នៅក្នុងឆ្នាំ២០១២នេះ ជម្ងឺកាចសាហាវជាច្រើនបានចូលមកឆក់ជីវិតកុមារកម្ពុជាអស់ជាច្រើននាក់ ដែលធ្វើឲ្យមានការព្រួយបារម្ភពីគ្រប់មជ្ឈដ្ឋានទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ការផ្ទុះឡើងនូវជម្ងឺ ដែលគេមិនទាន់ស្គាល់ឈ្មោះច្បាស់លាស់នោះ បានសម្លាប់កុមារចំនួន៦០នាក់រួចមកហើយនៅកម្ពុជាក្នុងអំឡុងពេល៣ខែមកនេះ ដោយគិតចាប់ពីខែមេសាមក។
លោក នីម៉ា អាសហ្ការី (Nima Asgari) ដែលជាវេជ្ជបណ្ឌិតជំនាញសុខភាពសាធារណៈបម្រើការនៅអង្គការសុខភាពពិភពលោក WHO បានផ្តល់កិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានបារាំងAFP កាលពីថ្ងៃអង្គារ ទី០៤ ខែមិថុនា ម្សិលមិញថា៖ «ចំនួនស្លាប់មាន៦០ករណីហើយ។ ហើយពួកគេសុទ្ធតែជាកុមារតូច»។ លោកវេជ្ជបណ្ឌិត នីម៉ា អាសហ្ការី បានបញ្ជាក់បន្ថែមទៀតថាករណីដំបូងបានកើតឡើងនៅក្នុងខែមេសា ហើយរហូតដល់ពេលនេះ មេរោគដែលធ្វើអោយកុមារស្លាប់នៅមិនទាន់គេស្គាល់នៅឡើយទេ។
នៅពេលនេះអង្គការសុខភាពពិភពលោកកំពុងតែធ្វើការជាមួយក្រសួងសុខាភិបាល ដើម្បីឈានទៅកំណត់មូលហេតុដែលធ្វើអោយកុមារស្លាប់ និងមូលហេតុនៃការរីករាលដាលនៃមេរោគនេះ។ ប៉ុន្តែការអង្កេតរកប្រភេទមេរោគនេះ គឺកំពុងស្ថិតនៅចំនុចចាប់ផ្តើមនៅឡើយ ហើយវាក៏មានការលំបាកក្នុងការកំណត់អាការៈរោគនៃអ្នកជម្ងឺផងដែរ ដូចជាកម្តៅឡើងខ្លាំង ឈឺទ្រូងខ្លាំង និងសញ្ញានៃការទាក់ទងនឹងប្រព័ន្ធប្រសាទជាដើម។ រហូតមកដល់ពេលនេះ មេរោគដែលគេមិនទាន់ដឹងច្បាស់នៅឡើយនេះ មាន៦១ករណីហើយ ដែលជម្ងឺនេះមានតែកុមារម្នាក់ប៉ុណ្ណោះដែលអាចនៅមានជីវិត។ ពួកគេមានអាយុ៧ឆ្នាំ និងមានអាយុក្រោមនេះ។ សារព័ត៌មានបារាំង AFP បានឲ្យដឹងបន្ថែមទៀតថា រហូតមកដល់ពេលនេះ មិនទាន់មានសញ្ញានៃការឆ្លងរាលដាលដល់អ្នកដែលមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកជម្ងឺនៅឡើយនោះទេ។
ស្របពេលជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ប៊ីត រីចនើរ (Beat Richner) ក៏បានប្រកាសអាសន្នផងដែរអំពីការបាត់បង់ជីវិតកុមារកម្ពុជាយ៉ាងទាន់ហន់នៃជម្ងឺថ្មីប្លែកនេះផងដែរ នៅក្នុងលិខិតមួយដែលផ្ញើជូនទៅឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា។ លោកវេជ្ជបណ្ឌិត ប៊ីត រីចនើរ (Beat Richner) ស្ថាបនិកនៃមន្ទីរពេទ្យកុមារគន្ធបុប្ផា បានលើកឡើងថា ជម្ងឺនេះមិនដែលធ្លាប់ជួបប្រទះទេ ក្នុងពេលវេលា២០ឆ្នាំចុងក្រោយនេះនៅក្នុងប្រទេសកម្ពុជា។ លោកបានឲ្យដឹងថា «ពួកគេ បានរលាកខួរក្បាល ហើយក្នុងរយៈពេល៦ម៉ោងចុងក្រោយពួកគេកើតរោគរលាកសួតធ្ងន់ធ្ងរបំផុត»។ លិខិតនោះបានបន្តថា ” កាំរស្មីX Ray និង ស្កេនCT បានបង្ហាញថា ថង់នៅក្នុងសួតដែលប្ដូរខ្យល់អុកហ្សីហ្សែនត្រូវបានបំផ្លាញក្នុងរយៈពេលប៉ុន្មានម៉ោង មុនពេលអ្នកជម្ងឺស្លាប់”។ លោក ប៊ីត រីចនើរ ក៏បានបញ្ជាក់ផងដែរថា ជម្ងឺនេះ បានធ្វើឲ្យកុមារ៤៧នាក់ស្លាប់។ ១៣ថ្ងៃក្រោយមកមានកុមារ១៣នាក់ថែមទៀត បានស្លាប់នៅមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងមានចំនួនកុមារបានបន្តបាត់បង់ជីវិតជាបន្តបន្ទាប់។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៤ ខែកក្កដា ឆ្នំ២០១២
Leave a Reply