ស្ថិតនៅក្រោមការដឹកនាំយ៉ាងយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ស្ទើរតែគ្រប់តំបន់មិនថាទីក្រុង ឬជនបទ ទទួលបាននូវការអភិវឌ្ឍន៍រីកចម្រើនគួរឱ្យកត់សម្គាល់។ ស្របពេលជាមួយគ្នានេះ ការចាក់ដីបំពេញតំបន់បឹងកក់ ដើម្បីធ្វើការអភិវឌ្ឍន៍ និងបង្កើនសម្រស់ក្នុងទីក្រុងភ្នំពេញធ្វើជាតំបន់ទេសចរណ៍ បានធ្វើឱ្យមានភាពចម្រូងចម្រាសរវាងប្រជាជនក្នុងតំបន់ជាមួយក្រុមហ៊ុនដែលបានធ្វើការបណ្ដាក់ទុន និងរាជរដ្ឋាភិបាល បើទោះបីជាមានការដោះដូរ និងសំណងនៃការខូចខាតយ៉ាងណាក៏ដោយ។
ទាក់ទិនទៅនឹងការអភិវឌ្ឍន៍ដែលមានភាពមិនសុខចិត្ដពីសំណាក់ប្រជាជនក្នុងតំបន់ជាមួយរាជរដ្ឋាភិបាល ទស្សនាវដ្ដី សុខភាពយើង សូមលើកយកនូវចំណុចខ្លះៗដែលជាគុណសម្បត្ដិ និងគុណវិបត្ដិចំពោះប្រជាជន និងសង្គមជាតិមកជម្រាបជូន។
មូលហេតុចាក់ដីលុបបឹងកក់
ការចាក់ដីលុបបំពេញបឹងកក់ដែលមានផ្ទៃដីម្រមាណជា៩០ហិចតា ស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនស៊ូកាកូអ៊ីន ដែលជាភាគហ៊ុនដ៏ធំមួយរបស់កូរ៉េខាងត្បូង។ មូលហេតុនៃការចាក់ដីបំពេញបឹងកក់ គឺដើម្បីសាងសង់បុរី និងតំបន់សេដ្ឋកិច្ច ដែលនៅក្នុងនោះរួមមានផ្ទះល្វែង ផ្សារទំនើប គ្លីនិក សណ្ឋាគារ កន្លែងកម្សាន្ដ និងតំបន់លំហែកាយ។ គម្រោងទាំងនេះ គឺអនុវត្ដទៅតាមគោលនយោបាយរបស់សាលាក្រុង ក្នុងគោលបំណងអភិវឌ្ឍន៍បង្កើនល្បឿន សេដ្ឋកិច្ច បន្ថែមនូវសោភ័ណភាពទីក្រុងទាក់ទាញភ្ញៀវទេសចរណ៍ និងជាពិសេសលើកស្ទួយកម្រិតជីវភាពប្រជាជនដែលរស់នៅក្នុងតំបន់ និងជិតខាង។
គុណសម្បត្ដិនៃការលុបបឹងកក់
មន្ដ្រីខាងរដ្ឋាភិបាលម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានមានប្រសាសន៍ឱ្យដឹងថា អត្ថប្រយោជន៍ដែលអាចទទួលបានក្រោយ ពីការចាក់ដីលុបបំពេញផ្ទៃបឹងកក់ដើម្បីធ្វើការអភិវឌ្ឍន៍នេះគឺមានច្រើន។ មន្ដ្រីរូបនោះបានបន្ដឱ្យដឹងថែមទៀតថា វាជាមោទនភាពមួយ និងជារឿងដែលគួរឱ្យរីករាយផងដែរ ដែលទីក្រុងភ្នំពេញមានការអភិវឌ្ឍន៍ជាបន្ដបន្ទាប់។ ការបង្កើននូវមជ្ឈមណ្ឌលពាណិជ្ជកម្ម សំណង់អគារធំខ្ពស់ៗ ផ្សារទំនើប មណ្ឌលកម្សាន្ដ កន្លែងលំហែកាយ និងសណ្ឋាគារនៅក្នុងក្រុងមិនត្រឹមតែអាចបង្កើននូវភាព ស្រស់ថ្លានៃសម្រស់ទីក្រុងនោះទេ ថែមទាំងអាចបញ្ជាក់ពីភាពរីកចម្រើនស្ទើរគ្រប់វិស័យរបស់ប្រទេសជាតិមួយកម្រិតទៀត។ ជាពិសេសអាចលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនមួយចំនួនធំដែលរស់នៅក្នុងតំបន់ធ្វើការអភិវឌ្ឍន៍ និងតំបន់មួយចំនួនដែលនៅក្បែរ។ ភាពងាយស្រួលក្នុងការស្វែងរកការងារធ្វើ កាត់បន្ថយភាពក្រីក្រដែលជាគោលដៅធំចម្បងរបស់រាជរដ្ឋាភិបាល ត្រូវកើតមានឡើងនៅពេលដែលគម្រោងអភិវឌ្ឍន៍ក្នុងស្រុកបានសម្រេច។ លោកបានបន្ដទៀតថា ផលវិជ្ជមានដែលទទួលបានពីការអភិវឌ្ឍន៍នៅតំបន់បឹងកក់អាចមានច្រើន។ ព្រោះក្រៅធ្វើឱ្យប្រជាជនមានទីលំនៅសមរម្យច្បាស់លាស់ទៅតាមគោលនយោបាយដោះដូរដែល ក្រុមហ៊ុនបានកំណត់ វាជាតំបន់សេដ្ឋកិច្ចយ៉ាងសំខាន់មួយ ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការប្រកបមុខរបរ អាជីវកម្មផ្សេងៗ ហើយអាចទាក់ទាញភ្ញៀវទេសចរណ៍បានថែមទៀត។
គុណវិបត្ដិនៃការលុបបឹងកក់
ស្របពេលជាមួយគ្នាដែលកំពុងមានការអភិវឌ្ឍន៍ដោយការចាក់ដីបំពេញបឹងកក់នេះ ត្រូវបានសង្គមស៊ីវិលមួយចំនួនធ្វើការរិះគន់យ៉ាងខ្លាំង ហើយបានលើកឡើងនូវចំណុចអវិជ្ជមានជាច្រើនដែលអាចទទួលបានក្រោយពីមានការអភិវឌ្ឍន៍នៅលើផ្ទៃដីបឹងកក់នេះ។
លោក វ៉ាន់ ម៉ូលីវ៉ាន់ បានមានប្រសាសន៍ឱ្យដឹងថា ការមានការអភិវឌ្ឍន៍នៅក្នុងក្រុង និងតំបន់ជាយក្រុងគឺជារឿងមួយដែលគួរឱ្យរីករាយបំផុត។ លោកបានបន្ដទៀតថា ជាការពិតណាស់ការសាងសង់នូវអគារធំខ្ពស់ៗ សណ្ឋាគារ ផ្សារទំនើប និងមជ្ឈមណ្ឌល កម្សាន្ដ ពិតជាអាចជួយកាត់បន្ថយនូវភាពក្រីក្របាន តាមរយៈការផ្ដល់ទីផ្សារការងារដល់ប្រជាជននៅក្នុងតំបន់។ ប៉ុន្ដែចំពោះតំបន់ បឹងកក់នេះ មិនគួរធ្វើការអភិវឌ្ឍន៍ដោយចាក់ដីលុបបំពេញនោះទេ ព្រោះមានប្រជាជនប្រមាណជា៤០០០គ្រួសារ ដែលអាចមានផលប៉ះពាល់ជុំវិញការលុបបឹងកក់នេះ។
លោកបានបន្ដទៀតថា បឹងកក់ដែលមានទំហំផ្ទៃដីរហូតដល់៩០ហិចតាមួយនេះគឺជាអាងសម្រាប់ ស្ដុកទឹកជំនន់ភ្លៀងដែលនៅតំបន់ជិតខាង។ លោកជឿថា ក្រោយពីធ្វើការលុបបំពេញបឹងកក់នេះ នឹងអាចមានផលប៉ះពាល់ជាច្រើន ដល់បរិស្ថាន ជាពិសេសអាចប៉ះពាល់ដល់ប្រយោជន៍សាធារណៈជាច្រើន ដូចជាខូចផ្លូវថ្នល់ជាដើម។ ជាក់ស្ដែងកន្លងមកធ្លាប់មានលិចទឹក នៅតំបន់មួយចំនួនក្រោយពីមានការចាក់ដីលុបបំពេញបឹងពោងពាយ និងបឹងបាយ៉ាប ដូចជានៅសង្កាត់ភ្នំពេញថ្មី ខណ្ឌឫស្សីកែវជាដើម។
ដោយឡែកលោក ណាត លី គណៈកម្មាធិការអភិវឌ្ឍន៍ក្រុងភ្នំពេញ(តំបន់បឹងកក់)បានមានប្រសាសន៍ឱ្យដឹងថា ការលុបបឹងកក់អាចបណ្ដាលឱ្យមានផលប៉ះពាល់ច្រើនទាំងប្រជាជនទាំងសង្គម។ លោកបន្ដទៀតថា ប្រជាជនរស់នៅក្នុងតំបន់ភាគតិចណាស់ ដែលរីករាយនឹងគោលនយោបាយរបស់ក្រុមហ៊ុនក្នុងការដោះដូរ។ សម្រាប់ប្រជាជនក្រីក្រ បឹងកក់គឺជាតំបន់មួយដែលផ្ដល់នូវជីវភាព ប្រចាំថ្ងៃដល់ពួកគាត់ ដូចជាបេះត្រកួន រកត្រីជាដើម។ ពិតមែនតែក្រុមហ៊ុន និងខាងសាលាក្រុងបានជួយដោះស្រាយនូវលំនៅដ្ឋាន ដល់ពួកគាត់ តែបើប្រៀបធៀបការរស់នៅតំបន់បឹងកក់ជាមួយកន្លែងថ្មីនោះ គឺមានផលលំបាកច្រើន។ លោកលើកឡើងឱ្យដឹងទៀតថា ទីលំនៅថ្មីនៅឆ្ងាយពីសាលារៀនរបស់កូន ឆ្ងាយពីមណ្ឌលសុខភាព និងឆ្ងាយពីទីផ្សារដែលពួកគាត់ធ្លាប់ប្រកបរបរ។ លោកបានបន្ដទៀតថា ចំពោះអ្នកប្រកបរបរដើររើសអេតចាយ អាចទទួលផលកម្រៃមួយថ្ងៃប្រមាណជា១០.០០០រៀល ត្រូវចំណាយថ្លៃធ្វើដំណើរ ពីលំនៅដ្ឋានថ្មីមកក្រុងភ្នំពេញប្រមាណជា៦០០០-៧០០០រៀល។
អ្នកស្រី សំអាត ជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់បឹងកក់បាននិយាយប្រាប់ឱ្យដឹងថា ៖ អ្នកស្រីគឺជាមេគ្រួសារមួយរូប ហើយក៏ជាជនរងគ្រោះមួយរូបក្នុងចំណោមប្រជាជនរាប់រយនាក់ទៀត។ អ្នកស្រីបានបន្ដថា ផ្អែកតាមស្ថានភាពសេដ្ឋកិច្ចពេលបច្ចុប្បន្ន តើទឹកប្រាក់ចំនួន៨០០០ដុល្លារ និង២លានរៀល តើអាចទិញផ្ទះនៅតំបន់ជាយក្រុងបានទេ? បើរើសយកជម្រើសទីពីរដោយទៅរស់នៅ ទីលំនៅថ្មីស្ថិតនៅបុរីសន្ដិភាពពីរ ដែលមានចម្ងាយប្រមាណជាង២០គីឡូម៉ែត្រពីក្រុង ឆ្ងាយពីសាលារៀន ឆ្ងាយពីមន្ទីរពេទ្យ និងឆ្ងាយពីទីផ្សារ នោះពិតជាពិបាកខ្លាំងណាស់។ លោកស្រីបានបន្ដថា ប្រជាជនមិនត្រូវការសំណងច្រើនលើសលុបទេតែសូមជួយសម្រួលតម្លៃ ដោះដូរឱ្យបានសមរម្យផង។
គួរបញ្ជាក់ផងដែរថាមកដល់ពេលបច្ចុប្បន្ននេះ នៅមានប្រជាជនប្រមាណជាង១០គ្រួសារតែប៉ុណ្ណោះដែលមិនទាន់យល់ព្រម រុះរើផ្ទះចាកចេញពីតំបន់បឹងកក់នៅឡើយនោះទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩
Leave a Reply