សម្រស់ជាវត្ថុដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូប ពិសេសសម្រាប់សុភាពនារីៗទាំងឡាយដែលយកចិត្ដទុកដាក់ខ្លាំងចំពោះបញ្ហាសម្ផស្សរបស់ខ្លួន។ ការបន្ដឹងស្បែកដងខ្លួនដើម្បីបំបាត់ស្នាមជ្រីវជ្រួញភាគច្រើនមានការនិយមចំពោះស្ដ្រីដែលមានវ័យកាន់តែជ្រេ និងចំពោះអ្នកជួបបញ្ហាស្បែកត្រូវកម្ដៅថ្ងៃច្រើនដែលបង្កឱ្យមានស្នាមជ្រីវជ្រួញនៅលើស្បែកដងខ្លួន។ ចំពោះការបន្ដឹងស្បែកនេះអ្នកជំនាញខាងសម្ផស្សព្យាបាលទៅតាមប្រភេទ និងកម្រិតរបស់ស្បែកដែលជ្រីវជ្រួញ។
ទស្សនាវដ្ដី សុខភាពយើង បានធ្វើកិច្ចសម្ភាសន៍ជាមួយលោកស្រីវេជ្ជបណ្ឌិត ជៀប វិសុទ្ធា អ្នកជំនាញនៅឡាស៊ែរស្គីនតិច ដើម្បីធ្វើការបកស្រាយពីវិធីបន្ដឹងស្បែកជូនប្រិយមិត្ដទាំងអស់ឱ្យបានជ្រាប។
វិធីបន្ដឹងស្បែកដងខ្លួន
បើនិយាយពីការបន្ដឹងស្បែកដងខ្លួនគឺភាគច្រើនវាមានទាក់ទងទៅនឹងស្បែកក ស្បែកមុខ ស្បែកខ្នងដៃ និងស្បែកនៅកន្លែងផ្សេងទៀតនៅលើដងខ្លួនដែលមានសភាពជ្រីវជ្រួញ។ ហើយភាគច្រើនគេនិយមធ្វើការបន្ដឹងស្បែកក និងស្បែកមុខព្រោះវាមានផលប៉ះពាល់ខ្លាំងចំពោះសម្ផស្ស។ បើចំពោះស្បែកមុខ ក្នុងករណីស្រាលៗគឺគេប្រើឡេម៉ឆើរ៉ាយស៊ើនរ ហើយនិងពពួកវីតាមីនដែលជួយកាត់បន្ថយភាពជ្រីវជ្រួញ ដើម្បីឱ្យមើលទៅស្បែកមានលក្ខណៈតឹងរលោង។ ស្បែកដែលមានបញ្ហាមធ្យម យើងអាចប្រើវិធីជម្រះកោសិកាស្បែកចាស់ ដើម្បីបណ្ដុះកោសិកាថ្មីមកវិញ នេះក៏ជាការជួយកាត់បន្ថយភាពជ្រីញជ្រួញធ្វើឱ្យមើលទៅក្មេងជាងវ័យផងដែរ។ វិធីទាំងនោះមានដូចខាងក្រោមនេះ ៖
1. ខាត់ស្បែក ៖ ការខាត់ស្បែកជាវិធីដែលប្រើដោយឧបករណ៍មួយដែលជួយខាត់ជម្រុះកោសិកាចាស់ចេញ ហើយបន្ទាប់មកត្រូវប្រើផលិតផលផ្សេងៗ ដើម្បីជួយឱ្យវាបណ្ដុះកោសិកាស្បែកថ្មី។
2. ប្រើឡេស៊ើរ ៖ ការប្រើឡេស៊ើគឺជួយជំរុញឱ្យស្បែកផលិតកោសិកាស្បែកថ្មី ដែលហៅថាកូឡាចែន ព្រោះនៅពេលឈានដល់វ័យ៣០ឡើងទៅ គឺការផលិតកូឡាចែនដោយខ្លួនឯងនោះបានថមថយកាត់បន្ថយ។ ដូចនេះចាំបាច់ត្រូវប្រើផលិតផលមួយចំនួន ឬឡេស៊ើរនេះ ដើម្បីជួយជំរុញឱ្យមានការបង្កើតកូឡាចែនឡើងវិញ ព្រោះកាលណាកូឡាចែនបាត់បង់គឺធ្វើឱ្យស្បែកមានសុខភាពមិនល្អ មើលទៅជ្រីវជ្រួញយារមិនតឹង មិនរលោង ដូចនេះឡេស៊ើរគឺអាចជួយឱ្យកូឡាចែនបង្កើតឡើងវិញ។
3. ការវះកាត់ ៖ នៅពេលឈានដល់ដំណាក់កាលមានជ្រួញខ្លាំង គឺទាល់តែធ្វើការវះកាត់កែសម្ផស្ស ដែលតម្រូវឱ្យចៀរ ស្បែកដែលជ្រួញហើយចាប់ទាញបន្ដឹងទៅតាមវិធីនៃការវះកាត់របស់ក្រុមអ្នកជំនាញ។
ដំបូន្មានអ្នកជំនាញ
បន្ទាប់ពីធ្វើការបន្ដឹងស្បែកដងខ្លួនហើយ គួរការពារស្បែកលោកអ្នកពីកម្ដៅថ្ងៃ។ បើសិនជាការព្យាបាលនោះធ្វើឡើងដោយ ការវះកាត់គឺត្រូវថែទាំស្នាមរបួសឱ្យបានល្អកុំឱ្យមានសម្លាក ឬផ្លែសាច់។ គ្រប់វិធីបន្ដឹងទាំងអស់ ការការពារកម្ដៅថ្ងៃគឺមានសារៈសំខាន់ណាស់។ បន្ទាប់ពីការព្យាបាលហើយគឺយើងត្រូវការពារស្បែកពីកម្ដៅថ្ងៃ ព្រោះកម្ដៅថ្ងៃអាចធ្វើឱ្យស្បែកមានបញ្ហាជាច្រើន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩
Leave a Reply