ថ្វីត្បិតតែមានភាពមមាញឹកក្នុងការងារសិល្បៈយ៉ាងណាក្ដី ក៏ពិធីការិនីតូចច្រឡឹង សុខ សោម៉ាវត្ដីនៅតែឆ្លៀតឱកាសថែទាំសុខភាព និងសម្រស់ ដោយយកចិត្ដទុកដាក់បំផុត ព្រោះកញ្ញាយល់ថាសម្រាប់ជីវិតអ្នកសិល្បៈត្រូវការចាំបាច់ណាស់គឺសម្រស់ និង សុខភាព។ អាជីពជាអ្នកសិល្បៈរហូតមកដល់សព្វថ្ងៃនេះ កញ្ញាប្រិមប្រិយសម្ដីស្រាលស្រទន់ សុខ សោម៉ាវត្ដី ត្រូវបានទស្សនិកជន ជាច្រើនទទួលស្គាល់ថា កំពុងតែទទួលបាននូវផ្លែផ្កាយ៉ាងគាប់ប្រសើរ និងឈានទៅរកជោគជ័យថែមទៀតនៅក្នុងការងារ។នៅពេលនេះ សុខ សោម៉ាវត្ដី បានបកស្រាយពីការថែទាំសុខភាព និងសម្រស់របស់កញ្ញាដែលមានរូបឆោមស្រស់ ផូរផង់ដូចសព្វថ្ងៃនេះ តាមរយៈទស្សនាវដ្ដី សុខភាពយើង ដើម្បីជម្រាបជូនដល់មិត្ដអ្នកអាន និងក្រុមយុវវ័យជាការយល់ដឹងក្នុងការ រៀបចំខ្លួន វិធីថែទាំសម្រស់ និងសុខភាពឱ្យមានភាពប្រសើរ។
ប្រវត្ដិចូលសិល្បៈ
សោម៉ាវត្ដីបានចាប់ផ្ដើមជីវិតសិល្បៈនៅឆ្នាំ២០០២ បន្ទាប់ពីកញ្ញាបានប្រឡងជាប់ជាស្រីស្អាតប្រចាំក្រុមហ៊ុនទូរស័ព្ទចល័តហេឡូទទួលជ័យលាភីលេខ២។ ចាប់តាំងពីពេលនោះមកសោម៉ាវត្ដីត្រូវបានក្រុមហ៊ុនហេឡូតម្រូវឱ្យថតជាស្ប៉តពាណិជ្ជកម្មប្រចាំ ក្រុមហ៊ុន។ ក្រោយពីបញ្ចប់កុងត្រា សោម៉ាវត្ដីក៏ត្រូវបានក្រុមហ៊ុនដទៃទៀតអញ្ជើញទៅថតកម្មវិធីផ្សេងៗ ថតស្ប៉តពាណិជ្ជកម្មខ្លីៗ និងថតចម្រៀងខារ៉ាអូខេជាដើម។ នៅឆ្នាំ២០០៨ កញ្ញាបានឈានជើងចូលកាន់ដំណែងថ្មី ជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍បាយ័ន នៅក្នុងកម្មវិធីទស្សនាចរណ៍២៤ខេត្ដក្រុង។ បន្ទាប់មកសោម៉ាវត្ដីត្រូវបានអ្នកគ្រប់គ្រងទូរទស្សន៍បាយ័នផ្ដល់កម្មវិធីជាច្រើនទៀត រហូត ដល់មានឈ្មោះល្បីល្បាញមកដល់សព្វថ្ងៃនេះ។
ការថែទាំសម្រស់
ទោះបីបច្ចុប្បន្ននេះ កញ្ញា សុខ សោម៉ាវត្ដី មានភាពមមាញឹកក្នុងការងារជាអ្នកសិល្បៈទាំងការសម្ដែងរឿង និងជាពិធី ការិនីក្ដីក៏មិនភ្លេចការថែរក្សាសុខភាព និងសម្រស់ដែរ។ ខាងក្រោមនេះគឺជាវិធីថែទាំសម្រស់ និងសុខភាពរបស់សោម៉ាវត្ដីដែលបានធ្វើ ការអនុវត្ដន៍ជាប្រចាំ មុននឹងក្រោយការសម្ដែង និងការសម្រាកនានា។
សុខភាពរាងកាយជារឿងសំខាន់
ពិធីការិនីស្រស់ស្អាតសោម៉ាវត្ដីនៅតែប្រកាន់ខ្ជាប់ជានិច្ចចំពោះសុខភាពរាងកាយ គឺជាការចាំបាច់សម្រាប់អាជីពជាអ្នក សិល្បៈ ដែលត្រូវតែមានសម្រស់ស្រស់ស្អាតជានិច្ច និងសុខភាពបរិបូរណ៍ រាងកាយមាំមួន។ លើសពីនេះដើម្បីឱ្យរាងកាយមាំមួន និងសម្រស់កាន់តែស្រស់ស្អាតនោះ នាងតែងតែហាត់កីឡា និងទទួលទានដំណេកយ៉ាងគ្រប់គ្រាន់ គួបផ្សំនឹងការជ្រើសរើសអាហារ បំប៉នមួយចំនួនដែលមានជាតិវីតាមីនអាចជួយបង្កើនស្មារតី និងការចងចាំបានច្រើនផងដែរ។
បំណងទៅថ្ងៃអនាគត
ក្រៅពីអាជីពជាអ្នកសិល្បៈ សោម៉ាវត្ដីមានបំណងចង់ក្លាយទៅជាថៅកែភោជនីយដ្ឋានម្នាក់។ ប៉ុន្ដែប្រសិនបើទស្សនិកជន នៅតែគាំទ្រ កញ្ញាប្រឹងប្រែងបន្ដប្រឡូកក្នុងវិស័យសិល្បៈថែមទៀត ដើម្បីឱ្យសមស្របទៅនឹងការគាំទ្ររបស់ពួកគាត់។
បណ្ដាំផ្ញើរបស់ សុខ សោម៉ាវត្ដី
នារីទាំងឡាយត្រូវការជាចាំបាច់នូវសម្រស់ និងសុខភាព។ ដូច្នេះហើយគ្រប់សុភាពនារីត្រូវតែយកចិត្ដទុកដាក់ឱ្យបាន ត្រឹមត្រូវក្នុងការថែទាំងសុខភាព សម្រស់ និងជ្រើសរើសរកចំណីអាហារណាដែលទទួលទានមានជាតិវីតាមីនបំប៉នដល់រាងកាយ ដើម្បីសាច់ភ្លឺថ្លា។ ម្យ៉ាងទៀតការទទួលទានដំណេកគ្រប់គ្រាន់ជាការសំខាន់ណាស់ព្រោះអាចជួយបង្កើននូវកម្លាំងពលំមាំមួន រាងកាយស្រស់ស្អាត ព្រមទាំងសម្រស់ស្រស់ត្រកាលទៀតផង។ ការរៀបរាប់ជូនខាងលើនេះ ជាការយល់ឃើញ និងការអនុវត្ដរបស់កញ្ញា សុខ សោម៉ាវត្ដី តែប៉ុណ្ណោះ។ សូមលោកស្រី អ្នកនាងកញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវសម្រាប់អនុវត្ដបានហើយ។
ប្រវត្ដិរូបសង្ខេប
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៥ ខែកុម្ភៈតុលា ឆ្នាំ២០០៩
Leave a Reply