ការចាក់សាក់ជាអក្សរ ឬជារូបភាពផ្សេងៗនៅលើស្បែក ត្រូវបានគេទទួលស្គាល់ថា ជាការពេញនិយមតាំងពីសម័យបុរាណ កាលរហូតដល់ពេលបច្ចុប្បន្ន។ ការចាក់សាក់នេះ គឺមានច្រើនប្រភេទច្រើនយ៉ាង ទៅតាមចំណង់ចំណូលចិត្ដរបស់បុគ្គលម្នាក់ៗ ដោយ អ្នកខ្លះសាក់់ដើម្បីបង្កប់នូវវិជ្ជាមន្ដអាគមតាមបែបផ្លូវងងឹត រម្លឹកដល់ប្រភពនៃសាសនាណាមួយខ្លះទៀតសាក់ដើម្បីបង្ហាញពីភាពសង្ហា មាំមួន។ ប៉ុន្ដែក៏មានមនុស្សមួយចំនួនចង់លុបបំបាត់ស្នាមសាក់នេះវិញដែរ។
ទស្សនាវដ្ដី សុខភាពយើង បានធ្វើការសម្ភាសន៍ជាមួយអ្នកឯកទេសប្រចាំមន្ទីរព្យាបាលកែសម្ផស្សអន្ដរជាតិអាស៊ី ដែលបានធ្វើការបកស្រាយយ៉ាងក្បោះក្បាយអំពីវិធីលុបស្នាមសាក់នេះ ដើម្បីជាចំណេះដឹងជូនដល់មិត្ដអ្នកអានទាំងឡាយ ដែលមានស្នាមសាក់ ហើចង់លុបបំបាត់។
មូលហេតុនៃការចាក់សាក់
បើយោងទៅតាមឯកសារមួយចំនួនបានបញ្ជាក់ថា ការចាក់សាក់នេះគឺមាននៅក្នុងក្រុមកុលសម្ព័ន្ធមួយចំនួន ដែលតម្រូវឱ្យសាក់នៅលើរាងកាយគ្រប់បុរសទាំងអស់ដែលពេញវ័យ ដើម្បីបញ្ជាក់ពីភាពក្លាហាន។ សម្រាប់បុព្វបុរសខ្មែរតាំងពីមុនសម័យអង្គរ គឺភាគច្រើនសុទ្ធតែអ្នកពូកែខាងមន្ដអាគម ដែលការសាក់ជារូប សាក់ជាយ័ន្ដមន្ដអាគមត្រូវបានពេញនិយម។ ចំណែកបច្ចុប្បន្ននេះ ដោយមានការហូរចូលអរិយធម៌ពីបណ្ដាប្រទេសជិតខាងមួយចំនួន ការចាក់សាក់ក៏ត្រូវបានយុវវ័យមួយចំនួនពេញនិយមណាស់ដែរ ដើម្បីបង្កើននូវភាពស្រស់ស្អាតរបស់ខ្លួន ដូចជាសាក់រូបផ្កាកុលាប បេះដូង មេអំបៅ នាគរាជ ពស់ កងច័ក្រ ឬជាអក្សរជាដើម។
មូលហេតុនៃការលុបបំបាត់
ដោយការពេញនិយមនាពេលបច្ចុប្បន្ននេះមានការផ្លាស់ប្ដូរ ហើយខ្លះយល់ថាការសាក់រូបនៅលើស្បែកដងខ្លួនជាភាពហួស សម័យ បានធ្វើឱ្យយុវវ័យមួយចំនួនប្ដូរចំណាប់អារម្មណ៍ ងាកមករកការលុបបំបាត់វិញម្ដង។ ម្យ៉ាងវិញទៀត ក៏មានមនុស្សមួយចំនួន ចង់បំបាត់ស្នាមសាក់ចាស់ ព្រោះតែពួកគេចង់ប្ដូរទីតាំងសាក់នៅកន្លែងផ្សេង ឬចង់ផ្លាស់ប្ដូររូបភាពជាដើម។
វិធីលុបបំបាត់ស្នាមសាក់
នៅក្នុងការលុបបំបាត់ស្នាមសាក់នៅលើស្បែកនេះ គឺមានវិធីសាស្ដ្រ២យ៉ាង ៖
1 . ការលុបបំបាត់តាមបែបបុរាណ ៖ ចំពោះការលុបបំបាត់ស្នាមសាក់តាមបែបបុរាណ គឺតម្រូវឱ្យមានការចំណាយពេល វេលាច្រើន ប៉ុន្ដែចំណាយថវិកាតិច នៅក្នុងការលុប។ ឧបករណ៍ដែលប្រើសម្រាប់លុបស្នាមសាក់នោះរួមមាន ម្ជុល ឬវត្ថុដែលមុតស្រួច ទឹកថ្នាំបន្សាយពណ៌ និងសំឡី។ មុនដំបូងគេយកម្ជុលដែលត្រៀមទុកសម្រាប់ប្រើនោះ ទៅជ្រលក់ទឹកថ្នាំបន្សាយពណ៌ រួចចាក់ទម្លុះ ស្បែកចំកន្លែងស្នាមសាក់ ដែលគេចង់លុបបំបាត់។ បន្ទាប់មកយកសំឡីជូតសម្អាតនៅលើមុខរបួសដែលបន្សល់ពីការចាក់ដោយម្ជុល។ លទ្ធផលដែលទទួលបានមកពីការលុបបំបាត់ដោយចាក់ម្ជុលតាមបែបបុរាណនេះ មិនសូវជោគជ័យទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ វិធីនេះភាគច្រើនអាចបង្កឱ្យដុះជាដុំសាច់(ផ្លែសាច់)នៅកន្លែងមុខរបួសដោយការចាក់លុបដោយម្ជុលនោះថែមទៀតផង។ ជាទូទៅ វិធីលុបបំបាត់តាមបែបបុរាណនេះ គេសង្កេតឃើញច្រើនមាននៅតាមជនបទ។
2 . ការលុបបំបាត់ដោយម៉ាស៊ីនស្វ័យប្រវត្ដិ ៖ ការលុបបំបាត់ស្នាមសាក់ដោយម៉ាស៊ីនស្វ័យប្រវត្ដិភាគច្រើនបានទទួលនូវលទ្ធផលប្រសើរជាងវិធីសាស្ដ្របែបបុរាណ។ ចំពោះពេលវេលានៃការលុប គឺអាស្រ័យទៅលើកម្រិតនៃស្នាមសាក់នីមួយៗ ថាតើទឹកថ្នាំ ចាក់ចូលទៅក្នុងសាច់ជ្រៅកម្រិតណា ទំហំធំ ឬតូច។ ការលុបបំបាត់ស្នាមសាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះ គឺដំបូងអ្នកជំនាញ គ្រាន់តែពិនិត្យមើលប្រភេទ និងពណ៌នៃស្នាមសាក់ ហើយចាប់ផ្ដើមក្រិតកម្លាំងថាមពលនៃម៉ាស៊ីនតិច ឬខ្លាំង ឱ្យត្រូវនឹងកម្រិតនៃស្នាមសាក់។ ប្រការដែលសំខាន់គឺនៅក្រោយពេលដែលធ្វើការលុបបំបាត់ស្នាមដោយប្រព័ន្ធម៉ាស៊ីនទំនើបនេះ វាមិនបណ្ដាលឱ្យ ដុះសាច់(ផ្លែសាច់)នៅត្រង់កន្លែងស្នាមរបួស ដូចជាវិធីសាស្ដ្របែបបុរាណឡើយ។
ដំបូន្មានអ្នកជំនាញ
នៅពេលដែលលោកអ្នកមានបំណងចង់លុបបំបាត់ស្នាមសាក់នៅលើស្បែក ចាំបាច់ត្រូវទៅរកកន្លែងណាដែលមានជំនាញ ច្បាស់លាស់ ចៀសវាងប្រការដែលលុបបំបាត់ដោយគ្មានបច្ចេកទេសត្រឹមត្រូវ ជាហេតុបង្កឱ្យមានបញ្ហាដល់សុខភាពស្បែក ឬអាច បណ្ដាលឱ្យមានដុះផ្លែសាច់នៅត្រង់កន្លែងដែលលុបស្នាមទាំងនោះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩
Leave a Reply