គោលបំណងសំខាន់នៃការបរិភោគអាហារប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់ៗគឺដើម្បីទ្រទ្រង់សុខភាពរាងកាយ និងការរស់រានមានជីវិត។ ការបរិភោគអាហារត្រូវបានទទួលការយកចិត្ដទុកដាក់យ៉ាងខ្លាំងពីសំណាក់អ្នកបរិភោគ ព្រោះថាប្រសិនបើការ បរិភោគមិនបានត្រឹមត្រូវ វាធ្វើឱ្យលោកអ្នកមានគ្រោះថ្នាក់ផ្សេងៗបាន។ ការពុលអាហារត្រូវបានលោកអ្នកគ្រប់គ្នាខ្លាចរអា។ ហេតុនេះលោកអ្នកត្រូវតែមានវិធីការពារ និងចេះជ្រើសរើសអាហារយកមកបរិភោគ។
សូមលោកអ្នកស្វែងអំពីការពុលអាហារ តាមរយៈការបកស្រាយរបស់លោកវេជ្ជបណ្ឌិត សែន ពិសិដ្ឋ អនុប្រធានមន្ទីរ សុខាភិបាលរាជធានីភ្នំពេញ ជាមួយទស្សនាវដ្ដី សុខភាពយើង។ ដោយសារបទសម្ភាសន៍នេះវែង ទស្សនាវដ្ដី សុខភាពយើង នឹងធ្វើការ ចេញផ្សាយជាវគ្គបន្ដបន្ទាប់គ្នានៅលើទំព័ររបស់ខ្លួន។
អ្វីដែលជាការពុលអាហារ?
អាហារក្នុងទ្រង់ទ្រាយផ្សេងៗហើយខុសៗគ្នា វាមានសក្ដានុពលអាចបង្កបង្កើតឱ្យមានការប៉ះពាល់សុខភាព។ ពុលអាហារគឺ ជាជម្ងឺមួយដែលកើតមានឡើងក្នុងរវាង១ម៉ោងទៅ៧២ម៉ោង បន្ទាប់ពីបរិភោគអាហារពុល ដោយមានរោគសញ្ញាដូចតទៅ ៖ ឈឺពោះ ក្អួតចង្អោរ ឈឺក្បាល រមួលក្រពើ គ្រុន រាក ហើយក្នុងករណីជាច្រើនអាចមានស្លាប់។ ឧទាហរណ៍ ៖ គេរកឃើញករណីពុលអាហារគ្រប់ទីកន្លែងទាំងអស់ ដោយហេតុនេះហើយអាហារដែលចម្អិនសម្រាប់លក់ដូរមិនអាចផលិតឡើងដោយគ្មានវត្ដមានមេរោគនោះបានទេ។
លក្ខណៈនៃការពុលអាហារ
ការពុលអាហារត្រូវបានគេធ្វើការកត់សម្គាល់ទៅលីប្រភពចម្លងមេរោគទៅនឹងចំណីអាហារ ដូចជាពពួកអតិសុខុមប្រាណ ដែលបណ្ដាលឱ្យកើតជាជម្ងឺ ក្នុងនោះមានបាក់តេរី វីរុស និងផ្សិត។ បាក់តេរីមានមូលហេតុច្រើនជាងគេ ក្នុងការបង្កឱ្យមានការពុលអាហារដោយបាក់តេរី។ ទោះបីយ៉ាងណាក្ដីចំណេះដឹងក្រៅពីនេះ ដូចជាការពុលដោយគីមី ឬករណីពុលផ្សេងៗទៀតក៏មានសារៈសំខាន់ដូចគ្នាដែរ។
1 . ការចម្លងជាតិគីមីពុលទៅលើអាហារ ៖ តាមរយៈសារធាតុពុលផ្សេងៗ ដូចជាថ្នាំសម្លាប់សត្វល្អិតដែលបាញ់ទៅលើអាហារ ឬសម្ភារៈប្រើប្រាស់។ លោហៈធាតុដែលស្រោប ឬផ្សារ គឺមិនត្រឹមត្រូវជាសម្ភារៈសម្រាប់ទុកដាក់អាហារ និងភេសជ្ជៈឡើយ។ ឧទាហរណ៍ ៖ សម្ភារៈប្រើប្រាស់ដែលស្រោប ឬជ្រលក់ដោយសង្ក័សីងាយនឹងរលាយជាតិចូលជាមួយអាហារ នឹងធ្វើឱ្យអាហារពុលបាន។ ប្រសិនណាគេមិនបានថែរក្សាស្ពាន់ឱ្យបានស្អាតល្អឥតខ្ចោះទេ អាហារអាចជ្រាបចូលជាមួយលោហៈពុលបង្កើតឱ្យមានជម្ងឺ។ ការលាបថ្នាំលើសម្ភារៈ ដូចជាចាន ឆ្នាំង និងលើចំណារក្បាច់នៃសម្ភារៈបង្កើតឱ្យមានលោហៈពុល ព្រោះក្នុងថ្នាំលាបនេះមានលោហៈធ្ងន់ ដូចជាសំណ និងកាត់មីញ៉ូម។ ប្រសិនណាជាគេប្រើប្រាស់ថ្នាំលាបនេះមិនបានត្រឹមត្រូវសមស្របទេ ហើយផ្ទៃនៃសម្ភារៈប្រើប្រាស់ ដែលលាបដោយថ្នាំនោះនឹងជ្រាបចូលក្នុងអាហារ ជាពិសេសសម្ភារៈដែលមានតម្លៃថោកៗ។ ដូច្នេះត្រូវប្រើតែសម្ភារៈដែលមា គុណភាពខ្ពស់ទើបប្រសើរ។
2 . ការចម្លងជាតិពុលតាមរយៈការបន្ថែមគ្រឿង ៖ ការបន្ថែមគ្រឿងបែបគំរូគ្មានការអនុញ្ញាត ឬក៏បន្ថែមគ្រឿងលើស ចំនួនទាំងចេតនា ឬអចេតនា អាចបង្កើតឱ្យមានជម្ងឺ។ ឧទាហរណ៍ ប៊ីចេង ទោះបីជាការបន្ថែមដែលត្រូវយល់ព្រមឱ្យដាក់ក្នុងអាហារខ្លះក៏ដោយ ក៏អាចបណ្ដាលឱ្យកើតមានប្រតិកម្មដល់មនុស្សខ្លះៗដែរ។
3 . ការចម្លងរោគដោយរូបសាស្ដ្រទៅលើអាហារ ៖ វាកើតឡើងនៅពេលមានវត្ថុពីខាងក្រៅ មានវត្ដមាននៅក្នុងអាហារ ឬនាំមកដោយសត្វល្អិតទៅប៉ះលើអាហារ វាកើតមានដែរនៅពេលមានការបិទរូបឬក្បាច់ជាលំអ និងនៅក្នុងទឹកកក។ របៀបដែលអាចការពារហាក់ដូចជាជាក់ច្បាស់ តែជារឿយៗច្រើនតែគេមិនអើពើ។ របៀបការពារបាននាំមកនូវការខាតផលប្រយោជន៍ និងបាត់បង់អតិថិជន។
4 . ការចម្លងដោយសារជាតិពុល ៖ សារជាតិពុលធម្មជាតិមាន ផ្សិតពុល គ្រឹងដំឡូង និងត្រីពុល(ត្រីកំពត)។ ការពុលរបស់ផ្សិតដែលផ្សិតខ្លះដុះចេញពីសណ្ដែកដី និងគ្រាប់ធញ្ញជាតិអាចបណ្ដាលឱ្យកើតជម្ងឺធ្ងន់បាន ដូចជាជម្ងឺរលាកថ្លើម និងផ្ដើមឱ្យមានមហារីកជាដើម។
5 . ការចម្លងដោយវីរុស ៖ ជម្ងឺដែលបង្កឡើងដោយវីរុសតាមការបរិភោគអាហារជាធម្មតាតែងតែមានសភាពធ្ងន់ ហើយ មនុស្សភាគច្រើនទំនងជាត្រូវបានទទួលរងនូវជម្ងឺនេះ។ វីរុសមិនបំបែកខ្លួនឱ្យមានចំនួនច្រើននៅក្នុងអាហារឡើយ គឺគ្រាន់តែប្រើអាហារជាយានចម្លងដើម្បីនឹងចូលទៅខ្លួនមនុស្ស។ មូលហេតុនៃការចម្លងនេះគឺបណ្ដាលមកពីអ្នកធ្វើម្ហូបអាហារមានជម្ងឺបង្កដោយវីរុស។ ឧទាហរណ៍ ៖ ជម្ងឺរលាកថ្លើមដោយវីរុសអា និងជម្ងឺរលាកក្រពះពោះវៀនដោយវីរុស។
6 . ការពុលអាហារដោយបាក់តេរី ៖ ភាគច្រើននៃករណីពុលអាហារគឺជាការពុលអាហារដោយបាក់តេរី។ តែគេមិនបាន សន្និដ្ឋានថា បាក់តេរីទាំងអស់សុទ្ធតែមានគ្រោះថ្នាក់នោះទេ បាក់តេរីជាច្រើនមានផលប្រយោជន៍ដល់មនុស្ស ដូចជាគេយកទៅធ្វើហ្វ្រូម៉ាស ទឹកដោះគោជូរ និងឱសថមួយចំនួន។
- បាក់តេរីដែលធ្វើឱ្យស្អុយរលួយ ផ្អូមដល់អាហារធ្វើឱ្យអាហារមានក្លិន និងរសជាតិមិនល្អ។ ឧទាហរណ៍ ៖ សាច់ជាំខៀវ នំប៉័ងដុះផ្សិត
- បាក់តេរីដែលធ្វើឱ្យពុលអាហារគឺ ៖ ជាបាក់តេរីដែលអាចបង្កើតឱ្យមានជម្ងឺក្រៅពីការប្រើមីក្រូទស្សន៍គ្មានមធ្យោបាយ ណាដែលប្រាប់ថាមានបាក់តេរីធ្វើឱ្យពុលដល់អាហារឡើយ។ ពោលអាហារមានក្លិន និងរសជាតិដូចធម្មតា។ ឱកាសដ៏ល្អត្រឹមត្រូវបាន ត្រូវផ្ដល់ឱ្យបាក់តេរីអាចបង្កបង្កើត និងបំបែកខ្លួនរៀងរាល់២០នាទីបាន ប្រសិនបើរយៈពេលនោះល្មមគ្រប់គ្រាន់ បាក់តេរីតែបន្ដិចបន្ដួច អាចនឹងបំបែកខ្លួនរហូតដល់អាចបង្កើតឱ្យក្លាយទៅជាការពុលដែលមាននៅក្នុងអាហារ។
ដំបូន្មានអ្នកជំនាញ
លោកអ្នកនៅពេលបរិភោគ ឬចម្អិនគ្រប់ចំណីអាហារទាំងអស់ ត្រូវយកចិត្ដទុកដាក់ជាចម្បងទៅលើអនាម័យ លក្ខណៈដែលអាចបង្កជាការពុលអាហារបាន។ នៅលេខក្រោយទៀតលោកអ្នកអាចស្វែងយល់កាន់តែច្បាស់អំពីមូលហេតុដែលបង្កឱ្យមានការពុលអាហារនេះ និងប្រការផ្សេងៗទៀតទាក់ទងនឹងការពុលអាហារនេះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩
Leave a Reply