មន្ទីរពេទ្យ​ជាតិបី​ក្លាយជា​គ្រឹះស្ថាន​រដ្ឋបាល​សាធារណៈ

វិស័យ​សុខាភិបាល​បាន និង​កំពុង​បោះជំហាន​ទៅមុខ ប៉ុន្ដែ​បញ្ហា​ប្រឈម​ជាច្រើន​មិនទាន់​បាន​ដោះស្រាយ​នៅឡើយ​ទេ។ មើលឃើញ​បញ្ហានេះ ក្រសួង​សុខាភិបាល​បាន​សម្រេច​ដាក់​មន្ទីរពេទ្យ​ជាតិ​ចំនួនបី ឱ្យ​ក្លាយជា​គ្រឹះស្ថាន​រដ្ឋបាល​សាធារណៈ ដែល​មាន ស្វយ័ត​ភាពខាង​ថវិកា និង​ផែនការ​ក៏ដូចជា​គោល​នយោបាយ​របស់ខ្លួន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ហេតុអ្វី​ចាំបាច់​មានការ​ផ្លាស់ប្ដូរ? បើ​មន្ទីរពេទ្យ​ទាំងនេះ​កំពុង​គ្រប់គ្រង​ដោយ​ក្រសួង​សុខាភិបាល​ទាំងស្រុង ទាំង​ថវិកា ឱសថ សម្ភារៈ ការទិញ​ឧបករណ៍​នានា និង​អ្វីៗជា​ច្រើនទៀត ដែល​នាំឱ្យ​មានការិយា​ធិបតេយ្យ​ច្រើន។ មន្ទីរពេទ្យ​ទាំងបី​ដែល​ត្រៀមខ្លួន​ក្លាយជា​គ្រឹះស្ថាន​រដ្ឋបាល​សាធារណៈ រួមមាន​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរសូវៀត មន្ទីរពេទ្យ​កុមារជាតិ និង​មន្ទីរពេទ្យ​មាតា និង​ទារក (ហៅ​មន្ទីរពេទ្យ​ជប៉ុន)។

ការ​ប្រែក្លាយ​ពីការ​គ្រប់គ្រង​ផ្ទាល់​ដោយរដ្ឋ ទៅជា​គ្រឹះស្ថាន​រដ្ឋបាល​សាធារណៈ

ការ​ប្រែក្លាយជា​គ្រឹះស្ថាន​រដ្ឋបាល​សាធារណៈ មិនមែន​មានន័យថា មន្ទីរពេទ្យ ឬស្ថាប័ន​នីមួយៗ​ត្រូវ​ស្ថិតនៅ​ដាច់ដោយ​ឡែក ទាំងស្រុង​ពី​ក្រសួង​សុខាភិបាល​នោះទេ ប៉ុន្ដែការ​ប្រែក្លាយ​ជា​គ្រឹះស្ថាន​រដ្ឋបាល​សាធារណៈ គឺមាន​ភាព​ស្វយ័ត​ខាង​ថវិកា ផែនការ និង​គោល​នយោបាយ ព្រមទាំង​ការ​ចាត់ចែង​ថវិកា និងទិញ​ឧបករណ៍ ឬសម្ភារៈ​បច្ចេកវិទ្យា​ដោយ​ខ្លួនឯង។ ប៉ុន្ដែ​ថ្លៃទឹក​ភ្លើង ប្រាក់ខែ បុគ្គលិក និង​ធនធាន​មនុស្ស​ក្រសួង​ជាអ្នក​ផ្ដល់ឱ្យ។

នាយក​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរសូវៀត លោក​វេជ្ជបណ្ឌិត សាយ សេងលី មាន​ប្រសាសន៍​ឱ្យដឹង​កាលពី​ពេលថ្មីៗ​នេះថា ការ​ប្រែក្លាយ​មន្ទីរពេទ្យ​ដែល​គ្រប់គ្រង​ផ្ទាល់ដោយ​រដ្ឋ​មកជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល​(ពាក់កណ្ដាល​ស្វយ័ត)ជា​ការងារ​ស្រួលជាង មុន ព្រោះ​យើងអាច​គ្រប់គ្រង​ថវិកា និងធ្វើ​ផែនការ​ដោយខ្លួន​ឯងបាន មានន័យ​ថារក​លុយ​ខ្លួនឯង ចាយ​ខ្លួនឯង និង​សន្សំទុក​ខ្លួនឯង។ លោកបាន​ប្រៀប​ប្រដូច​ការ​ផ្លាស់ប្ដូរ​នេះថា ប្រៀបដូច​ឪពុកម្ដាយ​ចែកកេរ​ឱ្យកូន​រកស៊ី ថ្ងៃក្រោយ​យើងមាន​បានយើង​អាចទិញ​សម្ភារៈ ឧបករណ៍​ទំនើបៗ​មក​ពង្រឹង​គុណភាព និង​ប្រសិទ្ធភាព​ខ្លួនឯង​បាន។ ប៉ុន្ដែ​ទោះជា​យ៉ាងណា ការ​ប្រែក្លាយ​ជាគ្រឹះស្ថាន​សាធារណៈ រដ្ឋបាល មានការ​គ្រប់គ្រង​ដោយក្រុម​ប្រឹក្សា​ភិបាល​មន្ទីរពេទ្យ ដែលមាន​សមាសភាព​មកពី​ក្រសួង​សុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទីស្ដីការ​គណៈរដ្ឋមន្ដ្រី និង​អាជ្ញាធរ​ក្រុងភ្នំពេញ។

អ្នក​ក្រីក្រ​នឹង​ទទួលបាន​ផល​ប្រយោជន៍​អ្វីពីការ​ផ្លាស់ប្ដូរ​នេះ លោក​នាយក​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរសូវៀត បានមាន​ប្រសាសន៍​ថា ការ​ប្រែក្លាយ​ជា​គ្រឹះស្ថាន​រដ្ឋបាល​សាធារណៈ គឺជាការ​ជួយដល់​រដ្ឋាភិបាល ហើយ​គោល​នយោបាយ​របស់​រដ្ឋាភិបាល គឺ​ជួយ​ដល់ជន​ក្រីក្រ ហើយ​យើង​ស្ថិតក្នុង​ការ​អនុវត្ដន៍ គោល​នយោបាយ​កាត់​បន្ថយភាព​ក្រីក្រ​របស់​រដ្ឋាភិបាល។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ចំណែក​លោក​សាស្ដ្រាចារ្យ គុំ កាណាល់ នាយក​មជ្ឈមណ្ឌល​គាំពារ​មាតា និង​ទារក ហៅពេទ្យ​ជប៉ុន​បានមាន​ប្រសាសន៍​ថា និយាយ​ដល់ការ​ផ្លាស់ប្ដូរ​នេះ យើងមិន​និយាយ​រឿង​លទ្ធភាព​ខាត ឬ​ចំណេញ​ទេ ប៉ុន្ដែការ​ផ្លាស់ប្ដូរ​នេះ វាមាន​ការ​ចាត់ចែង​ការងារ ស្រួល​ជាងមុន មិន​ការិយា​ធិបតេយ្យ​ដូចមុន​ទេ។ លោក​បន្ដថា ការ​ក្លាយជា​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល គឺ​យើងអាច​គ្រប់គ្រង​ថវិកា បានដោយ​ខ្លួនឯង ដឹងថា​ថវិកា​បានមក​ពីខាង​ណា និង​ចាត់ចែង​យ៉ាង​ដូចម្ដេច។

ចំណែក​ឯលោក​សាស្ដ្រាចារ្យ ឈួ អ៊ីម៉េង នាយក​មន្ទីរពេទ្យ​កុមារជាតិ​បានមាន​ប្រសាសន៍​ឱ្យដឹង​ស្រដៀង​គ្នានឹង​នាយក ស្ថាប័ន​ទាំងពីរ​ខាងលើ​លើកឡើង​ដូចគ្នា។ ប៉ុន្ដែ​លោកបាន​មាន​ប្រសាសន៍​ថា ការ​ប្រែក្លាយ​ឱ្យក្លាយ​មន្ទីរពេទ្យ​ជា​គ្រឹះស្ថាន​រដ្ឋបាល សាធារណៈ គឺធ្វើ​យ៉ាងណា​ឱ្យយើង​មានភាព​ស្វយ័ត​ខ្លះក្នុង​ការ​សម្រេច​ចាយវាយ​ថវិកា​ដែល​ប្រមូល​បាន ដោយអាច​ដោះស្រាយ​ភាពខ្វះ ខាត​បានទាន់​ពេលវេលា មិនចាំបាច់​រង់ចាំ​បែបបទ​យូរ និង​ធ្វើឱ្យ​មាន​ឧបករណ៍​សម្ភារៈ​សម្រាប់​ពិនិត្យ​ព្យាបាល​កាន់តែ​ទំនើប ដើម្បីធ្វើ​ឱ្យការ​ព្យាបាល​កាន់តែ​មាន​គុណភាព និង​ប្រសិទ្ធភាព​ជាងមុន។

ស្ដាប់សង្គម​ស៊ីវិល​និយាយ​ពី​បញ្ហា​នេះ

លោកស្រី អ៊ុក វង្សវឌ្ឈនី នាយិកា​ប្រតិបត្ដិ​សមាគម​ថែទាំ​សុខភាព​គ្រួសារ​អន្ដរជាតិ​ហៅកាត់​ថារ៉ាក់ មាន​ប្រសាសន៍ ដោយ​សម្ដែង​សុទិដ្ឋិនិយម​ថា ការដាក់​មន្ទីរពេទ្យ​ជាតិ​ឱ្យក្លាយជា​គ្រឹះស្ថាន​រដ្ឋបាល​សាធារណៈ នឹងធ្វើ​ឱ្យមាន​តម្លាភាព​ជាង ពីព្រោះ​អ្វីៗ ស្ថិត​ក្នុង​ប្រព័ន្ធ ហើយ​គ្រូពេទ្យ​មិនទារ​ប្រាក់ពី​អ្នកជម្ងឺ។ ការ​ប្រែក្លាយ​បែបនេះ មន្ទីរពេទ្យ​ដែលអាច​គ្រប់គ្រង​ថវិកា​បានដោយ​ខ្លួនឯង អាច​ទិញ​សម្ភារៈ ឧបករណ៍​ទំនើបៗ​យកមក​ប្រើ​សម្រាប់​ត្រួតពិនិត្យ​ជម្ងឺ និងការ​ព្យាបាល​មាន​ប្រសិទ្ធភាព​ជាងមុន។ លោកស្រី​បន្ថែម ថា ការ​ប្រែក្លាយ​មន្ទីរពេទ្យ​ជាតិបី​ទៀតទៅ​ជាគ្រឹះស្ថាន​រដ្ឋបាល​សាធារណៈ វានឹង​ធ្វើឱ្យ​មានការ​ប្រកួត​ប្រជែង​គ្នា ដែល​រំពឹងថា​នឹង មាន​សេវា​ប្រសើរ​ជាងមុន​សម្រាប់​ព្យាបាល​អ្នកជម្ងឺ ប៉ុន្ដែអ្វីៗ​ត្រូវការ​ពេលវេលា ដើម្បី​បញ្ជាក់ពី​បញ្ហានេះ។

ប៉ុន្ដែ​ទោះជា​យ៉ាងណា លោកស្រី ជា វណ្ណាត អតីត​នាយិកា​ប្រតិបត្ដិ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​បាន​ព្រមានថា ភាព​វិជ្ជមាន និង​អវិជ្ជមាន​តែងដើរ​ជាមួយ​គ្នា។ វាមិន​ប្រសិទ្ធភាព​១០០​ភាគរយ​ទេ ប៉ុន្ដែ​ត្រូវធ្វើ​យ៉ាងណា​ឱ្យមាន​នយោបាយ​ពិតប្រាកដ​ជួយជន ក្រីក្រ​ឱ្យ​ច្បាស់លាស់​កុំ​ស្រពេច​ស្រពិល។ លោកស្រី​បន្ថែម​ថា ឥឡូវនេះ​អ្នកមាន​លទ្ធភាព​បាន​ចាកចេញ​ទៅ​ប្រទេស​ក្រៅ ដើម្បីព្យាបាល ជម្ងឺ ដូច្នេះ​យើងគួរ​ពង្រឹង​គុណភាព​បែបណា ដើម្បី​ឱ្យ​ប្រជាជន​មាន​​​​​​​​ទំនុកចិត្ដ កុំឱ្យ​ប្រាក់ហូរ​ទៅកាន់​ប្រទេស​ផ្សេងៗ​បាន។

រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​មានសុទិដ្ឋិ​និយម

លោក​សាស្ដ្រាចារ្យ​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​បានមាន​ប្រសាសន៍​ថា ការ​ប្រែក្លាយ​មន្ទីរពេទ្យ ជាតិ​ទៅជា​គ្រឹះស្ថាន​រដ្ឋបាល​សាធារណៈ ជាការ​ធ្វើវិមជ្ឈ​ការលើ​ការងារ​គ្រប់គ្រង​អង្គភាព មាន​លក្ខណៈ​ងាយជាង ទន់ភ្លន់​ជាងមុន ហើយ​ក្រសួង​គាំទ្រ​ចំពោះ​ការធ្វើ​បែបនេះ។ លោក​បន្ដថា ការធ្វើ​បែបនេះ គ្រឹះស្ថាន​ទាំងនោះ​អាចធ្វើ​គោល​នយោបាយ និង​ផែនការ ចាយវាយ ចាត់ចែង​ថវិកា​ដោយ​ខ្លួនឯង ដោយ​ក្រសួង​ជួយផ្ដល់​មូល​និធិ​សមធម៌​ដល់ជន​ក្រីក្រ ជាពិសេស​មន្ទីរពេទ្យ​ក៏ត្រូវ​មាន​កាតព្វកិច្ច ផ្ដល់់ការ​ព្យាបាល​ជូនអ្នក​ក្រីក្រ​តាមគោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៧ ខែកុម្ភៈ ឆ្នាំ២០០៩

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *