បញ្ហាដែលពាក់ព័ន្ធនឹងសុខភាពមាត់ធ្មេញជារឿងមួយដែលធ្វើឱ្យលោកអ្នកមានការពិបាក និងមានចម្ងល់ជាច្រើនក្នុងពេលកន្លងមក។ ហេតុនេះហើយនៅពេលនេះដើម្បីឱ្យលោកអ្នកជ្រះស្រឡះនៅក្នុងចិត្ដទស្សនាវដ្ដី សុខភាពយើង នឹងលើកយកការបកស្រាយរបស់ទន្ដបណ្ឌិត គង់ កល្យាណ នៅគ្លីនិកទន្ដសាស្ដ្ររំចង់។ សុខភាពមាត់ធ្មេញពិតជាមានសារៈសំខាន់ណាស់សម្រាប់លោកអ្នកគ្រប់គ្នា ព្រោះនៅពេលដែលធ្មេញមិនល្អលោកអ្នកមានការរំខានផ្នែកការទទួលទានអាហារ រីឯបញ្ហាសុខភាពសម្រស់ត្រូវបាត់បង់មួយផ្នែក។ខាងក្រោមនេះជាសំណួរ និងចម្លើយចំនួន៩ដែលពាក់ព័ន្ធនឹងសុខភាព និងសម្រស់ធ្មេញដែលរៀបចំជាពិសេសសម្រាប់លោកអ្នក។
1. តើធ្មេញមានសុខភាពល្អមានន័យដូចម្ដេច?
ធ្មេញមានសុខភាពល្អមានន័យថា ធ្មេញមិនឈឺគ្មានរោគពុក គ្មានប្រហោង ឬបង្ករោគអ្វីទាំងអស់ ព្រមទាំងត្រង់ល្អគ្មានប្រជ្រួស។
2. តើធ្មេញមានសុខភាពល្អមានប្រយោជន៍អ្វីខ្លះៗ
ធ្មេញមានសុខភាពល្អបណ្ដាលឱ្យសុខភាពទូទៅល្អដូចគ្នា ព្រោះធ្មេញអាចរក្សាតួនាទីទំពាអាហារបានល្អ។ ម្យ៉ាងទៀតបើធ្មេញមានសុខភាពល្អទើបអាចនៅគង់វង្សជារៀងរហូត។ កាលណាបើមនុស្សមានធ្មេញឈឺហើយបាត់បង់នោះនឹងមានបញ្ហាក្នុងការបរិភោគមិនស្រួលដកដង្ហើមមិនស្រួលនិយាយមិនច្បាស់ ផតមុខ ផតថ្ពាល់ចាស់ជាងអាយុ។
3. ធ្មេញមានសុខភាពល្អអាចចាត់ទុកថាជាធ្មេញមានសម្ផស្សល្អបានដែរឬទេ?
សុខភាពជាចំណែកមួយរបស់សម្ផស្ស ហើយសម្ផស្សក៏ជាចំណែកមួយរបស់សុខភាពដែរ។ ពោលគឺកាលណាធ្មេញល្អគឺគ្មានស្នាមពុក ខ្មៅ ឬប្រហោងអ្វីទេ។ ប៉ុន្ដែធ្មេញដែលចាត់ទុកថាស្អាតតែម្ដងគឺកាលណាដែលធ្មេញនោះសស្អាតមានទម្រង់សមមិនខុបពេក មិនពយពេក បណ្ដាលឱ្យផ្ទៃមុខសមទាំងមើលពីចំហៀង និងមើលពីមុខ។ មនុស្សភាគច្រើនស្ទើរតែគ្រប់ជនជាតិជាទូទៅចង់បានធ្មេញមានទំហំល្មមមិនធំពេក មិនតូចពេក ហើយតម្រៀបគ្នាក្នុងតំណោងឆ្អឹងថ្គាមយ៉ាងត្រង់ល្អគ្មានប្រជ្រួស គ្មានចន្លោះអ្វីទេ។ ក្នុងសម័យបច្ចុប្បន្នយើងឃើញអ្នកខ្លះស្រឡាញ់ធ្មេញមុខពីរធំៗវែងៗ ហៅថាធ្មេញទន្សាយ។
4. ហេតុអ្វីអ្នកខ្លះមានធ្មេញសស្អាត ឯអ្នកខ្លះទៀតមានធ្មេញលឿង ឬប្រផេះ?
ប្រៀបដូចជាសរសៃសក់ និងស្បែកដូច្នេះដែរ។ អ្នកខ្លះមានសក់ខ្មៅ ខ្លះទង់ដែង ខ្លះមានស្បែកស ខ្លះខ្មៅស្រអែម សណ្ដែកបាយ លឿងជាដើម។ យ៉ាងណាមិញ ធ្មេញរបស់មនុស្សយើងក៏ប្រែប្រួលដូច្នោះដែរ។ តែគួរកត់សម្គាល់ថា អ្នកខ្លះមានធ្មេញប្រផេះ ខ្លាំងណាស់ គឺដោយសារឥទ្ធិពលរបស់ថ្នាំផ្សះម្យ៉ាងឈ្មោះតេត្រាស៊ីក្លីន ដែលគាត់បានទទួលទានកាលនៅក្មេង ឬពេលគាត់នៅក្នុង ផ្ទៃម្ដាយ ហើយម្ដាយគាត់បានទទួលទានថ្នាំប្រភេទនេះ។ រីឯកម្រិតនៃពណ៌ប្រផេះនោះគឺអាស្រ័យតាមកម្រិតថ្នាំនោះឯង។ ក្រៅពីនេះ យើងឃើញថា ធ្មេញអាចប្រែពណ៌ដោយសារស្នឹមបារី កាហ្វេ តែ ឬអាហារផ្សេងៗ ឬប្រែពណ៌ក្រោយពេលធ្មេញបាត់បង់សរសៃ បណ្ដូលហើយ ឬប្រែពណ៌លឿងឡើងៗនៅពេលមនុស្សយើងមានវ័យកាន់តែចាស់។ ដូច្នេះហើយទើបបានជាកាលណាយើងមានធ្មេញ សស្អាតយើងមើលទៅក្មេងជាងវ័យ។
5. ធ្មេញសស្អាតមានប្រយោជន៍ណាស់ តើមានវិធីអ្វីដើម្បីកែប្រែទៅបើមនុស្សម្នាក់មានធ្មេញពណ៌មិនល្អនោះ?
តាមពិតមានវិធីជាច្រើនដើម្បីកែប្រែពណ៌ធ្មេញមិនល្អ ដូចជាប៉ះធ្មេញពណ៌សដូចធម្មជាតិពាសពីក្រៅ ឬស្រោបធ្មេញថ្មីដោយសារធាតុសេរ៉ាម៉ិក ឬសៀកូនាមកូមតែម្ដង។ ក៏ប៉ុន្ដែវិធីនេះត្រូវការពារវេលាយូរ និងថវិកាច្រើន ព្រមទាំងត្រូវឆាបសាច់ធ្មេញធម្មជាតិចេញទៀតផង។ ដូច្នេះវិធីសាស្ដ្រដែលល្អបំផុតគឺមានតែការប្ដូរពណ៌ធ្មេញឱ្យសដោយប្រើថ្នាំ និងកាំរស្មីតែប៉ុណ្ណោះ។
6. តើត្រូវប្រើថ្នាំអ្វី ឬកាំរស្មីអ្វីទៅដើម្បីធ្វើឱ្យធ្មេញស? តើមានសុវត្ថិភាពឬទេ?
ជាទូទៅថ្នាំដែលយកមកប្រើជាប្រភេទអ៊ីដ្រូសែនពែអុកស៊ីត ឬកាបាម៉ីដពែអុកស៊ីដ ឯកាំរស្មីពិសេសនោះវិញមានច្រើនប្រភេទ ដូចជាឡេស៊័ររអែលអ៊ីឌី និងផ្លាស្មា។ វាពិតជាមានសុវត្ថិភាពបំផុតបើលោកអ្នកបានជួបជាមួយគ្រូពេទ្យជំនាញ។ ព្រោះគាត់នឹងយកចិត្ដទុកដាក់ក្នុងការពិនិត្យរកមើលក្រែងលោកអ្នកមានធ្មេញពុក ឬបញ្ហាផ្សេងៗដែលតម្រូវឱ្យមានការព្យាបាលជាមុន។ ម្យ៉ាងទៀត គ្រូពេទ្យជំនាញប្រាកដជាយល់ច្បាស់ពីបច្ចេកទេសត្រឹមត្រូវក្នុងការព្យាបាលកុំឱ្យមានផលប៉ះពាល់អ្វីកើតឡើង ព្រមទាំងអាចផ្ដល់ជូនលោកអ្នកនូវដំបូន្មានល្អៗដែលលោកអ្នកត្រូវធ្វើមុន និងក្រោយពេលព្យាបាល។
7. តើការប្ដូរពណ៌ធ្មេញឱ្យសដោយថ្នាំ និងកាំរស្មីអាចបណ្ដាលឱ្យធ្មេញខូចដែរឬទេ? ហើយតើមានការឈឺចាប់ឬទេ?
ធ្មេញមិនខូចដោយសារថ្នាំធ្វើឱ្យធ្មេញសទេ ផ្ទុយទៅវិញថ្នាំដែលប្រើក្នុងពេលប្ដូរពណ៌ធ្មេញនោះនឹងបញ្ចេញសារធាតុម្យ៉ាងឈ្មោះយូរៀ ដែលអាចការពារធ្មេញមិនឱ្យពុកទៀតផង។ ចំណែកឯការឈឺចាប់ក៏ពុំមានដែរ មានតែការសង្កៀរបន្ដិចបន្ដួចមួយរយៈខ្លីបើសិនណាយើងពុំបានប្រយ័ត្នទៅញ៉ាំទឹកត្រជាក់ពេក ឬក្ដៅពេកក្នុង១ថ្ងៃដំបូង។ តែដើម្បីបង្ការកុំឱ្យសង្កៀរគ្រូពេទ្យរបស់លោកអ្នកប្រាកដជាណែនាំអ្នកឱ្យប្រើថ្នាំសម្រាប់ធ្មេញម្យ៉ាង។
8. តើប្រសិទ្ធភាពរបស់ថ្នាំដែលធ្វើធ្មេញឱ្យសបានយូរប៉ុណ្ណា?
តាមពិតវាប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តែជាទូទៅធ្មេញរបស់លោកអ្នកត្រូវនៅសស្អាតបានរយៈពេល២ទៅ៣ឆ្នាំ បើលោកអ្នកថែរក្សាអនាម័យសុខភាពមាត់ធ្មេញបានល្អ និងចៀសវាងអាហារ ឬភេសជ្ជៈបំពាក់ពណ៌ខ្លាំង។ ក្រោយពី២ទៅ៣ឆ្នាំមក ធ្មេញរបស់លោកអ្នកប្រហែលជាមិនសថ្លាដូចក្រោយធ្វើស ហើយថ្មីៗនោះទេ។ ពេលនោះលោកអ្នកអាចធ្វើវាម្ដងទៀតបាន។
9. ចុះចំណែកឯធ្មេញសឹករិចរិល ធ្មេញបែក ធ្មេញចន្លោះ និងធ្មេញមិនត្រង់ជួរ ប្រជ្រួល ខុប ឬពយពេក តើមានវិធីអ្វីកែប្រែបានទេ?
ធ្មេញសឹករិចរិល ធ្មេញបែក និងធ្មេញចន្លោះ អាចកែប្រែដោយការប៉ះពណ៌សដូចធម្មជាតិរួចឆាបកែទម្រង់ឱ្យសមស្អាត បើធ្ងន់ធ្ងរត្រូវស្រោបថ្មី។ គ្រូពេទ្យរបស់លោកអ្នកត្រូវការពិនិត្យជាក់ស្ដែងជាមុនសិន។ រីឯធ្មេញខុបពេក ឬពយពេក ឬប្រជ្រួសមិន ត្រង់ជួរអាចដោះស្រាយបាន ក្រោយពេលលោកអ្នកជួបជាមួយគ្រូពេទ្យឯកទេសពត់ធ្មេញ។ លោកអ្នកត្រូវការរយៈពេលយូរ ឬឆាប់ប៉ុណ្ណាក្នុងការពត់ គ្រូពេទ្យឯកទេសរបស់លោកអ្នកនឹងសូមឱ្យលោកអ្នកខាំពុម្ពធ្មេញគំរូ និងថតកាំរស្មីអ៊ិច ដើម្បីសិក្សាជាមុនសិន។
ដំបូន្មានអ្នកជំនាញ
ការពត់ធ្មេញមិនត្រឹមតែធ្វើឱ្យលោកអ្នកមានសម្ផស្សល្អប៉ុណ្ណោះទេ វាថែមទាំងជួយឱ្យលោកអ្នកអាចទំពាអាហារបានស្រួល ដកដង្ហើមបានស្រួល និងនិយាយបានច្បាស់ទៀតផង។ ចំណែកឯការកែសម្ផស្សធ្មេញដោយការធ្វើឱ្យធ្មេញស ការប៉ះធ្មេញ កែទម្រង់ឱ្យ សមស្អាត អាចធ្វើឱ្យលោកអ្នកក្មេងជាងវ័យ ញញឹមស្រស់ មានអារម្មណ៍ស្រស់ស្រាយ សោមនស្សរីករាយក្នុងចិត្ដ ព្រមទាំងមានភាព ជឿជាក់ពេលទំនាក់ទំនងក្នុងសង្គម។ ជាពិសេសលោកអ្នកនឹងមានអារម្មណ៍ថា លោកអ្នកនឹងកាន់តែស្រឡាញ់ធ្មេញរបស់ខ្លួន ហើយលោកអ្នកប្រាកដជាចង់ថែទាំធ្មេញឱ្យមានសុខភាពល្អជារៀងដរាប។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩
Leave a Reply