កាចនិងហិង្សាជាអាក្បកិរិយាដែលធ្វើឲអ្នកដែលនៅជុំវិញមិនពេញចិត្ត ដូចជាកាចដោយពាក្យសម្ដី ការស្រែកគំហកឬដោយសម្ដីគំរោះគំរើយ។ លក្ខណៈកាចក៏ជាទង្វើមួយដែលស្ដែងចេញដោយការបំពានផ្នែករាងកាយទៅលើនរណាម្នាក់មានដូចជា ការក្ដិច វាយដំ ទះកំផ្លៀង ទាត់ទះ និងអាចមានការបំពារបំពានធ្ងន់ធ្ងរ។ ជាងនេះទៅទៀតដូចជាការប្រើអាវុធជាដំបង កាំបិត ឬកាំភ្លើងជាដើម។ លក្ខណៈកាច និងហិង្សាទាំងអស់នេះហើយដែលលោកអ្នកគួរតែត្រួតពិនិត្យមើលថា តើអាចនឹងមានការតាំងចិត្ត និងស្ងប់អារម្មណ៍បានឬទេ នៅពេលដែលវាសឹងតែក្លាយទៅជាទម្លាប់សម្រាប់បុគ្គលនោះ។
លោកវេជ្ជបណ្ឌិត សិន ប៉ូលី អ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្តបៃមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត បានសហការណ៍ជាមួយទស្សនាវដ្ដី សុខភាពយើង ដើម្បីបកស្រាយពីបញ្ហាកាច និងហិង្សានេះ។
ហេតុអ្វីបានជាមនុស្សមានលក្ខណៈកាច?
លក្ខណៈកាចមិនមែនមានតែចំពោះអ្នកដែលមានជម្ងឺផ្លូវចិត្តនោះទេ សូម្បីតែអ្នកសុខភាពភ្លូវចិត្តធម្មតាក៏មានលក្ខណៈកាចដែរ ដោយសារតែមូលហេតុផ្សេងៗជាច្រើនដែលបណ្ដាលឲមានបញ្ហាបែបនេះ។ មួលហេតុធ្វើឲមនុស្សមានលក្ខណៈអាចទាកើទងទៅនឹងកក្តាជាច្រើនទៀត ដូចជាគ្រួសារ សង្គម វប្បធម៌ វិបត្តិសេដ្ឋកិច្ចគ្រួសារ ភាពអត់ការងារធ្វើ ភាពក្រីក្រ បរិយាកាសជុំវិញការប្រទះឃើញសកម្មភាពហិង្សា ធ្លាប់ឃើញអំពីឃាតកម្ម ធ្លប់ត្រូវគេរំលោភធ្វើបាប ឬការដែរចូលចិត្តនៅតែម្នាក់ឯង និងតូចចិត្តខ្លួនឯងជាដើម។
លក្ខណៈកាចក៏ទាក់ទងទៅនិងសន្ទុះចិត្ត និងការគ្រប់គ្រងចិត្តរបស់មនុ្សម្នាក់ៗផងដែរ។ សន្ទុះចិត្តបានធ្វើឲលោកអ្នកចេះបែងចែកអារម្មណ៍ និងការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ នៅពេលដែលមានអារម្មណ៍ឆេវឆាវ ឬខឹងជាដើម។ បើលោកអ្នកមានការគ្រប់គ្រងចិត្ត ទប់ចិត្តដោយមិនបញ្ចេញតាមអាកប្បកិរិយាពេលខឹង។ នៅពេលដែលសន្ទុះចិត្តមានការកើនឡើង និងការគ្រប់គ្រងចិត្តធ្លាក់ចុះងាយនាំឲលោកអ្នកក្លាយទៅជាមនុស្សកាចបំផុត។ ដូចនេះលោកអ្នកដែលមានលក្ខណៈកាចគឺបណ្ដាលមកពីចំណុចពីរយ៉ាងគឺសន្ទុះចិត្តកើនឡើង និងការគ្រប់គ្រងចិត្តធ្លាក់ចុះ។
មូលហេតុបណ្ដាលឲសន្ទុះចិត្តកើនឡើង
សន្ទុះចិត្តរបស់មនុស្សម្នាក់ៗអាចកើនឡើងដោយសារតែមជ្ឈដ្ឋាននៅជុំវិញ ដូចជាមានជម្លោះផ្ទាល់ខ្លួន ការមិនពេញចិត្តនឹងអ្វីមួយដែលនាំឲមានអារម្មណ៍មូម៉ៅ និងខឹង។ ចំពោះអ្នកដែលធ្លាប់មានបញ្ហាផ្នែកខួរក្បាលក៏បណ្ដាលឲងាយមានលក្ខណៈកាចផងដែរ ដោយអ្នកទាំងអស់នោះសុទ្ធតែធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ត្រូវក្បាល ធ្លាប់ប្រើប្រាស់គ្រឿងញៀន ឬប្រើប្រាស់សារជាតិណាមួយដែលធ្វើឲខូចខួរក្បាល។ ដូចនេះងាយធ្វើឲមានសន្ទុះចិត្តកើនឡើងដែលជាហេតុងាយបង្កឲមានលក្ខណៈកាច។
ដើមហេតុនៃការគ្រប់គ្រងចិត្តធ្លាក់ចុះ
មួលហេតុដែលធ្វើឲការគ្រប់គ្រងចិត្តធ្លាក់ចុះដោយសារតែការប្រើប្រាស់សារធាតុគីមី ដូចជាការពិសារស្រា ជក់បារី ឬសេពគ្រឿងញៀន។ នៅពេលដែលមានសារជាតិទាំងអាស់នោះជ្រាបចូលទៅក្នុងខ្លួន ធ្វើឲការគ្រប់គ្រងចិត្តមានការធ្លាក់ចុះ។ លោកអ្នកមួយចំនួនទៀតដែលមានសុខភាពផ្លូចិត្តមិនសូវរឹងមាំ ងាយខឹង ងាយមានអារម្មណ៍ឆេវឆាវ និងខ្វះការគិតពិចារណាបែងចែកខុសត្រូវ ដោយសារតែការគ្រប់គ្រងចិត្តមានការធ្លាក់ចុះ ក៏ងាយបណ្ដាលឲមានលក្ខណៈកាចផងដែឬ។
ផលប៉ះពាល់នៃលក្ខណៈកាច
កាចអាចធ្វើឲមានផលប៉ះពាល់ចំពោះខ្លួនឯង និងអ្នកដទៃផងដែរ ព្រោះអាចបញ្ចេញដោយការប្រើប្រាស់ពាក្យសម្ដី កាយវិការ ការប្រើអំពើហិង្សាក្នុងរូបភាពផ្សេងៗគ្នា ការបង្កឲរបួសស្នាម ឬអាចឈានទៅដល់ការស្លាប់ទៀតផង។ កម្រិតនៃលក្ខណៈកាចអាចឈានឡើងដោយសារបុគ្គលខ្វះការគ្រប់គ្រងចិត្ត និងសន្ទុះចិត្តមានការប្រែប្រួល។ ការយកចិត្តទុកដាក់ចំពោះអ្នកដែលមានលក្ខណៈកាចខ្លាំងរហូតស្វែងរកឃើញថាជាជម្ងឺផ្លូវចិត្ត គឹជាកិច្ចការមួយសំខាន់បំផុតដែលអាចជួយឲគេនោះឲរួចផុតពីបញ្ហាជាច្រើន។
ដំណោះស្រាយ និងវិធីការពារចំពោះលក្ខណៈកាច
បើសិនជាលោកអ្នកមិនចង់ឲសន្ទុះចិត្តមានការកើនឡើងគប្បីត្រូវបំបាត់ការប៉ះពាល់ដល់ខួរក្បាល បញ្ឍប់ការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ឬសារជាតិពុលផ្សេងៗ ហើយចៀសវាងការបង្កគ្រោះថ្នាក់ទៅលើខួរក្បាល។ ជាពិសេសរាល់ពេលការធ្វើដំណើរ គប្បីប្រើប្រាស់មួកសុវត្តិភាពដើន្បីការពារគ្រោះថ្នាក់ជាយថាហេតុ។ ការគ្រប់គ្រងសន្ទុះចិត្តគឺត្រូវធ្វើយ៉ាងណាកុំឲមានទំនាស់ដោយការអាក់អន់ចិត្ត និងមិនពេញចិត្តរាល់ទង្វើធ្វើអ្វីមួយ។ លោកអ្នកត្រូវស្វែងយល់អារម្មណ៍ និងការគិតគូររបស់អ្នកដែលនៅជុះវិញខ្លួន ជាពិសេសគឺអារម្មណ៍ឯងផ្ទាល់។ អំពើហិង្សាក្នុងគ្រួសារក៏ជាទំនាក់ទំនងធ្វើឲមានលក្ខណៈកាចទៅដល់កូនផងដែរ គឺធ្វើឲអារម្មណ៍ក្មេងដិតជាប់នូវអំពើឃោរឃៅហើយគូបផ្សំនិងការលូតលាស់ផ្នែកសុខភាពផ្លូវចិត្តមិនបានល្អ អាចធ្វើឲក្មេងងាយក្លាយជាមនុស្សម្នាក់កាចនៅពេលដែលគេធំពេញវ័យ។
កាច និងហិង្សាជារោគចិត្ត?
ជាទូទៅគេជឿថាអ្នកដែលមានជម្ងឺផ្លូវចិត្តជាមនុស្សមានគ្រោះថ្នាក់ ព្រោះគេអាចធ្វើឲមានរឿងរ៉ាវនិងការបំពារបំពានភ្លាមៗ។ តាមការពិត អ្នកដែលមានជម្ងឺផ្លូវចិត្តមិនបង្កគ្រោះថ្នាក់ជាងមនុស្សដ៏ទៃនោះឡើយ តែក្នុងករណីខ្លះរោះគសញ្ញានៃជម្ងឺផ្លូវចិត្តក៏អាចបណ្ដាលឲមានអាកប្បកិរិយាកាចដែរ ប៉ុន្ដែកម្រនិងជូបប្រទះណាស់។ លក្ខណៈកាចស្ថិតក្នុងប្រភេទជម្ងឺជាង២០មុខក្នុងជម្ងឺផ្លូវចិត្ត ដូចជាជម្ងឺអាប់បញ្ញាវិបត្តិបុគ្គលិកលក្ខណៈដែលធ្វើតែអំពើអគតិមិនគិតពីលទ្ធផលទៅថ្ងៃមុខនិងជម្ងឺវិកលចរិតជាដើម។
ដំបូន្មានអ្នកជំនាញ
លក្ខណៈកាចអាចព្យាបាលបាន តែមិនត្រូវបណ្ដែតបណ្ដោយឲបុគ្គលនោះមានលក្ខណៈកាចហួសហេតុពេកនោះទេ។ មិនដូច្នោះគឺអាចធ្វើឲមានគ្រោះថ្នាក់ចំពោះសុខភាពផ្លូវចិត្តរបស់អ្នកជម្ងឺនោះ។ លោកអ្នកគប្បីយកចិត្តទុកដាក់ និងស្វែងយល់ពីអារម្មណ៍អ្នកដែលនៅជុំវិញខ្លូន ក៏ដូចជាអារម្មណ៍ខ្លួនឯងឲបានល្អ ដើម្បីចៀសផុតពីបញ្ហាសុខភាពផ្លូវចិត្តទាំងឡាយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩