មហារីកក្រពេញប្រូស្ដាត

ជម្ងឺ​មហារីក​ក្រពេញ​ប្រូស្ដាត គឺ​ជា​ប្រភេទ​ជម្ងឺ​តំណ​ពូជ ដែល​មាន​កើត​ឡើង​ចំពោះ​បុរស។ ជម្ងឺ​ប្រភេទ​នេះ​ក៏ជា​ប្រភេទ​ ជម្ងឺ​ដែល​កាច​សាហាវ​ផង​ដែរ ចំពោះ​បញ្ហា​ផ្លូវ​ភេទ​របស់​បុរស។ វា​អាច​ជះ​ឥទ្ធិពល​អាក្រក់​ជា​ច្រើន​មក​លើ​អ្នក​ជម្ងឺ ជា​ពិសេស​វាអាច​បង្ក​ឱ្យ​មាន​ក្ដី​កង្វល់ បាត់បង់​សមត្ថភាព​ផ្លូវភេទ ដែល​ជា​សេចក្ដី​ព្រួយ​បារម្ភ​របស់​ក្រុម​គ្រួសារ​ទូទៅ​ផង​ដែរ កាលណា​ពុំ​មាន​ដំណោះ​ស្រាយ និង​ទទួល​ការ​ព្យា​បាល​ទាន់​ពេល ដែល​បណ្ដាល​ឱ្យ​ជម្ងឺ​ប្រភេទ​ឈាន​ចូល​ដល់​ដំណាក់​កាល​ធ្ងន់​ធ្ងរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

អាស្រ័យ​ហេតុ​ដោយ​មើល​ឃើញ​នូវ​ភាព​អវិជ្ជមាន​មួយ​ចំនួន​ដែល​បណ្ដាល​មក​ពី​ជម្ងឺ​មហារីក​ក្រពេញ​ប្រូស្ដាត​នេះ ទស្សនាវដ្ដី សុខភាព​យើង បាន​លើកយក​ប្រធាន​បទ​នេះ​មក​ធ្វើការ​ផ្សាយ​ជូន​ប្រិយ​មិត្ដ​អ្នក​អាន​ទាំង​អស់ ជា​ពិសេស​អស់​លោក​បុរសៗ ក្រោម​ការ បក​ស្រាយ​យ៉ាង​ក្បោះក្បាយ​ពី​លោក​វេជ្ជបណ្ឌិត ប៊ូ សុភាព ឯក​ទេស​វះ​កាត់​ប្រព័ន្ធ​ទឹក​នោម នៃ​មន្ទីរពេទ្យ​ព្រះ​កុសមៈ។

ជម្ងឺ​មហារីក​ក្រពេញ​ប្រូស្ដាត ជាអ្វី?

មហារីក​ក្រពេញ​ប្រូស្ដាត ឬ​មហារីក​ក្រពីង​នោម គឺ​ជាការ​រីករាល​ដាល​នៃ​សាច់​ដុំ​កាច​នៅ​ក្នុង​ក្រពេញ​ប្រូស្ដាត ឬ​ក្រពីង​នោម ​របស់​បុរស ដែល​ជះឥទ្ធិ​ពល​អវិជ្ជមាន​ជា​ច្រើន ដូច​ជា​បណ្ដាល​ឱ្យ​អ្នក​ជម្ងឺ​មាន​ការ​ពិបាក​នៅ​ពេល​នោម ឬ​អាច​ធ្វើឱ្យ​ស្ទះទឹក​នោម។ ហើយ​លើស​ពីនេះ​ទៅ​ទៀត វា​អាច​ធ្វើឱ្យ​មាន​ការ​រីករាល នាំ​ផល​អាក្រក់​ទៅ​ដល់​តំបន់​ដទៃ​ទៀត។ ជា​ទូទៅ ជម្ងឺ​មហា​រីក​ក្រពេញ ​ប្រូស្ដាត ឬ​ក្រពីង​នោម ត្រូវ​បាន​គេ​សន្មតថា​ជា​ប្រភេទ​ជម្ងឺ​ដែល​ឈរ​នៅ​លំដាប់​ទីមួយ​ចំពោះ​បុរស​នៅក្នុង​ទ្វីបអឺរ៉ុប។ បើ​យោង​ទៅ​តាមការ​សង្កេត​របស់​អ្នក​ឯកទេស​មួយ​ចំនួន​បាន​សន្និដ្ឋាន​ថា​ជា​ទូទៅ​ជម្ងឺ​ប្រភេទ​នេះ​អាច​កើត​មាន​ឡើង​ទៅតាម​អាយុ​កាល​របស់​​មនុស្ស​ដែល​ភាគច្រើន​កើត​ឡើង​ចំពោះ​បុរស​ដែល​មាន​អាយុ​ចាប់ពី​៥០ឆ្នាំ​ឡើង​ទៅ។ បើ​យោង​ទៅ​តាម​របាយការណ៍​របស់​អង្គការ​សុខភាព ពិភព​លោក​បាន​បង្ហាញ​ថា ជម្ងឺ​មហារីក​ក្រពេញ​ប្រូស្ដាត ឬ​ក្រពីង​នោម បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា​១០.០០០នាក់​ក្នុង​មួយឆ្នាំ​នៅ ប្រទេស​បារាំង។

តួនាទី​របស់​ក្រពេញ​ប្រូស្ដាត

ជា​ទូទៅ​ក្រពេញ​ប្រូស្ដាត​មាន​មុខ​ងារ​ប្រហាក់​ប្រហែល​ទៅ​នឹង​សាច់​ដុំខ្ជឹប​ដែរ ដែល​ជួយ​សម្រួល​ដល់​ដំណើរ​ការ​នៃការ​នោម ហើយ​ម្យ៉ាង​វិញទៀត វា​មាន​តួនាទី​ជា​អ្នក​ផលិត និង​បញ្ចេញ​នូវ​ទឹក​រំអិល ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរ​របស់​មេជីវិត​ឈ្មោល​(ស្ពែម៉ា តូសូអ៊ីត)នៅពេល​រួមភេទ។ លើស​ពីនេះ​ទៅ​ទៀត វា​ក៏មាន​មុខងារ​ទប់ទល់ និង​សម្លាប់​មេរោគ​ដែល​ជ្រៀត​ចូល​ទៅ​ក្នុង​តំបន់​របស់​វា ផង​ដែរ។

មូល​ហេតុ​បង្ក​ជម្ងឺ​មហារីក​ក្រពេញ​ប្រូស្ដាត

មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​គេ​មិនទាន់​រក​ឃើញ​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​កើត​ជម្ងឺ​មហារីក​ក្រពេញ​ប្រូស្ដាត​នេះ​មួយ​រយភាគ រយ​នៅ​ឡើយ​នោះ​ទេ។ ប៉ុន្ដែ​បើ​តាម​ការ​កត់ត្រា និង​សិក្សា​ស្រាវជ្រាវ​កន្លង​មក​បាន​ឱ្យ​ដឹង​ថា ចំពោះ​ប្រភេទ​ជម្ងឺនេះ​អាច​បណ្ដាល​មក​ពី កត្ដា​មួយ​ចំនួន​ដូច​ជា កត្ដា​អរ័ម៉ូន កត្ដា​ពូជ​សាសន៍ ចំណី​អាហារ​ជាដើម។

1. កត្ដា​អ័រម៉ូន ៖ ភាគច្រើន​អ័រម៉ូន ​(អ័រម៉ូនណូដេប៉ង់ដង់) វា​អាស្រ័យ​ទៅលើ​អ័រម៉ូន​បុរស (តេស្ដូ​ស្ដេរ៉ូន) ក្នុង​ការ​ធំធាត់ របស់​ក្រពេញ។ ជាង​៩០%​នៃ​តេស្ដូ​ស្ដេ​រ៉ូន ត្រូវ​បាន​បញ្ចេញ​ពី​កោសិកា​លេឌីក ដែល​មាន​នៅក្នុង​ពង​ស្វាស ហើយ​ប្រមាណ​ជា​ជាង​៥% ត្រូវបាន​បញ្ចេញ​ពី​ក្រពេញ​សៀក​រ៉េណាល់ ដែល​មាន​ទីតាំង​នៅ​ផ្នែក​ខាង​លើ​តម្រង​នោម។

2. កត្ដា​ពូជ​សាសន៍ ៖ ជម្ងឺ​ប្រភេទ​នេះ​ពុំសូវ​ប្រទះ​ឃើញ​កើត​មាន​នៅ​ក្នុង​ទ្វីប​អាស៊ី​នោះទេ ភាគច្រើន​វា​មាន​កើត​នៅ​លើ ប្រជាជន​ដែល​រស់​នៅ​ទ្វីបអឺរ៉ុប ប៉ែក​ខាង​បស្ចិម​ប្រទេស។

3. កត្ដា​បរិយាកាស​ជុំវិញ​ខ្លួន និង​របប​ចំណី​អាហារ ៖ អាកាស​ធាតុ និង​របប​អាហារ ក៏​ជាកត្ដា​មួយ​ដែលអាច​បណ្ដាល​ឱ្យ មាន​កើត​ជម្ងឺ​ប្រភេទ​នេះ​បាន​ដែរ។ ជាក់ស្ដែង​ដូចជា​ជនជាតិ​ជប៉ុន​ដែល​ផ្លាស់​ទីលំនៅ​ពី​ប្រទេស​របស់​ខ្លួន​ទៅ​រស់​នៅ​ប្រទេស​ដទៃ​ទៀត ក្នុង​ទ្វីប​អឺរ៉ុប ដូចជា​ប្រទេស​បារាំង​ជាដើម ជា​មួយ​នឹង​ការ​ផ្លាស់ប្ដូរ​របប​អាហារ​ទៅតាម​តំបន់ ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់ សត្វ​ច្រើន គឺ​មាន​អត្រា​កើត​ជម្ងឺ​មហារីក​ក្រពេញ​ប្រូស្ដាត​ច្រើន​ជាង​ជន​ជាតិ​ជប៉ុន​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។

4. កត្ដា​តំណពូជ ៖ ចំពោះ​ជម្ងឺ​មហារីក​ក្រពេញ​ប្រូស្ដាត​នេះ វា​ក៏អាច​បណ្ដាល​មកពី​កត្ដា​នៃ​ការ​តំណ​ពូជ​ផង​ដែរ។ នៅ​ក្នុង ក្រុម​គ្រួសារ​ណា​មួយ​ដែល​មាន​ជីតា ឬ​ឪពុក មាន​កើត​នូវ​ជម្ងឺ​ប្រភេទ​នេះ នោះ​អត្រា​នៃ​ការ​កើត​ជម្ងឺ​មហារីក​ក្រពេញ​ប្រូស្ដាត​ចំពោះ កូន​ប្រុស ឬ​អ្នក​ជំនាន់​ក្រោយ​អាច​មាន​ច្រើន​យ៉ាង​ពិត​ប្រាកដ។

5. កត្ដា​លូតលាស់ ៖ បើ​ផ្អែក​ទៅ​លើការ​សិក្សា​ស្រាវជ្រាវ​កន្លង​មក​បាន​បង្ហាញ​ថា ការ​លូតលាស់​យ៉ាង​ឆាប់​រហ័ស​នៃ​រាងកាយ ឬ​ការ​កើន​ឡើង​នៃ​អាយុកាល (អាយុច្រើន) ក៏​ជា​កត្ដា​មួយ​ដែល​ជំរុញ​ឱ្យអត្រា​នៃ​ការ​កើត​ជម្ងឺ​មហា​រីក​ក្រពេញ​ប្រូស្ដាត​មាន ខ្ពស់​ដែរ។

រោគ​សញ្ញា​ជម្ងឺ​មហារីក​ក្រពេញ​ប្រូស្ដាត

គេ​អាច​ដឹង​ថា មាន​កើត​ជម្ងឺ​ប្រូស្ដាត​ទៅ​បាន​គឺ​អាស្រ័យ​ទៅ​លើ​ការ​ឆ្លង​កាត់​នូវ​ការ​ពិនិត្យ​របស់​អ្នក​ជំនាញ តាមរយៈ​ការ សាកសួរ​ព័ត៌​មាន​ពី​អ្នក​ជម្ងឺ និង​ការ​ធ្វើ​ការ​វិភាគ​ឈាម។ លើស​ពីនេះ​ទៅទៀត​នៅពេល​ដែល​ជម្ងឺ​មហារីក​ក្រពេញ​ប្រូស្ដាត​នេះ​ឈាន​ចូល ដល់​តំណាក់កាល​ធ្ងន់ធ្ងរ គេ​អាច​ដឹង​បាន​តាម​រយៈ​អាការ​ខាង​ក្រៅ​របស់​អ្នក​ជម្ងឺ​បាន ដូច​ជា​ស្ទះ​នោម ពិបាក​នោម នោម​ញឹក លេច​នោម ដោយ​មិន​ដឹង​ខ្លួន នោម​ឈាម ឈឺ​ចុកចាប់​ក្នុងឆ្អឹង ឬអាច​បាក់ឆ្អឹង និង​អសមត្ថភាព​ផ្លូវភេទ​ជាដើម។

វិធី​ព្យាបាល​ជម្ងឺ​មហារីក​ក្រពេញ​ប្រូស្ដាត

ចំពោះ​វិធីសាស្ដ្រ​នៃ​ការព្យាបាល​មាន​ច្រើន​ប្រភេទ គឺ​វា​សម្រប​ទៅ​តាម​ប្រភេទ​នៃ​ជម្ងឺ​នី​មួយៗ​ដែល​កើត​មាន និង​កម្រិត​នៃ ការ​រីករាលដាល​របស់​ជម្ងឺ។ ម្យ៉ាង​វិញទៀត គឺ​អាស្រ័យ​ទៅតាម​ទំហំ​នៃជម្ងឺ និង​ទាក់ទង​ទៅ​នឹង​កម្រិត​នៃ​សាច់​ដុំកាច​របស់​មហារីក។ ជា​ពិសេស​សភាព​របស់​អ្នក​ជម្ងឺ ថា​តើ​អ្នក​ជម្ងឺ​ធ្លាប់​មាន​ជម្ងឺ​អ្វី​ដែល​ទាក់​ទង​ដល់​ការ​ព្យាបាល​ជម្ងឺ​ប្រភេទ​នេះ​ដែរ​ឬទេ ដូចជា​ជម្ងឺ​ទឹក​នោមផ្អែម លើស​ឈាម ឬ​ជម្ងឺ​សួត​ដែរ​ឬទេ។ អ្នក​ជំនាញ​អាច​ធ្វើការ​សម្រេច​ចិត្ដ​ព្យាបាល​បាន​អាស្រ័យ​ទៅលើ​ការ​វិភាគ។

1. ការ​ព្យាបាល​ដោយវះ​កាត់ ៖ នៅពេល​ដែល​ពិនិត្យ​ទៅ​ឃើញ​ថា មហារីក​នៃ​ក្រពេញ​មាន​កម្រិត​ស្រាល ទំហំ​នៃ​សាច់ដុំ កាច​នៅ​តូច នោះ​អ្នក​ជំនាញ​អាច​ប្រើ​វិធី​សាស្ដ្រ​វះកាត់​យក​កូន​កណ្ដុរ​នៅ​អាង​ត្រគាក និង​ក្រពេញ​នោះ​ចេញ​តែម្ដង ដើម្បី​ផ្អាក​ដំណើរ ជម្ងឺមហារីកនេះ។ ក្រោយពីឆ្លងកាត់ការវះកាត់រួច អ្នកជម្ងឺអាចនឹងជាសះស្បើយបាន។ ក្រោយពីប្រើនូវវិធីសាស្ដ្រនៃការវះកាត់នេះ អ្នក​ជម្ងឺអាច​មាន​ផល​លំបាក​ផងដែរ ដូចជា​ការលេច​នោម​ដោយមិន​ដឹងខ្លួន និង​អសមត្ថភាព​ផ្លូវភេទ។

2. ការ​ព្យាបាល​ដោយ​ប្រើ​កាំរស្មី ៖ វិធីសាស្ដ្រ​នៃ​ការ​ព្យាបាល​នេះ វា​ជា​លក្ខណៈ​វិទ្យា​សាស្ដ្រ។ ជា​ដំបូង​គេ​ត្រូវ​ធ្វើ​វិនិច្ឆ័យ ទៅ​លើទី​តាំង និង​ទំហំ​នៃ​សាច់កាច ហើយ​ចាប់​ផ្ដើម​ធ្វើការ​បាញ់​កាំរស្មី​លើ​ក្រពេញ​មហារីក​ទាំង​នោះ ព្រម​ទាំង​បាញ់​កូន​កណ្ដុរ​ដែល​នៅ អាង​ត្រគាក ហើយ​ប្រើថ្នាំ​អ័រ​ម៉ូន​ម្យ៉ាង​ដែល​ជួយ​ដល់​ការ​រំញោច​ឱ្យបញ្ចេញ​អ័រ​ម៉ូន​បុរស (តេស្ដូ​ស្ដេរ៉ូន)។

3. ការ​ព្យាបាល​ដើម្បី​ពន្យារ​ជីវិត ៖ នៅពេល​ដែល​ធ្វើការ​ពិនិត្យ​ទៅ​ឃើញ​ថា កម្រិត​នៃ​ជម្ងឺ​ឈាន​ចូល​ដល់​ដំណាក់​កាល ធ្ងន់ធ្ងរ មិន​អាច​ធ្វើ​ការ​ព្យាបាល​ឱ្យ​ជា​សះ​ស្បើយ​បាន​នោះ គេអាច​មាន​វិធី​សាស្ដ្រ​មួយ​ចុង​ក្រោយ​ទៀត ដោយ​ការ​ប្រើ​ថ្នាំ​ចាក់ និង​ថ្នាំ គ្រាប់​ដែល​មាន​ជាតិ​អ័រម៉ូន​ប្រភេទ​អាហ្គោ​នីស្ដ អិល​ហាស់ អ៊ែរ​ហាស់ ដើម្បី​កាត់ផ្ដាច់​នូវ​ដំណើរ​ការ​សំយោគ​អ័រម៉ូន​របស់បុរស ក្នុង គោល​បំណង​ជួយ​សម្រាល​ដល់​អ្នក​ជម្ងឺ និង​កាត់​បន្ថយ​នូវការ​ឈឺ​ចាប់។ បច្ចុប្បន្ន​ការ​ព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​ចាក់ និង​ថ្នាំ​លេប នេះ​មាន​តម្លៃ​ថ្លៃ ដែល​ជា​បញ្ហា​មួយ​សម្រាប់​អ្នក​ជម្ងឺ​ដែល​មិន​សម្បូរធនធាន ដូច្នេះ​ទើប​គេ​សម្រេច​ជ្រើស​រើស​នូវ​វិធី​មួយ​ទៀត​ដែល អាច​ជួយ​កាត់​បន្ថយ​នូវ​ការ​ឈឺចាប់ និង​ពន្យារ​ជីវិត​អ្នកជម្ងឺ​នោះ គឺ​វិធីសាស្ដ្រ​គ្រៀវ។

ផលវិបាក​នៃជម្ងឺ​មហារីក​ក្រពេញ​ប្រូស្ដាត

អ្នក​ដែល​មាន​កើត​ជម្ងឺ​មហា​រីក​ក្រពេញ​ប្រូស្ដាត អាច​មាន​ផលវិបាក​ជាច្រើន។ បើទោះ​បីជា​បាន​ឆ្លង​កាត់​នូវការ​ព្យាបាល​ ដោយ​វិធី​វះកាត់ បាញ់​កាំរស្មី ប្រើ​ថ្នាំ​ចាក់ និង​ថ្នាំ​លេប ឬ​ដោយ​វិធី​គ្រៀវ​យ៉ាង​ណា​ក្ដី ផល​វិបាក​នៅតែ​មាន​ចំពោះ​អ្នក​ជម្ងឺ​មិន​អាច ចៀស​ផុត​បាន។ ផល​វិបាក​ទាំងនោះ​មាន​ដូចជា​ស្ទះ​នោម ពិបាក​នោម នោមញឹក លេច​នោម​ដោយ​មិន​ដឹង​ខ្លួន អសមត្ថភាព​ផ្លូវភេទ​​ជា​ដើម។

ដំបូន្មាន​អ្នក​ជំនាញ

ដើម្បី​បង្ការ​ខ្លួន​ឱ្យ​ប្រាស​ចាក​ឆ្ងាយ​ពី​ជម្ងឺ​នេះ បង​ប្អូន​គួរតែ​ព្យាយាម​កាត់​បន្ថយ​នូវ​ការ​បរិភោគ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ ជាតិខ្លាញ់​សត្វ។ ម្យ៉ាង​វិញ​ទៀត គួរ​ទៅ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ នៅ​ពេល​ដែល​មាន​អាការ​រោគ​សញ្ញា​ដូច​បាន​ជម្រាប​ជូន​ខាង​លើ ជា​ពិសេស​ចំពោះ​បង​ប្អូន​ដែល​មាន​ឪពុក ឬ​ជីតា ដែល​មាន​កើត​ជម្ងឺ​មហារីក​ក្រពេញ​ប្រូស្ដាត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៦ ខែមករា ឆ្នាំ២០០៩

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *