ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល មានផែនការតំឡើងថ្លៃចរន្តអគ្គិសនីនៅពេលឆាប់ៗនេះនាពេលខាងមុខ ដើម្បីទប់ទល់ទៅនឹងការខាតបង់ថវិការដ្ឋ ដែលបានចំណាយនៅឆ្នាំ២០១២ នេះ ដោយសារតែតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់នាពេលកន្លងមក។ ប៉ុន្តែមានប្រជាជនមួយចំនួន បានបញ្ចេញមតិជំទាស់ជាច្រើនជុំវិញបញ្ហាឡើងថ្លៃតម្លៃអគ្គីសនីនេះ។ ដើម្បីជ្រាបកាន់តែច្បាស់សូមប្រិយមិត្តអ្នកអានតាមដានបទយកការណ៍នេះជាមួយគេហទំព័រសុខភាពកម្ពុជាដូចតទៅ៖
លោក ទុន លៀន អគ្គលេខាធិការថាមពល នៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននាព្រឹកថ្ងៃទី០២ កក្កដា កន្លងទៅថា ពេលនេះអគ្គិសនីកម្ពុជាកំពុងតែខាតបង់ប្រាក់ចំណូលយ៉ាងច្រើនដោយសារតែតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ហើយការលក់ថាមពលអគ្គិសនីនៅមិនទាន់បានតំឡើងថ្លៃនៅឡើយ ដូច្នេះតម្លៃអគ្គិសនីនឹងត្រូវតំឡើងមួយកម្រិតទៀតក្នុងរយៈពេលដ៏ខ្លីខាងមុខ។ ប៉ុន្តែលោកមិនបានប្រាប់ថានឹងត្រូវតំឡើងប៉ុន្មាននោះទេ។ លោកបានបន្តថា ការខាតបង់ប្រាក់ចំណូលនោះ គឺច្រើនលានដុល្លារអាមេរិក នៅឆ្នាំ២០១២នេះ នៅគ្រាដែលតំលៃប្រេងសាំងបានឡើងថ្លៃខ្ពស់រហូតដល់៥.៩០០រៀលក្នុងមួយលីត្រ បើប្រៀបធៀបនៅពេលនេះ តំលៃប្រេងសាំងបានធ្លាក់តម្លៃមក ៥.០០០រៀលក្នុងមួយលីត្រ។
កាលពីឆ្នាំ២០១១ កន្លងទៅនេះ អគ្គិសនីកម្ពុជា (EDC) បានទទួលប្រាក់ចំណេញចំនួនជាង៣០លានដុល្លារអាមេរិកពីការលក់ចរន្តអគ្គិសនីនៅគ្រាដែលតំលៃប្រេងសាំងនៅថោក។ មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល មិនបានប្រាប់ឲ្យដឹងជាក់លាក់ទេថា តើការតំឡើងថ្លៃចរន្តអគ្គិសនីនោះ នឹងចាប់ផ្ដើមនៅថ្ងៃណា និងមានតំលៃប៉ុន្មានក្នុងមួយគីឡូវ៉ាត់ម៉ោង នៅតាមតំបន់នីមួយៗ។ តំលៃចរន្តអគ្គិសនីនៅទីក្រុងភ្នំពេញបច្ចុប្បន្នមានតំលៃខុសគ្នាតិចច្រើនទៅតាមចំនួនប្រើប្រាស់ អគ្គិសនី។ ក្នុងនោះមានតម្លៃ ៣៥០ តំលៃ ៥៥០រៀល និងតំលៃ ៧៥០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង បើប្រៀបធៀបទៅនឹងខេត្ត និងតំបន់ដទៃទៀត គឺតំលៃ ១.២០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង និងតំលៃលើសនេះទៀតក៏មាន។ លោកបានបន្តទៀតថា មូលហេតុដែលតម្លៃអគ្គិសនីកម្ពុជា ថ្លៃជាងប្រទេសជិតខាង គឺដោយសារតែកម្ពុជាមានរោងចក្រផលិតអគ្គិសនីភាគច្រើនប្រើប្រាស់ប្រេងឥន្ធនៈ។
ទាក់ទិនទៅនឹងបញ្ហានេះ ស្តី្រម្នាក់រស់នៅក្នុងសង្កាត់និរោធ ខណ្ឌមានជ័យដែលសុំមិនឲ្យបញ្ចេញឈ្មោះ បានឲ្យដឹងថា គ្រួសាររបស់អ្នកស្រីប្រើប្រាស់ចរន្តអគ្គិសនីជារៀងរាល់ខែអស់ជាច្រើនគីឡូវ៉ាត់ម៉ោង ដែលត្រូវចំណាយថវិកាចំនួនជាង១២ម៉ឺនរៀលក្នុងមួយខែ។ អ្នកស្រីបានបន្តថា គាត់មានអារម្មណ៍ថាមិនសប្បាយចិត្តសោះចំពោះគម្រោងតំឡើងថ្លៃចរន្តអគ្គិសនីខាងមុខនេះទេ។ អ្នកស្រីបានបន្តថា៖ «បើកាលណាភ្លើងឡើងថ្លៃតាមចិត្ត ប្រជារាស្ត្ររស់នៅពិបាកហើយ។ រាល់ថ្ងៃភ្លើងកំពុងតែថ្លៃស្រាប់» ។ អ្នកស្រីបានបន្តថា អ្នកស្រីមិនគាំទ្រចំពោះការតំឡើងថ្លៃអគ្គីសនីនៅកម្ពុជាទៀតនោះទេ៖ «រដ្ឋមិនគួរធ្វើអ៊ីចឹងទេ រដ្ឋត្រូវតែអនុញ្ញាតឲ្យក្រុមហ៊ុនដទៃទៀតចូលរួមដេញថ្លៃទើបបាន»។
អ្នកស្រី ផល ជាអាជីវករលក់គ្រឿងសម្អាងនៅក្នុងផ្សារច្បារអំពៅ តូបលេខE145 បានប្រាប់អ្នកយកព័ត៌មានគេហទំព័រសុខភាពកម្ពុជាថាចំពោះការតំឡើងថ្លៃអគ្គីសនីនៅពេលខាងមុខ គឺមិនមានផលរំខានអ្វីនោះទេសម្រាប់ជីវភាពគ្រួសាររបស់អ្នកស្រី ប៉ុន្តែសម្រាប់ជីវភាពអ្នកខ្វះខាត គឺតែងតែមានផលប៉ះពាល់ជាច្រើនហើយសម្រាប់ប្រាក់ចំណូលរបស់ពួកគាត់។ អ្នកស្រីបានបន្តថា បើរដ្ឋចង់តំឡើងសូមកុំតំឡើងច្រើនពេក ព្រោះជីវភាពប្រជាជនក៏មានការខ្វះខាតច្រើនផងដែរ។
ចំណែកឯអាជីវករលក់គ្រឿងម៉ាញ៉េនៅផ្សារច្បារអំពៅ ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា អ្នកស្រីក៏សម្តែងការមិនពេញចិត្តខ្លះផងដែរចំពោះបញ្ហានេះ។ អ្នកស្រីបន្តថា សម្រាប់គ្រួសាររបស់អ្នកស្រីមិនសូវជាមានបញ្ហាអ្វីនោះទេ តែសម្រាប់អ្នកដែលមានជីវភាពក្រីក្រ ដូចជាអ្នករត់ម៉ូតូឌុប អាជីករ លោកគ្រូអ្នកគ្រូ ឬកម្មករ កម្មការនីដទៃទៀត គឺប្រាកដជាមានផលប៉ះពាល់ហើយសម្រាប់ពួកគាត់ ព្រោះបា្រក់ខែពួកគាត់នៅពុំទាន់ច្រើននៅឡើយ ហើយលុយកាក់សព្វថ្ងៃ គឺពិបាករកណាស់។
កំពុងអង្គុយនៅខាងមុខផ្ទះជាមួយចៅ និងកូនៗ អ្នកស្រី ចាប លី ជាស្រ្តីមេផ្ទះ រស់នៅក្នុងខណ្ឌមានជ័យ ក្រុងភ្នំពេញ បានប្រាប់ឲ្យដឹងថាសព្វថ្ងៃជីវភាពរបស់អ្នកស្រីមានភាពខ្វះខាត ហើយភ្លើងដែលប្រើសព្វថ្ងៃវិញ គឺអ្នកស្រីប្រាប់ឲ្យកូនៗសន្សំសំចៃខ្លាំងណាស់ ព្រោះថា បើគ្មានលុយរកបង់ជូនរដ្ឋទេ រដ្ឋមុខជាផ្តាច់ភ្លើងលែងឲ្យប្រើជាមិនខាន។ អ្នកស្រីបានបន្តថា៖ «កាលណាតំលៃភ្លើងរដ្ឋតំឡើងថ្លៃមែននោះវាហ្នឹងពិបាកចុះថ្លៃណាស់ យើងមើលតែការឡើងថ្លៃតម្លៃទំនិញនៅលើទីផ្សារទៅដឹងហើយ»។
ប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា តម្លៃអគ្គីសនីនៅមានតម្លៃខ្ពស់ជាងប្រទេសជិតខាងនៅឡើយ ដែលប្រជាជនមួយចំនួនបានបញ្ចេញទស្សនៈថា តម្លៃអគ្គីសនីថ្លៃអគ្គិសនីដែលកំពុងតែតម្លៃខ្ពស់ស្រាប់ទៅហើយនោះ។ អគ្គនាយកថាមពលនៃក្រសួងឧស្សាហកម្មរ៉ែលោក ទុន លៀន បានឲ្យដឹងបន្ថែមថា នៅឆ្នាំ២០១៥ខាងមុខដើម្បីបំពេញតម្រូវការប្រើប្រាស់អគ្គិសនីឲ្យបានគ្រប់គ្រាន់នោះកម្ពុជាត្រូវការថាមពលអគ្គិសនីជាង១០០០មេហ្កាវ៉ាត់បន្ថែមទៀត។ នៅក្នុងរាជធានីភ្នំពេញការប្រើប្រាស់អគ្គិសនីជាង៣០០មេហ្កាវ៉ាត់ ហើយប្រភពថាមពលអគ្គិសនីបច្ចុប្បន្ននេះបានមកពីប្រទេសវៀតណាមមួយចំនួន ហើយបានមកពីការផលិតវារីអគ្គិសនី និងមួយចំនួនទៀត បានមកពីរោងចក្រប្រើដោយប្រេង។
ឆ្លើយតបទៅនឹងព័ត៌មាននេះ ក្រុមអាជ្ញាធរអគ្គិសនីកម្ពុជា កាលពីថ្ងៃម្សិលមិញបានបញ្ជាក់នៅក្នុងសន្និសិតកាសែតថា តម្លៃអគ្គីសនីពុំមានការតំឡើងថ្លៃភ្លើងនោះទេ ប៉ុន្តែមានការកែសម្រួលចំពោះការអនុគ្រោះលើអ្នកប្រើប្រាស់ដែលចាប់ពី២០០គីឡូវ៉ាត់។ អគ្គនាយករងអគ្គិសនីកម្ពុជា (EDC) ទទួលបន្ទក់ផ្នែកផែនការ និងបច្ចេកទេស លោក ចាន់ សុដាវ៉ាត់ បានឲ្យដឹងថា EDC មិនបានតំឡើងថ្លៃភ្លើងនោះទេ ប៉ុន្តែបានកែសម្រួលតម្លៃអនុគ្រោះ ចំពោះប្រជាពលរដ្ឋ ក៏ដូចជាអតិថជនណាដែលប្រើប្រាស់ភ្លើងអគ្គិសនីចាប់ពី២០០ គីឡូវ៉ាតឡើងទៅ ។
លោកបានបញ្ជាក់បន្តថា អ្នកប្រើប្រាស់ភ្លើងចាប់ពី៥០គីឡូវ៉ាត់ចុះEDCនៅតែរក្សាតម្លៃ៦១០រៀលក្នុង១គីឡូ ហើយអ្នកប្រើប្រាស់ចាប់ពី២០០គីឡូ វ៉ាត់ចុះ EDC ក៏នៅតែរក្សា តម្លៃ៧២០រៀលក្នុង១គីឡូដដែលលើកលែងតែអ្នកប្រើប្រាស់ភ្លើងចាប់ពី២០០ គីឡូវ៉ាត់ឡើងEDC និងដាក់តម្លៃ ដូច និងតម្លៃស្ថានប័នរដ្ឋដែរ គឺ៨២០ រៀលក្នុងមួយគីឡូវ៉ាត់ ។
នាយកបញ្ជាថ្លៃលក់ នៃអាជ្ញាធរអគ្គសនីកម្ពុជា លោក តេង សុខមាល បានឲ្យដឹងដែរថា ការកែសម្រួលនេះមានន័យថាអាជ្ញាធរសុំឈប់ ឧបត្ថម្ភចំពោះអ្នកប្រើប្រាស់ភ្លើងលើសពី២០០គីឡូវ៉ាត់ ព្រោះយល់ឃើញថា អ្នកដែលប្រើប្រាស់ភ្លើងដល់កម្រិតនេះ សុទ្ធតែអ្នកមានលទ្ធភាពខុសពីក្រុមអ្នកប្រើប្រាស់ភ្លើង ២០០ គីឡូវ៉ាត់ចុះក្រោម ដែលពួកគាត់មិនសូវមានលទ្ធភាព។ លោក តេង សុខមាល ក៏បានបន្តទៀតថា អាជ្ញាធរអគ្គសនីកម្ពុជា និងរៀបចំឯកសារដើម្បីពិគ្រោះយោបល់ ជាសាធារណៈលើការកែសម្រួលបញ្ជី ថ្លៃលក់អគ្គិសនីសម្រាប់អ្នកប្រើប្រាស់ ប្រភេទលំនៅដ្ឋាន ក្នុងតំបន់ចែកចាយរបស់អគ្គិសនីកម្ពុជានៅ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ។
ក្រុមអាជ្ញាធរអគ្គិសនីកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ការកែសម្រួលតម្លៃអនុគ្រោះនេះ ធ្វើឡើងបន្ទាប់ពី តម្លៃភ្លើងនាំចូលពីបរទេសឡើងថ្លៃ ហើយម្យ៉ាងទៀត ភ្លើងដែលនាំចូលនោះ មិនគ្រប់គីឡូវ៉ាត់ ដូចកិច្ច សន្យាទិញ។ ក្រុមអាជ្ញាធរបន្តទៀតថា៥ ខែដើមឆ្នាំនេះ EDC បានខាតបង់ប្រាក់អស់ចំនួន ១២.៧៧៥ លានរៀល ប្រហែលជិត៣លានដុល្លារសហរដ្ឋអាមេរិក ហើយកម្ពុជាបាននាំភ្លើងពីប្រទេសវៀតណាម ចំនួន៥៥ ភាគរយដោយឡែកប្រទេសថៃកម្ពុជាបានចូលភ្លើងសឹងតែ១០០ ភាគរយ។
ចំពោះបញ្ហាដាច់ភ្លើងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាលខេត្តនោះ ក៏ព្រោះតែប្រទេសវៀតណាម មិនបានលក់ថាមពលភ្លើងឲ្យកម្ពុជាតាមកិច្ចសន្យា ដែលភាគីវៀតណាមផ្តល់ឲ្យតែ១៣៥ មេហ្គាវ៉ាត់ប៉ុណ្ណោះ មិនដូចកិច្ចសន្យាទិញដែលមានរហូតដល់២៥៧ មេហ្គាវ៉ាត់ ។ ចំពោះការកែសម្រួលតម្លៃអនុគ្រោះនេះ ក៏ព្រោះតែវៀតណាម បានដំឡើងថ្លៃភ្លើងរហូតដល់៣០ភាគរយ រីឯខាងភាគីថៃ ក៏មិនខុសគ្នាដែរ តម្លៃភ្លើងបានឡើងជាបន្តបន្ទាប់រហូតជិតដល់ ៣០ភាគរយដែរ។ ក្រុមអាជ្ញាធរក៏បានអំពាវនាវដល់ប្រទេសថៃ និងប្រទេសវៀតណាមផងដែរ សូមឲ្យមានការបន្ធូបន្ថយតម្លៃភ្លើង ក៏ដូចជាផ្តល់ថាមពលតាមកិច្ចសន្យា បើមិនដូច្នេះទេ នៅឆ្នាំ២០១៣ខាងមុខនេះ កម្ពុជានឹងជួបបញ្ហានៅក្នុងរាជធានីភ្នំពេញ និងត្រូវកាត់ភ្លើង១៥០គីឡូវ៉ាត់ ស្មើនឹងចំនួនអ្នកប្រើប្រាស់៥០ ភាគរយ ក្នុងរាជធានីភ្នំពេញ។
ក្រុមអាជ្ញាធរក៏បានបញ្ជាក់ផងដែរថា កម្លាំងអគ្គិសនី ដែលប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញ សព្វថ្ងៃនេះ ក្នុងមួយម៉ោង គឺប្រើអស់ចំនួន ៤០ ម៉ឺនគីឡូវ៉ាត់ ហើយក្នុងមួយថ្ងៃប្រើអស់ ប្រហែលជាង៦លានគីឡូវ៉ាត់ ។ បច្ចុប្បន្នអាជ្ញាធរអគ្គិសនីកម្ពុជា បានធ្វើសេចក្តីព្រាងដើម្បីស្នើសុំពិគ្រោះយោបល់ជាសាធារណៈ ដោយសុំផ្តល់ការអនុគ្រោះថ្លៃ តែចំពោះលំនៅដ្ឋានធុនតូច និងធុនមធ្យមដែល ប្រើអគ្គិសនីមិនលើសពី២០០kWh/ ខែប៉ុណ្ណោះ មានន័យថា លំនៅដ្ឋានដែលប្រើប្រាស់អគ្គិសនី មិនលើសពី២០០ kWh/ ខែ ដែលពីមុនមកធ្លាប់ប្រើអគ្គិសនីក្នុងអត្រាថ្លៃប៉ុន្មាន គឺនៅអនុគ្រោះរក្សាទុកអត្រាថ្លៃដូចមុន ដដែលមិនផ្តល់ឲ្យទំាងអស់ដូចលើកមុនទៀតទេ រួចចំពោះលំនៅដ្ឋានដែលប្រើប្រាស់អគ្គិសនីក្នុង១ខែ លើសពី ២០០kWh ឡើងទៅ អគ្គិសនីកម្ពុជាស្នើសុំលក់តាមអត្រាថ្លៃមួយ ដូចថ្លៃលក់ឲ្យស្ថាប័នរដ្ឋ ស្ថានទូត និងគេហដ្ឋានជនបរទេសដែរ គឺ៨២០៛/kWh ។ ចំពោះអតិថិជនពាណិជ្ជកម្ម អាជីវកម្ម និងឧស្សាហកម្ម ថ្លៃលក់អគ្គិសនីត្រូវបានរក្សាតាមអត្រា និងរូបមន្ត ដូចការកំណត់ពីមុនដដែលដោយពុំមានការកែប្រែឡើយ ៕
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១២
Leave a Reply