងមាត្រាទី៥៩។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៥ ខែធ្នូ ឆ្នាំ២០០៨
Leave a Reply