ភើ ៖ មូល​ហេតុ និងវិធី​ព្យាបាល

មាន​អាការ​ភើជា​ញឹកញាប់ តែងតែ​ផ្ដល់ការ​រំខាន ហើយ​លោកអ្នក​ច្រើនតែ​ផ្ដោត​អារម្មណ៍​សំខាន់​ទៅលើ​ជម្ងឺ​ក្រពះ និង​ពោះវៀន។ ប៉ុន្ដែ​បើតាម​ផ្នែក​វេជ្ជសាស្ដ្រ​វិញ ភើនេះ​គ្រាន់តែ​ជាសញ្ញា​មួយ​សម្រាប់​ប្រាប់ពី​អាការ​ជម្ងឺតែ​ប៉ុណ្ណោះ។ ព្រោះ​ភើក៏​អាចកើត​មានចំពោះ​អ្នកគ្មាន​ជម្ងឺ​ដែរ។ ភើអាច​ចេញ​បានតាម​បំពង់​រំលាយ​អាហារ ពេលដែល​ក្រពះ​កំពុង​ដំណើរ​ការកិន​ចំណី​អាហារ ដែល​លោកអ្នក ទទួលទាន​ចូលទៅ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឱ្យ​ជ្រាប​កាន់តែ​ច្បាស់នោះ ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាស​ជាមួយ​លោក​វេជ្ជបណ្ឌិត ញ៉ែម ចន្ទថុល ឯកទេស​ជម្ងឺ​ទូទៅ​មកពី​ប្រទេស​បារាំង និងជា​គ្រូពេទ្យ​ប្រចាំ​នៅគ្លីនិក ទេព ផន។

ភើ​ជាអ្វី?

ភើ​ជាការ​បញ្ចេញ​ខ្យល់តាម​បំពង់​រំលាយ​អាហារ ចាប់ផ្ដើម​ពីក​មកដល់​កក្រពះ ដែលមាន​ចលនា​ធ្វើ​ដំណើរ​ឆ្លងកាត់​បំពង់ បញ្ជូន​អាហារ​មកដល់​ក្រពះ ហើយ​ក្រពះ​បានធ្វើ​ចលនា​បញ្ចេញ​សារជាតិ​មួយ ដែលអាច​សម្លាប់​មេរោគ ឬធ្វើ​ឱ្យអាហារ​ទន់ល្អ នៅពេល​ដែល​លោកអ្នក​ទទួលទាន​ចូលទៅ​ទំពា​មិនបាន​ម៉ត់។ ហើយ​ក្រពះ​ក៏ធ្វើ​សកម្មភាព​កិន​ដោយ​បញ្ចេញ​នូវជាតិ​អាស៊ីត ដើម្បី បញ្ជ្រាប​អាហារ​ទាំងនោះ​ចូល​ទៅក្នុង​ខ្លួនទៅ​ចិញ្ចឹម​សរីរាង្គ​កោសិកា។ ចង្វាក់​ជាតិ​អាស៊ីត​ធ្វើ​ចលនា​នេះហើយ​ដែល​បង្កឱ្យ​មាន​អាការ ភើ​កើតឡើង។

មូលហេតុ​បណ្ដាល​ឱ្យមាន​អាការ​ភើ

អាការ​ភើអាច​កើតមាន​ឡើង​ដោយ​ហេតុផល​ជាច្រើន​គួបផ្សំ​ចូលគ្នា

  • ពេលដែល​​ចំណី​​អាហារ​​ចូលដល់​​ក្នុង​​ក្រពះ មានទ្វារ​​លើនៃ​ក​ក្រពះ​​របស់​​បំពង់​​រំលាយ​​អាហារ​​សម្រាប់​​បិទ ហៅថា​​វ៉ាល់។ ដល់ពេល​​បិទហើយ​​ក្រពះ​​ចាប់ផ្ដើម​​ច្របាច់​​លុញ​​ជាតិ​​អាហារ​​ឱ្យទន់ ដើម្បី​​ងាយស្រួល​​បញ្ជូន​​មក​​ពោះវៀន។
  • ភើអាច​​កើតឡើង​​ដោយ​សារ​តែ​ខ្យល់​ក្នុង​ក្រពះ​ចេញមក​​លើមក​​ប៉ះនឹង​​បំពង់​​រំលាយ​​អាហារ ហើយ​​ស្របពេល​​ដែល​ទ្វារ ក្រពះ​​នោះបិទ​​មិនជិត​​ក៏មាន​​អាការ​​ភើនេះ​​តែម្ដង។
  • ក្រពះ​​របស់​​លោកអ្នក​​អាចយារ​​មកក្រោម ក្រោយ​ពេល​​ទទួល​ទាន​​អាហារ ប្រដាប់​​រំលាយ​​អាហារ​​ទាំងអស់​​មិនអាច បញ្ជូន​​មកមុខ​​បានល្អ ក្រពះក៏​​ប្រឹងប្រែង​​កិន​​ចំណី​​អាហារ​​ធ្វើឱ្យ​​កាន់តែ​​យារ​ខ្លាំ​ងឡើង។ ហើយ​​ចំណី​​អាហារ​​ត្រូវបាន​​បន្សល់​ក្នុង​ក្រពះ ដោយ​​បញ្ចេញ​​មកក្រោម​​មិនទាន់​​ក៏ច្រាល​​ខ្យល់​ឡើង​លើ មានជាតិ​ជូរផ្អូម ដោយសារ​ចំណី​ទាំងនោះ​មិនអាច​បញ្ចេញ​ចោលទាន់​ពេល វេលា។
  • ភើ​បណ្ដាល​មកពី​រលាក​ក្រពះ ដែល​កើតឡើង​ដោយឯងៗ​តែម្ដង ឬ​លោកអ្នក​អត់​ងងុយ ទទួលទាន​ដំណេក​មិនគ្រប់គ្រាន់ បង្កឱ្យ​ទទួលទាន​មិនបាន ធ្វើឱ្យ​ជាតិអាស៊ីត​ដែលមាន​តួនាទី​ច្របាច់​ចំណី​អាហារ​ធ្វើចលនា​ប៉ះទង្គិច​នឹង​ក្រពះ ក៏បណ្ដាល​ឱ្យរលាក​តែម្ដង ។ កត្ដា​នេះបាន​ជំរុញ​ឱ្យខ្យល់​ចេញមក​ខាងក្រៅ​មានសារ​ជាតិជូរ ហើយ​ឧស្សាហ៍​ភើ​ទៀតផង។

រោគសញ្ញា​អាការ​ភើ

ភើជា​អាការ​មួយ​គ្រាន់តែ​បង្ហាញនូវ​រោគសញ្ញា​នៃជម្ងឺ​តែប៉ុណ្ណោះ គឺជម្ងឺ​ក្រពះ ឬនៅ​ជុំវិញ​ក្រពះ​ជាអាទិ​ជម្ងឺ​កក្រពះ​បិទមិន ជិត​ឬ​ក្រពះយារ និង​រលាក​ក្រពះ ដែល​មិនអាច​មានការ​ទំនាក់ទំនង​ជាមួយ​ពោះវៀន​បានល្អ ក៏​បណ្ដាលឱ្យ​មាន​អាការ​ភើនេះ​ឡើង។ អាការ​ភើគឺជា​ការ​បញ្ចេញ​ខ្យល់តាម​បំពង់​រំលាយ​អាហារ​មក​ខាងក្រៅ ដោយមាន​សារជាតិ​ជូរ ឬមាន​ជាតិ​ធម្មតា កើតចេញ​ពីជម្ងឺ​ក្រពះ ស្រាល​ឬ​ធ្ងន់ធ្ងរ។

វិធី​ព្យាបាល​អាការ​ភើ

ដើម្បី​ព្យាបាល​អាការ​ភើនេះ លោកអ្នក​គួរទៅ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ដើម្បី​ព្យាបាល និង​ទប់ទល់​នូវ​អាការ​ភើ ទប់ស្កាត់​ជាតិ​អាស៊ីត និង​ទឹកក្រពះ​កុំឱ្យ​ចេញច្រើន។ ម្យ៉ាងទៀត​លោកអ្នក​ដែលមាន​អាការ​ភើជា​ញឹកញាប់ គួរតែ​ប្រើប្រាស់​ថ្នាំ ដែលមាន​ផល​ប្រយោជន៍​ដល់​ក្រពះ ព្រោះ​អាការ​ភើនេះ​ផ្ដើមចេញ​ពីជម្ងឺ​ក្រពះ។

វិធី​ការពារ​អាការ​ភើ

ដើម្បី​កុំឱ្យ​មានអាការ​ភើនេះ​កើតឡើង ឬ​កើតឡើង​សាជា​ថ្មីនោះ លោកអ្នក​គួរតែ​ព្យាបាល​ជម្ងឺ​ក្រពះ​ឱ្យបាន​ជា​សះស្បើយ ឬក៏​ប្រើប្រាស់​ថ្នាំជា​ប្រចាំ ខណៈពេល​ដែលមាន​អាការ​ភើនេះ​កើតឡើង​ម្ដងម្កាល។ លោកអ្នក​គួរ​ចៀសវាង​ចំណី​អាហារ​ណាដែល​រឹង ធ្វើ​ឱ្យពិបាក​ដល់ការ​រំលាយ​អាហារ នាំឱ្យ​មានជម្ងឺ​ក្រពះ​តែម្ដង។

ផល​ប៉ះពាល់​នៃអាការ​ភើ

ភើអាច​ធ្វើឱ្យ​មានការ​ប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​ខ្លួន​លោកអ្នក ៖

  • អាការ​ភើកើត ធ្វើឱ្យការ​ទទួលទាន​អាហារ​ពុំមាន​រសជាតិ​ឆ្ងាញ់​នោះទេ
  • ពេល​អាការ​ភើ​ចាប់ផ្ដើម​មាន លោកអ្នក​គួរតែ​រួសរាន់​ទៅ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ទទួល​ការ ព្យាបាល ព្រោះថា​អាការនេះ​គឺជាការ​បង្ហាញនូវ​រោគសញ្ញា​របស់​ជម្ងឺ​ក្រពះ​ស្រាល ឬ​ធ្ងន់ធ្ងរ។ លើសពី​នេះជម្ងឺ​ក្រពះ​អាចឱ្យ​លោកអ្នក មាន​គ្រោះថ្នាក់​ដល់​ជីវិត ប្រសិន​បើមិន​មានការ​ទប់ស្កាត់​ឬ​ព្យាបាល​ទាន់​ពេលវេលា។ ព្រោះ​ជម្ងឺ​ក្រពះ​អាច​ឈានដល់​ការ​ធ្លាយ​ក្រពះ ឬ​រលាក​ក្រពះ​ធ្ងន់ធ្ងរ។

ដំបូន្មាន​អ្នក​ជំនាញ

បើមាន​អាការ​ភើ​ញឹកញាប់ ត្រូវតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ចៀសវាង​ជម្ងឺ​ផ្សេងៗ ដូចជា​ជម្ងឺ​រលាក​ក្រពះ​ធ្ងន់ធ្ងរ និង ជម្ងឺ​ពោះវៀន​ទៀតផង។ ម្យ៉ាងទៀត​ក្រោយពី​ទទួល​នូវការ​ណែនាំ​របស់​គ្រូពេទ្យ​ហើយ​នោះ គួរតែ​អនុវត្ដ​ឱ្យបាន​ទៀងទាត់ ចំពោះការ​ទទួលទាន​ឱសថ​នានា​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *