ស្ដ្រីមានផ្ទៃពោះតែងយកចិត្ដទុកដាក់បំផុតក្នុងការតាមដានសុខភាពរបស់ខ្លួន និងកូនក្នុងផ្ទៃ។ ការពិនិត្យតាមដានឱ្យបាន ជាប់លាប់ជាប្រចាំ ជាការបំពេញកាតព្វកិច្ចមួយដ៏សំខាន់ ដើម្បីឱ្យដឹងពីការវិវឌ្ឍន៍របស់ទារកនៅក្នុងផ្ទៃម្ដាយ។ ដើម្បីឱ្យទារកក្នុងផ្ទៃ ចៀសផុតពីបញ្ហាមួយចំនួនចំពោះការវិវឌ្ឍន៍រាងកាយ ស្ដ្រីជាម្ដាយគ្រប់រូបគប្បីស្វែងយល់នូវប្រការមួយចំនួនដែលត្រូវធ្វើនៅពេលមានផ្ទៃពោះ ដើម្បីចៀសផុតពីបញ្ហាដល់ទារក ដូចជាបញ្ហាពិការភាពពីកំណើតជាដើម។
ដើម្បីស្វែងយល់ពីបញ្ហាពិការភាពពីកំណើត ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសជាមួយវេជ្ជបណ្ឌិត ឯក ម៉េងលី អ្នកឯកទេសផ្នែកសម្ភព និងរោគស្ដ្រីនៃមន្ទីរពេទ្យកាល់ម៉ែត។
ពិការភាពពីកំណើត ជាអ្វី?
ពិការភាពពីកំណើតគឺជាការខូចខាតផ្នែកសរីរាង្គណាមួយនៃរាងកាយដែលមានមកពីកំណើត រួមបញ្ចូលទាំងសរីរាង្គខាង ក្នុង និងសរីរាង្គខាងក្រៅ។ ពិការភាពពីកំណើតបានន័យថា ទារកដែលកើតមកមានពិការផ្នែកច្រើនយ៉ាង ដូចជាពិការផ្នែកសរីរាង្គនៃ រាងកាយអាចជាប្រព័ន្ធខួរក្បាល ភ្នែក មាត់ ច្រមុះ និងបញ្ហាផ្សេងៗទៀត ដូចជាបញ្ហាបេះដូង អវយវៈដៃជើង បញ្ហាពោះ ឬឆ្អឹងខ្នង បិទមិនជិតជាដើម។ ទារកមានពិការភាពចាប់តាំងពីពេលដែលស្ដ្រីមានផ្ទៃពោះរហូតដល់គ្រប់ខែ។ ប៉ុន្ដែគេអាចដឹងច្បាស់ប្រាកដថាមានពិការភាព ឬយ៉ាងណាគឺនៅអំឡុងខែទី៣ដល់ទី៦ តាមរយៈការឆ្លុះអេកូសាស្ដ្រ។
ធ្វើដូចម្ដេចទើបដឹងថាទារកមានភាពពិការ?
ជាទូទៅស្ដ្រីមានផ្ទៃពោះនឹងអាចដឹងមុនរហូតដល់ទៅ៨០ភាគរយចំពោះការវិវឌ្ឍន៍រាងកាយរបស់ទារកក្នុងផ្ទៃ មុននឹង ទារកកើតចេញមកតាមរយៈការពិនិត្យអេកូចំនួនបីដង គឺនៅចុងខែទី៣ ទី៦ និងទី៩។ នៅចុងខែទី៣ គេអាចដឹងពីកម្រាស់ក និង អវយវៈរបស់ទារកថាមានលក្ខណៈធម្មតាឬយ៉ាងណា។ បើសិនជាមានបញ្ហា គ្រូពេទ្យនឹងធ្វើការណាត់ដើម្បីពិនិត្យតាមដាននៅ ពេលក្រោយ។ នៅខែទី៦ គេនឹងពិនិត្យមើលផ្នែកបេះដូង ឆ្អឹងខ្នង ខួរក្បាល និងផ្នែកពោះទារក។ នៅក្នុងអំឡុងខែទី៣ដល់ទី៦នេះ ការពិនិត្យអេកូសាស្ដ្រនឹងអាចមើលឃើញច្បាស់ពីការវិវឌ្ឍន៍សរីរាង្គរបស់កូននៅក្នុងផ្ទៃថាមានដៃជើងគ្រប់គ្រាន់ទេ ពោះបិទជិតឬទេ និងមានបញ្ហាផ្នែកបេះដូងឬទេ។ ការពិនិត្យនេះអាចឱ្យដឹងបានថាទារកមានភាពពិការតិច ឬច្រើន បន្ទាប់មកនឹងមានការពិភាក្សា ជាមួយគ្រូពេទ្យថា ទុកបានដល់ពេលដែលទារកកើត ឬធ្វើការយកចេញទាន់ពេលដែលទារកនៅតូច។ ព្រោះបើមានភាពពិការខ្លាំង មិនអាចទុកបានត្រូវយកចេញ។ ការធ្វើដូចនេះដើម្បីចៀសវាងការកើនឡើងនៃពិការភាពរបស់ទារក។ បើសិនជាបញ្ហាចំពោះទារក មានលក្ខណៈស្រាលតិចតួច គេនឹងធ្វើការតាមដានហើយគេនឹងមានវិធានការនៅពេលដែលទារកកើតមក។
មូលហេតុដែលបណ្ដាលឱ្យមានពិការភាពពីកំណើត
1 . ការប្រើប្រាស់ថ្នាំ ៖ ពិការភាពពីកំណើតនេះបណ្ដាលមកពីស្ដ្រីមានផ្ទៃពោះប្រើប្រាស់ថ្នាំមួយចំនួន ដូចជាពពួកថ្នាំ ប្រឆាំងជម្ងឺឆ្កួតជ្រូក ថ្នាំការពារជម្ងឺមហារីកដោយសារតែម្ដាយមានជម្ងឺមហារីកហើយបានប្រើប្រាស់ក្នុងអំឡុងមានផ្ទៃពោះ និងពពួក ថ្នាំដែលធ្វើឱ្យឈាមមិនឱ្យកក ថ្នាំប្រឆាំងជម្ងឺទឹកនោមផ្អែមដែលជាថ្នាំគ្រាប់ជាដើម។ ការប្រើប្រាស់ថ្នាំវីតាមីនអាច្រើនពេក ក៏ជាមូលហេតុដែលបណ្ដាលឱ្យទារកមានពិការភាពដែរ។ បើសិនជាស្ដ្រីមានផ្ទៃពោះប្រើប្រាស់ថ្នាំ ឬក៏សារធាតុពុលអ្វីមួយនៅក្រោមដប់ សប្ដាហ៍ ទារកនឹងមានភាពពិការខ្លាំងក្លាបំផុត។ ប៉ុន្ដែបើចាប់ពីខែទី៧ដលខែទី៩មិនសូវជាមានបញ្ហាខ្លាំងនោះទេ ព្រោះសរីរាង្គរបស់ ទារកបានលូតលាស់រួចទៅហើយ។
2 . កត្ដាចំណីអាហារ ៖ ការហូបចុកមិនបានគ្រប់គ្រាន់ ដូចជាការខ្វះខាតជាតិដែក និងជាតិអាស៊ីតហ្វូលិកជាដើម ដែលស្ដ្រីមិនបានប្រើប្រាស់ក្នុងអំឡុងពេលមានផ្ទៃពោះនេះ ក៏ជាមូលហេតុដែលបណ្ដាលឱ្យឆ្អឹងខ្នងកូនបិទមិនជិត និងមានប្រាជ្ញាមិនសូវល្អ។
3 . ការឆ្លុះពិនិត្យកាំរស្មីអ៊ិចទៅលើម្ដាយ ៖ ការប្រើប្រាស់ពពួកកាំរស្មីអ៊ិចដើម្បីធ្វើការព្យាបាល ឧទាហរណ៍ការប្រើប្រាស់ នៅពេលដែលទារកមានអាយុក្រោម៦ខែ កាំរស្មីអ៊ិចដែលថតឆ្លុះបញ្ចាំងទៅលើម្ដាយ ឬមួយជាកាំរស្មីដែលព្យាបាលទៅលើម្ដាយ ក្នុងករណីដែលម្ដាយមានជម្ងឺមហារីក កាំរស្មីនេះនឹងធ្វើឱ្យមានផលប៉ះពាល់ដល់ទារកផងដែរ។
4 . ការប្រើប្រាស់់គ្រឿងស្រវឹង ការជក់បារី និងសារធាតុពុល ៖ ភាពពិការរបស់ទារកនឹងអាចកើតមានឡើង បើសិនជាស្ដ្រីមានផ្ទៃពោះសេពគ្រឿងញៀន និងជក់បារី ឬការហឺតផ្សែងបារីពីអ្នកដែលនៅជិតខ្លួន។ ម្យ៉ាងទៀតការប្រើប្រាស់សារធាតុពុល ដូចជាថ្នាំសម្លាប់ខ្លួន ឬជាការស្រូបយកសារធាតុពុលពីមជ្ឈដ្ឋាននៅជុំវិញខ្លួនក៏ជាមូលហេតុដែរ។
5 . បញ្ហាមានជម្ងឺ និងមេរោគ ៖ ទារកនឹងមានបញ្ហាចំពោះការវិវឌ្ឍន៍សរីរាង្គ នៅពេលដែលស្ដ្រីជាម្ដាយមានជម្ងឺកញ្ជ្រឹល ជម្ងឺស្អូច ជម្ងឺអុតស្វាយ។ ជម្ងឺទាំងនេះនឹងបង្កឱ្យទារកនៅក្នុងផ្ទៃមានបញ្ហាខាងសរីរាង្គ ដូចជាផ្នែកបេះដូង ឬថ្លង់ ស្វិតសាច់ដុំ ដៃជើង តូច និងមិនសូវមានប្រាជ្ញា។ ចំណែកជម្ងឺស្វាយអាចបណ្ដាលឱ្យទារកស្លាប់ក្នុងផ្ទៃ ឬទារកហើម និងអាចមានឱកាសឆ្លងជម្ងឺស្វាយពីម្ដាយ នៅពេលដែលកើតមក។ ម្ដាយមានជម្ងឺទឹកនោមផ្អែម ជម្ងឺពកក និងមានបញ្ហាផ្នែកឈាមក៏អាចមានផលប៉ះពាល់ដល់ទារកផងដែរ។
6 . កត្ដាដែលនៅជុំវិញខ្លួន ៖ ស្ដ្រីមានផ្ទៃពោះបានស្រូបយកសារធាតុពុល ដូចជាថ្នាំបាញ់សម្លាប់សត្វល្អិត ឬជាតិសំណពីការផ្សារដែកជាប្រចាំចូលទៅក្នុងខ្លួន បណ្ដាលឱ្យទារកក្នុងផ្ទៃមានទម្ងន់តិចស្វិតតូចជាងធម្មតា និងមានបញ្ហាខាងបេះដូង ហើយទារកអាចហើមដោយសារការពុលសារធាតុទាំងនោះ។ មូលហេតុទាំងអស់នេះនឹងបង្កឱ្យទារកនៅក្នុងផ្ទៃមានបញ្ហាពិការភាពពីកំណើតច្រើន ឬតិចទៅតាមកម្រិតនៃបញ្ហាទាំងអស់នេះ។
វិធីការពារពិការភាពពីកំណើតរបស់ទារក
ដើម្បីការពារទារកកុំឱ្យមានពិការភាពពីកំណើត ស្ដ្រីដែលមានផ្ទៃពោះគ្រប់រូបគប្បីប្រតិបត្ដិខ្លួននូវចំណុចមួយចំនួន។ ស្ដ្រី គប្បីទទួលទានអាហារដែលមានជីវជាតិឱ្យបានគ្រប់គ្រាន់ និងគប្បីបរិភោគសាច់ដែលចម្អិនឆ្អិនល្អ។ ស្ដ្រីពពោះមិនត្រូវប្រើថ្នាំផ្ដេសផ្ដាស ដោយគ្មានវេជ្ជបញ្ជាក្នុងអំឡុងពេលដែលមានផ្ទៃពោះនោះទេ។ គប្បីទៅពិនិត្យផ្ទៃពោះឱ្យបានញឹកញាប់ ដើម្បីទទួលបាននូវដំបូន្មានពីវិធីការពារទារកក្នុងផ្ទៃ។ សូមចៀសវាងការពិសាបារី ឬស្រូបផ្សែងបារី និងហឺតសារធាតុពុលទាំងឡាយ ដើម្បីការពារទារកកុំឱ្យមានបញ្ហាចំពោះការវិវឌ្ឍន៍រាងកាយ។ ពិសេសជាងនេះទៅទៀត ស្ដ្រីដែលមានផ្ទៃពោះគ្រប់រូបគប្បីទៅទទួលថ្នាំបង្ការឱ្យបានគ្រប់គ្រាន់។
ដំបូន្មានអ្នកជំនាញ
ដូចនេះសំខាន់បំផុត ស្ដ្រីគប្បីធ្វើការតាមដានពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យ ឬនៅមណ្ឌលសុខភាព ចាក់ថ្នាំបង្ការ និង ទទួលទានជីវជាតិដែកដែលគ្រូពេទ្យឱ្យនៅតាមមណ្ឌលសុខភាពឱ្យបានគ្រប់គ្រាន់។ គប្បីទៅពិនិត្យអេកូសាស្ដ្រយ៉ាងតិច៣ដងក្នុងអំឡុងពេលមានផ្ទៃពោះ ពិសេសគឺនៅខែទី៣ និងទី៦ដល់ទី៩ ព្រោះជារយៈពេលដ៏សំខាន់ដែលអាចដឹងច្បាស់ពីការវិវឌ្ឍន៍សរីរាង្គ របស់កូន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩
Leave a Reply