កាលពីប៉ុន្មានថ្ងៃមុននេះ កុមារកម្ពុជាបានបាត់បង់ជីវិតរហូតដល់ទៅ៦០នាក់ ដែលដំណឹងនេះ បានធ្វើឲ្យមានការតក់ស្លុតយ៉ាងខ្លាំងពីសំណាក់មហាជនក្នុង និងក្រៅស្រុក ដោយសារតែប្រភេទជម្ងឺដែលផ្តាច់ជីវិតកុមារកម្ពុជានោះ នៅមិនទាន់រកឃើញច្បាស់នៅឡើយ។ នាពេលនេះ មានកុមារមួយរូបថែមទៀតហើយ ដែលមេរោគដ៏ចម្លែក និងគួរឲ្យអាថ៌កំបាំងនេះបានវាយប្រហារមកលើកុមារកម្ពុជា។
បើតាមការចេញផ្សាយឲ្យដឹងរបស់ទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” បានចុះផ្សាយកាលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១២បានឲ្យដឹងថា គិតចាប់ពីខែមេសា រហូតមកដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១២ មានកុមារកម្ពុជាចំនួន៦១នាក់ ហើយដែលបានបាត់បង់ ជីវិតដោយសាររោគចម្លែក ។ កាលពីប៉ុន្មានថ្ងៃរំលងទៅថ្មីៗនេះ ប្រភពព័ត៌មានជាច្រើននៅក្នុងប្រទេស និងក្រៅប្រទេសបានចុះផ្សាយថា មានកុមារកម្ពុជាចំនួន៦០នាក់បានស្លាប់ដោយសាររោគមិនដឹងមូលហេតុពិតប្រាកដ ឬគេហៅថាជារោគចម្លែក។ ប៉ុន្ដែនាពេលថ្មីៗនេះ មានកុមារម្នាក់ទៀតហើយ ដែលបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីក្រុមគ្រូពេទ្យ ជួយសង្គ្រោះមិនបានជោគជ័យ ។
បើតាមការឲ្យដឹងពីសារព័ត៌មានក្នុងស្រុកមួយចំនួនបានឲ្យដឹងថា ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខាភាព ពិភពលោក បាននឹងកំពុងធ្វើការនេះយ៉ាងសកម្មក្នុងការទប់ស្កាត់ទៅនឹងរោគចម្លែកមួយនេះ ព្រមទាំងកំពុងតែមានសកម្មភាពសកកម្មក្នុងការស៊ើបអង្កេត លើករណីរោគនៅឡើយ ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយបានបញ្ជាក់ថា រហូតមកដល់ពេលនេះគេនៅមិនទាន់រកឃើញសញ្ញាណាមួយដែលបញ្ចាក់ច្បាស់ថាកុមារដែលបានស្លាប់ទាំងនោះ កើតរោគ អ្វីឱ្យប្រាកដប្រជានៅឡើយទេ ដោយគ្រាន់តែដឹងថា មុនពេលដែលកុមារទាំងនោះបានស្លាប់បាត់បង់ជីវិត កុមារទាំងនោះមានរោគសញ្ញាគ្រុនក្ដៅខ្លាំង ឈឺទ្រូងខ្លាំង និងសញ្ញាដែលទាក់ទងនឹងប្រព័ន្ធប្រសាទជាដើម។
ក្រសួងសុខាភិបាលបានបញ្ជាក់ក្នុងរបាយការណ៍មួយថា រោគសញ្ញាធ្ងន់ធ្ងរនោះកុមារពិបាកដកដង្ហើម ដែលសព្វថ្ងៃនេះ មានកុមារចំនួន៦១នាក់ហើយបានស្លាប់ក្នុងចំណោមកុមារកម្ពុជាដែលមានអាការៈរោគខាងលើនេះ។ បញ្ហានេះបានកើតឡើងមុនគេនៅឯមន្ទីរពេទ្យគន្ធបុបា្ផ ហើយជម្ងឺនេះបានផ្ដើមឡើងដោយមិនដឹងពីមូលហេតុពិតប្រាកដឡើយ។ ក្រសួងបានបន្ថែមថា ករណីនេះកើតឡើងជា លើកដំបូងអាចមកពីតំបន់ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា ប៉ុន្ដែមិនដឹងច្បាស់ថា វាកើតឡើងតាំងពីពេលណានោះទេ ។
ដូច្នេះដើម្បីបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពបុត្រធីតារបស់លោកអ្នក សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវមានអនាម័យស្អាតក្នុងការរស់នៅ ស្លៀកសម្លៀកបំពាក់ឲ្យជិតៗដល់កូនរបស់លោកអ្នកដើម្បីការពារសត្វមូសខាំ ត្រូវបញ្ជូនកូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យនៅពេលសង្ស័យថាកូនរបស់លោកអ្នកមានអាការៈគ្រុនក្តៅ ឬមើលឃើញថាមានសភាពមិនស្រួល ជាពិសេសមិនត្រូវបណ្តោយឲ្យកុមាររត់លេងនៅទីងងឹតនោះទេ។ មួយវិញទៀត សូមចងចាំថា រដូវនេះជារដូវមានភ្លៀងធ្លាក់ច្រើនដែលអាចឲ្យមានសត្វមូសច្រើន ហេតុដូច្នេះសូមលោកអ្នករកវិធីសាស្ត្របណ្តេញមូសដោយប្រើប្រាស់ផលិតផលផ្សេងៗ សម្រាប់ការពារកូនអ្នកពីសត្វល្អិតទិច ឬខាំដើម្បីបញ្ជៀសការកើតជម្ងឺផ្សេងៗដោយមិនបានដឹងមុន។
អត្ថបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២
Leave a Reply