ស្បែកស្អាតជាទីគយគន់មួយសម្រាប់មនុស្សគ្រប់វ័យ និងជាទីប៉ងប្រាថ្នាមួយផងដែរចំពោះមនុស្សទាំងពួង។ ប្រសិនបើ ស្បែកដែលមានរន្ធរោមធំៗ រោមឡើងក្រាស់ហើយច្រើនពេកនោះ ក៏មិនសូវជាស្រស់ស្អាតប៉ុន្មានដែរ។ មិត្ដអ្នកអានទាំងអស់ពិត ជាចង់ដឹងហើយមើលទៅថា តើមានវិធីណាខ្លះដែលអាចធ្វើឱ្យរន្ធរោមតូចជិតល្អនោះ។ កាលណារន្ធរោមតូចក៏ធ្វើឱ្យរោមស្ដើងៗ និងធ្វើឱ្យស្បែកម៉ដ្ដទន់រលោង និងមានភាពស្រស់ស្អាតថែមមួយកម្រិតទៀតផងដែរ។
ទស្សនាវដ្ដី សុខភាពយើង ពេលនេះបានធ្វើសម្ភាសន៍ជាមួយលោកស្រីវេជ្ជបណ្ឌិត ជៀប វិសុទ្ធា ដែលជាអ្នកជំនាញនៅ មជ្ឈមណ្ឌលថែរក្សាសម្ផស្សឡាស៊ែរស្គីនតិច ដែលបានផ្ដល់ជាបទសម្ភាសន៍យ៉ាងក្បោះក្បាយ ដើម្បីចែករំលែកនូវបទពិសោធន៍ ទៅដល់មិត្ដអ្នកអាន។
មូលហេតុដែលធ្វើឱ្យរន្ធរោមរីកធំ
មានមូលហេតុមួយចំនួនដែលធ្វើឱ្យរន្ធរោមរីកធំបាន ដោយសារតែការកោរ ឬដករោមច្រើនដង។ មានបងប្អូនមួយចំនួន មិនបានដឹងពីការដករោមត្រឹមត្រូវរបស់ខ្លួនឡើយ ជាហេតុបណ្ដាលឱ្យស្បែកកន្លែងដែលដុះរោមនោះឡើងកន្ទួលៗ រោមដុះកាន់តែ ក្រាស់ទៅៗ និងកាន់តែច្រើនទៀតផង។ ទង្វើនេះកាន់តែច្រើនដងទៅៗ ក៏ធ្វើឱ្យរន្ធរោមរីកធំ កន្ទួល រោមកាន់តែក្រាស់ និងច្រើន មើលទៅមិនជាទីគយគន់សព្វភ្នែកមនុស្សដែលនៅជុំវិញទេ។
វិធីបន្ដឹងរោម
កាលពីមុន មានវិធីបុរាណមួយចំនួនដែលអាចធ្វើឱ្យរន្ធរោមជិតតូច និងធ្វើឱ្យស្បែកមានសុខភាពល្អថែមទៀតផង ដោយ កាលណោះមានផលិតផលដូចជាឡេលាប ដែលបងប្អូនភាគច្រើននិយមជ្រើសរើសយកមកប្រើខ្លាំងណាស់ ក្នុងគោលបំណងចង់ ទទួលបាននូវភាពស្រស់ស្អាត។
ដោយក្នុងពេលនេះ វិទ្យាសាស្ដ្រកំពុងតែរីកចម្រើន យើងមានវិធីកាន់តែងាយស្រួលទៅៗ ចំពោះបងប្អូនដែលមានបំណង ចង់បានរន្ធរោមជិតល្អ និងធ្វើឱ្យស្បែកម៉ដ្ដខៃនោះ។ ដើម្បីធ្វើឱ្យរន្ធរោមជិតល្អ និងមានសោភ័ណភាពបាននោះ បច្ចុប្បន្ននេះគេប្រើជា ឡាស៊ែរម្យ៉ាង ដែលធ្វើឱ្យរោមស្ដើងទៅៗ មិនក្រាស់ដូចជាពេលមុនពេលមិនទាន់បាញ់ឡាស៊ែរទេ។ កាលណារោមកាន់តែស្ដើង នោះវាធ្វើឱ្យរន្ធរោមកាន់តែតូចជាងមុនផងដែរ។ ការបន្ដឹងរន្ធរោមនេះមិនមែនធ្វើតែម្ដងយើងនឹងទទួលលទ្ធផលនោះទេ យើងត្រូវធ្វើវាច្រើនដង ទៅតាមទីកន្លែងដែលយើងចង់ឱ្យរន្ធរោមនោះតូច។ ជាឧទាហរណ៍ រោមនៅលើក្លៀកភាគច្រើនធ្វើរយៈពេល៦សប្ដាហ៍ម្ដង និងរោមដៃជើង៨សប្ដាហ៍ម្ដង។ ការបន្ដឹងរោមបាញ់ឡាស៊ែរនេះមានច្រើនប្រភេទទៅតាមឧបករណ៍ឡាស៊ែរនីមួយៗ ដោយប្រភេទ ឡាស៊ែរខ្លះទាមទារឱ្យយើងដាក់ថ្នាំស្ពឹក ខ្លះត្រូវការឱ្យយើងដាក់ជែលត្រជាក់ និងខ្លះទៀតត្រូវការចំហាយត្រជាក់ ដើម្បីការពារស្បែក កុំឱ្យក្រហមជាដើម។
ប្រការគួរចៀសវាងពេលបន្ដឹងរោម
ចំពោះអតិថិជនណាដែលចង់ធ្វើការបំបាត់រន្ធរោមនេះ ត្រូវហាមនិងត្រូវមានតំណមខ្លះរយៈពេល២សប្ដាហ៍មុនពេលធ្វើការ បាញ់ឡាស៊ែរ ជាអាទិមានការហាមមិនឱ្យអតិថិជនត្រូវកម្ដៅខ្លាំង ដូចជាហាលថ្ងៃនៅមាត់សមុទ្រជាដើម និងហាមមិនឱ្យប្រើប្រាស់ ផលិតផលបកស្បែក ឬខាត់ស្បែក ឬបករោមជាដើម មុនពេលធ្វើការបាញ់ឡាស៊ែរចំនួនពីរសប្ដាហ៍មុន។ ស្បែកដែលបាញ់ឡាស៊ែរត្រូវតែស្អាត គ្មានធូលីដី ប្រសិនបើចង់បំបាត់រន្ធរោមនៅផ្ទៃមុខ ត្រូវសម្អាតមុខជាមុនសិន ទើបធ្វើការបាញ់ឡាស៊ែរជាក្រោយ។
ដំបូន្មានអ្នកឯកទេស
យើងបានដឹងរួចមកហើយថា រន្ធរោមរីកធំដោយសារការដកច្រើនដង និងការកោរច្រើនដងពេក។ ដូច្នេះមិត្ដអ្នកអាន ទាំងអស់ត្រូវចៀសវាងការដករោមច្រើនដងក៏ដូចជាការកោរផងដែរ។ អ្វីដែលសំខាន់ជាងនេះទៀតនោះ គឺត្រូវជ្រើសរើសយកទីកន្លែងណាដែលមានប្រសិទ្ធភាព និងបទពិសោធន៍ត្រឹមត្រូវផងដែរ ទើបទទួលបាននូវគុណភាពល្អចំពោះរូបលោកអ្នក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩
Leave a Reply