លោកអ្នកប្រាកដជាបានឮពាក្យថា“បើចិត្ដមនុស្សដូចគ្នា គឺមិនមានសង្គ្រាមឡើយ”។ នេះបញ្ជាក់ថា អ្នកខ្លះមានចិត្ដទន់ អ្នកខ្លះទៀតមានចិត្ដរឹងមានៈ។ ជួនកាលអ្នកខ្លះចូលចិត្ដប្រើពាក្យសម្ដីគំរោះគំរើយមិនពីរោះ តែបើនិយាយពីចិត្ដវិញ អាចជាមនុស្សមានចិត្ដល្អ ឆាប់ទន់ជ្រាយអាណិតអាសូរគេ។ មនុស្សមួយចំនួនទៀតចូលចិត្ដប្រើពាក្យសម្ដីពីរោះផ្អែម សម្ដែងអាកប្បកិរិយាស្លូតបូត តែធាតុពិតនៃចិត្ដអាចជាមនុស្សមានចិត្ដអាក្រក់ ដូចសុភាសិតខ្មែរបានពោលថា “ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ”។
ទស្សនាវដ្ដី សុខភាពយើង បានធ្វើការណាត់ជួបសម្ភាសន៍ជាមួយលោកសាស្ដ្រាចារ្យ សោមច័ន្ទ សុវណ្ណតារា ជាអនុប្រធាន ដេប៉ាតឺម៉ង់ចិត្ដវិទ្យា នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ធ្វើការបកស្រាយជូនប្រិយមិត្ដអ្នកអានឱ្យបានស្វែងយល់។
ចិត្ដទន់ជ្រាយ ជាអ្វី?
ចិត្ដទន់ជ្រាយគឺជាបាតុភូតចិត្ដរបស់មនុស្សម្យ៉ាងដែលមានអារម្មណ៍ និងសណ្ដានចិត្ដល្អ ហើយប្រទានផ្ដល់ឱ្យអ្នកដែលខ្លួនអាណិតស្រឡាញ់ មិនចេះចប់មិនចេះហើយ ធ្វើឱ្យចិត្ដនៅជាប់ជំពាក់ទៅនឹងអ្វីដែលខ្លួនស្រឡាញ់។
លក្ខណៈទូទៅនៃចិត្ដ
មនុស្សកើតមកធម្មជាតិបានផ្ដល់ពណ៌សម្បុរស្បែកមិនដូចគ្នាទេ អ្នកខ្លះមានសម្បុរស ខ្មៅ លឿងជាដើម។ ដូចនេះចិត្ដ របស់មនុស្សគ្រប់រូប ធម្មជាតិបានផ្ដល់ឱ្យក៏មិនដូចគ្នាដែរ។ អ្នកខ្លះមានចិត្ដរឹងរូស មានៈ ឬមានចិត្ដទន់ ស្រាលធ្ងន់ និងមានចិត្ដឆាប់ខឹង ឆេវឆាវជាដើម។ មិនថាក្មេងចាស់ ជាតិសាសន៍ណាទេ សុទ្ធតែមានចិត្ដបែបនេះទាំងអស់។ គ្រាន់តែអ្នកមានចិត្ដទន់ជ្រាយនោះ ទៅតាមកាលៈទេសៈ និងទំហំ ឬសណ្ឋានខុសៗគ្នាតែប៉ុណ្ណោះ។
អ្នកណាដែលមានចិត្ដទន់ជ្រាយច្រើនជាង?
ធាតុពិតនៃមនុស្សគ្រប់រូបសុទ្ធតែមានចិត្ដទន់ជ្រាយ មិនថាប្រុសឬស្រី ក្មេងឬចាស់ឡើយ។ តាមការសិក្សាស្រាវជ្រាវអំពី ចិត្ដរបស់មនុស្សនៅក្នុងសង្គមខ្មែរ ជាលទ្ធផលបានបង្ហាញថា មនុស្សប្រុសមានចិត្ដ៤៩ប្រភេទដែលស្ដែងចេញទៅតាមអត្ដចរិត គឺសកម្ម ចូលចិត្ដផ្សងព្រេង គឃ្លើន(កោងកាច) មានមហិច្ឆតា ក្រអឺតក្រទម ប្រាកដប្រជា ឬហ៊ានបញ្ចេញមតិអារម្មណ៍ អត្ដធិបតេយ្យតាំងខ្លួន ឯងធំលើសគេ អួតអាង គិតច្បាស់លាស់ គំរោះគំរើយ ជឿជាក់ ក្លាហាន ឃោរឃៅ ហ៊ាន មានការប្ដេជ្ញាចិត្ដ គ្មានរបៀបរៀបរយ ចូលចិត្ដត្រួតលើគេ អត្ដទត្ថបុគ្គល ស្វាហាប់ មានគំនិតថ្មីៗច្រើន ចូលចិត្ដបង្ខំគេ មានៈចចេស គ្មានចិត្ដអាសូរ ចូលចិត្ដកំប្លែង ឯករាជ្យ មានគំនិតឆ្លាតថ្មីៗច្រើន មានគំនិតផ្ដួចផ្ដើម ចេះច្នៃប្រឌិត ខ្ជិល មានហេតុផលជាក់ស្ដែង និយាយក្ដុងក្ដាំង មានលក្ខណៈជាបុរស គួរឱ្យសែនស្អប់ ឱកាសនិយម គំនិតជឿនលឿន មានហេតុផល ប្រាកដនិយម មិនចេះគួរសម មុតមាំ ឈ្លើយ ជឿជាក់លើខ្លួនឯង មិនលេងសើច ម៉ឺងម៉ាត់ខ្លាំង មុខមាំ(ចូលចិត្ដឱ្យគេស្ដាប់បង្គាប់) ស្មើ(មិនសូវបញ្ចេញអារម្មណ៍) រឹងប៉ឹង គ្មានមនោសញ្ចេតនា ចិត្ដអាក្រក់ និងឆ្លាតវៃ។
ចំណែកឯមនុស្សស្រីវិញ មានចិត្ដ២៥ប្រភេទដែលលេចចេញតាមអត្ដចរិតដូចគ្នាគឺប្រកបទៅដោយមហច្ឆិតា ចរិយា បញ្ចេញសេចក្ដីស្រឡាញ់ អន្ទះអន្ទែង ទាក់ទាញចិត្ដ មានមន្ដស្នេហ៍ ចង់ចេះចង់ដឹង ពឹងពាក់អ្នកដទៃ ស្រមើស្រមៃ មានមនោសញ្ចេតនា ខ្លាច មានលក្ខណៈសមជាស្ដ្រីទន់ភ្លន់ ចិត្ដល្អ ញបៗ ខ្លាចគេ ចិត្ដស្រាល ឬមិនងាយខឹង រួសរាយ ឆាប់រំភើប ចូលចិត្ដមនោសញ្ចេតនា សិចស៊ី អៀនប្រៀន ចិត្ដទន់ (ចិត្ដធម៌) ចូលចិត្ដស្ដាប់បង្គាប់ ឬធ្វើតាមគេ មានអបិយជំនឿ ឬមានជំនឿធ្វេង និយាយច្រើន និងទន់ខ្សោយ។ នៅក្នុងលទ្ធផលនេះបញ្ជាក់ថា មនុស្សស្រីមានចិត្ដទន់ជ្រាយ រីឯមនុស្សប្រុសគ្មានចិត្ដទន់ជ្រាយដូច មនុស្សស្រីឡើយ។
មូលហេតុចិត្ដទន់ជ្រាយ
ការពេញចិត្ដ ឬជាប់ចិត្ដទៅលើរបស់អ្វីមួយដែលធ្វើឱ្យចិត្ដនិងគំនិតគិតឃើញថាល្អ ហើយស្រឡាញ់ដក់ជាប់នៅក្នុងដួងចិត្ដ ដោយមិនចង់ឱ្យរបស់ដែលខ្លួនស្រឡាញ់នោះបាត់បង់ឡើយ។ តែការស្រឡាញ់ប៉ុនប៉ងនូវអ្វីដែលខ្លួនស្រឡាញ់ គឺអ្នកខ្លះបានទទួល លទ្ធផលសមតាមសេចក្ដីប្រាថ្នា។ អ្នកខ្លះត្រូវទទួលបរាជ័យដូចជានៅក្នុងន័យរឿងស្នេហា ដោយមានសង្សារក្បត់ចិត្ដបោះបង់ចោល រីឯអ្នកខ្លះទៀតត្រូវមានស្វាមីមិនសមប្រកប វាយដំធ្វើបាបស្ទើររាល់ថ្ងៃ។ ប៉ុន្ដែការខូចចិត្ដទាំងនោះ មិនបានធ្វើឱ្យអ្នកទទួលនូវការ ឈឺចាប់ ចាត់ទុកជាមេរៀនជូរចត់ហើយរាងចាលទេ បែរជាសិក្សាមេរៀនដ៏ជូរចត់នេះម្ដងហើយម្ដងទៀតទៅវិញ។ នៅពេលដែលត្រូវ បានគេលួងលោម បណ្ដាលឱ្យចិត្ដខ្លួនឯងមិនរឹងប៉ឹងទៅជាអាណិតអាសូរគេ។ ដូចនេះកត្ដាដែលធ្វើឱ្យមានចិត្ដទន់ជ្រាយគឺបណ្ដាលមកពីកត្ដាដូចតទៅ។
1 . អបិយជំនឿ ៖ ខ្មែរយើងតែងតែចំណាំបែបជំនឿសាសនាថា មនុស្សប្រុសស្រីទាំងឡាយដែលកើតនៅថ្ងៃច័ន្ទ និងថ្ងៃពុធ គឺមានចិត្ដទន់។
2 . ផ្លូវចិត្ដ ៖ នារីម្នាក់ចេះតែគិតថា ខ្លួនឯងកើតមកជាកូនអ្នកក្រ រៀនក៏មិនបានខ្ពស់ ហើយឪពុកម្ដាយមានជម្ងឺជាទម្ងន់ទៀត តើធ្វើម្ដេចនឹងមានប្រាក់មកព្យាបាលជម្ងឺឪពុកម្ដាយ និងជួយជីវភាពគ្រួសារឱ្យបានធូរធារ។ ការគិតទាំងអស់នេះត្រូវបានជនដែលមានគំនិតខូចឆ្លៀតឱកាសមកលួងលោមចង់យកទៅលក់។ ដោយជនអាក្រក់នោះពូកែនិយាយថា នឹងរកការងារឱ្យធ្វើហើយ ទទួលបានប្រាក់ច្រើនអាចមកជួយគ្រួសារ រហូតដល់ពង្វក់ចិត្ដនារីម្នាក់នេះដល់ទន់ចិត្ដ ជឿលើសម្ដីបោកប្រាស់គេ។
3 . លួងលោម ៖ គេសង្កេតឃើញថា នៅក្នុងគ្រួសារដែលមានអំពើហិង្សា ប្ដីវ៉ៃប្រពន្ធស្ទើររៀងរាល់ថ្ងៃ បែរជាមានកូន ច្រើនទៅវិញ។ នេះដោយតែប្ដីវ៉ៃប្រពន្ធហើយ មកលួងលោមប្រពន្ធវិញរាល់ពេលដែលវ៉ៃហើយ រួចប្រពន្ធចិត្ដទន់លើកលែងទោសឱ្យប្ដី ក៏បង្កើតបានជាកូនច្រើន(ខ្មែរយើងច្រើនហៅថា កូនមួយកន្ទេល)។
4 . គ្មានការពិចារណា ៖ កុមារអាចក្លាយជាឃាតករដោយមិនដឹងខ្លួន នៅពេលដែលមនុស្សធំមកលួងលោមឱ្យធ្វើអំពើមិនគប្បី ដោយសន្យាថានឹងឱ្យរបស់អ្វីមួយដែលកុមារពេញចិត្ដ។ ភាពលួងលោមនេះធ្វើឱ្យកុមារមិនបានគិតវែងឆ្ងាយដូចមនុស្សធំទេ បណ្ដាលឱ្យកុមារចិត្ដទន់ប្រព្រឹត្ដតាមបញ្ជាគេ។
5 . ការបង្ខិតបង្ខំ ៖ អ្នកខ្លះចិត្ដទន់ដោយសារការបង្ខិតបង្ខំ ជាឧទាហរណ៍ ដូចជាចៅហ្វាយនាយ និងកូនចៅ។ ការងារ លំបាកខ្លាំងដែលកូនចៅមិនចង់ធ្វើ បើសិនចៅហ្វាយប្រើឱ្យធ្វើកូនចៅត្រូវតែធ្វើទាំងមិនពេញចិត្ដ។
ផលវិបាកនៃចិត្ដទន់ជ្រាយ
ចិត្ដទន់ជ្រាយអាចបង្កឱ្យមានផលវិបាកជាច្រើន។
- ងាយរងគ្រោះក្លាយជាឃាតករ
- រស់នៅដោយគ្មានសេរីភាព
- ធ្វើឱ្យការរស់នៅមានការលំបាក
- ធ្វើឱ្យបាត់បង់ជីវិតជាដើម។
ដំបូន្មានអ្នកឯកទេស
តាមការស្រាវជ្រាវគេឃើញថា អ្នកដែលមានចិត្ដទន់ជ្រាយច្រើនគឺជាស្ដ្រី។ ដូចនេះ ដើម្បីចៀសវាងផលវិបាកទៅថ្ងៃ ក្រោយដោយសារមានចិត្ដទន់ជ្រាយ ស្ដ្រីត្រូវយល់ដឹងពីអត្ដចរិត និងចិត្ដខ្លួនឯងឱ្យបានច្បាស់ជាមុនសិន ទើបយល់ច្បាស់ពីអត្ដចរិត និងចិត្ដអ្នកដទៃជាក្រោយ។ ការធ្វើដូចនេះអាចជួយកាត់បន្ថយចិត្ដទន់ជ្រាយបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩
Leave a Reply